ស្ត្រី​​ជំនួញ​​កម្ពុជា​​ចង​​ក្រង​​គ្នា​​បង្កើត​​បណ្តាញ​​សង្គម​​តាម​​ Facebook​


ក្រុមស្ត្រីជាអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាបានចងក្រងគ្នាបង្កើតបណ្តាញសង្គមមួយ តាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា Facebook ដើម្បីបើកវេទិកាពិភាក្សាពីការធ្វើមុខជំនួញ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ នេះគឺជាបណ្ដាញស្រ្ដីតាមបែបទំនើបជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយសហគ្រិនស្ត្រីជាសមាជិកជាច្រើន បានចាត់ទុកគេហទំព័រ Facebook នេះជាវិថីឆ្ពោះទៅរកភាពជោគជ័យក្នុងមុខជំនួញរបស់ខ្លួន។

នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិសា្តរអំពីរឿងនេះពីប្រទេសចិន ដូចតទៅ៖

កាលពីជិត៦ខែមុន អ្នកស្រ្តី លីម វីរីយ៉ាបានបោះបង់ចោលទំាងស្រុងនូវមុខជំនួញចែកចាយទំនិញរបស់អ្នកស្រ្តី បន្ទាប់ពីអ្នកស្រ្តីបានជួបបរាជ័យចំនួនពីរលើកផ្ទួនៗគ្នារួចមក ហើយបន្ទាប់មកមិនយូរប៉ុន្មាន អ្នកជំនួញវ័យ២៩ឆ្នាំនៅខេត្តសៀមរាបរូបនេះ ក៏ស្ទើរតែបិទក្រុមហ៊ុនទេសចរណ៍របស់អ្នកស្រ្តីចោលទៀត នៅពេលដែលអ្នកស្រ្តីជួបនូវការប្រកួតប្រជែងគ្នាដ៏តឹងតែង និងពិបាកស្វែងរកប្រាក់ចំណេញ។ ក៏ប៉ុន្តែអ្នកស្រ្តី លីម វីរីយ៉ា ស្រាប់តែមានទឹកចិត្តតស៊ូដើម្បីស្តារមុខជំនួញរបស់អ្នកស្រ្តីរហូតទទួលបានជោគជ័យឡើងវិញ ក្រោយពីអ្នកស្រ្តីទទួលបានការចែករំលែកបទពិសោធន៍ និងការផ្តល់យោបល់ពីក្រុមស្ត្រីកម្ពុជាក្នុងការធ្វើអាជីវកម្ម ឬ Cambodia Women in Business តាមរយៈ គេហទំព័រ Facebook។

«មុនដំបូង ខ្ញុំបរាជ័យច្រើនណាស់ ខ្ញុំធ្លាប់ធ្វើផលិតផលផ្តាច់មុខ មានអំបិលក្រអូប មានជីរ តែធ្វើទៅឥតប្រយោជន៍ ខាតតែពេល បោះចោលតែទុន។ ហើយខ្ញុំមានមុខរបររកស៊ីទាក់ទងទេសចរណ៍ហ្នឹងពិបាកណាស់ ទំាងដើមទុន ទំាងទីផ្សារ ទំាងការប្រកួតប្រជែង សព្វបែបយ៉ាង ធ្វើឲ្យយើងសឹងតែរាថយម្តងៗ។ ប៉ុន្តែក្រោយពីខ្ញុំបានអានព័ត៌មាននៅក្នុង Facebook និយាយអំពីការតស៊ូ ការតំាងចិត្តរបស់ស្ត្រីម្នាក់ដែលធ្លាប់បើកភោជនីយដ្ឋានតែគាត់បរាជ័យទៅវិញ បើកម្តងទៀត គាត់បរាជ័យ ហើយនៅតែខំប្រឹងតស៊ូ។ គាត់និយាយថាការរកស៊ី មុខរបរអ្ហីក៏ដោយ ឲ្យតែមានលេខបូក ទោះកន្ទុយកាក់ ឬសេនយ៉ាងម៉េចក៏ដោយឲ្យតែយើងតស៊ូ គឺវាមិនបរាជ័យទេ ហើយខ្ញុំក៏មានកម្លាំងចិត្តមួយកាន់តែខំប្រឹងថែមទៀត»។

អ្នកស្រ្តី លីម វីរីយ៉ា បានចូលជាសមាជិកនៃ Facebook របស់ស្ត្រីកម្ពុជាក្នុងអាជីវកម្ម ចាប់តំាងពីខែធ្នូ ឆ្នាំ២០០៩មកម្ល៉េះ។ នៅពេលនេះ កម្លាំងចិត្តដែលអ្នកស្រ្តី លីម វីរីយ៉ា ទទួលបានពីទំព័រ Facebook មានឈ្មោះថា ស្ត្រីកម្ពុជាធ្វើអាជីវកម្ម បានធ្វើឲ្យអ្នកស្រ្តីក្លាយជាអ្នកចែកចាយផ្តាច់មុខនូវផលិតផលបាញ់បំបាត់ក្លិនក្នុងផ្ទះ ឬសណ្ឋាគារដ៏ជោគជ័យម្នាក់នៅខេត្តសៀមរាប។

Facebook គឺជាគេហទំព័របណ្តាញសង្គមមួយដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ អាចប្រើប្រាស់ទំព័រនេះដើម្បីធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ អ៊ិនធឺណិត ដោយមិនចាំបាច់បង់ថ្លៃសេវាកម្ម។ កាលពីខែ វិច្ឆិកាឆ្នាំ២០០៩ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាផ្នែកមួយនៃធនាគារពិភពលោក បានបង្កើតបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា ស្ត្រីកម្ពុជាក្នុងអាជីវកម្ម ឬ Cambodia Women in Business នេះ ក្នុងគោលបំណងប្រើប្រាស់ទំព័រនេះជាវេទិកាចែករំលែកបទពិសោធន៍ ចំណេះដឹងនិងផ្តល់ព័ត៌មានស្តីពីការធ្វើអាជីវកម្មទៅដល់ក្រុមស្ត្រីខ្មែរដែលកំពុងធ្វើជំនួញ ឬមានគម្រោងប្រកបរបរជួញដូរ បន្ទាប់ពី IFC បានរកឃើញថា ស្រីខ្មែរនៅប្រឈមនឹងការលំបាកជាច្រើនក្នុងការចាប់ផ្តើម និងពង្រីកមុខជំនួញរបស់ពួកគេ ដោយសារកម្រិតទាបនៃការសិក្សាការលំបាកក្នុងការស្វែងរកព័ត៌មាន ការយល់ដឹងពីព័ត៌មានខាងផ្លូវច្បាប់ និងការមិនឲ្យតម្លៃពីសង្គមគ្រួសារជាដើម។

៧ខែក្រោយពីការបង្កើត គេហទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្ម អាចគៀងគរបានសមាជិកជាស្ត្រីចំនួន៣០០នាក់ហើយ។ ពួកគេមួយចំនួនជាម្ចាស់សហគ្រិនខ្នាតតូច ពាណិជ្ជករ និងអាជីវករ ហើយក៏មានស្ត្រីខ្លះជានិស្សិត បុគ្គលិកក្រុមហ៊ុន និងជាអ្នកស្រាវជ្រាវដែរ។

ស្រ្ដីដែលចាប់អារម្មណ៍ក្នុងការចូលជាសមាជិកនៃទំព័រ Facebook នេះ ចាំបាច់ត្រូវមានអាស័យដ្ឋានសារអេឡិចត្រូនិច ឬអ៊ីម៉ែល និងបង្កើតទំព័រ Facebook ផ្ទាល់ខ្លួនមួយជាមុន។ ហើយបុរសក៏អាចចូលជាសមាជិក និងចែករំលែកយោបល់របស់ពួកគេលើគេហទំព័រស្ត្រីក្នុងអាជីវកម្មផងដែរ។

នៅលើទំព័រ Facebook ឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្ម ដែលមានការរចនាដ៏ទាក់ទាញ និងមានផ្សាយរូបថតសកម្មភាពធ្វើអាជីវកម្មដ៏រស់រវើករបស់ស្ត្រីខ្មែរផងនោះ ស្ត្រីជាអ្នកជំនួញទំាងនោះបានបញ្ចេញទស្សនៈអំពីបញ្ហាប្រឈមរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម និងដំណោះស្រាយ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម ការខ្វះការគំាទ្រពីស្វាមី ការរើសអើងពីសង្គម និងការស្វែងរកទីផ្សារលក់ផលិតផល ការកំណត់តម្លៃមុខទំនិញ និងការគ្រប់គ្រងអាជីវកម្មតូចធំឲ្យទទួលបានជោគជ័យ ជាដើម។ ទន្ទឹមនឹងនោះ ពួកគេក៏បានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ និងអត្ថបទសារព័ត៌មានជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនឹងស្ត្រីក្នុងដំណើរអាជីវកម្មផងដែរ។

ទោះយ៉ាងណា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទំាងនេះ ហាក់ដូចជាមិនទាន់បានទូលំទូលាយនៅឡើយទេ ដោយហេតុថា ស្ត្រីធ្វើអាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាមិនមានចំណេះដឹងផ្នែកភាសាអង់គ្លេស និងមិនមានលទ្ធភាពប្រើប្រាស់បណ្តាញអ៊ិនធឺណិតនោះទេ ជាពិសេសអាជីវករ នៅតាមបណ្តាខេត្ត និងទីជនបទ ដែលមាន ចេតនាពង្រីកអាជីវកម្មរបស់ខ្លួន ឬកំពុងតែជួបបញ្ហានោះ ព្រោះថារាល់ព័ត៌មានទំាងអស់សុទ្ធតែសរសេរជាភាសាអង់គ្លេស។

លោកស្រ្តី លីលី ស៊ីសម្បត្តិ ប្រធានគម្រោងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជននៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាអ្នកផ្តួចផ្តើមបង្កើតទំព័រ Facebook របស់ស្ត្រីកម្ពុជានេះ បានទទួលស្គាល់ថានេះជាបញ្ហាប្រឈមមួយ។ ប៉ុន្តែលោកស្រ្តីជឿជាក់ថា បណ្តាញ Facebook ស្ត្រីកម្ពុជាដែលទើបបង្កើតឡើងជាលើកដំបូងបំផុតនេះ អាចរួមផ្តុំសំឡេងតែមួយក្នុងចំណោមស្រ្តីធ្វើអាជីវកម្មប្រយោជន៍ដើម្បីរួមគ្នាដោះស្រាយបញ្ហា។

«Facebook បង្កើតកម្លាំង និងគំនិតយោបល់ជាច្រើនអំពីរបៀបធ្វើពាណិជ្ជកម្មឲ្យបានច្រើន និងធ្វើពាណិជ្ជកម្មឲ្យបានល្អប្រសើរ និងជាមធ្យោបាយសម្រាប់ដោះស្រាយឧបសគ្គដែលស្ត្រីកំពុងជួបប្រទះ។ ប្រសិនបើស្ត្រីម្នាក់ដែលជួបបញ្ហានៅពេលគេចាប់ផ្តើមធ្វើអាជីវកម្ម នោះស្ត្រីផ្សេងទៀតអាចជួយពួកគេតាមរយៈបណ្តាញ Online។ ដូច្នេះខ្ញុំគិតថា វាជាប្រភពនៃការគំាទ្រដ៏ល្អដើម្បីបង្កើតនូវបរិយាកាសងាយស្រួលសម្រាប់ស្ត្រីក្នុងការធ្វើអាជីវកម្ម។

នាង សេង ស្ទេហ្វិននី ដែលបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ទើបបានបានចូលជាសមាជិកនៃ Facebook ឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្មប្រហែល១ខែនេះប៉ុណ្ណោះ ដើម្បីស្វែងយល់ពីការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ស្របពេលដែលនាងមានគម្រោងបើកក្រុមហ៊ុនទំនាក់ទំនងមួយ។ នាងស្ទេហ្វិននីបាននិយាយថា Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មបានប្រាប់នាងពីបែបបទក្នុងការចាប់ផ្តើមដំណើរការមុខជំនួញដែលនាងមិនធ្លាប់បានដឹងពីមុនមក ជាពិសេសការចុះបញ្ជីពាណិជ្ជកម្ម និងការសិក្សាពីតម្រូវការទីផ្សារ។

ចំណែក ស្ត្រីជាអាជីវករមួយចំនួនទៀតដែលទទួលបានជោគជ័យក្នុងមុខជំនួញរបស់ពួកគេរួចជាស្រេចហើយនោះក៏គ្រោងនឹងចែករំលែករបៀបធ្វើជំនួញរបស់ពួកគេនៅក្នុងទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មដែរ។ តួយ៉ាងដូចជា អ្នកស្រី ហេង ចិន្តា ម្ចាស់ក្រុមហ៊ុនសិប្បកម្ម KNN ជាដើម។

«មនុស្សស្រីគឺប្រៀបដូចជាតែអញ្ចឹង។ នៅពេលត្រូវទឹកក្តៅកាន់តែខ្លំាង ក្លិនតែកាន់តែឈ្ងុយ។ អញ្ចឹងនៅពេលដែលមនុស្សស្រីជួបការងារលំបាកកាន់តែខ្លំាង ធ្វើឲ្យយើងកាន់តែរឹងមាំ និងជោគជ័យ។ ពាក្យនេះជួយជំរុញកម្លាំងចិត្តខ្លំាងដល់ខ្ញុំ អញ្ចឹងខ្ញុំនឹងចែករំលែកបទពិសោធន៍ហ្នឹងទៅដល់មិត្តៗស្ត្រីទំាងអស់ សូមឲ្យស្ត្រីទំាងអស់កាន់គោលការណ៍មួយគឺរឹងប៉ឹង»។

សូមបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើអាជីវកម្មត្រូវទទួលស្គាល់ថា ជាសក្តានុពលជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយឡែកនៅប្រទេសកម្ពុជាដែលវិស័យឯកជនជាអ្នកបង្កើតការងារបានចំនួន៩២%នៃការងារទំាងអស់ក្នុងប្រទេសកម្ពុជានោះ មានស្ត្រីជាម្ចាស់អាជីវកម្មចំនួន៥៥%។ ប៉ុន្តែមុខរបររបស់ពួកគេមានទ្រង់ទ្រាយតូចតាច និងស្ថិត នៅក្រៅផ្លូវការដែលមិនអាចឲ្យពួកគេក្លាយជាអ្នកបង្កើតការងារ អ្នកអភិវឌ្ឍន៍ធនធានមនុស្ស អ្នកបង់ពន្ធ និងអ្នក ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅឡើយ នេះបើយោងតាមរបាយការណ៍ឆ្នំា២០០៨របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ស្តីពីសំឡេងសហគ្រិនស្ត្រីនៅកម្ពុជា។

លោកស្រី វេរ៉ូនីក សាលស៌ឡូហ្សាក់ នាយិកាកម្មវិធីសេដ្ឋកិច្ចប្រចាំតំបន់នៃមូលនិធិអាស៊ី និយាយថា សហគ្រិនស្ត្រីកម្ពុជាអាចប្រើទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មនេះជាឧបករណ៍នាំសារទៅដល់រដ្ឋាភិបាលក្នុងការបង្កើតគោល នយោបាយជាក់លាក់ដើម្បីដោះស្រាយបញ្ហាខាងលើដែលស្ត្រីកំពុងជួបប្រទះ។

«ប្រសិនបើពួកគេអាចប្រមូលបានសំឡេងស្ត្រីច្រើនដើម្បីនិយាយថា នេះជាបញ្ហាពិតប្រាកដរបស់ពួកគេនោះ ពួកគេ អាចរួមគ្នាទាក់ទងទៅរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងនូវបញ្ហាប្រឈមរបស់ពួកគេ។ ដូច្នេះ Facebook គឺជាឧបករណ៍ដ៏ទាន់សម័យរបស់ស្ត្រីធ្វើអាជីវកម្មក្នុងការជំរុញឲ្យមានការកែទម្រង់»។

ប៉ុន្តែកញ្ញា ទីម័ករាវ៉ាវី អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ដែលជាសមាជិកដ៏សកម្មម្នាក់របស់ Facebookឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្ម យល់ថា វាទំនងជាមិនមានប្រសិទ្ធិភាពនោះទេ ក្នុងការប្រើប្រាស់ Facebook ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ស្ត្រីនោះ ត្បិតរាល់ការលើកឡើងតាមរយៈអ៊ិនធឺណិត ដែលត្រូវរដ្ឋាភិបាល ចាត់ទុកថា ក្រៅផ្លូវការ ហើយបានច្រានចោល។

យ៉ាងណាក៏ដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកទឹកចិត្តឲ្យសហគ្រិនស្ត្រីបង្ហាញរាល់ឧបសគ្គដែលខ្លួនបានជួបប្រទះ នៅលើទំព័រ Facebook ស្ត្រីកម្ពុជា ក្នុងអាជីវកម្មមួយនេះឲ្យបានច្រើនថែមទៀត ហើយក្រសួងរបស់លោកស្រីនឹងលើកយកបញ្ហាទំាងនោះដើម្បីឲ្យរដ្ឋាភិបាលបង្កើតជាគោលនយោបាយថ្នាក់ជាតិ ប្រយោជន៍ដើម្បីសម្រួលដល់ស្ត្រីក្នុងការធ្វើអាជីវកម្ម៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: