លោក​តែ ឡូរិន​៖«ក្នុង​ការ​ធ្វើ​ជំ​នួញ​យើង​ត្រូវ​ធ្វើ​ឲ្យ​ដល់​គោលដៅ​កុំ​បើក​ហើយ​ដើម្បី​បិទ»​


លោកតែ ឡូរិន បច្ចុប្បន្នជាសកលវិទ្យាធិការនៃសកលវិទ្យាល័យWesternក្រុងភ្នំពេញលោកតែ ឡូរិន បច្ចុប្បន្នជាសកលវិទ្យាធិការនៃសកលវិទ្យាល័យWesternក្រុងភ្នំពេញ

នៅ​ក្នុង​​កម្មវិធី​​ជីវិត​​ជោគជ័យ​​នា​រាត្រី​​ថ្ងៃ​​អង្គារ​​ទី​ ​៨​​ខែ​​មករា​​ឆ្នំា​​២០១៣​​នេះ​​ញឹម សុផល ​​សូម​ណែ​នាំ​​លោកអ្នកនាង​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យស្គាល់​នូវ​ ដំណើរជីវិត​របស់​លោក​តែ ឡូរិន បច្ចុប្បន្ន​​ជាសកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​Western​ក្រុងភ្នំពេញ​។ទំរំា ​​ក្លាយ​ខ្លួន​​ជា​​អ្នក​វិនិយោគ​មួយរូប​លើ​វិស័យ​អប់រំ​ដែលមាន​ទឹកប្រាក់​ រាប់លាន​ដុល្លារ​លោក​តែ ឡូរិន​ បាន​តស៊ូ​​ប្រឹងប្រែង​យ៉ាងខ្លាំង​ចាប់តាំងពី​ជីវិត​ជាជនភៀសខ្លួន​នៅតាម​ ជំរុំ​ជាយដែន​ខ្មែរថៃ​រហូត​ដល់​​ធ្វើជា​អ្នកបំរើ​នៅភោជនីយដ្ឋាន​នៅ​ប្រទេស​ បារាំង​និងស្គាល់​គ្រប់រស់ជាតិ​ទាំងអស់​នៃ​ក្តី​វេទនា​​។

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ច្បាប់​ការងារ៖ អំពី​ការ​បញ្ឈប់​ការងារ​កម្មករ​និយោជិត


ទាញយក download

ចុចទាញយកសំលេងស្តាប់

ការបញ្ឈប់ការងារ​កម្មករ​និយោជិត បើ​និយាយ​តាមផ្លូវច្បាប់ គឺ​ជា​ការ​រំលាយ​កិច្ចសន្យា​ការងារ​ជា​ឯកតោ​ភាគី ធ្វើឡើង​ដោយ​ភាគី​និយោជក។ លក្ខខណ្ឌ នៃ​ការ​រំលាយ​កិច្ចសន្យា​ការងារ​នេះ មាន​ចែង​នៅ​ក្នុង​ច្បាប់ការងារ​ខ្មែរ ឆ្នាំ​១៩៩៧។

តើ​ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​​និយោជក​អាច​បញ្ឈប់​ការងារកម្មករ​និយោជិតបាន?

ចំពោះ​ករណី​​​រំលាយ​កិច្ចសន្យា​​ជា​ឯកតោ​ភាគី ធ្វើ​ឡើង​ដោយ​ភាគី​និយោជក ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​និយោជិត គេ​ត្រូវ​មើល​ថា តើ​កិច្ចសន្យា​នេះ ជា​កិច្ចសន្យា​មាន​កំណត់​ថិរវេលា ឬ​មិន​កំណត់​ថិរវេលា?

ចំពោះ​ករណី​កិច្ចសន្យា​មាន​កំណត់​ថិរវេលា (មានន័យថា នៅ​ពេល​ចុះកិច្ចសន្យា​ការងារ និយោជក និង​និយោជិត បាន​ព្រមព្រៀង​គ្នា​ជាមុន​ថា កិច្ចសន្យានេះ​ គឺ​ធ្វើ​ឡើង សម្រាប់​រយៈពេល​កំណត់​ណាមួយ​) និយោជក​​អាច​បញ្ឈប់​ការងារ​របស់​និយោជិតនៅមុន​ពេល​កំណត់​បាន​តែ​ក្នុងករណី​​ពីរ​ប៉ុណ្ណោះ គឺ​ករណី​និយោជិត​មាន​កំហុស​ធ្ងន់ និង​ករណី​ប្រធានស័ក្តិ។

  • ករណី​​និយោជិត​មាន​កំហុស​ធ្ងន់៖ ដូចជា លួច ឬ​គៃ​បំបាត់​សហគ្រាស, ផ្តល់​សញ្ញាប័ត្រ​ក្លែងក្លាយ​ពេល​សុំចូល​ធ្វើការ, រំលោភលើ​ការណ៍​សម្ងាត់​ខាង​វិជ្ជាជីវៈ, ជេរប្រមាថ ឬ​ប្រព្រឹត្ត​អំពើ​ហិង្សាទៅលើ​អ្នក​ធ្វើការ​ជាមួយគ្នា ឬ​ទៅលើ​និយោជក, ឬ​ធ្វើ​បាតុកម្ម​នយោបាយ នៅ​ក្នុង​សហគ្រាស ។ល។ (មាត្រា ៨៣ នៃ​ច្បាប់ការងារ)
  • ករណី​ប្រធាន​ស័ក្តិ៖ ដូចជា សហគ្រាស​ត្រូវ​បិទទ្វារ​ទៅតាម​បទបញ្ជា​របស់​អាជ្ញាធរ ឬ​ដោយសារ​មាន​គ្រោះមហន្តរាយ​ធម្មជាតិ ។ល។ (មាត្រា ៨៥)

ក្រៅ​ពី​ករណី​ពីរនេះ និយោជក​មិន​អាច​បញ្ឈប់ការងារ​និយោជិត​មុន​ពេល​កំណត់​បានទេ គឺ​ត្រូវ​តែ​ចាំ​ឲ្យ​កិច្ចសន្យា​ត្រូវ​ផុត​រលត់​ជាធម្មតា នៅ​ពេល​ដល់​កាលកំណត់។
 
ចុះ​បើ​សិន​ជា​ខាង​និយោជិត​ជា​អ្នក​សុំ​ឈប់​ នៅ​មុន​ពេល​ដល់​កាល​កំណត់ តើ​អាច​ឈប់​បាន​ដែរ​ទេ?
 
និយោជិត​អាច​សុំឈប់​បាន ប្រសិន​បើ​​មាន​ការព្រមព្រៀង​ខាង​និយោជក ដែល​ត្រូវ​ចូល​ក្នុង​​​ករណី​រំលាយ​កិច្ចសន្យា​ទៅតាម​ការ​ព្រមព្រៀង​ពី​គូភាគី​ទាំង​សងខាង។ ក្នុងករណីនេះ ច្បាប់ការងារ​ខ្មែរ ចែងកំណត់ថា ការព្រមព្រៀង​រំលាយ​កិច្ចសន្យា​មុន​កាល​កំណត់​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ ​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ នៅ​ចំពោះ​មុខ​អធិការការងារ (មាត្រា ៧៣)។

ប្រសិនបើ​ភាគី​និយោជក​មិន​យល់ព្រម​ទេ និយោជិត​មិន​អាច​ឈប់​បានទេ លើកលែង​តែ​ក្នុងករណី​​ប្រធានស័ក្តិ (ដូច​ដែល​រៀបរាប់​ខាងលើ) ឬ​មាន​កំហុស​ធ្ងន់​របស់​និយោជក។ កំហុសធ្ងន់​របស់​និយោជក មាន​ដូចជា​ការ​មិន​ព្រមបើក​ប្រាក់ឈ្នួល, ឬ​បើក​យឺត​ច្រើនលើក​ច្រើន​សា, ជេរប្រមាថ ឬ​ប្រើ​អំពើ​ហិង្សា​ទៅលើ​និយោជិត, ឬ​ក៏​មិន​បាន​ប្រតិបត្តិ​វិធានការ​សន្តិសុខ និង​អនាម័យ​សម្រាប់​និយោជិត ទៅតាម​បទប្បញ្ញត្តិ​ជា​ធរមាន ។ល។ (មាត្រា ៨៣-ក)។

ដូច្នេះ បើ​និយាយ​សរុប​ជារួម​មកវិញ ​កិច្ចសន្យាការងារ​ដែល​មាន​កំណត់​ថិរវេលា អាចត្រូវ​​រំលាយ​មុន​កាលកំណត់​បាន លុះត្រា​តែ​មាន​កំហុស​ធ្ងន់ពី​​ខាង​ភាគីណាមួយ ឬ​ក្នុង​​ករណី​ប្រធានស័ក្តិ ​ឬ​មាន​ការព្រមព្រៀង​ពី​ភាគី​ទាំងសងខាង។

ក្រៅពី​ករណី​ទាំងនេះ ប្រសិនបើ​និយោជក​ជា​អ្នក​រំលាយ​កិច្ចសន្យា​ជា​ឯកតោ​ភាគី (មានន័យថា គាត់​បញ្ឈប់​ការងារ​បុគ្គលិក​មុនពេល​កំណត់​នៃ​កិច្ចសន្យា) និយោជិត​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​និយោជកបាន។ ច្បាប់​ការងារ​ចែងថា សំណង​ជំងឺ​ចិត្ត​នេះ​ត្រូវ​មាន​ចំនួន​យ៉ាងតិច​ស្មើ​នឹង​ប្រាក់ឈ្នួល ដែល​និយោជិត​ត្រូវ​ទទួលបាន​រហូតដល់​ពេល​ចប់​កិច្ចសន្យា។

បើ​សិន​ជា​និយោជិត​ជា​អ្នក​លាឈប់​មុន​កាលកំណត់​វិញ (ដោយ​គ្មាន​ការយល់ព្រម​ពី​និយោជក ដោយ​គ្មាន​ចូល​ក្នុង​ករណី​មាន​កំហុសធ្ងន់​ ឬ​ប្រធានស័ក្តិ) គឺ​ខាង​និយោជក​​ដែល​ ​មាន​សិទ្ធិ​ទាមទារ​សំណងជំងឺ​ចិត្ត​ ដើម្បី​ជួសជុល​រាល់​ការ​ខូចខាត ដែល​​បង្កឡើង​ដោយ​នយោជិត ដែលលាឈប់​នេះ។

ចុះចំពោះ​កិច្ចសន្យា​ដែលមាន​ថិរវេលា​មិន​កំណត់​វិញ តើ​​ក្នុង​លក្ខខណ្ឌ​ណាខ្លះ ដែល​សហគ្រាស-និយោជក អាច​បញ្ឈប់​ការងារ​កម្មករ​និយោជិត​បាន​?
 
ក្នុងករណី​កិច្ចសន្យា​មាន​ថិរវេលា​មិនកំណត់ សហគ្រាស-និយោជក​អាច​បញ្ឈប់បុគ្គលិក​បាន ដោយ​ត្រូវ​គោរព​តាម​​លក្ខខណ្ឌ​បី​៖

  1. ត្រូវតែ​មាន​ “ហេតុផលសមរម្យ”

ច្បាប់ការងារ​ ត្រង់មាត្រា ៧៤ ចែងថា “គ្មានការបញ្ឈប់​ណាមួយ​អាច​ធ្វើ​ទៅបាន​ដោយ​គ្មាន​ហេតុផល​សមរម្យ ទាក់ទង​នឹង​សម្បទា ឬ​ចរិយា​នៃ​កម្មករ​និយោជិត យោលទៅលើ​ភាព​ចាំបាច់​នៃ​ដំណើររបស់​សហគ្រាស របស់​គ្រឹះស្ថាន ឬ​របស់​ក្រុមឡើយ”។  ដូច្នេះ “សម្បទា ឬ​ចរិយា” របស់​កម្មករនិយោជិត ដែល​ និយោជក អាច​លើកយក​មក​ធ្វើ​ជាហេតុផល ក្នុងការ​បញ្ឈប់​ការងារ​បាន គឺ​ទាល់តែ​មាន​ជាប់ទាក់ទង​នឹង​ដំណើរការ​របស់​សហគ្រាស។ បញ្ហា​ផ្ទាល់ខ្លួន ជា​លក្ខណៈ​ឯកជន ដែល​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​សហគ្រាស (​កម្មករនិយោជិត​​អត់ចេះគួរសម អត់​ចេះយកចិត្ត អែបអប លើកដៃលើកជើង​ចៅហ្វាយនាយ) មិន​អាច​ជា​ហេតុផល ក្នុងការ​​បញ្ឈប់ការងារ​កម្មករ​និយោជិត​​បានទេ!

ត្រង់កន្លែងនេះ ច្បាប់​ចែង​ក្នុង​គោលដៅ​​​ការពារ​​ផលប្រយោជន៍​កម្មករ​និយោជិត ដើម្បី​កុំ​ឲ្យ​និយោជក​ចេះតែ​អាច​បញ្ឈប់​ការងារ​អ្នកណា​ក៏​បាន​ស្រេច​នឹង​ចិត្ត ដោយគ្មាន​​ហេតុផល​សមរម្យ។

  1. ត្រូវ​ឲ្យដំណឹង​ជាមុន​ជាលាយលក្ខណ៍អក្សរទៅ​កម្មករនិយោជិត អំពី​ការ​បញ្ឈប់ការងារ

រយៈពេល​នៃ​ការ​ជូនដំណឹង​នេះ គឺ​វា​អាស្រ័យ​ទៅលើ​អតីតភាព​របស់​កម្មករនិយោជិត ក្នុង​សហគ្រាស (មាត្រា ៧៥)។

    • អតីតភាពការងារ (រយៈពេល​ដែល​កម្មករ​និយោជិត​​ធ្វើការ​ជាប់​ក្នុង​សហគ្រាស) ​តិច​ជាង ៦ខែ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ៧ថ្ងៃ
    • ​អតីតភាពការងារ​​លើសពី ៦ខែ ប៉ុន្តែ តិច​ជាង ២ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១៥ថ្ងៃ
    • អតីតភាព​ការងារពី២ឆ្នាំ ទៅ៥ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១ខែ
    • អតីតភាពការងារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ២ខែ
    • អតីតភាពការងារ​លើស​ពី​១០ឆ្នាំ ត្រូវ​ជូន​ដំណឹងមុន យ៉ាងតិច ៣ខែ

ច្បាប់​ការងារ​​ក៏​បាន​កំណត់​ដែរថា នៅ​ក្នុង​រយៈពេល​ឲ្យដំណឹងមុននេះ កម្មករនិយោជិត​ ដែល​ត្រូវ​បញ្ឈប់ពីការងារ មាន​សិទ្ធិ​ឈប់សម្រាក​ពី​ការងារ ២ថ្ងៃ ក្នុងមួយ​សប្តាហ៍ ដើម្បី​ស្វែងរក​ការងារ​ថ្មី។ ការ​ឈប់សម្រាក ២ថ្ងៃនេះ គឺ​ត្រូវ​ទទួលបាន​ប្រាក់ឈ្នួល​ពេញ​ជាធម្មតា។

  1. និយោជក​ត្រូវ​ផ្តល់​ទៅ​ឲ្យ​កម្មករនិយោជិត នូវ​ប្រាក់បំណាច​បណ្តេញចេញ​ពីការងារ

ប្រាក់បំណាច់​បណ្តេញចេញ​នេះ ក៏​ត្រូវ​គិត​ទៅតាម​អតីតភាពការងារ​របស់​និយោជិត​ដែរ (របៀប​គណនា​ប្រាក់បំណាច់បណ្តេញចេញនេះ មាន​ចែង​ក្នុង​មាត្រា ៨៩) ៖

    • ស្មើនឹង​ប្រាក់ឈ្នួល (បូកនឹង​ប្រាក់បន្ទាប់​បន្សំផ្សេងទៀត) រយៈពេល ៧ថ្ងៃ ចំពោះ​កម្មករនិយោជិត​ ដែល​មាន​អតីតភាពការងារ​ក្នុង​សហគ្រាស ចាប់ពី ៦ខែ ដល់ ១ឆ្នាំ។
    • អតីតភាពការងារ​ចាប់ពី ១ឆ្នាំ​ឡើងទៅ ប្រាក់បំណាច់ត្រូវ​គណនាស្មើនឹង ប្រាក់ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ ១៥ថ្ងៃ ក្នុង ១ឆ្នាំ​ការងារ ដោយ​ធ្វើម៉េច បូកបញ្ចូល​គ្នា​ទៅ ប្រាក់​បំណាច់​បណ្តេញចេញ​នេះ មិន​ត្រូវ​ឲ្យ​លើស​ពី ៦ខែ​ប្រាក់ឈ្នួល។

ប៉ុន្តែ បើសិន​ជាការបញ្ឈប់ការងារ​នេះ ធ្វើឡើង​ដោយសារ​តែ​ករណី​ប្រធានស័ក្តិ ឬ​ក៏​ដោយសារ​តែ​កម្មករនិយោជិត​មាន​កំហុស​ធ្ងន់ ​​និយោជក​​​មិន​ចាំបាច់​ជូនដំណឹង​ជាមុនទេ ហើយ​ក៏​មិនមាន​កាតព្វកិច្ច​ត្រូវ​បើក​​ប្រាក់បំណាច់​បណ្តេញចេញ​ដែរ៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

អំពី​គ្រោះថ្នាក់​ការងារ៖ និយមន័យ និង​សិទ្ធិ​ទទួល​សំណង​ជួសជុល


ការ​ដែល​កម្មករ-កម្មការិនី​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ តែងតែ​កើតមាន​ជារឿយៗ នៅ​កម្ពុជា

ការ​ដែល​កម្មករ-កម្មការិនី​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ តែងតែ​កើតមាន​ជារឿយៗ នៅ​កម្ពុជា
ទាញយក download

គ្រោះថ្នាក់ការងារ គឺ​ជា​ហានិភ័យ​ ដែល​​មាន​ជាប់​នឹង​ការ​បំពេញការងារ​របស់​កម្មករ និយោជិត។ ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បន្ទុក​ឲ្យ​និយោជក ឬ​ម្ចាស់​សហគ្រាស​ជា​អ្នក​រ៉ាប់រង​​ហានិភ័យនេះ ហើយ​​រដ្ឋ​ក៏​បាន​បង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម​មួយ​ផងដែរ ដើម្បី​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ​​របស់​កម្មករ​និយោជិត។ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ជុំវិញ​និយមន័យ​នៃ​គ្រោះថ្នាក់ការងារ និង​សំណង​ដែល​និយោជិត​រងគ្រោះ​ត្រូវ​ទទួលបាន ក្នុង​ពេល​មាន​គ្រោះថ្នាក់ការងារ។

តើ​អ្វី​ទៅជា​គ្រោះថ្នាក់​ការងារ?

យោងតាម​ច្បាប់​ការងារ​ (១៩៩៧) មាត្រា ២៤៨ “ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ធ្វើការ ឬ​ក្នុង​ពេល​ធ្វើការ ទោះដោយ​ហេតុយ៉ាងណា​ក៏ដោយ ហើយ​ទោះមាន​កំហុស​មក​ពី​កម្មករ​និយោជិត ឬ​គ្មាន​ក៏ដោយ (…) ម្យ៉ាងទៀត ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែរ ចំពោះ​គ្រោះថ្នាក់​ណា ដែល​ធ្លាក់​លើ​កម្មករ​និយោជិត​ក្នុង​ពេល​ដែល​សាមីខ្លួន​ធ្វើ​ដំណើរ​ពីលំនៅស្ថានខ្លួន​ត្រង់ឆ្ពោះ​ទៅ​ទីកន្លែង​ធ្វើការ ឬ​វិលមកវិញ ដោយ​គ្មាន​ឈប់ ឬ​ដោយ​គ្មាន​វាង​ទៅ​កន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រៅពី​ការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ”។

ដូច្នេះ បើ​មើលទៅលើ​និយមន័យ​នេះ យើងឃើញ​ថា គ្រោះថ្នាក់​ការងារ គឺ​អាច​ជា៖

  • គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ការ​ធ្វើការ​ងារ (ដូចជា និយោជិត​ដែល​ធ្វើការ​ជាមួយ​ម៉ាស៊ីន ហើយ​​កំពុង​តែ​បញ្ជាម៉ាស៊ីន ក៏​ស្រាប់​តែ​ចៃដន្យ​ត្រូវ​ម៉ាស៊ីន​កៀបដៃ គឺ​ជា​គ្រោះថ្នាក់​ការងារ)។
  • គ្រោះថ្នាក់​មិនមែន​កើតឡើង​ដោយការ​ធ្វើការ​ងារ ក៏ប៉ុន្តែ កើតឡើង​ក្នុង​ពេល​កំពុង​ធ្វើការងារ (ដូចជា កំពុង​តែ​អង្គុយ​ធ្វើការ ស្រាប់តែ​ពិដាន​របេះ​ធ្លាក់​ត្រូវ​បែក​ក្បាល ឬ​ក៏​​ពេល​ដើរ​ចុះដើរ​ឡើង ក្នុង​ពេល​ធ្វើការ ក៏ស្រាប់​តែ​រអិល​ដួល​គ្រេចជើង គឺ​ជា​គ្រោះថ្នាក់​ការងារ)។
  • គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅធ្វើការ ឬ​មក​ពី​ធ្វើការ (ដូចជា ពេល​ជិះម៉ូតូ ឬ​ជិះ​រ៉ឺម៉ក​​ទៅ​ធ្វើការ​ ស្រាប់តែ​ជួប​នឹង​គ្រោះថ្នាក់​ដួលម៉ូតូ ឬ​ក្រឡាប់​រ៉ឺម៉ក​បង្ក​ឲ្យ​មាន​របួស គឺ​ជា​គ្រោះថ្នាក់​ការងារ)។

ក៏ប៉ុន្តែ គ្រោះថ្នាក់​ក្នុងពេល​ធ្វើ​ដំណើរ​ទៅធ្វើការ ឬ​មក​ពីធ្វើការ​នេះ អាច​ចាត់បញ្ចូល​ជា​គ្រោះថ្នាក់ការងារ​បាន គឺ​ទាល់តែ​គ្រោះថ្នាក់​នោះ កើតឡើង នៅ​ក្នុង​ពេល​ដែល​និយោជិត​ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់មក រវាង​ទីលំនៅ (ឬ​កន្លែង​ស្នាក់នៅ​ជា​អចិន្រ្តៃយ៍) និង​កន្លែង​ធ្វើការ ដោយ​គ្មាន​ឈប់ ឬ​វាង​ទៅកន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ក្រៅពីការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ។

ឧទាហរណ៍​ថា ផ្ទះ​ខ្ញុំ​នៅ​ក្បាល​ស្ពាន​ជ្រោយចង្វា លើ​ផ្លូវ​មុនីវង្ស ហើយ​កន្លែង​ធ្វើការ​ខ្ញុំ នៅ​ស្ពាន​​ក្បាលថ្នល់ លើ​ផ្លូវ​មុនីវង្សដែរ។ តើ​មានន័យថា ទាល់តែ​គ្រោះថ្នាក់ កើតឡើង​ពេល​ខ្ញុំ​​​ធ្វើ​ដំណើរ​​ទៅ និង​មក​ពី​ធ្វើការ តាម​​ផ្លូវ​មុនីវង្ស ទើប​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ ឬ​ក៏​យ៉ាងម៉េច?
 
ពាក្យ​ថា “ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់មក” នេះ មិនមែន​មានន័យថា និយោជិត​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ដំណើរ​ត្រង់ភ្លឹងនោះទេ។ ពាក្យ​គន្លឹះ នៅ​ត្រង់ចំណុចនេះ គឺ​ “ប្រយោជន៍​ផ្ទាល់ខ្លួន”។ ច្បាប់​ចែង​ថា ត្រូវ​ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់​មក “ដោយ​គ្មានឈប់​ ឬ​វាងទៅកន្លែង​ផ្សេង ជា​ប្រយោជន៍​ផ្ទាល់ខ្លួន” ដូចជា ចេញ​ពីធ្វើការ ឆៀង​ទៅ​ដើរលេង​មាត់ទន្លេរ ឬ​ទៅលេង​មិត្តភ័ក្តិ ឬ​បងប្អូន ឬ​ក៏​ឆ្លៀត​ឈប់ចូល​ញ៉ាំអី​តាមផ្លូវ …. ។ល។

ប្រសិនបើ​ឈប់ ឬ​វាង ក្នុង​ដំណើរ​ទៅធ្វើការ​ជាធម្មតា គឺ​ត្រូវ​ចាត់ទុក​ជា​ការ​ធ្វើ​ដំណើរ​ត្រង់ទៅ​ ត្រង់មក។

ឧទាហរណ៍​ទី១​៖ និយោជិត គាត់​ទៅធ្វើការ​ជាក្រុម ដោយ​ជិះរ៉ឺម៉ក។ រ៉ឺម៉ក​ត្រូវ​វាង ត្រូវ​ឈប់​យក​ និយោជិត​មួយៗ​តាមផ្ទះ មុននឹង​ទៅ​ដល់​កន្លែង​ធ្វើការ ហើយ​ពេល​ចេញ​ពី​ធ្វើការ​មកវិញ ក៏​ត្រូវ​ឆៀង ត្រូវ​ឈប់​ដាក់​​និយោជិត​មួយ​ៗ តាមផ្ទះ​ដែរ។ ដូច្នេះ គឺ​ត្រូវ​មាន​វាង មាន​ឈប់​តាមផ្លូវ ក៏​ប៉ុន្តែ ការ​វាង ឬឈប់​នេះ គឺ​​ស្ថិត​ក្នុង​ដំណើរ​ទៅ​ធ្វើការ​ជា​ធម្មតា មិនមែន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។
 
ឧទាហរណ៍​ទី២៖ និយោជិត គាត់​ទៅធ្វើការ​ដោយ​យាន​ជំនិះ​ផ្ទាល់ខ្លួន (ជិះ​ម៉ូតូ ឬ​ក៏​ជិះឡាន​ផ្ទាល់​ខ្លួន) ក៏ប៉ុន្តែ ជិះទៅ​មាន​ស្ទះចរាចរណ៍ ហើយ​គាត់​ត្រូវ​វាង​តាម​ផ្លូវ​ផ្សេង ឬ​ក៏​ជិះ​ទៅម៉ូតូ ឬ​ឡាន​អស់​សាំង ហើយ​​ត្រូវ​ឈប់ចាក់សាំង។ ទាំងនេះ​ក៏​ជា​ការ​ឈប់ ឬ​វាង នៅ​ក្នុង​ដំណើរ​ទៅធ្វើការ​ជា​ធម្មតា ដោយ​មិនមែន​ឈប់ ឬ​វាង ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដូច្នេះ ក្នុងករណីទាំងនេះ បើ​សិន​ជា​មាន​គ្រោះថ្នាក់ ក៏​ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែរ។

បើ​នៅ​ប្រទេស​បារាំង​ ច្បាប់​មាន​​​ចែង​រហូតដល់​ទៅថា សម្រាប់​និយោជិត​ ដែល​មាន​កូនតូចៗ អាច​ឆៀង​យក​កូន​ទៅ​ដាក់​នៅ​សាលា មុននឹង​មក​ធ្វើការ ហើយ​ពេល​ចេញ​ពីធ្វើការ​ឆៀង​ទៅ​យក​កូន​ពីសាលា មុននឹង​ទៅផ្ទះ។ ទាំងនេះ​ក៏​ត្រូវ​រាប់​ថា​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជា​ធម្មតាដែរ ហើយ​បើ​មាន​គ្រោះថ្នាក់​ គឺ​ត្រូវ​រាប់ថា​ជា​គ្រោះថ្នាក់​ការងារ បើទោះជា​គ្រោះថ្នាក់ កើតមាន​ពេល​ឆៀង​ទៅយក​កូន​នៅ​សាលា​ក៏ដោយ។

ច្បាប់​ខ្មែរ​មិនមាន​ចែង​ច្បាស់ៗ​​ត្រង់ចំណុចនេះទេ ក៏ប៉ុន្តែ នៅពេល​មាន​វិវាទ ហើយ​មាន​បណ្តឹង​ទៅដល់​តុលាការ គឺ​វា​អាស្រ័យ​លើ​ចៅក្រម​ជា​អ្នក​​ពិចារណា វាយតម្លៃ​ ហើយ​កំណត់​ថា តើ​ការ​ឈប់ ឬ​ការ​វាង​ណា​ស្ថិត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជាធម្មតា ហើយ​ការ​ឈប់ ឬ​ការ​វាងណា ដែល​ត្រូវ​ចាត់ទុក​ថាជា​ការ​ធ្វើ​ក្នុង​ប្រយោជន៍ផ្ទាល់ខ្លួន ដែល​មិន​ចូល​ក្នុង​ក្របខ័ណ្ឌ​នៃ​គ្រោះថ្នាក់ការងារ។​

តើ​កម្មករ និយោជិត​ដែល​​ទទួលរងគ្រោះថ្នាក់​ការងារ មាន​សិទ្ធិ​ទទួលបាន​នូវ​សំណង​អ្វីខ្លះ?

និយោជិត​ដែល​រងគ្រោះ មាន​សិទ្ធិ​ទទួល​បាន៖

  • សំណងដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល ទោះបី​ជា​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​ការ​អាក់ខាន​ការងារ​ក៏ដោយ ឬ​ក៏​អាក់​ខាន​ការងារ​ក៏ដោយ។
  • បើ​សិន​ជា​​គ្រោះថ្នាក់​នោះ​តម្រូវ​ឲ្យ​និយោជិត​មិន​អាច​ធ្វើការ​បាន ក្រៅពី​ថ្លៃ​ព្យាបាល គាត់​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ រហូតដល់​ពេល​គាត់​ជាសះស្បើយ ត្រឡប់​មក​ធ្វើការ​វិញ។
  • បើសិន​ជា​និយោជិត​ជា​ជនរងគ្រោះ​ត្រូវ​បាត់បង់​សមត្ថភាព​ធ្វើការ​ជា​អចិន្រ្តៃយ៍ គាត់​មានសិទ្ធិទទួល​បាន​សំណង​សម្រាប់​ថ្លៃ​ព្យាបាល​ហើយ បូក​បន្ថែម​នឹង​​ប្រាក់​បំណាច់​សម្រាប់​ការបង់​សមត្ថភាពការងារ​ជា​អចិន្រ្តៃយ៍​ទៀត។
  • បើសិន​ជា​និយោជិត​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត ត្រូវ​មាន​ជួយសោហ៊ុយ​សម្រាប់​បូជា​សព ហើយ​សិទ្ធិវន្ត​របស់​គាត់ (ប្តី-ប្រពន្ធ ឬ​កូន ឬ​ក៏​ម្តាយ​-ឪពុក​​ដែល​នៅ​ក្នុង​បន្ទុក) ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់បំណាច់។

ចំពោះ​សំណង​ដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល៖ មានរាប់ទាំង​ថ្លៃ​​​ដឹកជនរងគ្រោះ​ពី​កន្លែង​គ្រោះថ្នាក់​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​លំនៅស្ថាន ថ្លៃ​ពិនិត្យ និង​ព្យាបាល​មុខរបួស ថ្លៃវះកាត់ ថ្លៃ​ពិនិត្យ​ដោយ​វិទ្យុ​កាំរស្មី ថ្លៃ​វិភាគ​ជំងឺ​ដោយ​មន្ទីរពិសោធន៍ ថ្លៃ​ថ្នាំពេទ្យ ថ្លៃ​បន្ទប់​មន្ទីរពេទ្យ ។ល។ ក៏ប៉ុន្តែ ជនរងគ្រោះ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ដែល​ទទួលស្គាល់​ដោយ​បេឡាជាតិ​​សន្តិសុខ​សង្គម (បាន​ចុះកិច្ចសន្យា​​ជាមួយ​បេឡាជាតិ​សន្តិសុខ​សង្គម) ដូចជា មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះកុសមៈ (ពេទ្យ​លោកសង្ឃ) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) និង​មន្ទីរពេទ្យ​បង្អែក​​នៅ​តាម​ខេត្ត និង​ស្រុក​​មួយចំនួនផ្សេងទៀត។ បញ្ជីឈ្មោះ​ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ​ទាំងអស់​នេះ គឺ​មាន​ក្នុង​សេចក្តីជូនដំណឹង​របស់​បេឡាជាតិ​របបសន្តិសុខ​សង្គម ហើយ​ដែល​ក្រុមហ៊ុន សហគ្រាស​មាន​ភារៈ​ត្រូវ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​និយោជិត​។
 
ចំពោះ​ប្រាក់ឈ្នួល​ប្រចាំថ្ងៃ៖

  • បើសិន​ជា​និយោជិត​ ដែល​រង​គ្រោះថ្នាក់​ការងារ បណ្តាល​ឲ្យ​អាក់​ខាន​ការងារ​​​​ត្រឹម ៤ថ្ងៃ ឬ​ក៏តិច​ជាង ៤ថ្ងៃ គាត់​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ដូចធម្មតា (ដូច​ពេល​ធ្វើការ) ពី​និយោជក។
  • បើ​សិន​ជា​គ្រោះថ្នាក់​ការងារ បណ្តាល​ឲ្យ​អាក់ខាន​ការងារ លើស​ពី ៤ថ្ងៃ គាត់​មានសិទ្ធិ​ទទួលបាន​ប្រាក់​បំណាច់​ ដែល​គេហៅថា “ប្រាក់បំណាច់​សម្រាប់​ការបាត់បង់​សមត្ថភាព​ការងារ​បណ្តោះអាសន្ន។ ប្រាក់បំណាច់​ សម្រាប់​ថ្ងៃ​ដំបូង ដែល​និយោជិត​រងគ្រោះ ត្រូវ​អាក់ខាន​ការងារ គឺ​ជា​បន្ទុក​របស់​និយោជក។ ចាប់ពីថ្ងៃ​ទី២​ទៅ គឺ​បេឡាជាតិ​របបសន្តិសុខ​សង្គម ដែល​ជា​អ្នក​ចេញ។ ប្រាក់បំណាច់​ប្រចាំថ្ងៃ ដែល​និយោជិត​រងគ្រោះ ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ពី​បេឡាជាតិ​របបសន្តិសុខ​សង្គម គឺ​ត្រូវ​ស្មើ​នឹង ៧០% នៃ​ប្រាក់ឈ្នួល​មធ្យម​ប្រចាំថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត បើសិន​ជា​ស្ថានភាព​គ្រោះថ្នាក់​តម្រូវ​ឲ្យ​មាន​អ្នក​ថែទាំ​នៅ​មន្ទីរពេទ្យ តាម​សំណើ​របស់​គ្រូពេទ្យ និយោជិត​រងគ្រោះ​ ​មាន​សិទ្ធិ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​ថែទាំ​នៅ​មន្ទីរពេទ្យ​ ដែល​ត្រូវ​ស្មើ​នឹង ៥០% នៃ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ។

ប្រសិនបើ​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​កំហុស​របស់​កម្មករ​និយោជិត​ខ្លួនឯង​ តើ​និយោជិត​នៅតែ​មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​នេះ​ដែរ​ឬទេ?

និយមន័យ​នៃ​គ្រោះថ្នាក់ការងារ ដែល​មាន​ចែង​ក្នុង​​ច្បាប់​ការងារ (មាត្រា ២៤៨) មិន​ធ្វើការ​បែងចែក​រវាង​ថា តើ​គ្រោះថ្នាក់​នោះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ហើយ​និយោជិត​រងគ្រោះ​មាន​កំហុស ឬ​ក៏​គ្មាន​កំហុស​នោះទេ? ដូច្នេះ ជាគោលការណ៍ និយោជិត​ដែល​ទទួលរងគ្រោះថ្នាក់​ការងារ ទោះបី​ជា​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​កំហុស​​របស់​អ្នករងគ្រោះ​ខ្លួនឯង​ក៏ដោយ ក៏​គាត់​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់ឈ្នួល ឬ​ប្រាក់​បំណាច់​សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​បណ្តោះ​អាសន្ន​នេះ​ដែរ។

ក៏ប៉ុន្តែ ច្បាប់​ការងារ​​បាន​ចែង​ទុក​លទ្ធភាព​ឲ្យ​មាន​ការ​ប្តឹង​តវ៉ា​ទៅ​តុលាការ​មាន​សមត្ថកិច្ច។ បើ​សិន​ជា​ចៅក្រម​រកឃើញ​ថា ​គ្រោះថ្នាក់​ការងារ​កើតឡើង​បណ្តាល​មក​ពី​កំហុស​ធ្ងន់ធ្ងរ​របស់​និយោជិត​ដែល​ជា​​អ្នក​រងគ្រោះ ចៅក្រម​អាច​សម្រេច​កាត់បន្ថយ​ប្រាក់​បំណាច់​​របស់​គាត់។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​គ្រោះថ្នាក់​នេះ កើតឡើង​បណ្តាល​មក​ពី​កំហុស​ធ្ងន់ធ្ងរ​របស់​សហគ្រាស និយោជក ចៅក្រម​អាច​បន្ថែម​ប្រាក់​បំណាច់ ដែល​ត្រូវ​បង់​ទៅ​ឲ្យ​និយោជិត​រងគ្រោះ។

នៅពេល​ដែល​និយោជិត​រងគ្រោះថ្នាក់​ការងារ បេឡា​ជាតិ​សន្តិសុខ​សង្គម​រ៉ាប់រង​បង់​ប្រាក់សំណង។ ក៏ប៉ុន្តែ ចង់ដឹង​ថា តើ​និយោជិតមាន​កាតព្វកិច្ច​បង់​ប្រាក់​ភាគទាន​ ឬ​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ផ្នែកណាមួយ ជា​រៀងរាល់​ខែ ដើម្បី​បង់​ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម​នេះ​ដែរ​ឬទេ?
 
តាមប្រកាស​របស់​ក្រសួង​សង្គមកិច្ច (១៦ មិថុនា ២០០៨) កំណត់ថា និយោជិត​មិន​ត្រូវ​តម្រូវ​ឲ្យ​ជាប់កាតព្វកិច្ច​បង់​ប្រាក់ភាគទាន​ហានិភ័យ​ការងារ ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គមទេ។ មានតែ​និយោជក និង​ម្ចាស់​សហគ្រាស​ទេ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ប្រាក់​ភាគទាន​នេះ។

ប្រាក់ភាគទាន​ហានិភ័យការងារ ដែល​និយោជក និង​ម្ចាស់​សហគ្រាស​ត្រូវ​បង់​ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គមនេះ គឺ​ត្រូវ​បង់​តាម​អត្រា ០,៨% នៃ​ប្រាក់ឈ្នួល​មធ្យម​ប្រចាំខែ​របស់​និយោជិត។ ឧបមាថា បើប្រាក់ឈ្នួល​មធ្យម​ប្រចាំខែ គឺ ១លាន​​រៀល​ក្នុង​មួយខែ និយោជក​ត្រូវ​បង់​ប្រាក់​ភាគទាន​ហានិភ័យ​ការងារ ៨ពាន់​រៀល ក្នុង​មួយខែ សម្រាប់​និយោជិត​ម្នាក់។ បើ​ក្នុង​សហគ្រាស​មាន​និយោជិត ១០០នាក់ ក្នុងមួយខែៗ និយោជក​ត្រូវ​បង់​ភាគទាន​ហានិភ័យ​ការងារ ៨០ម៉ឺនរៀល ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម។

គួរ​បញ្ជាក់ថា ប្រាក់​ភាគទាន ០,៨%នេះ មិនមែន​​និយោជក​កាត់​ប្រាក់ខែ ០,៨% ពី​និយោជិត​ ដើម្បី​យក​ទៅ​បង់​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ទេ។ ​និយោជក​ ឬ​ម្ចាស់​សហគ្រាស​ត្រូវ​ចេញ​លុយ​ខ្លួនឯង ព្រោះប្រាក់ភាគទាននេះ គឺ​ជា​កាតព្វកិច្ច​របស់​និយោជក មិនមែន​ជា​កាតព្វកិច្ច​របស់​និយោជិត​ទេ។

ឧបមាថា និយោជិត​ម្នាក់ មាន​ប្រាក់ខែ​ ​១លាន​រៀល​ក្នុង​មួយខែ ដូច្នេះ និយោជក​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​គាត់ ១លាន​រៀល​ក្នុង​មួយខែ​ជា​ធម្មតា ហើយ​បន្ថែម ០,៨% (ត្រូវជា​ ៨ពាន់​រៀល) ពីលើ​នេះ​ទៀត ដើម្បី​បង់​ភាគទាន​ហានិភ័យការងារ ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម (មិនមែន កាត់យក​ ៨ពាន់រៀល​ ពី​ក្នុងប្រាក់ខែ​​១លាន​រៀល​របស់​និយោជិត យកទៅបង់ទេ)៕


ដើម្បី​ស្វែងយល់​បន្ថែម​ សូម​មើល​ទំព័រ​វិបសៃត៍​របស់​បេឡាជាតិ​សន្តិសុខ​សង្គម www.nssf.gov.kh​

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

លោក​សន សុខណា​ពន្យល់​អំពី​តួនាទី​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ


ដោយ សេង ឌីណា

លោក​សន សុខណា ពេល​ទទួល​អាជ្ញាបណ្ណ​ជា​ក្រុមហ៊ុន​ឈ្មួញជើងសា​មូលបត្រ

លោក​សន សុខណា ពេល​ទទួល​អាជ្ញាបណ្ណ​ជា​ក្រុមហ៊ុន​ឈ្មួញជើងសា​មូលបត្រ

Sonatra Securities

នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំសប្តាហ៍​របស់​យើង នៅថ្ងៃនេះ សេង ឌីណា ជួបសម្ភាសន៍​ជាមួយ​​លោក សន សុខណា អគ្គនាយក​ក្រុមហ៊ុន​មូលបត្រ​សូណាត្រា (Sonatra Securities) ដើម្បី​ស្វែងយល់អំពី​​ក្រុមហ៊ុន​ឈ្មួញជើងសា​មូលបត្រ។

តើ​ឈ្មួញជើងសា​មូលបត្រ​មាន​តួនាទីអ្វីខ្លះ? តើ​ហេតុអ្វី​អ្នកវិនិយោគ​មូលបត្រ​ត្រូវ​ធ្វើការ​ទិញ-លក់​មូលបត្រ​តាម​រយៈឈ្មួញជើងសា? តើ​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​អាច​ទិញដូរ​មូលបត្រ​តាមរយៈឈ្មួញជើង​សាមូលបត្រ​បាន?

ទាញយក download

ចុចទាញយកសំលេងស្តាប់

 

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

តើ​ការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) មាន​ដំណើរការ​យ៉ាង​ដូចម្តេច?


លោក​ថៃ សង្វារៀម ប្រធានផ្នែក​ហិរញ្ញវត្ថុ​​នៃ​ក្រុមហ៊ុន IRIS Securities

លោក​ថៃ សង្វារៀម ប្រធានផ្នែក​ហិរញ្ញវត្ថុ​​នៃ​ក្រុមហ៊ុន IRIS Securities

RFI/Handout

ទីផ្សារមូលបត្រ​កម្ពុជា​កំពុង​បោះជំហាន​ទៅ​រក​ការ​បើកទ្វារ​លក់​ដូរ ដោយ​ក្រុមហ៊ុនរដ្ឋ​មួយ គឺ​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ កំពុង​រៀបចំ​បោះផ្សាយ​លក់​មូលបត្រ​របស់​ខ្លួន​ជា​សាធារណៈ ជាលើក​ដំបូង (ហៅកាត់​តាមភាសា​អង់គ្លេស​ថា IPO)។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ សេង ឌីណា ក្នុងនាទីយល់ដឹង​ពី​ជំនួញ លោក​ថៃ សង្វារៀម ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​មួយ ឈ្មោះ IRIS Securities ពន្យល់​អំពី​ដំណើរការ​​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​​ជាសាធារណៈ​លើក​ដំបូង​នេះ។

ទាញយក download

ចុចទាញយកសំលេងស្តាប់

 

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

លោក​ហុង សុហួរ​ពន្យល់​អំពី​ដំណើរការ​ទិញដូរ ទូទាត់ និង​ផ្ទេរ​មូលបត្រ


លោក​ហុង សុខហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្រ្តី គាត ឈន់

លោក​ហុង សុខហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្រ្តី គាត ឈន់
RFI/CSX Handout

នៅក្នុង​នាទីយល់ដឹង​ពី​ជំនួញ​​របស់​យើង នៅថ្ងៃ​នេះ យើង​សូមចាក់ផ្សាយ​នូវ​បទសម្ភាសន៍​រវាង​សេង ឌីណា និង​លោក​ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ដែល​ធ្វើ​ឡើង កាល​ពីថ្ងៃ​ចន្ទ ជុំវិញ​ដំណើរការ​ជួញដូរ​មូលបត្រ ទាំង​នៅថ្ងៃ​បើក​ជួញដូរ​ដំបូង គឺ​នៅថ្ងៃ​ពុធ​ម្សិលមិញ និង​នៅថ្ងៃ​បន្តបន្ទាប់​មកទៀត។លោក​ហុង សុហួរ​ក៏​បាន​ពន្យល់​ផងដែរ​អំពី​លក្ខខណ្ឌ​ដែល​អ្នកវិនិយោគ​ត្រូវ​បំពេញ ដើម្បី​អាច​ចូលរួម​ជួញដូរ​មូលបត្រ​ ព្រមទាំង​អំពី​ដំណើរការ​ទូទាត់ និងការ​ផ្ទេរមូលបត្រ។

ទាញយក download

ចុចទាញយកសំលេងស្តាប់

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

តើ​ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​នៅ​តែ​លេង​តុងទីន ខណៈ​ការ​បោក​ប្រាស់​នៅ​តែ​មាន​ច្រើន?


120725_03

បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ទំនើប​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ហើយ​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់។​ ទន្ទឹម​នឹង​នេះ​ដែរ វាបាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​សេវាកម្ម​សន្សំ និង​ខ្ចី​ប្រាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​ និង​មាន​សុវត្ថិភាព តាម​រយៈ​ការ​រីក​ចម្រើន​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ និង​វិស័យ​ធនាគារ​ជាច្រើន​នៅ​កម្ពុជា។

យ៉ាងណាមិញ ​វិស័យ​ធនាគារ​ និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច កម្ពុជា​។

នេះ​ជា​តួលេខ​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា សេវាកម្ម​បញ្ញើ ឬ​ដាក់​ដក​ប្រាក់ និង​សន្សំ​របស់​ធនាគារ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ ចុះ​ចំណែក​ឯ​ការ​លេង​តុងទីន​វិញ តើ​មូលហេតុ​អ្វី​បាន​ជា​វា​នៅ​តែ​ពេញ​និយម បើ​ទោះបី​ជា​យើង​តែងតែ​ដឹង​រឿងរ៉ាវ​បោកប្រាស់​ជា​រឿយៗ​យ៉ាង​ណា​ក៏ ដោយ?

តុងទីន គឺជា​ប្រព័ន្ធ​មីក្រូហិរញ្ញ​វត្ថុ​មិន​ផ្លូវ​ការ និង​មាន​ហានិភ័យ​ខ្ពស់​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​តែ​លេង​នៅ​តាម​សហគមន៍​ពួក​គេ​រស់​នៅ​ដូចជា នៅ​តាម​ផ្សារ​ ឬក៏​កន្លែង​ការងារ ​ហើយ​វា​អាស្រ័យ​លើ​ការ​ជឿ​ទុក​ចិត្ដ​គ្នា​ជា​ជាង​ផ្លូវ​ច្បាប់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លោកគី សុខលីម នៅ​ RFI។​

ជា​ទូទៅ ប្រសិន​បើ​កូន​តុងទីន​ណា​ម្នាក់​ហ៊ាន​ដាក់​ការ​ប្រាក់​ខ្ពស់​ មេ​នឹង​ផ្ដល់​អទិភាព​ដល់​អ្នក​នោះ​ជា​អ្នក​ទទួល​ប្រាក់​។ បន្ទាប់​មក មេ​ប្រមូល​ប្រាក់​ពី​កូនៗ​ដទៃ​ដែល​អ្នក​ខ្លះ​ងាប់​ត្រូវ​បង់​តម្លៃ​កំណត់ និង​អ្នក​នៅ​រស់​ដែល​ត្រូវ​បង់​ទៅ​តាម​តម្លៃ​កាត់​ប្រាក់​ការ​។

តាម​ពិត​ទៅ ការ​លេង​តុងទីន ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​ ហើយ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ក្នុង​ការ​ខ្ចី​ប្រាក់ និង​សន្សំ​ប្រាក់​ ដោយ​សារ​តែ​វា​មិន​តម្រូវ​ឯកសារ​ផ្លូវ​ច្បាប់​ច្រើន​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​លេង​តុងទីន​ជួប​ហានិភ័យ​ខ្ពស់​​ជាង​សេវាកម្ម​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ។

ពាក់​ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នេះ យើង​តែង​តែ​បាន​ឮ​ជា​រឿយ​ៗពី​ការ​បោកប្រាស់ ព្រម​ទាំង​​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​មេតុងទីន និង​ផ្លូវ​ច្បាប់។ ជាក់​ស្ដែង ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០១០ ចំណង​ជើង​ថា​ «កូន​ស្រី​មេតុងទីន​ខេត្ត​កំពង់ចាម​មិន​ព្រម​ទទួល​ធ្វើ​ជា​មេ​ជំនួស​ម្តាយ​ ដែល​ស្លាប់»​។ ចំពោះ​បញ្ហា​ផ្លូវ​ច្បាប់​ កូន​តុងទីន​ទាំង​អស់​ គ្រាន់​តែ​អាច​សម្ដែង​ពី​ការ​អស់​ក្ដី​សង្ឃឹម ដោយ​គ្មាន​បាន​ទទួល​សំណង​អ្វី​ពី​សាច់​ញាតិ​ឡើយ​។

កាសែត នគរវត្ត កាល​ពី​ថ្ងៃទី​១៣ ខែ​មករា​ ឆ្នាំ​២០១១ កន្លង​ទៅ ​បាន​​ចុះ​ផ្សាយ​ថា​ «​មេតុង​ទីន​ប្រមូល​លុយ​៦០០​លាន​រៀល​រួច​រត់បាត់»​។​ ​ចុង​ក្រោយ វិធី​ល្អ​បំផុត កូន​តុង​ទីន​ទាំងអស់​រត់​រក​ជំនួយ​ពី​អជ្ញាធរ​ខេត្ដ​កោះកុង​ប៉ុណ្ណោះ​។

ចំណែកឯ​នៅ​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ ឆ្នាំ​២០១២ កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ថា​ «​មេតុងទីន​ដុះ​ស្លែ​ត្រូវ​ជាប់​ទ្រុង​ដោយ​សារ​ការ​ប្តឹង​របស់​កូន​តុងទីន ពី​បទ​ឆបោក» ​ដែល​ហេតុការណ៍​នេះ​កើត​មាន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​។

ថ្ងៃទី​២២​ ខែ​មិនា​ឆ្នាំ​២០១២​កាសែត​ដើម​អម្ពិល បាន​ចុះ​ផ្សាយ​ថា «​មេតុងទីន​កំហូច​ប្រើ​ល្បិច​ឆបោក​ប្រាក់​របស់​កូន​ប្រហែល​៦០​ម៉ឺន ដុល្លារ»​ ដែល​បាន​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ​។​

ថ្វីដ្បិត​តែ​មាន​របាយការណ៍​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ពី​បញ្ហា​នៃ​ការ​លេង​តុង ទីន​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​អាច​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​បញ្ឈប់​ សកម្មភាព​របស់​ខ្លួន​ឡើយ​។

ជាក់ស្តែង បុគ្គលិក​នៃ​អង្គការ​អន្តរជាតិ​មួយ​ក្រុម​ក្នុង​រាជធានី​ភ្នំពេញ នៅ​តែ​បន្ដ​លេង​តុងទីន​យ៉ាង​ព្រងើយ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំងអស់។​

លោក សៀ សុខន ជា​ប្រធាន​ផ្នែក​ផ្លាស់​ប្ដូរ​យុទ្ធសាស្រ្ដ​ទំនាក់​ទំនង​នៃ អង្គការ​អន្តរជាតិ បាន​ថ្លែង​ប្រាប់​ថា លោក​បាន​ដឹង​ពី​រឿង​អាស្រូវ​នៃ​ការ​លេង​តុងទីន ប៉ុន្តែ​លោក​នៅ​តែ​លេង​វាជា​ធម្មតា ដោយ​សារ​តែ​វា​ចំណេញ​ការ​ប្រាក់​ខ្ពស់ ​និង​មិន​សាំ​ញ៉ាំ​ដូច​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទេ។

លោក បាន​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​ខ្លាច​ទេ ពីព្រោះ​យើង​ស្គាល់​ និង​ធ្វើ​ការ​ជាមួយ​គ្នា។ ប្រសិន​បើ​កូន ឬ​មេចង់​ឆបោក​នោះ វា​នឹង​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​ខ្លួន​ឯង និង​បាត់​បង់​ការងារ​ជា​មិន​ខាន»។

រៀង​រាល់​ខែ លោក​ សុខន ត្រូវ​ចំណាយ​ប្រាក់​ ២០០​ដុល្លារ​លើ​ថ្លៃ​តុង​ទីន​ ដោយ​លោក​ទទួល​ស្គាល់​ថា​៖ «​យើង​គ្មាន​ឯកសារ​ផ្លូវ​ច្បាប់​ទេ ក្រៅ​ពី​តារាង​រាយ​នាម​តែ​ប៉ុណ្ណោះ​»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សូម្បី​តែ​កូន​សិស្ស​វិទ្យាល័យ ក៏​បាន​នាំ​គ្នា​លេង​តុងទីន​ដោយ​គ្មាន​ខ្លាច​បារម្ភ​អ្វី​ឡើយ។ ជាក់​ស្ដែង ប្អូន​ប្រុស ខៀវ ហ៊ួរ​ អាយុ​១៨​ឆ្នាំ ជា​មេតុងទីន បាន​ប្រាប់​ថា សមាជិក​តុងទីន​របស់​ប្អូន​មាន​ចំនួន​៧​នាក់​ ហើយ​ប្អូន​ធ្វើ​ការ​ប្រមូល​ប្រាក់​រៀង​រាល់​ថ្ងៃ​។​ ប្អូន​ប្រុស ហ៊ួរ​ បាន​ដឹង​ឮ​ព័ត៌មាន​ពី​បញ្ហា​តុងទីន​នេះ​ដែរ ប៉ុន្ដែ​ប្អូន​មិន​បារម្ភ​ទេ ពីព្រោះ​​គ្រាន់​តែ​​លេង​តូច​តាច​ប៉ុណ្ណោះ​។

ប្អូន​ប្រុស បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ពួក​យើង​ចង់​សន្សំ​លុយ​ ឬក៏​ខ្ចី​លុយ​ឥត​ការ​ប្រាក់។ វាជា​វិធី​ងាយ​ស្រួល​ដែល​មិន​ចាំបាច់​សុំ​លុយ​ពី​ឪពុក​ម្ដាយ​»។

តាម​រយៈ​សកម្មភាព​លេង​តុង​ទីន​នេះ យើង​អាច​ដឹង​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក បាន​និង​កំពុង​លេង​ជា​រៀង​រាល់​ថ្ងៃ​។

សរុប​មក ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នោះ យើង​គួរ​តែ​ពិចារណា​មុន​នឹង​សម្រេច​ចិត្ត​លេង​ល្បែង​តុងទីន ពីព្រោះ​យើង​មិន​អាច​ទុក​ចិត្ដ​អ្នក​ណា​ម្នាក់​ក្រៅ​ពី​ឯកសារ​ផ្លូវ​ច្បាប់ ឡើយ​។​ ដូច្នេះ យើង​

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ជោគជ័យ និង​ការ​បង្កើត​គំនិត​នៅ​ក្នុង​អាជីវកម្ម


111027_11

លោក ជី សិលា អគ្គនាយក​ក្រុម​ហ៊ុន CBM ក្នុង​​បទ​សម្ភាស​​ជាមួយ​​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ លោក​ ជី ​សិលា ​ជា​សហ​គ្រិន​វ័យ​ក្មេង​ម្នាក់​ ដែល​បាន​ពង្រីក​អាជីវ​កម្ម​របស់​ខ្លួន​ឥត​ឈប់​ឈរ​ ដែល​របរ​របស់​សហ​គ្រិន​នេះ​មាន​គំនិត​ទៅ​នឹង​ផ្នត់​គំនិត ​របស់​ពួក​បស្ចិម​ប្រទេស​។ ​លោក​ មាន​អាជីវ​កម្ម​ជា​ច្រើន​ រួម​មាន​ទាំង​ហាង​លក់​ស៊ីឌី ​ភោជនីយ​ដ្ឋាន ​ការ​វិនិយោគ​លើ​វិស័យ​ភាព​យន្ត ​និង​ព័ត៌​មាន​វិទ្យា​។ ​លោក ​រ៉ាន់ ​រើយ​ ​អ្នក​យក​ព័ត៌​មាន​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​ជួប​សម្ភាស ​លោក​ ជី សិលា​ អគ្គ​នាយក​ក្រុម​ហ៊ុន​សាជីវ​កម្ម​ CBM ជា​ក្រុម​ហ៊ុន​បើក​អាជីវ​កម្ម​ដែល​បាន​រៀប​រាប់​ខាង​លើ​។

លោក​មាន​ប្រវត្តិ​ផ្នែក​ស្ថាបត្យ​កម្ម តើ​ហេតុ​អី​បាន​ជា​លោក មាន​គំនិត​បើក​របរ​នេះ?

តាម​ពិត​ ការ​ងារ​រក​ស៊ី បើ​យើង​គ្មាន​បទពិសោធ​ទេ ​យើង​ត្រូវ​ស្វែង​រក​វា​ ហើយ​មុខ​របរ​នៅ​ពេល​យើង​ចាប់​ផ្តើម​នៅ​លើ​ទីផ្សារ ​វា​មាន​ច្រើន​យ៉ាង​ តាំង​ពី​លក់​ត្រកួន​ លក់​បន្លែ​ រហូត​ដល់​ជំនួញ​គួក​ជេ​ អាស្រ័យ​ទៅ​លើ​ដើម​ទុន​។ ​ប៉ុន្តែ​​យើង​ឃើញ​មុខ​របរ​លក់​ស៊ីឌី​ មាន​ភាព​ងាយ​ស្រួល ​ដោយ​សារ​ថា​ពេល​យើង​ចាប់​ផ្តើម​ជាង​១០​ឆ្នាំ​មុន ​យើង​អាច​ទិញ​ពី​ស្រុក​ក្រៅ​មក​តម្លៃ​១​ដុល្លារ​ មក​ដល់​ស្រុក​ខ្មែរ​យើង​លក់​២​ដុល្លារ​ ឬ​២,៥​ដុល្លារ​។ មាន​ន័យ​ថា ​ពាណិជ្ជ​កម្ម​នោះ​វា​សម​ស្រប​។​ វា​ជា​មុខ​របរ​មួយ​ដែល​ងាយ​ស្រួល​បំផុត​​។

តើ​លោក​មាន​គំនិត​យ៉ាង​ម៉េច​បាន​ជា​លោក ​ទៅ​បើក​ហាង​លក់​ម្ហូប​អាហារ​បែប​បសិ្ចម​ប្រទេស​?

យើង​ដើរ​ទៅ​ស្រុក​ក្រៅ​ច្រើន យើង​ចំណាយ​ពេល​ច្រើន​ដើម្បី​ស្វែង​យល់​ពី​ទីផ្សារ គឺ​យើង​មើល​ទៅ​លើ​ប្រទេស​ជុំវិញ​ខ្លួន​យើង​ ដូច ​វៀត​ណាម ​ថៃ ​ម៉ាឡេស៊ី ​សិង្ហបុរី​។ ​តម្រូវ​ការ​នៃ​ប្រជា​ជន​នៅ​ទូទាំង​ពិភព​លោក ​វិវត្ត​ទៅ​តាម​សកល​ភាវូបនីយកម្ម​។

តើ​អតិថិជន​ប្រភេទ​ណា​ចូល​ហូប​អាហារ​នៅ​ហាង​របស់​លោក​?

ភាគ​ច្រើន​ជា​យុវជន​ គេ​ហៅ​ថា ​«​មនុស្ស​ទំនើប»​។​ វា​បាន​ន័យ​ថា គាត់​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ខាង​ក្រៅ​ច្រើន ​គាត់​បាន​ទទួល​ការ​រៀន​សូត្រ​ច្រើន​ ដូច​ជា​ការ​រៀន​ភាសា​អង់គ្លេស​ ដែល​នៅ​ក្នុង​មេរៀន​នោះ ​មាន​និយាយ​ពី​ម្ហូប​អាហារ​ទាំង​អស់​នេះ​។​ គ្រួសារ​ខ្លះ​ ឪពុក​ម្តាយ​ទទួល​ឥទ្ធិពល​ពី​កូន ​ហើយ​គាត់​មក​ញុំា​ទាំង​​គ្រួសារ​។ តែ​ភាគ​ច្រើន​គឺ​យុវ​វ័យ​។

លោក​មើល​ឃើញ​ឱកាស​អាជីវកម្ម​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ បើ​ធៀប​ពី​ដំបូង​ និង​បច្ចុប្បន្ន​?

យើង​និយាយ​បាន​ថា ​យើង​បើក​ដំបូង​គេ​ យើង​មាន​ឱកាស​ច្រើន​ដែរ​ ដោយ​សារ​មិន​មាន​ការ​ប្រជែង ​តែ​ហានិភ័យ​នៅ​មាន​ខ្លះ​ដែរ ​ព្រោះ​របស់​នេះ​នៅ​ថ្មី​ថ្មោង​នៅ​ឡើយ ​ហើយ​អតិថិជន​មាន​កំណត់​។ ​រហូត​ដល់​យើង​បើក​ហាង​ទីពីរ​ និង​ទីបី ​ទើប​ការ​ទទួល​ស្គាល់​បាន​គ្រាន់​បើ​។ ​តែ​ក្រោយ​ៗ​មក​ ក៏​មាន​ហាង​ផ្សេង​ៗ​ទៀត​ជា​ច្រើន ហើយ​ការ​ប្រកួត​ប្រជែង​ក៏​មាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​។

ហាង​លោក​ភាគ​ច្រើន​បើក​នៅ​តាម​ផ្សារ​ទំនើប​ឬ​ទី​កន្លែង​ទាន់​សម័យ តើ​មាន​ន័យ​យ៉ាង​ម៉េច?

តាម​ក្រឹត្យ​ក្រម ​យើង​បើក​ត្រង់​ណា​ក៏​បាន​ដែរ ​វា​អត់​មាន​កំណត់​ទេ​។ ​ប៉ុន្តែ​វា​សំខាន់​ត្រង់​ថា​ វា​មាន​ ទស្សនៈ​មួយ​ផ្នែក​ទីផ្សារ​ថា បើ​យើង​ចង់​បើក​ភោជនីយ​ដ្ឋាន​បែប​ហ្នឹង​ ទី​តាំង​ហ្នឹង​សំខាន់​ណាស់​។ ​គេ​និយាយ​បី​ពាក្យ​ គឺ «​ទីតាំង​ ទី​តាំង ​និង ​ទីតាំង​»​។​ ទីតាំង​គឺ​គ្រប​ដណ្តប់​លើ​អ្វី​ៗ​ទាំង​អស់​។ ​យុទ្ធ​សាស្រ្ត​ដែល​យើង​ត្រូវ​បើក ​សំខាន់​ជាង​គេ​គឺ​ទីតាំង ធ្វើ​ឲ្យ​គេ​ឆាប់​ឃើញ​ គេ​ឃើញ​ហើយ​ងាយ​ចាំ ហើយ​ទីតាំង​គេ​ជិះ​កាត់​រាល់​ថ្ងៃ​។​ យើង​ជ្រើស​រើស​ផ្សារ​ទំនើប​ដោយ​សារ​ក្មេង​ៗ​ទៅ​ទី​នោះ​ច្រើន​។

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​នេះ​ល្បី​នៅ​ថ្នាក់​ តំបន់​តែ​ម្តង ​តើ​ពេល​នេះ​លោក​កំពុង​ស្ថិត​នៅ​ចំណុច​ណា​ហើយ​?

តាម​ពិត​យើង​មាន​គម្រោង​តាំង​ពី​ឆ្នាំ​២០០៧ ​និង​ ២០០៨​ មក​ម្ល៉េះ​ ប៉ុន្តែ ​វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ប៉ះពាល់​មិន​ត្រឹម​តែ​ក្រុម​ហ៊ុន​ខ្ញុំ​មួយ ​ទេ ​គឺ​ក្រុម​ហ៊ុន​ច្រើន​ដែរ​។ ​ខ្ញុំ​ទទួល​ស្គាល់​ថា​ ក្រុម​ហ៊ុន​ខ្ញុំ​ប៉ះ​ពាល់​ដែរ ​តាំង​ពី​ការ​ចំណាយ​របស់​អតិ​ថិជន​ តាំង​ពី​គម្រោង​ពង្រីក​របស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ​។​ ពេល​នោះ​ យើង​មាន​ដៃ​គូ​ក្រៅ​ប្រទេស​ត្រៀម​ធ្វើ​ជា​មួយ​យើង ​រួច​គេ​ក៏​ផ្អាក​វិញ​។ ​យ៉ាង​ណា​ក៏​ដោយ ​យើង​ត្រៀម​ធ្វើ​ច្រើន​នៅ​ឆ្នាំ​២០១២​ ដែល​អ្វី​ៗ​ស្ថិត​ក្នុង​គម្រោង​​ទំាង​អស់​។ ​លើស​ពីនោះ​យើង​ក៏​ត្រៀម​ពង្រីក​អាជីវ​កម្ម​បន្ថែម​ទៀត​ដែរ​ ដោយ​នាំ​យក​យីហោ​នំបុ័ង​​មួយ​ពី​ប្រទេស​កូរ៉េ​ ហើយ​នឹង​បើក​នៅ​អំឡុង​ខែ​មេសា ​ឬ​ ឧសភា​ ឆ្នាំ​ក្រោយ​។ ​យើង​ក៏​ត្រៀម​យក​យីហោ របស់​យើង​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក​មាន​អាជីវកម្ម​ ច្រើន​ ដូច​ជា​ លក់​ស៊ីឌី ​ភោជនីយ​ដ្ឋាន​ រោង​ភាព​យន្ត ​និង ​ព័ត៌​មាន​វិទ្យា ​តើ​មុខ​របរ​ណា​​មួយ​ជោគ​ជ័យ​ជាង​គេ​?

ផ្តល់​ចំណូល​ប្រហាក់​ប្រហែល​គ្នា​។ ​ផ្នែក​អាហារ​ផ្តល់​ចំណូល​ច្រើន​ តែ​ក៏​វា​នៅ​មាន​បុគ្គលិក​ច្រើន​ដែរ​ «​ទូក​ធំ​ក្តោង​ធំ​»។​ តែ​CIDC​ គ្រប់​គ្រង​លើ​បច្ចេក​វិទ្យា​ មាន​បុគ្គលិក​តិច​ជាង ​តែ​ពួក​គេ​មាន​ជំនាញ​ខ្ពស់​ជាង​ ដូច​នេះ​វា​ក៏​ត្រូវ​ការ​ចំណាយ​ធំ​ដែរ។ ក្រុម​ហ៊ុន ​CBM ​Corperation ​មាន​ហាង​ប្រមាណ ​៣០​គឺ​មាន ​BB ​World​, Pizza ​World​, និង​ T&C ​នឹង​មាន​ទី​តាំង​នៅ​តាម​សាលា​រៀន​អន្តរ​ជាតិ​មួយ​ចំនួន​ ហើយ​ថ្មី​ៗ ​យើង​បាន​បើក​ភោជ​នីយ​ដ្ឋាន ​ឈ្មោះ​ «​ភូមិ​ម្ហូប​ខ្មែរ​»​។​ ​CBM ​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដែល​មាន​ហាង​ច្រើន​ជាង​គេ​បំផុត​នៅ​ស្រុក​ ខ្មែរ​។

សម្រាប់​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ឬ​ក្នុង​រយៈ​ពេល​វែង​ តើ​លោក​មើល​ឃើញ​​ថា​មុខ​របរ​ណា​មួយ​ក្នុង​ចំណោម​នោះ​នឹង​លូត​លាស់​ល្អ​ ជាង​គេ?

សុទ្ធ​តែ​មាន​ឱកាស​ទាំង​អស់​ ខ្ញុំ​មិន​អាច​និយាយ​ថា ​ណា​មួយ​ល្អ​ជាង​ទេ​។​ មុខ​របរ​ដែល​យើង​ជ្រើស​រើស​សុទ្ធ​តែ​​ត្រូវ​ការ​កសាង​ និង​អភិវឌ្ឍ​វែង​ឆ្ងាយ​។ ​យើង​រំពឹង​ថា ​អតិថិជន​យើង​មួយ​ផ្នែក​ធំ​នឹង​បាន​មក​ពី​ប្រជា​ជន​មាន​ប្រាក់​ចំណូល មធ្យម​។​ ស្រុក​ខ្មែរ​យើង​និយាយ​ឲ្យ​ចំ​ទៅ​យើង​មាន​បញ្ហា​បន្តិច​ដែរ​។ ​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯក​ជន​កំពុង​តែ​កែ​ប្រែ​ គឺ​យើង​មាន​អ្នក​ក្រ ​និង ​អ្នក​មាន ​ដាច់​គ្នា​មែន​ទែន​តែ​ម្តង​។ ​អ្នក​មាន​ចង់​ចាយ​មួយ​ថ្ងៃ​១​ ០០០​ដុល្លារ​ក៏​បាន​ដែរ​ តែ​បើ​អ្នក​ក្រ​រក​មួយ​ដុល្លារ​ចាយ​មិន​បាន​ផង​។ ​ប្រសិន​យើង​មើល​ស្រុក​គេ​ដែល​អភិវឌ្ឍ​បាន​គ្រាន់​បើ ​គឺ​គេ​មាន​ប្រាក់​ចំណូល​មួយ​ថ្ងៃ​៤​ទៅ​៥​ដុល្លារ​ជា​មធ្យម​។ ​អ៊ីចឹង ​គាត់​មាន​លទ្ធ​ភាព​ចំណាយ​ទៅ​លើ ​ការ​ហូប​ចុក ​ការ​ទិញ​របស់​ប្រើប្រាស់​បាន​ដូច​គេ​ដូច​​ឯង​។​ ដូច​នេះ​អ្វី​ដែល​យើង​រង់​ចំា​គឺ​អ្វី​ដែល​យើង​កែ​ប្រែ​សង្គម​យើង​​ទាំង​មូល ​ហ្នឹង ​គឺ​ធ្វើ​ម៉េច​ទាញ​អ្នក​ក្រ​ឲ្យ​ឡើង​មក​រក​​ប្រាក់​ចំណូល​បាន​៥​ដុល្លារ​ មួយ​​ថ្ងៃ​។​ ពេល​​ហ្នឹង​ហើយ ​ជា​ពេល​​ដែល​មុខ​​របរ​យើង​ទាំង​អស់​មាន​អតិថិជន​ច្រើន​។​ ជា​សរុប​មក ​មុខ​ជំនួញ​ដែល​ល្អ​បំផុត ​គឺ​មុខ​ជំនួញ​ដែល​យើង​ទាញ​យក​ប្រជា​ជន​ច្រើន​ ប្រជា​ជន​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​។

គេ​គិត​ថា​លោក​កំពុង​ជោគជ័យ​តើ​លោក​ធ្លាប់​មាន​ឧបសគ្គ​ដែរ​ទេ ​ហើយ​លោក​មាន​ជំហរ​ដោះស្រាយ​យ៉ាង​ដូច​ម៉េ្តច​?

តាម​ពិត​ខ្ញុំ​អត់​ហ៊ាន​និយាយ​ថា ​ខ្ញុំ​ជោគ​ជ័យ​ពេក​នោះ​ទេ​។ ​ខ្ញុំ​អាច​ចាត់​ទុក​ថា​ ជា​មោទនភាព​របស់​យើង​មួយ​ដែរ ​ហើយ​យើង​គិត​ថា​នៅ​មាន​ការ​ងារ​ច្រើន​ទៀត​ត្រូវ​ទៅ​មុខ​។​ ​ឧបសគ្គ​ចម្បង​ជាង​គេ​គឺ​ធន​ធាន​មនុស្ស។​ យើង​ទទួល​ស្គាល់​ទាំង​អស់​គ្នា​នៅ​ស្រុក​ខ្មែរ​យើង ​យើង​ត្រូវ​ការ​ការ​អប់រំ​មួយ​ដែល​មាន​ស្តង់ដារ​បន្តិច​ទៀត​។ ​ខ្ញុំ​គិត​អ៊ីចឹង​។​ យើង​ក៏​នៅ​មាន​កង្វះ​ខាត​ច្រើន​ ព្រោះ​ខ្វះ​ការ​ជ្រោ​មជ្រែង​ ខ្វះ​ការ​សហការ​គ្នា​ច្រើន​។ ​ការ​ទទួល​បាន​​ហិរញ្ញ​កិច្ច​ដើម្បី​ធ្វើ​មុខ​របរ​ក៏​លំបាក​ដែរ ​ពេល​ខ្លះ​យើង​ខ្វះខាត​ដើម្បី​បំពេញ​បន្ថែម ​ហើយ​យើង​លំបាក​រក​នៅ​ក្នុង​ស្រុក​ រហូត​ទៅ​រក​នៅ​ក្រៅ​ប្រទេស​ក៏​មាន​ដែរ​។

តើ​ឱកាស​រក​ស៊ី​នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ពេក​ទេ​នៅ​ពេល​បច្ចុប្បន្ន​?

សម្រាប់​ខ្ញុំ​ ខ្ញុំ​បាន​ទៅ​ស្រុក​ក្រៅ​ច្រើន ​ខ្ញុំ​មាន​ការ​វិភាគ​ ខ្ញុំ​មើល​ឃើញ​ថា ស្រុក​ខ្មែរ​នៅមាន​​ឱកាស​ច្រើន​សម្រាប់​សហ​គ្រិន​វ័យ​ក្មេង​ដែល​ចង់​ ចាប់​យក​មុខ​របរ​។ ​តែ​គ្រាន់​តែ​ថា​ យើង​ខ្វះ​សហ​គ្រិន​ដែល​មាន​ការ​ព្យាយាម​ អំណត់ ​និង​ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត ឲ្យ​ខ្លាំង​ជាង​គេ​។​​ ម្នាក់​ៗ​ចូល​ចិត្ត​ធ្វើ​តាម​គ្នា។ មា្នក់​បើក​ហាង​កាហ្វេ ​ក៏​បើក​តាម​គ្នា។​ បាន​ន័យ​ថា​ មនុស្ស​ចាប់​ផ្តើម​ធ្វើ​អ្វី​ ពេល​ឃើញ​គេ​ជោគជ័យ​។ ​គាត់​អត់​បាន​ចូល​រួម​ធ្វើ​អ្វី​ឲ្យ​ប្លែក​។ ​នេះ​ជា​រឿង ​ដែល​ខ្ញុំ​គិត​ថា​ វា​ខ្វះ​ខាត​គំនិត​ច្នៃ​ប្រឌិត​។ ​ពេល​ហ្នឹង​ការ​ប្រកួត​ប្រជែង​ក៏​ច្រើន​ដែរ​។

តើ​លោក​គិត​ថា​កតា្ត​អ្វី​ធ្វើ​ឲ្យ​លោក​ជោគ​ជ័យ​?

ខ្ញុំ​គិត​ថា ​ការ​ព្យាយាម​សំខាន់​មែន​ទែន ​ហើយ​បន្ត​ទៀត​គឺ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​​ខ្លាំង​។ ដូច​ជា​ខ្ញុំ​ចាប់​ផ្តើម​បច្ចេក​វិទ្យា​ ពី​ដំបូង​ គឺ​គ្មាន​អ្នក​ណា​ស្គាល់​ទេ ​ហើយ​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ផ្សាយ​ពាណិជ្ជ​កម្ម ​ធ្វើ​កម្មវិ​ធីថ្មី​ៗ​។​ បើមិន​អ៊ីចឹង​ទេ​ យើង​នឹង​បរាជ័យ​។ ​ខ្ញុំ​មិន​មាន​ប្រវត្តិ​ផ្នែក​អាហារ ​Fast​ Food​ តែ​ខ្ញុំ​អាច​ធ្វើ​វា​ឲ្យ​ជោគ​ជ័យ​បាន​។ ​ខ្ញុំ​គ្មាន​ប្រវត្តិ​ជា​អ្នក​ព័ត៌​មាន​វិទ្យា​ទេ ​តែ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​វា​ជោគជ័យ​បាន​។ ​យើង​ត្រូវ​គិត​ថា​ អ្វី​អាច​ធ្វើ​ឲ្យ​មុខ​របរ​ទាំង​អស់​បាន​ទទួល​ជោគ​ជ័យ​បាន​។ ​នេះ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​មាន​ឱកាស​។ ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វា​ វា​ក៏​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ​៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ការ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​នាំ​ឱ្យ​សហគ្រាស​មិន​ដំណើរការ


រូបថត៖ អេភី
អតិថិជននៃធនាគារអេអិនហ្សិត (ANZ) បើកប្រាក់ពីម៉ាស៊ីនបើកប្រាក់ស្វ័យប្រវត្តិ (ATM) នៃធនាគារអេអិនហ្សិតនៅកម្ពុជា។

ភ្នំពេញៈ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រឈមនឹងកង្វះប្រភពហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម ដោយសារសេវាផ្តល់ប្រាក់កម្ចីរបស់ធនាគារមានការប្រាក់ខ្ពស់ និងរយៈពេលខ្ចី។ ក្រុមមន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជនបានទទួលស្គាល់ថាសហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ហើយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ក្រុមមន្ត្រីបានថ្លែងនៅថ្ងៃពុធនេះថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងប្រឈមនឹងកង្វះដើមទុនសម្រាប់ពង្រីកប្រតិបត្តិកា អាជីវកម្មនិង កង្វះលទ្ធភាពទទួលបានឥណទានអត្រាការប្រាក់ទាប។ មនុស្សជាង ៣០០នាក់មកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានចូលរួមនៅក្នុងវេទិកាថ្នាក់ជាតិ ដើម្បីពិភាក្សាពីការប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោក តែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងនៅក្នុងវេទិកាថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺកង្វះដើមទុនដើម្បីពង្រីកប្រតិបត្តិការ អាជីវកម្ម កង្វះលទ្ធភាពទទួលបានឥណទានក្នុងអត្រាការប្រាក់ទាប និងរយៈពេលវែង វត្ថុធានាដើម្បីទទួលបានឥណទាននៅមានកម្រិត និងប្រាក់កម្ចីមានទំហំតូច ហើយថ្លៃរត់ការខ្ពស់។ លោក តែ តាំងប៉រ បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានចំនួន៣២០ ១២៣ នៅទូទាំងប្រទេស និងមានកម្លាំងពលកម្មប្រមាណ១,៤លាននាក់់ ដូចជា កសិកម្ម សេវាកម្ម សិប្បកម្ម និងឧស្សាហកម្មធុនតូច និងមធ្យមគ្រប់ប្រភេទ។ ក្រុមមន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជន បានអះអាងថា សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ និងបង្កើនថវិកាជាតិតាមរយៈ ពន្ធដាផ្គត់ផ្គង់សេវា និងផលិតផលជំនួសទំនិញនាំចូលពីបរទេស។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthew Gamser) ប្រធានផ្នែកសេវាកម្មប្រឹក្សាយោបល់នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំ អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានថ្លែងថា ម្ចាស់សហគ្រាសអាចផ្តល់ជាដី និងអាគារដែលមានតម្លៃយ៉ាងតិចទ្វេដងនៃតម្លៃកម្ចី ធនាគារនឹងមិនផ្តល់កម្ចីធំ និងរយៈពេលវែងដែលក្រុមហ៊ុនត្រូវការដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននោះទេ បើម្ចាស់ក្រុមហ៊ុនមិនអាចផ្តល់ជាវត្ថុបញ្ចាំបន្ថែមទៀត។ «ក្រុមហ៊ុន មិនបានលូតលាស់លឿនគ្រប់គ្រាន់ ដើម្បីផ្តល់ការងារដែលកម្លាំងការងាររបស់កម្ពុជា កំពុងត្រូវការយ៉ាងខ្លាំងនោះឡើយ។ ជារៀងរាល់ឆ្នាំ ក្មេងៗកម្ពុជាប្រមាណ២៥០ ០០០នាក់ ដែលភាគច្រើនរស់នៅជនបទ ឈានដល់អាយុធ្វើការ និងត្រៀមចូលបម្រើការងារ»។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser) បានបន្ថែមថា នៅពេលអាជីវកម្មមិនអាចទទួលបានហិរញ្ញវត្ថុរយៈពេលវែង ពួកគេត្រូវរង់ចាំជាច្រើនឆ្នាំ មុននឹងពួកគេអាចសន្សំប្រាក់បានគ្រប់គ្រាន់ ដើម្បីហិរញ្ញប្បទានអាគារ បរិក្ខាធំជាងមុន និងបច្ចេកទេសប្រសើរជាងមុនដោយខ្លួនឯង។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser) បានបញ្ជាក់ថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានកង្វះទំនុកចិត្តលើនិរន្តរភាព និងភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ដោយសារគ្មានព័ត៌មាន ភាពមិនច្បាស់លាស់នៃឯកសារពាក់ព័ន្ធក្នុងការចុះបញ្ចីការ គណនេយ្យ ការត្រួតពិនិត្យទិន្នន័យ និងព័ត៌មានហិរញ្ញវត្ថុរបស់សហគ្រាសជាដើម។ «ប្រភពទុនទាំងនោះមានតម្លៃខ្ពស់ និងមានលក្ខខណ្ឌតឹងរ៉ឹងដែលមិនអាចបំពេញបានដោយទូលាយ ពីម្ចាស់សហគ្រាសត្រូវបំពេញ។ ប្រភពទុនទាំងនេះចាំបាច់ត្រូវតែប្រើប្រាស់ឱ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាព»។ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងថាគ្រឹះស្ថានធនាគារ និងសហគ្រាស ត្រូវតែសហការគ្នាឱ្យបានល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ សហគ្រាសធុនតូច និងធម្យមជាច្រើនប្រឈមនឹងការខ្វះខាតថវិកា ដើម្បីយកមកវិនិយោគ និងពង្រីកអាជីវកម្ម។ សហគ្រាស៩០ភាគរយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬកម្ចីពីក្រុមគ្រួសារ និងមិត្តភ័ក្ត្រ ក្នុងការចាប់ផ្តើមអាជីវកម្ម និងជំរុញដំណើរការអាជីវកម្ម។ ការសិក្សារបស់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបង្ហាញថា សហគ្រាសមីក្រូ តូច និងមធ្យមរហូតដល់៩០ភាគរយនៃវិស័យឯកជនត្រូវបានវាយតម្លៃថា ខ្វះខាតហិរញ្ញវត្ថុ ដែលជាបញ្ហាប្រឈម និងគន្លឹះមួយ។ អ្នកស្រី គ្រី កៅនី ម្ចាស់ក្រុមហ៊ុន គ្រី កៅនី អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននិយាយថា អ្នកស្រីត្រូវការកម្ចីរយៈពេលវែងពីធនាគារសម្រាប់ពង្រីកអាជីវកម្មរបស់អ្នកស្រី ប៉ុន្តែដំណើរការនីតិវិធីមានលក្ខណៈស្មុគស្មាញ និងការប្រាក់ខ្ពស់។ អ្នកស្រី សូ ផនណារី តំណាងសមាគមធនាគារនៅកម្ពុជា បានថ្លែងថា សេវាឥណទានផ្តល់ជូន ដោយផ្អែកលើការវិនិច្ឆ័យផ្ទាល់របស់ខ្លួន និងការផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ដែលទាមទារជាចាំបាច់នូវភាពស្មោះត្រង់រវាងភាគីទាំងសង្ខាង៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ស្ត្រី​​ជំនួញ​​កម្ពុជា​​ចង​​ក្រង​​គ្នា​​បង្កើត​​បណ្តាញ​​សង្គម​​តាម​​ Facebook​


ក្រុមស្ត្រីជាអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាបានចងក្រងគ្នាបង្កើតបណ្តាញសង្គមមួយ តាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា Facebook ដើម្បីបើកវេទិកាពិភាក្សាពីការធ្វើមុខជំនួញ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ នេះគឺជាបណ្ដាញស្រ្ដីតាមបែបទំនើបជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយសហគ្រិនស្ត្រីជាសមាជិកជាច្រើន បានចាត់ទុកគេហទំព័រ Facebook នេះជាវិថីឆ្ពោះទៅរកភាពជោគជ័យក្នុងមុខជំនួញរបស់ខ្លួន។

នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិសា្តរអំពីរឿងនេះពីប្រទេសចិន ដូចតទៅ៖

កាលពីជិត៦ខែមុន អ្នកស្រ្តី លីម វីរីយ៉ាបានបោះបង់ចោលទំាងស្រុងនូវមុខជំនួញចែកចាយទំនិញរបស់អ្នកស្រ្តី បន្ទាប់ពីអ្នកស្រ្តីបានជួបបរាជ័យចំនួនពីរលើកផ្ទួនៗគ្នារួចមក ហើយបន្ទាប់មកមិនយូរប៉ុន្មាន អ្នកជំនួញវ័យ២៩ឆ្នាំនៅខេត្តសៀមរាបរូបនេះ ក៏ស្ទើរតែបិទក្រុមហ៊ុនទេសចរណ៍របស់អ្នកស្រ្តីចោលទៀត នៅពេលដែលអ្នកស្រ្តីជួបនូវការប្រកួតប្រជែងគ្នាដ៏តឹងតែង និងពិបាកស្វែងរកប្រាក់ចំណេញ។ ក៏ប៉ុន្តែអ្នកស្រ្តី លីម វីរីយ៉ា ស្រាប់តែមានទឹកចិត្តតស៊ូដើម្បីស្តារមុខជំនួញរបស់អ្នកស្រ្តីរហូតទទួលបានជោគជ័យឡើងវិញ ក្រោយពីអ្នកស្រ្តីទទួលបានការចែករំលែកបទពិសោធន៍ និងការផ្តល់យោបល់ពីក្រុមស្ត្រីកម្ពុជាក្នុងការធ្វើអាជីវកម្ម ឬ Cambodia Women in Business តាមរយៈ គេហទំព័រ Facebook។

«មុនដំបូង ខ្ញុំបរាជ័យច្រើនណាស់ ខ្ញុំធ្លាប់ធ្វើផលិតផលផ្តាច់មុខ មានអំបិលក្រអូប មានជីរ តែធ្វើទៅឥតប្រយោជន៍ ខាតតែពេល បោះចោលតែទុន។ ហើយខ្ញុំមានមុខរបររកស៊ីទាក់ទងទេសចរណ៍ហ្នឹងពិបាកណាស់ ទំាងដើមទុន ទំាងទីផ្សារ ទំាងការប្រកួតប្រជែង សព្វបែបយ៉ាង ធ្វើឲ្យយើងសឹងតែរាថយម្តងៗ។ ប៉ុន្តែក្រោយពីខ្ញុំបានអានព័ត៌មាននៅក្នុង Facebook និយាយអំពីការតស៊ូ ការតំាងចិត្តរបស់ស្ត្រីម្នាក់ដែលធ្លាប់បើកភោជនីយដ្ឋានតែគាត់បរាជ័យទៅវិញ បើកម្តងទៀត គាត់បរាជ័យ ហើយនៅតែខំប្រឹងតស៊ូ។ គាត់និយាយថាការរកស៊ី មុខរបរអ្ហីក៏ដោយ ឲ្យតែមានលេខបូក ទោះកន្ទុយកាក់ ឬសេនយ៉ាងម៉េចក៏ដោយឲ្យតែយើងតស៊ូ គឺវាមិនបរាជ័យទេ ហើយខ្ញុំក៏មានកម្លាំងចិត្តមួយកាន់តែខំប្រឹងថែមទៀត»។

អ្នកស្រ្តី លីម វីរីយ៉ា បានចូលជាសមាជិកនៃ Facebook របស់ស្ត្រីកម្ពុជាក្នុងអាជីវកម្ម ចាប់តំាងពីខែធ្នូ ឆ្នាំ២០០៩មកម្ល៉េះ។ នៅពេលនេះ កម្លាំងចិត្តដែលអ្នកស្រ្តី លីម វីរីយ៉ា ទទួលបានពីទំព័រ Facebook មានឈ្មោះថា ស្ត្រីកម្ពុជាធ្វើអាជីវកម្ម បានធ្វើឲ្យអ្នកស្រ្តីក្លាយជាអ្នកចែកចាយផ្តាច់មុខនូវផលិតផលបាញ់បំបាត់ក្លិនក្នុងផ្ទះ ឬសណ្ឋាគារដ៏ជោគជ័យម្នាក់នៅខេត្តសៀមរាប។

Facebook គឺជាគេហទំព័របណ្តាញសង្គមមួយដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ អាចប្រើប្រាស់ទំព័រនេះដើម្បីធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ អ៊ិនធឺណិត ដោយមិនចាំបាច់បង់ថ្លៃសេវាកម្ម។ កាលពីខែ វិច្ឆិកាឆ្នាំ២០០៩ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាផ្នែកមួយនៃធនាគារពិភពលោក បានបង្កើតបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា ស្ត្រីកម្ពុជាក្នុងអាជីវកម្ម ឬ Cambodia Women in Business នេះ ក្នុងគោលបំណងប្រើប្រាស់ទំព័រនេះជាវេទិកាចែករំលែកបទពិសោធន៍ ចំណេះដឹងនិងផ្តល់ព័ត៌មានស្តីពីការធ្វើអាជីវកម្មទៅដល់ក្រុមស្ត្រីខ្មែរដែលកំពុងធ្វើជំនួញ ឬមានគម្រោងប្រកបរបរជួញដូរ បន្ទាប់ពី IFC បានរកឃើញថា ស្រីខ្មែរនៅប្រឈមនឹងការលំបាកជាច្រើនក្នុងការចាប់ផ្តើម និងពង្រីកមុខជំនួញរបស់ពួកគេ ដោយសារកម្រិតទាបនៃការសិក្សាការលំបាកក្នុងការស្វែងរកព័ត៌មាន ការយល់ដឹងពីព័ត៌មានខាងផ្លូវច្បាប់ និងការមិនឲ្យតម្លៃពីសង្គមគ្រួសារជាដើម។

៧ខែក្រោយពីការបង្កើត គេហទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្ម អាចគៀងគរបានសមាជិកជាស្ត្រីចំនួន៣០០នាក់ហើយ។ ពួកគេមួយចំនួនជាម្ចាស់សហគ្រិនខ្នាតតូច ពាណិជ្ជករ និងអាជីវករ ហើយក៏មានស្ត្រីខ្លះជានិស្សិត បុគ្គលិកក្រុមហ៊ុន និងជាអ្នកស្រាវជ្រាវដែរ។

ស្រ្ដីដែលចាប់អារម្មណ៍ក្នុងការចូលជាសមាជិកនៃទំព័រ Facebook នេះ ចាំបាច់ត្រូវមានអាស័យដ្ឋានសារអេឡិចត្រូនិច ឬអ៊ីម៉ែល និងបង្កើតទំព័រ Facebook ផ្ទាល់ខ្លួនមួយជាមុន។ ហើយបុរសក៏អាចចូលជាសមាជិក និងចែករំលែកយោបល់របស់ពួកគេលើគេហទំព័រស្ត្រីក្នុងអាជីវកម្មផងដែរ។

នៅលើទំព័រ Facebook ឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្ម ដែលមានការរចនាដ៏ទាក់ទាញ និងមានផ្សាយរូបថតសកម្មភាពធ្វើអាជីវកម្មដ៏រស់រវើករបស់ស្ត្រីខ្មែរផងនោះ ស្ត្រីជាអ្នកជំនួញទំាងនោះបានបញ្ចេញទស្សនៈអំពីបញ្ហាប្រឈមរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម និងដំណោះស្រាយ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម ការខ្វះការគំាទ្រពីស្វាមី ការរើសអើងពីសង្គម និងការស្វែងរកទីផ្សារលក់ផលិតផល ការកំណត់តម្លៃមុខទំនិញ និងការគ្រប់គ្រងអាជីវកម្មតូចធំឲ្យទទួលបានជោគជ័យ ជាដើម។ ទន្ទឹមនឹងនោះ ពួកគេក៏បានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ និងអត្ថបទសារព័ត៌មានជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនឹងស្ត្រីក្នុងដំណើរអាជីវកម្មផងដែរ។

ទោះយ៉ាងណា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទំាងនេះ ហាក់ដូចជាមិនទាន់បានទូលំទូលាយនៅឡើយទេ ដោយហេតុថា ស្ត្រីធ្វើអាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាមិនមានចំណេះដឹងផ្នែកភាសាអង់គ្លេស និងមិនមានលទ្ធភាពប្រើប្រាស់បណ្តាញអ៊ិនធឺណិតនោះទេ ជាពិសេសអាជីវករ នៅតាមបណ្តាខេត្ត និងទីជនបទ ដែលមាន ចេតនាពង្រីកអាជីវកម្មរបស់ខ្លួន ឬកំពុងតែជួបបញ្ហានោះ ព្រោះថារាល់ព័ត៌មានទំាងអស់សុទ្ធតែសរសេរជាភាសាអង់គ្លេស។

លោកស្រ្តី លីលី ស៊ីសម្បត្តិ ប្រធានគម្រោងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជននៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាអ្នកផ្តួចផ្តើមបង្កើតទំព័រ Facebook របស់ស្ត្រីកម្ពុជានេះ បានទទួលស្គាល់ថានេះជាបញ្ហាប្រឈមមួយ។ ប៉ុន្តែលោកស្រ្តីជឿជាក់ថា បណ្តាញ Facebook ស្ត្រីកម្ពុជាដែលទើបបង្កើតឡើងជាលើកដំបូងបំផុតនេះ អាចរួមផ្តុំសំឡេងតែមួយក្នុងចំណោមស្រ្តីធ្វើអាជីវកម្មប្រយោជន៍ដើម្បីរួមគ្នាដោះស្រាយបញ្ហា។

«Facebook បង្កើតកម្លាំង និងគំនិតយោបល់ជាច្រើនអំពីរបៀបធ្វើពាណិជ្ជកម្មឲ្យបានច្រើន និងធ្វើពាណិជ្ជកម្មឲ្យបានល្អប្រសើរ និងជាមធ្យោបាយសម្រាប់ដោះស្រាយឧបសគ្គដែលស្ត្រីកំពុងជួបប្រទះ។ ប្រសិនបើស្ត្រីម្នាក់ដែលជួបបញ្ហានៅពេលគេចាប់ផ្តើមធ្វើអាជីវកម្ម នោះស្ត្រីផ្សេងទៀតអាចជួយពួកគេតាមរយៈបណ្តាញ Online។ ដូច្នេះខ្ញុំគិតថា វាជាប្រភពនៃការគំាទ្រដ៏ល្អដើម្បីបង្កើតនូវបរិយាកាសងាយស្រួលសម្រាប់ស្ត្រីក្នុងការធ្វើអាជីវកម្ម។

នាង សេង ស្ទេហ្វិននី ដែលបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ទើបបានបានចូលជាសមាជិកនៃ Facebook ឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្មប្រហែល១ខែនេះប៉ុណ្ណោះ ដើម្បីស្វែងយល់ពីការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ស្របពេលដែលនាងមានគម្រោងបើកក្រុមហ៊ុនទំនាក់ទំនងមួយ។ នាងស្ទេហ្វិននីបាននិយាយថា Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មបានប្រាប់នាងពីបែបបទក្នុងការចាប់ផ្តើមដំណើរការមុខជំនួញដែលនាងមិនធ្លាប់បានដឹងពីមុនមក ជាពិសេសការចុះបញ្ជីពាណិជ្ជកម្ម និងការសិក្សាពីតម្រូវការទីផ្សារ។

ចំណែក ស្ត្រីជាអាជីវករមួយចំនួនទៀតដែលទទួលបានជោគជ័យក្នុងមុខជំនួញរបស់ពួកគេរួចជាស្រេចហើយនោះក៏គ្រោងនឹងចែករំលែករបៀបធ្វើជំនួញរបស់ពួកគេនៅក្នុងទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មដែរ។ តួយ៉ាងដូចជា អ្នកស្រី ហេង ចិន្តា ម្ចាស់ក្រុមហ៊ុនសិប្បកម្ម KNN ជាដើម។

«មនុស្សស្រីគឺប្រៀបដូចជាតែអញ្ចឹង។ នៅពេលត្រូវទឹកក្តៅកាន់តែខ្លំាង ក្លិនតែកាន់តែឈ្ងុយ។ អញ្ចឹងនៅពេលដែលមនុស្សស្រីជួបការងារលំបាកកាន់តែខ្លំាង ធ្វើឲ្យយើងកាន់តែរឹងមាំ និងជោគជ័យ។ ពាក្យនេះជួយជំរុញកម្លាំងចិត្តខ្លំាងដល់ខ្ញុំ អញ្ចឹងខ្ញុំនឹងចែករំលែកបទពិសោធន៍ហ្នឹងទៅដល់មិត្តៗស្ត្រីទំាងអស់ សូមឲ្យស្ត្រីទំាងអស់កាន់គោលការណ៍មួយគឺរឹងប៉ឹង»។

សូមបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើអាជីវកម្មត្រូវទទួលស្គាល់ថា ជាសក្តានុពលជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយឡែកនៅប្រទេសកម្ពុជាដែលវិស័យឯកជនជាអ្នកបង្កើតការងារបានចំនួន៩២%នៃការងារទំាងអស់ក្នុងប្រទេសកម្ពុជានោះ មានស្ត្រីជាម្ចាស់អាជីវកម្មចំនួន៥៥%។ ប៉ុន្តែមុខរបររបស់ពួកគេមានទ្រង់ទ្រាយតូចតាច និងស្ថិត នៅក្រៅផ្លូវការដែលមិនអាចឲ្យពួកគេក្លាយជាអ្នកបង្កើតការងារ អ្នកអភិវឌ្ឍន៍ធនធានមនុស្ស អ្នកបង់ពន្ធ និងអ្នក ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅឡើយ នេះបើយោងតាមរបាយការណ៍ឆ្នំា២០០៨របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ស្តីពីសំឡេងសហគ្រិនស្ត្រីនៅកម្ពុជា។

លោកស្រី វេរ៉ូនីក សាលស៌ឡូហ្សាក់ នាយិកាកម្មវិធីសេដ្ឋកិច្ចប្រចាំតំបន់នៃមូលនិធិអាស៊ី និយាយថា សហគ្រិនស្ត្រីកម្ពុជាអាចប្រើទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មនេះជាឧបករណ៍នាំសារទៅដល់រដ្ឋាភិបាលក្នុងការបង្កើតគោល នយោបាយជាក់លាក់ដើម្បីដោះស្រាយបញ្ហាខាងលើដែលស្ត្រីកំពុងជួបប្រទះ។

«ប្រសិនបើពួកគេអាចប្រមូលបានសំឡេងស្ត្រីច្រើនដើម្បីនិយាយថា នេះជាបញ្ហាពិតប្រាកដរបស់ពួកគេនោះ ពួកគេ អាចរួមគ្នាទាក់ទងទៅរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងនូវបញ្ហាប្រឈមរបស់ពួកគេ។ ដូច្នេះ Facebook គឺជាឧបករណ៍ដ៏ទាន់សម័យរបស់ស្ត្រីធ្វើអាជីវកម្មក្នុងការជំរុញឲ្យមានការកែទម្រង់»។

ប៉ុន្តែកញ្ញា ទីម័ករាវ៉ាវី អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ដែលជាសមាជិកដ៏សកម្មម្នាក់របស់ Facebookឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្ម យល់ថា វាទំនងជាមិនមានប្រសិទ្ធិភាពនោះទេ ក្នុងការប្រើប្រាស់ Facebook ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ស្ត្រីនោះ ត្បិតរាល់ការលើកឡើងតាមរយៈអ៊ិនធឺណិត ដែលត្រូវរដ្ឋាភិបាល ចាត់ទុកថា ក្រៅផ្លូវការ ហើយបានច្រានចោល។

យ៉ាងណាក៏ដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកទឹកចិត្តឲ្យសហគ្រិនស្ត្រីបង្ហាញរាល់ឧបសគ្គដែលខ្លួនបានជួបប្រទះ នៅលើទំព័រ Facebook ស្ត្រីកម្ពុជា ក្នុងអាជីវកម្មមួយនេះឲ្យបានច្រើនថែមទៀត ហើយក្រសួងរបស់លោកស្រីនឹងលើកយកបញ្ហាទំាងនោះដើម្បីឲ្យរដ្ឋាភិបាលបង្កើតជាគោលនយោបាយថ្នាក់ជាតិ ប្រយោជន៍ដើម្បីសម្រួលដល់ស្ត្រីក្នុងការធ្វើអាជីវកម្ម៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »