នៅពី​ក្រោយ​​ជោគជ័យ​​របស់​​ពាណិជ្ជករ​ដែល​មាន​ចំណូល​៧​លាន​ដុល្លារ​​ក្នុង​១ឆ្នាំ


មិត្ត​អ្នក​អាន​ពិតជា​ធ្លាប់​ស្គាល់​រសជាតិ​ បឺហ្គឺ របស់​ BB world ប៉ុន្តែ​មិន​​ធ្លាប់​ស្គាល់​ជីវិត​ អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​ច្បាស់​នៅ​ឡើយ​ទេ​។

ពី ​កុមារ​​ដែល​​បាន​​បោះបង់​​​ការ​​សិក្សា​​​​​ត្រឹម​​​ថ្នាក់​ទី​៧​ហើយ​​ ប្រែក្លាយ​ជីវិត​របស់​ខ្លួន​មក​ជា​អ្នកប្រកបអាជីវកម្ម​ប្រកប​ដោយ​​ជោគជ័យ​ ពិសេស​​មក​ទល់​នឹង​​ពេល​​នេះ​ក្រុមហ៊ុន​របស់​លោក​មាន​ចំណូល​ប្រចាំ​ ឆ្នាំប្រមាណ​​៧​លាន​ដុល្លារ​។

តើ​ខ្សែ​ជីវិត​របស់​លោក​​យ៉ាងណា​ខ្លះ​?

លោក​គួច សុខលី កើត​​​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​១៩៧៧ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ លោក​ឪពុក​ឈ្មោះ គួច ពាង ម្ដាយ​ឈ្មោះ យៀង អេង ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៥​នាក់។​​ គ្រួសារ​របស់​លោក​មាន​មុខ​របរ​​ បើកលក់​ដូរ​ គ្រឿង​ញ៉ាំ​​បន្តិច​បន្តួច​។

កុមារ​ភាព​

នៅ ​ឆ្នាំ​១៩៨២ ​ឪពុក​ម្ដាយ​របស់​លោក​បាន​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​មក​រស់នៅ​រាជធានី​ ភ្នំពេញ​ ព្រោះ​ឪពុក​លោក​យល់​ថា ជា​ទី​កន្លែង​ងាយស្រួល​ប្រកប​មុខ​របរ​រក​ស៊ី និង​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​រៀនសូត្រ​។ នៅ​ឆ្នាំ​១៩៨៣ លោក​បាន​ចូលរៀន​​ថ្នាក់​មត្តេយ្យនៅ​សាលា​វត្ត​កោះ។ ​​​ឆ្នាំ​១៩៨៦ ឪពុក​ម្ដាយ​របស់​លោក​បាន​ចាប់​ផ្ដើម​បង្កើត​ហាង​នំប៉័ង​មួយ​ឈ្មោះ​ ៣A (​មក​ទល់​បច្ចុប្បន្ន​)​។

សម្រេច​ចិត្ត​ឈប់​រៀន​ដើម្បី​​ទៅ​បំពេញ​​ក្ដី​ស្រមៃ​

ជា ​កូន​អ្នក​រកស៊ី​ ការងារ​នៅ​ផ្ទះ​ក៏​ច្រើន​ ដូច្នេះ​លោក​ត្រូវ​ឆ្លៀត​ពេល​ខ្លះ​ជួយ​ការងារ​ផ្ទះ ​និង​ហាង​នំប៉័ង ក្រៅ​ពី​នេះ​ទើប​ឆ្លៀត​ពេល​រៀន​។ ដោយសារ​គំនិត​ជា​សហគ្រិន មាន​តាំង​ពី​កំណើត​ លោក​តែងតែ​​ស្រមើស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រក​ស៊ី​ដោយ​ខ្លួន​ឯង។​​ នៅ​ឆ្នាំ​១៩៩៥​ ក្នុង​វ័យ​១៤​ឆ្នាំ​លោក​បាន​សម្រេច​ចិត្ត​ឥត​ស្ដាយ​ក្រោយ​ គឺ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧ ​ដើម្បី​ឈាន​ជើង​ទៅ​រក​សេចក្ដី​ស្រមៃ​ ដែល​ខ្លួន​ស្រឡាញ់​គឺ​ប្រលូក​ចូល​សង្គម ដើម្បី​ក្លាយ​ជាអ្នក​រកស៊ី​ម្នាក់​​។

​ជួប​ដៃគូ​ដែល​មាន​ចិត្ត​ដូចគ្នា​

ដោយសារ ​នៅ​មាន​វ័យ​ក្មេង​ពេក​ យុវជន​ ​រូប​នេះ​ក៏​បាន​សម្រេច​ចិត្ត​យក​ពេល​វេលា​ជួយ​ធ្វើ​ការងារ​ហាង​នំប៉័ង​ និង​ឆ្លៀត​ពេល​រៀន​ភាសា​ចិន​ នៅ​សាលា​ទួនហ្វា​។ ក្រោយ​រយៈ​ពេល​៣​ឆ្នាំ​ លោក​បាន​ជួប​យុវជន​មួយ​រូប​ ដែល​មាន​គំនិត​ស្រដៀង​លោក​ហើយ​មាន​ឆន្ទៈ​ដូចគ្នា​។ នេះ​អាច​រាប់​ថា ចំណុច​ចាប់​ផ្ដើម​ជីវិត​ប្រឡូក​ក្នុង​សង្គម​របស់​លោក​ និង​ដៃគូ​ល្អ​គឺ​លោក ​ជី សិលា ដែល​មាន​ចិត្ត​គំនិត​ដូចគ្នា​ គឺ​ចង់​ក្លាយ​ជា​​អ្នក​រកស៊ី​។​

ដៃគូ​ល្អ​មិន​បោះបង់​ចោល​គ្នា​ ទោះ​មាន​ការងារ​ធ្វើ​មុន​ក៏​ដោយ​

ឆ្នាំ​១៩៩៤ ​ដៃគូ​របស់​លោក​បាន​ចូល​ប្រឡង​ចូល​ធ្វើ​ការងារ​មុន​លោក​ប្រមាណ​១​ឆ្នាំ​នៅ​ក្នុង​ក្រុមហ៊ុន​ទេសចរណ៍​Peninsula ។ ដោយ​ចិត្ត​អន្ទះសា​យុវជន​វ័យ​ក្មេង​រូប​នេះ នៅ​ឆ្នាំ​១៩៩៥​ បាន​សម្រេច​ចិត្ត​ឈប់​រៀន​ជា​លើក​ទី​២ និង​យក​ចំណេះ​ដឹង​ភាសា​ចិន​តិចតួច​ ធ្វើ​ជា​ដើម​ទុន​ប្រឡូក​ក្នុង​ការងារ​ជាមួយ​លោក​ ជី សិលា​ ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ទទួល​បៀវត្សរ៍​ត្រឹម​៧០​​ដុល្លារ​។

មិន​យក​លុយ​ឪពុកម្ដាយ​មក​រកស៊ី

លោក ​ក៏​មិន​ខុស​មនុស្ស​ដទៃ​ដែរ គឺ​ចង់​រកស៊ី​ពី​បាត​ដៃ​ទទេ​ មិន​ចង់​ពឹង​ពាក់​លុយ​របស់​ម៉ែឪ​ឡើយ។ ដោយសារ​លោក​ចេះ​ភាសា​ចិន​ខ្លះ​ដែរ​នោះ លោក​ត្រូវ​បាន​ក្រុមហ៊ុន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​ អ្នក​នាំ​ភ្ញៀវ​ (Guide) ទៅ​ក្រៅ​ប្រទេស និង​ទទួល​​ភ្ញៀវ​ចិន​មក​​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​។

ធ្វើ​មនុស្ស​ត្រូវ​ចេះ​ចាប់​យក​ឱកាស

រយៈ ​ពេល​ធ្វើ​ជា​អ្នកនាំ​ភ្ញៀវ​ យុវជន ​សុខ​លី មិន​បាន​ព្រងើយ​កន្តើយ​ឡើយ​ គឺ​លោក​បាន​​​ចាប់​ច្បាម​យក​ឱកាស​នេះ​ ធ្វើ​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​នៅ​ក្រៅ​ប្រទេស​ដែល​ចង់​រកស៊ី​នៅ​កម្ពុជា និង​ឆ្លៀត​ឱកាស​រៀន​សូត្រ​ពី​ការ​រកស៊ី​នៅ​ប្រទេស​ជឿនលឿន​ជា​ច្រើន​ ដូចជា​នៅ​ទីក្រុង​ហុងកុង សិង្ហបុរី ម៉ាឡេស៊ី ជាដើម​ ដើម្បី​ស្វែង​យល់ ​និង​រៀន​សូត្រ ពី​ការ​វិវត្តន៍​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​នោះ​។

ឱកាស​មក​ដល់​ តែ​មិន​​សក្តិ​សម​សម្រាប់​ជីវិត​របស់​ពួក​លោក​

នៅ ​ដើម​ឆ្នាំ​១៩៩៦ ​មាន​ថៅកែ​ក្រុមហ៊ុន​ជនជាតិ​តៃវ៉ាន់​ម្នាក់​ បាន​ទាក់ទង​ពួក​លោក​ទាំង​ពីរ​ ពឹងពាក់​ឲ្យ​ជួយ​ធ្វើ ​ជា​អ្នក​គ្រប់គ្រង​ នៅ​រង្គសាល​របស់​គេ​ឈ្មោះ​ វិមាន​ចរណៃ​ (ក្រោយ​ពេទ្យ​ចិន) ។

​ចាប់​ ផ្ដើម​ជាមួយ​ប្រាក់​ខែ​ថ្មី​ប្រហែល​១០០​ដុល្លារ​ ប៉ុន្តែ​ស្ថាន​ភាព​ការងារ​លំបាក​ គឺ​ត្រូវ​ធ្វើ​​ចាប់​ពី​ក្បាល​ព្រលប់​ ដល់​ ភ្លឺ​ ហើយ​ត្រូវ​ទទួល​ភ្ញៀវ​ ជា​ប្រចាំ​ហើយ​ភ្ញៀវ​មួយ​ចំនួន​​​​មាន​ចរិត​មិន​ល្អ​​ទេ។ ការងារ​មិន​លំបាក​ទេ​សម្រាប់​លោក ប៉ុន្តែ​អ្នក​មាន​​គំនិត​សហគ្រិន ​លោក​តែងតែ​មាន​អារម្មណ៍​ធុញថប់​ ហើយ​គិត​​​​ថា​មិន​​សក្តិ​​សម​សម្រាប់​ជីវិត​របស់​លោក​ទាល់​តែ​សោះ​។

ការងារ​ថៅកែ​លេប​សន្យា​

មិន ​យូរ​ប៉ុន្មាន​នៅ​ដើម​ឆ្នាំ​១៩៩៧ ​ថៅកែ​ក្រុមហ៊ុន​តៃវ៉ាន់​ម្នាក់​ ​ដែល​ចង់​រកស៊ី​នៅ​កម្ពុជា បាន​ទាក់ទង​ជាមួយ​លោក ​និង​លោក​ជី សិលា ធ្វើ​ជា​បុគ្គលិក​ និង​ជួយ​ការងារ​ឲ្យ​ ក្រុមហ៊ុន​កាត់​អក្សរ​ដោយ​កុំព្យូទ័រ​ឈ្មោះ​ Song u art​។ ​លោក​បាន​ទទួល​បៀវត្សរ៍​ ១៥០​ដុល្លារ​ក្នុង​១​ខែ ទទួល​បាន​ការ​សន្យា​ថា ​នឹង​​ទទួល​បាន​​ភាគរយ​នៃ​ប្រាក់​ចំណេញ​​ខ្លះ​។

ថ្ងៃទី​៥-៦​​ខែ​ កក្កដា​ ឆ្នាំ​១៩៩៧ ទោះ​មាន​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​​ក្រុង​ភ្នំពេញ​​ក្ដី ក៏​ក្រុមហ៊ុន​មួយ​នេះ​បាន​ដំណើរការ​ដដែល​ ប៉ុន្តែ​ ដោយ​ពុំ​ឃើញ​ការ​គោរព​សន្យា​ពី​សំណាក់​ថៅកែ​រូប​នោះ​ ខណៈ​លោក​ជា​អ្នក​កាន់កាប់​ឲ្យ​ដំណើរ​ការ​ ប៉ុន្តែ​ប្រាក់​ចំណេញ​ប៉ុន្មាន ​គឺ​ត្រូវ​ក្រសោប​យក​ទាំង​ស្រុង​​ ពេល​នោះ​លោក​ និង​ដៃ​គូ​បាន​សម្រេច​ចិត្ត​ដើរ​​ចេញ​​ដោយ​អស់​សង្ឃឹម​។

ទស្សនៈ​វែងឆ្ងាយ​ និង​មើល​ឃើញ​ឱកាស​

មិនមែន ​ជា​រឿង​ចៃដន្យ​ទេ លោក​បាន​រក​ឃើញ​មុខ​របរ​ថ្មី​មួយ​តាម​រយៈ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ប្រទេស​ ជឿនលឿន​ លោក​បាន​សង្កេត​ឃើញ​ថា ការ​ចាក់​តន្ត្រី​ប្រទេស​គេ​បាន​ប្រើប្រាស់​ជា​ប្រភេទ​ស៊ីឌី​អស់​ហើយ​ ប៉ុន្តែ​ប្រជាជន​កម្ពុជា​នៅ​​ប្រើប្រាស់​ជា​កាសែត​ម៉ាញ៉េ ម្យ៉ាង​ទៀត​ដោយសារ​ឧបករណ៍​ចាក់​ស៊ីឌី​នៅ​ពេល​នោះ​​មាន​តម្លៃ​ថ្លៃ​ពេក​ ប៉ុន្តែ​លោក​ទាំង​ពី​គិត​ថា កម្ពុជា​គង់​ដើរ​ទៅ​ដល់​ចំណុច​នោះ​ដូច​គេ​ដែរ​។

ខ្ចី​បុល​ ដើម្បី​រកស៊ី​

ដោយ ​មាន​ភាព​ជា​សហគ្រិន​ លោក​និង​ដៃគូ បាន​ប្រើប្រាស់​គំនិត​បែប​សុទិដ្ឋិនិយម​ថា នៅ​ថ្ងៃ​ខាង​មុខ​កម្ពុជា​ក៏​នឹង​មាន​តម្រូវការ​ប្រើប្រាស់​ស៊ីឌី ដូច​បណ្ដា​ប្រទេស​ជឿនលឿន​ជា​ច្រើន​ទៀត​។ លោក​និង​ដៃ​គូរបាន​សម្រេច​ចិត្ត​បង្កើត​ហាង ពិភព​ស៊ីឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ ជិត​ស្តុប​ពេទ្យ​ចិន​ ដោយ​ចាប់​ផ្ដើម​ដំបូង​ត្រឹម​ ៥០០​ដុល្លារ ​ម្នាក់​​។

ប៉ុន្តែ​ការ​ អនុវត្ត​ខុស​ពី​ការ​គិត​ទាំង​ស្រុង​ ប្រាក់​១ពាន់​ដុល្លារ​មិន​អាច​ប្រើប្រាស់​គ្រប់គ្រាន់​ឡើយ​ ដូច្នេះ​លោក​និង​ដៃគូ​បាន​សម្រេច​ខ្ចី​លុយ​ពី​ឪពុក​ម្ដាយ​ ទាំង​សងខាង​បន្ថែម​ ។ ទោះ​ជា​មាន​ការ​​បន្ថែម​ក៏​ដោយ​ ហាង​របស់​​លោក​នា​ពេល​នោះ​អាច​​ទិញឌីសបាន​​ត្រឹម​៥០​បន្ទះ​ប៉ុណ្ណោះ​មក​ដាក់ ​តាំង​លក់​។

ទេវតា​នឹង​ជួយ​អ្នក​បើសិនជា​អ្នក​​ជួយ​ខ្លួន​ឯង​ជា​មុន​

មិន ​ខុស​អ្វី​ពី​ការ​គិត​របស់​លោក​និង​ដៃគូ​ប៉ុន្មាន​ តម្រូវ​ការ​ស៊ីឌី​មាន​ការ​កើន​ឡើង​ជា​បណ្ដើរ​ៗ​ពី​ភ្ញៀវ​បរទេស​ លោក​អាច​ត្រឹម​យក​ប្រាក់​ពី​ការ​លក់​បាន​ទៅ​បង្វិល​ទិញ​ស៊ីឌី ពី​ក្រៅ​ប្រទេស​ចូល​មក​វិញ​។ កាលៈទេសៈ​ពេល​នោះ​ មាន​ជនបរទេស​ជាច្រើន​មក​ធ្វើការ​នៅ​កម្ពុជា​ មុន​ពេល​ពួកគេ​ត្រលប់​ទៅ​វិញ​បាន​​ប្រគល់​ស៊ីឌី​ចម្រៀង​ជា​ច្រើន​ឲ្យ​ ពួកគាត់​ទុក​លក់​ ​ដែល​នេះ​ជា​ការ​ផ្ដល់​ទុន​បន្ថែម​ឲ្យ​លោក​យ៉ាងដូច្នេះ​ដែរ​។

ទីផ្សារ ​ស៊ីឌី​ហាក់​ចាប់​ផ្ដើម​ហក់ឡើង​យ៉ាង​គំហុក​ធ្វើ​ឲ្យ​ហាង​របស់​លោក​ក្លាយ​ជា​ គោលដៅ​តែ​មួយ​សម្រាប់​ការ​ទិញ​ ពេល​នោះ​លោក​ចាប់​ផ្ដើម​មាន​គំនិត​នាំ​ចូល​ម៉ាស៊ីន​ចម្លង​ ​ស៊ីឌី​បទចម្រៀង​ចាស់​ៗ​។

ពី​ហាង​លក់​ស៊ីឌី​តូចតាច​ ជា​ហាង​បោះ​ដុំ​ស៊ីឌី​មុន​គេ

រយៈ ​ពេល​១​ឆ្នាំ​ក្រោយ​ទីផ្សារ​ស៊ីឌី​ចាប់ផ្ដើម​ត្រូវ​ប៉ាន់​ខ្លាំង​ លោក​ចាប់​ផ្ដើម​ចម្លង​ស៊ីឌី​បោះ​តាម​ផ្សារ​ធំ​ៗ​ជា​ពិសេស​ផ្សារ​ទួល​ទំពូង​ ដែល​ជា​ទីផ្សារ​​មាន​តម្រូវ​ការ​ច្រើន​ជាង​គេ​។

គំនិត​ជា​សហគ្រិន​មិន​ឈប់​ត្រឹម​នេះ​ឡើយ​

ការ ​រកស៊ី​ចេះ​តែ​កាក់កប​ ប៉ុន្តែ​ជា​សហគ្រិន​​មិន​​ស្កប់ស្កល់​ត្រឹម​ប៉ុណ្ណឹង​ឡើយ​ មាន​មិត្ត​របស់​លោក​មក​ពី​ប្រទេស​ម៉ាឡេស៊ី បាន​ណែនាំ​លោក​ឲ្យ​បើក​ហាង ​លក់​បឺហ្គឺ ព្រោះ​នៅ​កម្ពុជា​នា​ពេល​នោះ​មិន​ទាន់​មាន​នៅឡើយ​ទេ​ ហាង​អាហារ​បែប​ហ្វាសហ្វូត​។

លោក​និង​ដៃគូ​ចាប់​អារម្មណ៍​ ហើយ​បាន​សិក្សា​និង​ស្វែង​យល់​ខ្លះ​ៗ ប៉ុន្តែ​ជា​អកុសល​មិត្ត​ម្នាក់​នោះ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​ ក្នុង​ពេល​ត្រលប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​។

ហ៊ាន​ជួល​ដី​ទាំង​មិន​ដឹង​ថា ធ្វើ​អ្វី​បាន​ចំណេញ​មក​វិញ​

លោក ​ គួច​ សុខលី​ ជា​មនុស្ស​ម្នាក់​មិន​ស្ងៀម​ឡើយ។​​ នា​រសៀល​មួយ​ពេលលោក​​អង្គុយ​លេង​មុខ​ហាង​ស៊ីឌី ឃើញ​ស្លាក​ដាក់​លក់ដី​វាល​ដ៏​ធំ​មួយ​ចំ​កែង​ផ្លូវ​ ពេទ្យ​ចិន ​(​អគារ​៤២​ជាន់​កំពុង​សាងសង់​បច្ចុប្បន្ន​)។ លោក​បាន​និយាយ​លេង​ថា ដី​នេះ​ប្រហែលថ្លៃ​ហើយ​ ទើប​គ្មាន​អ្នក​ជួល​ ។

ពេល​នោះ​លោក​និង​ដៃ​គូ ​​ បាន​គិត​គ្នា​រួច ក៏​ទូរស័ព្ទ​ទៅ​សួរ​ម្ចាស់​ដី​ពី​តម្លៃ​ ហើយ​គេ​ប្រាប់​មក​វិញ​ថា តម្លៃ​ ៣ពាន់​ដុល្លារ​ក្នុង​១​ខែ។ ពេល​នោះ​ មិន​ដឹង​ថា​ មាន​អ្វី​មក​ជំរុញ​ចិត្ត​លោក​ និង​ លោក ​សិលា ទេ ប៉ុន្តែ​ពួក​លោក​បាន​​សម្រេច​យក​លុយ​ទៅ​កក់​ទាំង​ព្រលឹម​ដល់​ផ្ទះ​ម្ចាស់​ដី តែ​ម្ដង​ ទាំង​មិន​ដឹង​ថា យក​ដី​ទៅ​ធ្វើ​អ្វី​ទើប​ទទួល​បាន​កម្រៃ​មក​វិញ​នោះ​ទេ ។

អាច​ថា​ជា​ សំណាង​ដែរ ម្ចាស់​ដី​នោះ​រាប់​អាន​គ្នា​ជាមួយ​ម្ដាយ​លោក​ជី សិលា ពេល​នោះ​ម្ចាស់ដី​បាន​បន្ធូរបន្ថយ​ប្រាក់កក់​ជា​ច្រើន​ និង​ព្រម​ជួល​​ដី​នោះ​ឲ្យ​ពួក​លោក​។

ហាង​បឺហ្គឺ​ទី​១ បាន​លេច​ជា​រូបរាង​ឡើង​យ៉ាង​ប្រផុតប្រផើយ​

ក្រោយ ​ពី​បាន​ដី​មក​កាន់កាប់​ហើយ ដោយ​​ធ្លាប់​មាន​គំនិត​គិត​ថា ប្រជាជន​កម្ពុជា​នឹង​ឈាន​ទៅ​រក​ភាព​ស៊ីវិល័យ​ ដូច​ដែល​លោក​បើក​ហាង​ស៊ីឌី មុន​គេ​ដូច្នេះ​ដែរ​ ​គំនិត​​ក្នុង​ការ​បើក​ហាង​បឺហ្គឺ​ ជំហាន​នេះ​នាំ​ឲ្យលោក​​លោត​ចូល​ក្នុង​ទីផ្សារ​ហ្វាសហ្វូត​​បាន​មុន​គេ​នៅ​ កម្ពុជា​ដែរ​។

មើល​តែ​គេ អាច​ចេះ​ដែរ​ឲ្យ​តែ​មាន​ឆន្ទៈ​

ដោយ​គ្មាន​បទពិសោធន៍​លោក ​និង​ដៃគូ​ ចែក​ការងារ​គ្នា​ធ្វើ​គឺ​ លោក មើលការខុសត្រូវ​​ការដ្ឋាន​សំណង់​ និង​លោក​ សិលា បាន​​ធ្វើ​ដំណើរ​​​ទៅ​ប្រទេស​ម៉ាឡេស៊ី សាំងហ្គាពួរ​ ថៃ ដើម្បី​មើល​ទាំង​វិធី​លក់ ​និង​វិធី​ផលិត​បឺហ្គឺ​ សាកល្បង​ឲ្យ​បាន​គ្រប់​រសជាតិ​ ការ​តុបតែង ​និង​ការ​បម្រើ​សេវាកម្ម​នៅ​ហាង​របស់​ប្រទេស​គេ ទើប​យក​ដាក់​ឲ្យ​ដំណើរការ​​ក្នុង​ហាង​របស់​លោក។

មនុស្ស​មិន​ទាល់​ច្រក​ទេ

គម្រោង ​សាងសង់​ហាង​នេះ​ លោក​គិត​ពី​ដំបូង​ ​ចំណាយ​ត្រឹម​តែ​៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ចំណាយ​បាន​ឡើយ​ដល់​៨​ម៉ឺន​ដុល្លារ​។ គម្រោង​ដើរ​ដល់​៩០​ភាគរយ​ លោក​បែរ​អស់​លុយ​ពី​ខ្លួន​រលីង​ពេល​នោះ​គឺ​មាន​តែ​បោះបង់​ចោល​ត្រឹម​នោះ​ ប៉ុណ្ណោះ​។

ពេល​នោះ​លោក ​និង​ដៃគូ​បាន​ពិភាក្សា​គ្នា​សម្រេច​ចិត្ត​ទូរស័ព្ទ​ប្រាប់​ម្ចាស់​ដី​តាម​ ត្រង់​ ប៉ុន្តែ​ដោយ​ហេតុ​តែ​ការ​រាប់អាន​រវាង​មនុស្ស​ចាស់​ និង​និស្ស័យ​របស់​ពួក​លោក​ជាមួយ​ម្ចាស់​ដី​ ពេល​នោះ​ម្ចាស់​ដី​បាន​សួរ​​ថា បើ​គ្មាន​លុយ​ក្មួយ​ឯង​គិត​យ៉ាង​ម៉េច​ទៀត?​​​ ពេល​នោះ​លោក​គ្មាន​យោបល់​សោះ​ រហូត​ដល់​ម្ចាស់​ដី​ ប្រាប់​ថា “បើ​គ្មាន​លុយ​ មីង​ឲ្យ​ខ្ចី និង​បង្វិល​លុយ​កក់​ឲ្យ​ប្រើប្រាស់​វិញ​ ព្រោះ​ ខ្ញុំ​ចូល​ចិត្ត​ក្មេង​ៗ​ដែល​ចេះ​រកស៊ី​ណាស់​”។

សំដី​ខាង​លើ​នេះ​ដូចជា​ទេវតា​មក​ប្រោស​អីចឹង​ដែរ មនុស្ស​អស់​សង្ឃឹម​ហើយ​បែរ​ជា​បាន​ទទួល​មក​វិញ​ ​នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​។

ធ្វើជាថៅកែ​ផង​ និងជា​អ្នក​រត់​តុ​ផង​

នៅ ​​ដើម​ឆ្នាំ​ឆ្នាំ​២០០០ ហាង​បឺហ្គឺ ដ៏​ធំ​មួយ​ឈ្មោះ​ BB World បាន​ចាប់​ផ្ដើម​​​ដំណើរ​ការ​លក់​ជា​ផ្លូវ​ការ​​ ជាមួយ​បុគ្គលិក​មិន​ដល់​៥​នាក់​ផង​។

លើស​ពី​ការ​រំពឹង​ទុក​របស់​លោក​ ពេល​នោះ​មនុស្ស​មក​ច្រើន​រហូត​ដល់​បុគ្គលិក​បម្រើ​មិន​ទាន់ ពេល​នោះ​ លោក​និង​ដៃ​គូ​ មិន​បាន​ប្រកាន់​ខ្លួន​ថា ថៅកែ​នោះ​ទេ មាន​គោល​បំណង​តែ​មួយ​គត់​គឺ​បម្រើ​អតិថិជន​ឲ្យ​បាន​ដិត​ដល់​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ដោយ​មាន​ពេល​ខ្លះ​ លោក​ក្លាយ​ជា​អ្នក​រត់​តុ​ ពេល​ខ្លះ​ក្លាយ​ជា​អ្នក​ធ្វើ​អនាម័យ​ទៀត​ផង​។

សាក​ទើប​ដឹង​

នា ​ឆ្នាំ​២០០២​ ផ្សារ​ទំនើប​សុរិយា​កំពុង​តែ​ដំណើរ​ការ​សាងសង់​ លោក​និង​ដៃគូ​បាន​មើល​ឃើញ​ឱកាស​ដ៏​ធំ​មួយ​ដែល​ធ្លាប់​ឃើញ​នៅ​បរទេស​ នៅ​ក្នុង​ផ្សារ​ទំនើប​តែងតែ​មាន​ហាង​ បឺហ្គឺ​ ភីហ្សា​ជាដើម​។​

ពេល​ នោះ​លោក​បាន​ទំនាក់​ទំនង​គេ​ប៉ុន្តែ​មិន​សូវ​សង្ឃឹម​ទេ ព្រោះ​មាន​​គូប្រជែង​មួយ​ដែល​គេ​មាន​អាទិភាព​ជាង​ ប៉ុន្តែ​ដោយ​គេ​ចរចា​មិន​ត្រូវ​គ្នា ឱកាស​ដ៏​ល្អ​នេះ បាន​ធ្លាក់​មក​លើ​ក្រុមហ៊ុន​របស់​លោក​។

២​ខែ បើក​ហាង​២

នៅ ​ខែ​​កុម្ភៈ ឆ្នាំ​២០០៣ ហាង​បឺហ្គឺ​ទី​២​សាខា​ផ្សារ​ទំនើប​សុរិយា​ បាន​ដំណើរការ​​ និង​បន្ទាប់​ទៀត​ហាង​កាហ្វេ​ទំនើប​មួយ​កន្លែង​ ឈ្មោះ ជុង ង្វៀង នៅ​ជិត​អាង​ទឹក​អូឡាំពិក​ បាន​ដំណើរ​ការ​ និង​បាន​ពង្រីក​ជា​បន្តបន្ទាប់​មក​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

បច្ចុប្បន្ន​ភាព

លោក​គួច សុខលី ​អាយុ​៣៦ ឆ្នាំ ភរិយា​ឈ្មោះ​ វ៉ា សាមឿន មាន​បុត្រ​៣​នាក់ មាន​ក្រុមហ៊ុនមួយ​​ ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ​៧​លាន​ដុល្លារ​។

សព្វថ្ងៃ ​ជា​​នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន ​CBM Cooperation ជា​ក្រុមហ៊ុន​ផ្ដោត​លើ​សេវាកម្ម​អាហារ​ ដែល​មាន​ពាណិជ្ជ​សញ្ញា​ល្បីៗ​​ ដូចជា​ BB World, Pizza World ,T&C Coffee , Khmer food village , Tour les Jours ,ជាដើម​។ ក្រោម​ពាណិជ្ជ​​សញ្ញា​​​​​ជាង​១០​ កន្លែង (​ជា​ហាង​ដែល​មាន​ទីតាំង​នៅ​ដាច់​​ដោយ​ឡែក) និង ២០​កន្លែង​ទៀត​​គឺ​ស្ថិត​នៅ​​តាម​មណ្ឌល​ពាណិជ្ជកម្ម​ធំ​ជា​ច្រើន​។

ផែនការ​អនាគត​

ក្រុមហ៊ុន ​CBM cooperation ជា​ក្រុមហ៊ុន​នាំ​មុខ​គេ លើ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ ​និង​ជា​ក្រុមហ៊ុន​ដែល​មាន​ហាង​ច្រើន​ជាង​គេ​ដែរ​ ។ សម្រាប់​ឆ្នាំ​២០១៣​នេះ ហាង​នំប៉័ង​លំដាប់អន្តរ​ជាតិ​ Tour les Jours មួយ​ទៀត​នៅ​សាខា​ផ្លូវ​ព្រះ​សីហនុ​ គ្រោង​នឹង​បើក​បម្រើ​អតិថិជន​ដែរ។​

ដោយ ​មើល​ឃើញ​ពី​​សក្ដានុពល​ម្ហូប​ កូរ៉េ ជប៉ុន ដែល​កំពុង​ពេញ​និយម​នៅ​ជុំវិញ​ពិភពលោក​ ក្រុមហ៊ុន​ CBM cooperation ក៏​មាន​គម្រោង​​បើក​ហាង​លក់​ម្ហូប​ កូរ៉េ ជប៉ុន ជូន​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ផង​ដែរ​ នា​​ពេល​ខាង​មុខ​។

បទពិសោធន៍​ជីវិត​

លោក ​គួច សុខលី បាន​លើក​ឡើង​ថា៖ “អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ មនុស្ស​ភាគច្រើន​បាន​និយាយ​ថា គ្មាន​ដើមទុន​ច្រើន​ មិន​អាច​រក​ស៊ី​កើត​នោះ​ទេ ប៉ុន្តែ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​ចាប់​ផ្ដើម​រកស៊ី​ជាមួយ​លុយ​៥០០​ដុល្លារ​ ប៉ុណ្ណោះ​”។

លោក​បន្ត​ថា​ “ដូច្នេះ​សូម​កុំ​ឲ្យ​គំនិត​អវិជ្ជមាន​នេះ​មក​ជា​កត្តា​រាំង​ស្ទះ​ចិត្ត​ របស់​អ្នក​ចំពោះ​ការ​បើក​អាជីវកម្ម​។ ឧទាហរណ៍​ថា ​លុយ​១០​ដុល្លារ​ទិញ​សណ្ដែក​ដី​មក​រែក​លក់​ ក៏​ជា​សហគ្រិន​ដែរ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​មាន​ដែរ​ បើ​ចេះ​ប្រើប្រាស់​បាន​ត្រឹមត្រូវ​”។

ទោះបីជា​ជោគជ័យ​ហើយ​ក៏​នៅ​តែ​ស្ដាយ​ចំពោះ​ការ​សិក្សា​

​ ការ​សម្រេច​ចិត្ត​ឈប់​សិក្សា​នៅ​វ័យ​ក្មេង​ខ្ចី ​លោក​បញ្ជាក់​​ថា​ ៖”ចំពោះ​ខ្ញុំ​ហាក់​នៅ​មាន​អារម្មណ៍​ថា​ ស្ដាយ​ខ្លះ​ដែរ​ ព្រោះ​យល់​ថា កាល​ណោះ​បើ​ខ្ញុំ​រៀន​ឲ្យ​បាន​ច្រើន​ហើយ​ច្បាស់​សិន​ចាំ​ប្រឡូក​ចូល​ក្នុង​ ការ​រកស៊ី​ម្ល៉េះ​បាន​ល្អ​ប្រសើរ​ជាង​នេះ ប៉ុន្តែ​គំនិត​មួយ​ទៀត​បញ្ជាក់​ប្រាប់​ខ្លួន​ខ្ញុំ​ថា បើ​ខ្ញុំ​ចាំ​ដល់​រៀន​ចេះ​ចាំ​ធ្វើ​ម្ល៉េះ​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​”។ ​

គ្រប់គ្រង​មនុស្ស​ជា​រឿង​លំបាក​បំផុត​

​ លោក​មាន​​គោល​ជំហរ​លើ​ចំណុច​នេះ​​ថា​ ​”ទោះ​ខ្ញុំ​រៀន​បាន​តិច​មែន​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រៀន​រយៈ​ពេល ​២០​ឆ្នាំ​មក​នេះ គឺ​ការ​ប្រើប្រាស់​មនុស្ស​ទៅ​តាម​លំដាប់​ខុស​ៗ​ គ្នា ​ ដូចជា​អ្នក​ដែល​ធ្វើការ​ថ្នាក់​ទាប​ គឺ​ត្រូវការ​ប្រើ​​សម្ដី​​ ប្រភេទ​គ្រាម​ភាសា​ ទើប​ពួកគាត់​អាច​ស្ដាប់​យល់​ ហើយ​ថ្នាក់​ជាន់​ខ្ពស់​ ត្រូវ​ប្រើប្រាស់​ភាសា​មួយ​ ដែល​អាច​ឲ្យ​ពួកគាត់​ស្ដាប់​​យល់​​។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​ខ្ញុំ​ នៅ​តែ​គិត​​ថា ការ​គ្រប់គ្រង​មនុស្ស​ជា​រឿង​លំបាក​ ជា​ការ​ប្រកួតប្រជែង​សម្រាប់​ខ្លួន​ខ្ញុំ”។​

ការ​ចែករំលែក​គំនិត​​ជា​សហគ្រិន​

សំខាន់ ​ពួកគាត់​ត្រូវ​យល់​ដឹង​សិន​ថា ធ្វើការ​ឲ្យ​គេ គឺ​ពួកគាត់​បាន​ទទួល​មក​វិញ​នូវ​ប្រាក់​ខែ​ជា​ប្រចាំ​ ប៉ុន្តែ​ប្រាក់​ខែ​ទាំង​នោះ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច​ដោយ​ ស្វ័យប្រវត្តិ​ ។ ចំណែក​ឯ​​អ្នក​រកស៊ី​វិញ​គាត់​អាច​ចំណេញ​ ១ម៉ឺន​ដុល្លារ ក្នុងមួយ​ខែ​​ ប៉ុន្តែ​ក៏​អាច​ខាត​វិញ​ ១ម៉ឺន​ ក្នុង​១​ខែ​ដែរ​។

ដូច្នេះ ​សម្រាប់​យុវជន​ដែល​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ មុន​សម្រេច​ចេញ​ប្រឡូក​ក្នុង​ការ​រកស៊ី​ ត្រូវ​សួរ​ខ្លួន​ឯង​សិន តើ​ហ៊ាន​​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​ និង​ខ្លួន​ឯង​ដែរ​ឬទេ ។

ចំណុច ​សំខាន់​មួយ​គឺ មនុស្ស​ជោគជ័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ តែងតែ​ចូលចិត្ត​អ្វី​ប្លែក​ៗ​ពី​គេ​ ដែល​ពី​ដំបូង​ មនុស្ស​ភាគច្រើន​និយាយ​ថា​ពួក​គេ​ឆ្កួត​ ប៉ុន្តែ​ក្រោយ​មក​ទើប​គេ​ទទួល​ស្គាល់​ថា​ ជោគជ័យ​របស់​ពួកគាត់​ គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់​ដែល​គេ​គិត​មិន​ដល់​។
សរុប​មក​វិញ​ ដើម្បី​ឆ្ពោះ​ទៅ​​រក​ភាព​ជោគជ័យ​ ចាំបាច់​ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ អ្នក​ចង់​ធ្វើ​៕

អត្ថបទ៖​កង ចាន់​បញ្ញា

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: