ក្មេង​ទូល​​នំ​លក់ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន


អតីត​ក្មេង​លក់ ​នំ​តាម​រោង​វីដេអូ​​​​នៅទី​ជនបទម្នាក់ ដែល​​ដើរ​រក​ប្រាក់​​ជួយ​​សម្រាល​ការ​លំបាក​របស់​គ្រួសារជាមួយ​នឹង​បង​ប្រុស ​របស់​ខ្លួន​ ​បាន​​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ ​ដែលមាន​​ចំណូល​ដល់​​ទៅ​កន្លះ​លាន​ដុល្លារ​។ តើ​ខ្សែ​ជីវិត​របស់​គាត់​មាន​ការ​បត់បែន ​និង​ការ​លំបាក​យ៉ាងណា​​? សូមតាម​ដាន​ជីវ​ប្រវត្តិ​របស់​គាត់​​​ខាង​ក្រោមនេះ​​៖

លោក ​ ឈាង សុភក្តិ កើត​នៅ​ថ្ងៃ​ទី​១​ ខែ​មករា ឆ្នាំ​១៩៨២​ នៅ​ក្នុង​ស្រុក​កំពង់​ក្ដី​ ខេត្ត​សៀមរាប​ ជា​​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​៥​នាក់​ ក្នុង​គ្រួសារ​មួយ​​ដែល​​មាន​ជីវភាព​​មធ្យម។

កុមារ​ភាព

នៅ ​ឆ្នាំ​១៩៨៨​ កុមារ​ ឈាង សុភក្តិ បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​កំពង់ក្ដី​ ក្នុង​ស្រុក​កំពង់​ក្ដី​ ខេត្ត​សៀមរាប​ ទោះបី​​ជា​ជីវភាព​គ្រួសារមាន​ការ​​​លំបាក ដែល​​កាលណោះ​​ ម្ដាយ​របស់​លោក​បាន​ប្រកប​​របរ​ធ្វើ​នំ​​លក់​ និង​​​ឪពុករបស់​​លោក​ធ្វើ​ជា​មន្ត្រី​រាជការ​តូចតាច​ ដើម្បី​បាន​ប្រាក់​ចំណូក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​​ថ្ងៃ​។

នៅ ​ពេល​នោះ​ អ្វី​​ដែល​លោក​បាន​ចងចាំ​បំផុត​គឺ​ នៅ​ក្រៅ​ម៉ោង​សិក្សា​នៅ​សាលា​រៀន លោក​ត្រូវ​ជួយ​ការងារ​ណា​ដែល​អាច​សម្រាល​បន្ទុក​ម្ដាយរបស់​​លោកដែល​លក់​ដូរ​ ក្បែរ​នោះ។​ នៅ​​ពេល​ល្ងាច ​លោក និង​​បង​​ប្រុស​លោក​ត្រូវ​​ទូល​សណ្ដែក​ដី​ និង​នំ​មួយ​ចំនួន​ទៅ​លក់​នៅ​មុខ​រោង​វីដេអូ​មួយ​ក្នុង​ភូមិ​ រហូត​ដល់​រោង​វីដេអូ​បិទ​ ទើបបង​ប្អូន​ពីរនាក់​របស់​លោក​​​​បាន​ត្រឡប់​​មក​ផ្ទះ​វិញ។​ ប៉ុន្តែ​សម្រាប់​ការ​លក់​ លោក​ហាក់​មិន​នឿយណាយ​នឹងមុខរបរ​នេះ​ប៉ុន្មាន​ទេ​ ព្រោះ​លោក​មាន​គំនិត​ជា​អ្នក​លក់​ដូរ​តាំង​ពី​កុមារ​មក​ម្ល៉េះ​។

ភាព​ជា កុមារ លក់​​ដូរ

នៅ ​អំឡុង​ឆ្នាំ​១៩៨៨ តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​​ស្ថិត​​ក្នុង​​ភ្លើង​​សង្រ្គាម​​នៅ ​​ឡើយ។ ​​​ប៉ុន្តែ​ដោយ​ហេតុគ្រួសារ​របស់​គាត់​មាន​គំនិត​ជា​អ្នក​រក​ស៊ី ជាពិសេស​​ឪពុក​របស់​​​លោក។ ​នៅ​ពេល​នោះ​ ​ម្ដាយ​​របស់​​ឈាង សុភក្តិ ​បាន​សម្រេច​ចិត្ត​​ទិញ​​ខោ​អាវ​​ជជុះ​​នៅ​ផ្សារ​អូឡាំពិក​​ក្នុង​ទីក្រុង​ ភ្នំពេញ​ យក​​ទៅ​លក់​នៅ​ក្នុង​ភូមិ​។ នៅ​ពេល​​​មក​​ជាវ​​ទំនិញ​​ម្តង​ៗ​ ​​លោកតែង​​​ធ្វើ​ដំណើរ​មក​ជាមួយ​ម្តាយ​របស់​លោក​ជានិច្ច​ ដើម្បី​ជួយ​មើល ​និង​លើក​ដាក់​ឥវ៉ាន់​ ។

អ្វី​ដែល​លោក​ចងចាំ​នា​ពេល​នោះ​ គឺ​ការ​ធ្វើ​ដំណើរ​ពី​សៀមរាប​មក​ភ្នំពេញ​មិន​អាច​មក​តាម​ផ្លូវ​ជាតិ​លេខ​៦ កាត់​តាម​​ខេត្ត​កំពង់​ធំ​បាន​ទេ ព្រោះ​ផ្លូវនា​ពេល​នោះ​មាន​ការ​លំបាកណាស់។ ម្យ៉ាង​​​ទាហាន​ខ្មែរ​ក្រហម​នៅ​​មាន​នៅ​​ឡើយ​ ដូច្នេះ​​គ្រួសារ​របស់​លោក​​ត្រូវ​​ធ្វើ​​ដំណើរ​​វាង​​តាម​​ផ្លូវ​ជាតិ​លេខ​ ៥ ដោយ​​ឆ្លង​​កាត់​​ខេត្ត​​បាត់ដំបង​វិញ។ ​ ផ្លូវ​ជាតិ​លេខ​៥​នា​ពេល​នោះ គឺ​​មាន​ស្ថាន​​លំបាក​ខ្លាំង​ដែរ។​ កន្លែង​ខ្លះ ​​ត្រូវ​បាន​ទ័ព​ខ្មែរ​ក្រហម​​ដាក់​មីនកម្ទេច​​ចោល ជា​ពិសេស​​​ស្ពាន​។

នៅ ​រដូវ​ភ្លៀង​ អ្នក​ធ្វើ​ដំណើរ​​​ត្រូវ​ចុះ​ពី​លើ​រថ​យន្ត​​​ជា​មួយ​នឹង​ឥវ៉ាន់​របស់​ខ្លួន ​​ ហើយ​ដើរ​កាត់​ទឹក។ កន្លែង​​លិចទឹក​ខ្លះ​ មាន​​ជម្រៅ​ត្រឹម​​ក​មនុស្ស​ចាស់​ក៏​មាន។​ ប្រសិន​បើ​ត្រូវ​ឆ្លង​ទឹក​ជម្រៅ​​ជ្រៅ​​បែប​នេះ​​មែន លោក​មិន​អាច​ជួយ​អ្វី​ម្ដាយ​លោក​បាន​នោះ​ទេ ប៉ុន្តែ​បានក្លាយ​ជា​បន្ទុក​ម្ដាយ​របស់លោក​ទៅវិញ។​ ក្នុងនោះ គាត់​​ត្រូវ​ជញ្ជូន​ឥវ៉ាន់ផង​​ និង​មក​យក​គាត់​ឆ្លង​ទឹក​​ផង​។

ជិះ​ឡាន​កាត់​គ្រាប់​កាំភ្លើង

លោក ​បាន​ទទួល​ដំណឹង​ថា ​រថយន្ត​ដែល​បើ​កាត់​តាម​ផ្លូវ​ជាតិ​លេខ​៥​ ត្រូវ​​​ជាន់​មីន​​ដែល​ដាក់ដោយ​ខ្មែរ​ក្រហម​សម្រាប់​​វាយ​ប្រហារ​ឡាន​យោធា​ របស់​រដ្ឋាភិបាល​។ ​ឥទ្ធិពល​​មីន​តោន​បាន​​​​កម្ទេច​រថយន្ត​ និង​មនុស្សទាំង​ស្រុង​។​ ​ដំណឹង​នេះបាន​​ធ្វើឲ្យ​​លោក​​មាន​​ភាព​តក់ស្លុត​ និង​​បារម្ភជា​រៀង​រាល់​​ថ្ងៃ​។

ត្រឹម​ទឹក​លិច​មិន​សូវ​ជា​បញ្ហា​ ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ​​​បើ​​​ប្រទះ​នឹង​គ្រាប់​មីន ​ឬ​ជួប​ខ្មែរ​ក្រហម​ទើប​ជា​បញ្ហា​​ធំ។ នៅ​​ថ្ងៃ១​​ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ម្ដាយ​របស់​លោក​មក​ទិញ​ឥវ៉ាន់​នៅ​ ភ្នំពេញ​ ដល់​ត្រឹម​ពាក់​កណ្តាល​​ផ្លូវ​ លោក​បាន​ឭ​ស្នូ​រ​កាំ​ភ្លើងតូច​ធំលាន់​បន្ត​គ្នា​ដូច​​រន្ទះ។ ​ពេល​​នោះ​ ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​​​សម្រុក​មក​ពី​មុខ​ឡាន​ហើយ​ ស្រែក​ខ្លាំង​ៗ​ដាក់​​​តៃ​កុងរថ​យន្ត​​ថា៖ “ទាហាន​ខ្មែរ​ក្រហម​កំពុង​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​រដ្ឋាភិបាល​នៅ​ខាង​ មុខ។​ កុំ​​ទៅ​អី​!”។

ពេល​នោះ​ អ្នក​ធ្វើ​ដំណើរ​​ក្នុង​​ឡាន​ទាំង​អស់​ បាន​ស្ងាត់​មាត់ដូច​គេ​ចុក​​។ ​លោក​ពួន​សំងំ​នៅ​ក្បែរ​ម្ដាយ​លោក​ ប៉ុន្តែ​លោក​បាន​ឮ​​​សំឡេង​ម្ដាយ​របស់​លោក​ខ្សឹប​​បន់​ព្រះ​កុំ​ឲ្យ​មាន​ បញ្ហា​អ្វី​​កើតឡើង​ចំពោះ​រូប​លោក​។ អស់​ពេល​ជាង​១​ម៉ោង​ សំឡេង​​កាំភ្លើង​បាន​ស្ងប់ស្ងាត់ទៅ​វិញ​​ ហើយ​ការ​ធ្វើ​ដំណើរ​មាន​​​ខណៈ​​ធម្មតាវិញ ប៉ុន្តែ​ទាំង​តៃកុង​រថយន្ត​​ និង​​អ្នក​ធ្វើ​ដំណើរនៅ​តែ​​ភ័យ​ភ្នែក​នៅ​កញ្ចឹង​ក​នៅ​ឡើយ។

ចំណូល​ចិត្ត​អាច​អត្ថបទ​ទាក់​ទង​នឹង​​អ្នក​ខ្លាំង​ និង​​ស្រី​ស្អាត

ដោយសារ ​សេដ្ឋកិច្ច​នៅ​ ស្រុក​កំពង់ក្ដី ​ពុំ​ទាន់​មាន​​​ភាព​រីកចម្រើននៅ​ឡើយ​​នា​ពេល​នោះ​។ ម្យ៉ាង​ទៀត ​ឳពុករបស់​លោក​ដែល​​​ជា​មន្ត្រី​រាជការ ​​គឺ​ជា​មុខ​សញ្ញា​របស់​ទ័ព​ខ្មែរ​ក្រហម​​​​ និង​​​ពេលខ្លះមាន​ការ​រំខាន​ពី​​​ខ្មែរ​​ក្រហមផង​ គ្រួសារ​​របស់​លោក​បាន​សម្រេច​ចិត្ត​​ប្តូរ​មក​រស់នៅ​ក្នុងទី​រួម​ខេត្ត​​ សៀមរាប​វិញ​។

នៅ​ឆ្នាំ​១៩៩២ លោក​បាន​ចូល​រៀន​នៅ​អនុវិទ្យាល័យ​សៀមរាប ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​​ម្ដាយ​របស់​លោក​បាន​ទិញ​តូប​នៅ​ផ្សារ​លើ​ ដើម្បី​លក់​ខោអាវ​ជជុះ​បន្ត​ទៀត។ សន្តិភាព​កាន់​តែ​ប្រសើរ​ឡើង​ពី​១​ថ្ងៃទៅ១​ថ្ងៃ​ ប៉ុន្តែ​ការ​រកស៊ី​កាន់​តែ​លំបាក​​ទៅៗទៅ​វិញ ដោយសា​​រ​មាន​​អ្នក​រកស៊ី​​ខោអាវ​ជជុះ​​​កាន់​តែ​កើន​ច្រើន​ឡើង​ៗៗ។ ​ពេល​នោះ​​ ម្ដាយ​របស់​លោក​ក៏​ប្ដូរ​គំនិត​ពី​អ្នក​ចាំ​ទទួល​បន្ត​ ទៅ​ជា​អ្នក​លក់​ផ្ទាល់​វិញ​។

ចំណែក​លោក​ ក៏​ហាក់​ទំនេរ​​ដៃ​ក្នុង​ការ​​​ជួយ​​ម្ដាយ​របស់​លោក​បន្តិច​​ដែរ ដូច្នេះ​លោក​ក៏​មាន​ពេល​វេលា​គ្រប់គ្រាន់​​សម្រាប់​​ការ​សិក្សា។ ការ​​សិក្សា​របស់​លោកក៏​មាន​​​ការ​រីកចម្រើន​ល្អ​ប្រសើរ​ជាង​មុនផង​​ដែរ​។ ​ដោយ​ទេព​កោសល្យ​ពី​ធម្មជាតិ​របស់​លោក​ពូកែ​ក្នុង​ការ​ទំនាក់ទំនង​ លោក​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​ ពិសេស​លោក​ចូលចិត្ត​រាប់​អាន​មនុស្ស​ដែល​​មាន​​មុខមាន​​​មាត់​ ដូចជា​កូន​អភិបាល​ខេត្ត​ ឬនារី​​​ណា​ដែល​ស្អាត​​ជាង​គេ​ គឺ​លោក​តែងតែ​រាប់​អានមក​​ធ្វើ​ជា​មិត្តភ័ក្ដិរបស់​លោក​ភ្លាម​។ ក្រៅ​ពី​នេះ​ ពេល​ទំនេរ​ពី​ការ​សិក្សា ​លោក​តែងតែ​ជួយ​ការងារ​នៅ​ផ្សារ​ជាប់​ជា​ប្រចាំ។​ អ្វី​​ដែល​លោក​មិន​អាច​បំភ្លេច​បាន គឺ​កង់​របស់​លោក​ត្រូវ​បាន​​ដំឡើង​ទៅ​ជា​រ៉ឺម៉ក​ដើម្បី​ដឹក​ជញ្ជូន​ឥវ៉ាន់​ ទៅ​វិញ​ទៅ​មក​។

ម្ដាយ​​​បញ្ជូន​កូន​មក​ភ្នំពេញ

នៅ ​ឆ្នាំ​១៩៩៨​ ការ​ប្រឡង​បាក់ឌុប​បាន​បញ្ចប់​ជា​ស្ថាពរ​​ជាមួយ​និទ្ទេស​ល្អ​បង្គួរ​។ ពេល​នោះ ​ម្ដាយ​របស់​លោក​បាន​សម្រេច​ចិត្ត​បញ្ជូន​លោក​ឲ្យ​មក​រៀន​នៅ​ភ្នំពេញ​ ប៉ុន្តែ​ត្រូវ​បាន​បន្ទុចបង្អាក់​ដោយ​សារ​ការ​ផ្ដល់​យោបល់​របស់​អ្នក​ ជិតខាង។​ ​គេ​បាន​ប្រាប់​ម្ដាយ​លោក​ថា៖ “​មិន​បាច់​ឲ្យ​វា​រៀន​ត​ធ្វើ​អី​ទេ។ កូន​ប្រុស​កាល​ណា​ វា​រៀន​ចប់ ​វា​យក​ប្រពន្ធ ​វា​លែង​វិល​មក​រក​យើង​វិញ​ហើយ។​ ម្យ៉ាង​ទៀត ​មាន​ការ​ចំណាយ​​ច្រើន​ណាស់​ទាំង​ការ​រស់នៅ​ផង​ និងការ​​រៀន​ផង។ ​ឲ្យ​វា​រត់​ម៉ូតូ​ឌុប​នៅ​សៀមរាប​ទៅ​ប្រសើរ​ជាង​ ​គ្រាន់​បាន​លុយ​ចាយ​ខ្លួន​វា​”​។

ប៉ុន្តែ​​កាល​ណោះ​ ម្ដាយ​របស់​លោក​ហាក់​អន់​ចិត្តនឹង​ពាក្យ​ពេចន៍​ ​ពោល​ខាង​លើ​ ដូច្នោះ​​គាត់ ដែល​​ជា​មនុស្ស​មាន​ការ​តស៊ូ​ក្នុង​ជីវិត​ និង​ស្អប់​ពាក្យ​​ត្មះតិះដៀល​ថា​ជា​មនុស្ស​មិន​ចេះ​រក​ស៊ី​ បាន​​សម្រេច​ចិត្ត​បញ្ជូន​លោក​មក​រៀន​​នៅ​ភ្នំពេញ​ដោយ​អត្តនោម័តិ​ ព្រោះ​គាត់​​មិនចង់​​ឲ្យកូន​របស់​គាត់មាន​វាសនា​​លំបាក​ដូច​រូប​គាត់​​ឡើយ។​ ភាព​ជា​ម្ដាយ​មិន​ប្រាថ្នា​ចង់​បាន​វិញ​ពី​កូន​ ប៉ុន្តែ​គាត់​​ចង់​ឲ្យ​កូន​មាន​ការ​រីកចម្រើន​  និង​អនាគត​ភ្លឺស្វាង​​ក្នុង​អនាគត។

មិន​បាន​១​សប្ដាហ៍​ផង ​ត្រូវ​​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ

មក ​ដល់​ទឹក​ដី​ភ្នំពេញ ​លោក​គិត​ថា​​មក​រស់នៅ​ជាមួយ​កូន​ចៅហ្វាយ​ខេត្ត ​ប្រហែល​ជា​បាន​កែប្រែ​ជីវិត​ និង​មិនសូវ​លំបាក​ទេ។ ប៉ុន្តែ​អ្វី​ៗ​ហាក់​ផ្ទុយ​ស្រលះ​។ មិន​ដល់​១​សប្ដាហ៍​ផង​ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​បង​ប្អូន​ចៅហ្វាយ​ខេត្ត​នោះ​ ចោទ​ប្រកាន់​​លោក​ថា ​បាន​នាំ​ឲ្យ​ក្មួយ​គេ​ខូច​ដើរ​លេង​ច្រើន​មិន​សូវ​នៅ​ផ្ទះ​​ប្រឹង​រៀន​សូត្រ ​។ ​គេ​មិន​បង្អង់​យូរ​ឡើយ ​គឺ​គេ​បណ្ដេញ​លោក​ចេញ​ភ្លាម​ៗ​តែ​ម្ដង។​ លោក​សុំ​១​ថ្ងៃ​ដើម្បី​រក​ជួល​ផ្ទះ​ស្នាក់នៅ​សិន​ក៏​មិន​បាន​ផង​។ ជាមួយ​ការ​ឈឺចាប់​ទាំង​នេះ ​លោក​បាន​វេច​បង្វេច​ចេញ​ភ្លាម​ៗ​ពេល​នោះ​ ហាក់​ដូចជា​ទូក​អណ្ដែត​កណ្ដាល​សមុទ្រ​គ្មាន​កោះ​ត្រើយ​។ ទេវតា​មិន​ឲ្យ​មនុស្ស​ស្លាប់​ឡើយ។​ ឈាន​ដល់​ពេល​រសៀល​ លោក​បាន​ជួប​មិត្តភ័ក្ដិ​ម្នាក់​ដែល​​ធ្លាប់​រៀន​ជាមួយ​គ្នា​  រួច​គាត់​ក៏​​​សម្រេចឲ្យ​​ស្នាក់នៅ​ជាមួយ​មិត្តភ័ក្កិម្នាក់នោះ​តែ​ម្ដងទៅ​ ទោះ​បី​បន្ទប់​តូច​​ប្រហែល​២​​ម៉ែត្រ​​៤​​ជ្រុង ដែល​ត្រូវ​​ស្នាក់​​នៅរហូត​ដល់​គ្នា​​៣​​នាក់​ក្តី​។

១​ពាន់​រៀល​សម្រាប់​អាហារ​មួយ​ពេល

រយៈ ​ពេល​១​ខែ​ ម្ដាយ​របស់​លោក​បាន​មក​មើល​លោក​ម្ដង​ជាមួយ​លុយកាកបន្តិចបន្ទួច​មក​ឲ្យ​លោក​ ដោះស្រាយ​ថ្លៃ​ហូប​ចុក​ និង​ស្នាក់នៅ​ ប្រហែល​១០០​ដុល្លារ។​ ពេល​នោះ​លោក​មាន​ម៉ូតូ​ឆាលី​មួយ​គ្រឿង​ ​សម្រាប់​ជិះ​ធ្វើដំណើរ។ ពេល​ចេញ​ពី​រៀន​លោក​ត្រូវ​​ទៅទិញអាហារ​​ថ្ងៃ​​ត្រង់​នៅ​​ម្ដុំ​ផ្សារ​ចាស់​ ថ្លៃ​បាយ​​៣​០០​រៀល និង​ត្រី​ចំហុយ​៥០០​រៀល​ប៉ុណ្ណោះ ឬ​អាច​ថែម​ត្រសក់​ជ្រក់​​ប៉ុន្មាន​រយ​រៀល​ទៀត។

មាន​​ទេពកោសល្យ​​ពី​កំណើត​ក្នុង​​ការ​គ្រប់គ្រង​លុយ​កាក់

លោក ​បាន​ក្លាយ​ជា​និស្សិត​ឆ្នើម​ក្នុងឆ្នាំ​ដំបូង​នៅ​​ថ្នាក់បរិញ្ញាបត្រ ទីផ្សារ​​ នៅ​សាកលវិទ្យាល័យ​ន័រតុន ព្រោះ​រៀន​ពូកែ​ស្ទើរ​គ្រប់​មុខវិជ្ជា​ ជា​ពិសេស​លើ​ជំនាញ​គណនេយ្យ។ កាល​ពី​ក្មេង លោក​​ឧស្សាហ៍​ជួយ​អ្នក​ម្ដាយ​ក្នុង​ការ​លក់​ដូរ​ខ្លះ​ដែរ​។ ម្យ៉ាង​ទៀត​ ការ​មក​រស់នៅ​ម្នាក់​ឯង​លោក​ ត្រូវ​គ្រប់​គ្រង​ចាយ​វាយ​លុយ​យ៉ាង​សន្សំសំចៃ​ ដូច្នេះ​លោក​ក៏​មាន​ការ​ឆាប់​ចាប់​បាន​លើ​មុខ​ជំនាញ​គណនេយ្យនេះ​​ រហូត​ដល់​បើក​ក្លិប​រៀន​នៅ​សាលា​រៀន​តែ​ម្ដង​ ហើយ​លោក​ក៏​ក្លាយ​ជា​ប្រធាន​ក្លិប​គណនេយ្យ​ទៀត​ផង​។ ដោយសា​​ការ​ត្បិតត្បៀត​ប្រាក់​កាស​ លោក​សម្រេច​នៅ​តែ​ក្នុង​សាកលវិទ្យាល័យ​ដើម្បី​ប្រឹងប្រែង​រៀន​សូត្រ​ភាសា​ អង់គ្លេស​បន្ថែម​ទៀត​។

១០០​ដុល្លារ​តិច​សម្រាប់​រស់នៅ​ភ្នំពេញ​ ប៉ុន្តែ​ច្រើន​ណាស់​សម្រាប់​អ្នក​ខេត្ត

នៅ ​ឆ្នាំ​ទី​១​ លោក​​ហាក់​មិន​មាន​អ្វី​ជា​បញ្ហា​ជា​ដុំកំភួន​នោះ​ទេ។ ប៉ុន្តែពេល​​ឈាន​ដល់​ឆ្នាំ​ទី​២ ​គ្រួសារ​របស់​លោក​ចាប់​ផ្ដើម​មាន​បញ្ហា​ហិរញ្ញវត្ថុ​បន្តិច​ៗ​ម្ដង​ ព្រោះ​ក្រៅ​ពី​ខ្វះ​កម្លាំង​ជួយ​ដល់​គ្រួសារ​ហើយ​ លោក​ក្លាយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​របស់​លោក​ទាំង​មូល។​ ​ជា​រៀងរាល់​ខែ​​ ​គ្រួសារ​របស់​លោក​ត្រូវ​ផ្ញើ​ថវិកា​ចំនួន​១០០​ដុល្លារ​សម្រាប់​ការ​ចំណាយ​ របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ។ ១០០​ដុល្លារគឹ​តិច​តួច​ណាស់​សម្រាប់​អ្នក​សិក្សា​​​​​នៅ​ភ្នំពេញ ​ ប៉ុន្តែ​សម្រាប់​​​អ្នក​លក់ដូរ​នៅ​ផ្សារ​បន្តិច​បន្តួច​ គឺ​វា​មាន​​ចំនួន​ច្រើន​ខ្លាំង​ណាស់​​។

ទ្រព្យ​ក៏​អស់ ​គ្រួសារ​ក៏​​ទំនាស់​គ្នា

ឈាន ​ដល់​ឆ្នាំ​ទី៣​ នៃ​ឆ្នាំ​​សិក្សា​របស់​លោក​ ​គ្រួសារ​របស់​លោក​ហាក់​មាន​សភាព​ដុនដាប​ទៅ​ៗ។​ លោក​ក៏​​ត្រូវ​បង់​ថ្លៃ​សាលា​ ​ប្អូន​ៗ​របស់​លោក​ក៏​ចាប់​ផ្ដើម​ធំ​ពេញ​វ័យ​។ ម្យ៉ាង​​​លុយ​សន្សំ​ទាំង​ប៉ុន្មាន​របស់​គ្រួសារ​លោក​បាន​ចំណាយ​អស់​កាល​ពី​ ឆ្នាំ​​ដំបូង​អស់​ហើយ​ ។ ក្រុម​គ្រួសារ​​​បាន​ប្រើ​អស់​កម្លាំង​កាយ​ចិត្ត និង​ធនធាន​ទាំងអស់​មក​លើ​ការ​រៀន​សូត្រ​របស់​លោក​តែ​ម្នាក់។ ប៉ុន្តែ​ដោយ​សា​ការ​សិក្សា​របស់​លោក​​នៅ​តែ​ត្រូវ​​ការ​​ការ​​ទំនុក​​​បំរុង ​​បន្ថែម ​ ម្ដាយ​របស់​លោក​បាន​ដាច់​ចិត្ត​លក់​ដី​​ម្ដង​១​កន្លែង​ៗ ​សម្រាប់​បង់ថ្លៃ​សាលា​ឲ្យ​លោក​ រហូត​អស់​គ្មាន​សល់។

ពេល​មួយ ​គ្រួសារ​របស់​លោក​បាន​ឈាន​ដល់​ការ​ដាក់​ប្លង់​ផ្ទះបញ្ចាំ​ដើម្បី​​​ខ្ចី​ បុល​គេ​យក​​លុយ​មក​ឲ្យ​លោក​រៀន​។ ដោយ​សារ​គំនិត​ជា​ឯកតោ​ភាគី​របស់​ម្ដាយ​លោក ការ​​ខ្វែង​គំនិត​គ្នា​រវាង​ម្ដាយ ​​និង​ឪពុក​លោក​​ចាប់​ផ្ដើម​កើត​មានឡើង​។ ​ជា​រៀងរាល់​ថ្ងៃ​ គ្រួសារ​​របស់​​លោកបាន​​លក់អស់​គ្មាន​សេសសល់​ ។ ប៉ុន្តែ​ទោះ​ជា​មាន​វិបត្តិ​ផ្លូវ​ចិត្ត​យ៉ាង​ណា​ក៏ដោយ ​គ្រួសារ​​របស់​លោក​បាន​លាក់បាំង​លោក​មិន​ឲ្យ​ដឹង​ឡើយ​។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ រឹត​តែ​​លើក​​ទឹកចិត្តលោក​​ឲ្យ​ខិតខំ​ប្រឹងប្រែងរៀន​សូត្រ​​បន្ត​ទៀត​។

ការងារ​ដំបូង​ប្រាក់​ខែ​៨០​ដុល្លារ

ឆ្នាំ ​២០០២​ ដោយ​ឃើញ​ការ​រៀន​ពូកែ​របស់​លោក​នៅ​ចុង​ឆ្នាំ​សិក្សា​ទី​៣​ លោក​គ្រូ​ម្នាក់​ក្នុង​សាកល​វិទ្យាល័យ​បាន​ណែនាំ​លោក​ឲ្យ​ធ្វើការ​នៅ​ ក្រុមហ៊ុន​Yellow page ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​៨០​ដុល្លារ​អាមេរិក។​ ទោះ​ជា​ប្រាក់​ខែ​តិច​ពិត​មែន​ ប៉ុន្តែ​វា​ជា​ការងារ​ដំបូង​ដែល​លោក​ត្រូវ​តែ​​ធ្វើដើម្បី​ទទួល​បាន​បទ​​ ពិសោធន៍។​ ពេល​នោះ​លោក​បាន​យល់​កាន់​តែ​ច្បាស់​ថា​ អ្វី​ដែល​ឪពុក​ម្ដាយ​របស់​លោក​តែង​តែ​ណែនាំ​ ​គឺ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។​ ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​សម្រេច​ចិត្ត​ប្រាប់​ទៅ​ម្ដាយ​របស់​លោក​មិន​ចាំ​បាច់​ផ្ញើ​ប្រាក់​ ចាយ​ប្រចាំ​ខែ​ឲ្យ​លោក​ទៀត​ទេ គឺ​​លោក​មាន​លទ្ធភាព​ចំណាយ​ដោយ​ខ្លួន​ឯង​បាន ​ទោះ​ជា​លោក​ដឹង​ថា ប្រាក់ខែ​​ចាយ​​មិន​គ្រប់​ក៏​​ដោយ​។

១៨០​ដុល្លារ​ ចាយ​ ២​នាក់​បងប្អូន

មួយ ​​រយៈ​ក្រោយ​មក​ នៅ​ចុង​ឆ្នាំ​២០០២​ លោក​បាន​ផ្លាស់ប្ដូរ​ការងារ​មក​ធ្វើ​នៅ​ក្រុមហ៊ុន​Ford មាន​តួនាទី​ជា​ Salesman ដែល​មាន​ប្រាក់​បៀវត្សរ៍​​ ១៨០​ដុល្លារ​ក្នុង​មួយ​ខែ។ ឈាន​ដល់​ឆ្នាំ​២០០៣​ ​លោក​ចាប់​ផ្តើម​មាន​បន្ទុក​​ដ៏​ធំមួយ នោះ​​​គឺ​ប្អូន​របស់​លោក​ត្រូវ​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ដែរ។​ ប៉ុន្តែ​​លោក​បែរ​ជា​មាន​ក្ដី​សប្បាយ​រីករាយ​ជា​មួយ​បន្ទុក​១​នេះទៅវិញ​​ ព្រោះ​លោក​គិត​ថា​ លោក​បាន​ជួយ​រែកពុន​ការ​លំបាក​របស់​គ្រួសារ​លោក​បាន​មួយ​ចំណែក។​ ប៉ុន្តែ​នៅ​ឆ្នាំ​ដដែលនោះ​ដែរ លោក​ក៏ចាប់​ផ្តើម​ដឹង​​​ពី​ទំនាស់​ក្នុង​គ្រួសាររបស់​លោក​ ​ដែល​​កើត​មាន​ពេល​លោក​​ចេញផុត​មក​​​រៀន​​នៅ​ភ្នំពេញហើយ​។ ដើម្បី​កាត់​បន្ថយ​ការ​លំបាក​ទាំង​នោះ ​លោក​​បាន​សម្រេច​ចិត្ត​មិន​ឲ្យ​ម្ដាយ​លោក​ផ្ញើ​លុយ​មក​ប្អូន​របស់​លោក​ឡើយ​ គឺ​​​ប្រាក់​ខែ​របស់​លោក​ចែក​ចេញ​ជា​២​ចំណែក​ លោក​​ចាយ​​​៩០​ដុល្លារ​ ប្អូន​របស់​លោកចាយ​​៩០​ដុល្លារ​ដែរ​។

ដាច់​បាយ​មួយ​ថ្ងៃ​​មួយ​មួយ​យប់​ក៏​មាន

ដាច់ ​ខែ​ដាច់​ខ្យល់!​ នេះ​ជា​ពាក្យ​ពោល​ឡើង​របស់​មន្រ្តី​​​រាជការ​ខ្លះ​​ ដែល​តែង​តែ​ចាយ​លុយ​អស់​មុន​ខែ ព្រោះ​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាក់​​បៀវត្សរ៍​​តិច។ ប៉ុន្តែ​ពាក្យ​នេះ​បាន​កើត​ឡើង​មក​លើ​លោក​ និង​ប្អូន​របស់​លោក​ដែរ​នា​ពេល​កន្លងមក។ ពេល​មួយ​ ថ្ងៃ​បើក​ប្រាក់​ខែ​មិន​​ទាន់នឹង​មក​ដល់ផង ​ប្រាក់​ក៏អស់​​ពី​​ខ្លួន​រលីង​តែ​ម្ដង។ ហើយ​មាន​សប្ដាហ៍​ខ្លះ​ទៀត​ ថ្ងៃ​បើក​ប្រាក់ខែ​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ ដូច្នេះ​ត្រូវ​លើក​​ពេល​ លើក​ពេល​តែ​២​ថ្ងៃ​រូប​លោក ​និង​ប្អូន​ប្រុសលោក​​ត្រូវ​ដាច់​បាយ​តែ​ម្តង​។ លោក​បាន​រំលឹក​ថា ពេល​​ខ្លះ​សល់​ប្រាក់​បន្តិចបន្តួច​បាន​មី​១​កញ្ចប់​ស្រុះ​ញ៉ាំ​ជាមួយ​បាយ​២ ​នាក់​បងប្អូន។​ ពេល​ខ្លះ​ទៀត​ដាច់​ទាំង​អង្ករ​ ប៉ុន្តែ​មាន​​ចេក​ទុំ​​ខ្លះ​នៅ​សល់​​​១ ​ឬ​២​ផ្លែ​ដែរ ដូច្នេះ​ លោក​ក៏​ចែក​​គ្នា​បរិភោគ​ជា​មួយ​នឹង​ប្អូន​របស់គាត់ និង​ពិសា​ទឹក​រូច​ដេក ដោយ​​កូរពោះ​មួយ​​យប់​ទល់​ភ្លឺ​។​ ពេល​ខ្លះ​ទោះ​មាន​បុណ្យ​ទាន ក៏​បង​ប្អូន​លោក​ទាំង​ពីរ​​​មិន​ហ៊ាន​ទៅលេខ​ស្រុក​​​កំណើតដែរ ​ព្រោះ​​ការ​ចំណាយ​​សោហ៊ុយ​ធ្វើ​ដំណើរ​អាច​ធ្វើ​ឲ្យ​លោក​ត្រូវ​ចាយ​អស់​មុន​ ​ខែ និង​ដាច់​បាយ​​បាន​។

ប្រឹងប្រែង​ធ្វើការ​ឋានៈ​ឡើង​ជា​បន្តបន្ទាប់

ក្នុង ​អំឡុង​ពេលក្រោយ​មក​ លោក​ក៏​បាន​ចាប់​អាជីព​ជា​គ្រូ​បង្រៀន​នៅ​មហា​វិទ្យាល័យ​ផង និង​បង្រៀន​ភាសា​អង់គ្លេស​ផង​ ដើម្បី​រក​ចំណូល​បន្ថែម​។ ​ចាប់​ពី​ឆ្នាំ​២០០២​មក ​ការងារ​របស់​លោក​ត្រូវ​បាន​ដំឡើង​ជា​ប្រចាំ​ ពី​​អ្នក​លក់​ផ្ទាល់​ ក្លាយ​ជា​​ប្រធាន​ផ្នែក​លក់​រថយន្ត​ឲ្យ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ស្ថានទូត​​របស់​ក្រុមហ៊ុន​Ford ដដែល។ ក្រោយ​មក​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​មើល​ឃើញ​ពី​ភាព​ប៉ិនប្រសប់ ​និងការ​​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​របស់​លោក​។ ដូច្នេះ​នៅ​ឆ្នាំ​២០០៨ ​​ក្រុមហ៊ុន​បាន​ដំឡើង​ដំណែង​ឲ្យ​លោក​បន្ត​ទៀត​ ក្លាយ​ជា Division Manager 3M&KATCHER របស់​ក្រុមហ៊ុន​RMA ដែល​ជា​ក្រុមហ៊ុន​មេ​​របស់​Ford ប្រចាំ​នៅ​កម្ពុជា​។

ប្រែ​ខ្លួន​ពី​អ្នក​ធ្វើការ​ឲ្យ​គេ ទៅ​ជា​អ្នក​បង្កើត​ការងារ​ឲ្យ​គេ​ធ្វើ

តួនាទី ​ កាលណា​ឡើង​ដល់​កម្រិត​កំពូល​ហើយ​ មនុស្ស​ម្នាក់​ៗ​រមែង​នឹង​ចង់​បង្កើត​អ្វី​ដែល​ជា​របស់​ផ្ទាល់​ខ្លួន​។ លោក​ ឈាង សុភ័ក្តិ​ ក៏​ដូចគ្នា​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​ពិសេស​ជាង​អ្នក​ឯ​ទៀត គឺ​មាន​បំណង​​មួយ​​ប៉ុណ្ណោះ​ គឺ​ចង់​បង្កើត​ឱកាស​ការងារ​ច្រើន​ជួយ​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​ជួប​ ការ​លំបាក​ក្នុង​ពេល​សិក្សា​។ មាន​មិត្ត​រួម​ការងារ​លោក​ម្នាក់​មាន​គំនិត​ត្រូវគ្នា​​ជាមួយ​លោក​ ចង់​បង្កើត​ក្រុមហ៊ុន​មួយ​ ដែល​មាន​លោក​ជា​នាយក​ប្រតិបត្តិ​ និង​ក្រុមប្រឹក្សាភិបាល​។ នៅ​ចុង​​ឆ្នាំ​២០០៨ ​លោក​បាន​សម្រេច​ចិត្ត​លា​ឈប់​ការងារ​ ហើយ​មក​កាន់​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​នេះ។ ពេល​នោះ ​ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច​ចិត្ត​នាំ​ចូល​មក​នូវ​ផលិត​ផល​ប្រើប្រាស់​ ក្នុង​ផ្ទះ​ដូចជា​សាប៊ូ, នំ​, ភេសជ្ជៈ, ឬឧបករណ៍​​លាង​​ចាន​ពី​ប្រទេស​ម៉ាឡេស៊ី​​។

បរាជ័យ​ធំ​បំផុត​គឺ​បាក់ទឹកចិត្ត

ដោយសា ​ចាប់​ផ្ដើម​ថ្មីថ្មោង​នៃ​ក្រុមហ៊ុន​មួយ​ ផលិតផល​នាំ​ចូល​មក​ទាំង​នោះ​ ហាក់​មិន​សូវ ​ទទួលបាន​​ការ​ពេញ​និយម​ឡើយ​ពី​សំណាក់​ប្រជាជន​កម្ពុជា។​ ​ការ​ដំណើរ​ការ​ក្រុមហ៊ុន​ចេះ​តែ​អូស​បន្លាយ​ធ្វើ​ឲ្យ​ម្ចាស់​ទុន​បាក់​ ទឹកចិត្ត​រហូត​ឈាន​ដល់​ការ​ប្រកាស​ដក​ទុន​ជា​ស្ថាពរ​។ ពេល​វេលា​នោះ​ហើយ​ ជា​ពេល​វេលា​មួយ​ដ៏​លំបាក​ ព្រោះ​បុគ្គលិក​ក្រុមហ៊ុន​៧​នាក់​ដែល​កំពុង​ត្រូវ​បើក​ប្រាក់​ខែ​ពី​លោក​ដែល ​ជា​នាយក​ប្រតិបត្តិ​។ ពេល​នោះ​ហើយ ​ទាំង​ក្រុម​គ្រួសារ​ខាង​លោក និង​ភរិយា​លោក​មិន​មាន​អ្នក​ណា​អាច​ជួយ​គាំទ្រ​លោក​បន្ត​ទៀត​ឡើយ​ គឺ​ជា​ពេល​វេលា​បាក់​ទឹកចិត្ត​ដ៏​ធំ​បំផុត​។ លោក​តែង​សួរ​ខ្លួន​ឯង​ថា ​ត្រូវ​បន្ត​ក្រុមហ៊ុន​ទៀត ឬ​យ៉ាងណា​? តើ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទើប​ដំណើរ​ការ​បន្ត​ទៀត​បាន​។ ដោយសារ​ការ​ខ្វះ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ជា​រឿង​សំខាន់​ មាន​ពេល​ខ្លះ ​លោក​ត្រូវ​បញ្ជាំ​រថយន្ត​ដើម្បី​យក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ រហូត ​ដល់​បុគ្គលិក​គ្មាន​ការងារ​ធ្វើ​បាន​សម្រេច​ប្រាប់​លោក​ដោយ​ត្រង់​ថា មិន​ហ៊ាន​ទទួល​យក​ប្រាក់​ខែ​ពី​លោក​ទេ ព្រោះ​ក្រុមហ៊ុន​មិន​ដំណើរ​ការ​ទាល់​តែ​សោះ​។

ជោគជ័យ​បាន​មក​ពី​ការ​ប្រឹងប្រែង

ដោយ ​មាន​ចិត្ត​អំណត់​ ការ​ស៊ូទ្រាំ​ខ្ពស់​ ឱកាស​ក៏​មក​ដល់។ ​ឪពុក​ក្មេក​លោក​បាន​ណែនាំ​​តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ​Metfone ឲ្យ​ជួប​ជាមួយ​លោក​ ព្រោះ​យល់​ថា ​លោកមាន​ទំនាក់ទំនង​ច្រើន​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម។ ​លោកបាន​​ជួយ​លើ​កិច្ចការ​ជា​ច្រើន​យ៉ាង​​ឲ្យ​ក្រុម​​ហ៊ុន​នោះ។ ពេលវេលា​​យូរ​ពិត​មែន​ ប៉ុន្តែ​​​លោក​មិនដែល​​ធុញ​ទ្រាន់​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នោះ​ដំណើរ​ ការ​កាន់​តែ​រលូន​ឡើយ​។ អាច​និយាយ​បាន​ថា​ ធ្វើ​ល្អ​បាន​ល្អ។​ ពេល​នោះ​ក្រុមហ៊ុនMetfone បាន​ផ្ដល់​ការងារ​ជា ​Call Center ដល់​ក្រុមហ៊ុន​របស់​លោក​ ដូច្នេះ​ក្រុម​ហ៊ុន​របស់​លោក​ត្រូវ​​​ប្តូ​រពី​នាំ​ផលិត​ពី​ម៉ាឡេស៊ី​មក​លក់ ​​ ទៅ​ជា​​ផ្តល់​សេវ៉ា​កម្ម​​ផ្នែក​ពន្យល់​ដល់​អតិថិជន​ទូរស័ព្ទ​ (Call Center)។

ជំហ៊ាន​​ដំបូង លោក​​មាន​ការ​រារែក​បន្តិច​ចំពោះ​ការងារ​ដែល​ថ្មី​មួយ​នេះ ប៉ុន្តែ​​ដោយ​ចិត្ត​ជា​អ្នក​រក​ស៊ី​មិន​ខ្លាច​ឧបសគ្គ​​  ពេល​នោះ​លោក​បាន​កែប្រែ​​ស្ថានការ​ក្រុមហ៊ុន​ដែល​ហៀប​នឹង​បិទ​ទ្វារ​ក្លាយ​ ជា​ក្រុមហ៊ុន​មួយ​​មាន​មនុស្ស​រ៉ាប់​រយ​នាក់​មក​ធ្វើ​ការ​រហូត​មក​ទល់​ បច្ចុប្បន្ន​នេះ​។

បច្ចុប្បន្ន​ភាព

លោក​ឈាង សុភក្តិ ​អាយុ​៣០​ឆ្នាំ​ និង​បាន​រៀបការ​ឆ្នាំ​២០០៦​ ​ជាមួយ​ភរិយា​មាន​ឈ្មោះ ស្រី ​ជា​សុផល្លា។ លោក​​មាន​បុត្រី​ ២​នាក់​ហើយ។ សព្វ​ថ្ងៃ​នេះ ​គាត់​ជា​​ប្រធាន​​ក្រុមហ៊ុនពីរ​ គឺ​​ ​Master Asia ដែល​មាន​ប្រតិបត្តិការ​ Mobile Content Provider (Call Center Outsource) និង​​ក្រុមហ៊ុន​​​ Master Solution Internet ដែល​មាន​ប្រតិបត្តិការ​ (Internet provider)។ ក្រុម​ហ៊ុន​ទាំង​ពី​រ​នេះ ​​​អាច​មាន​ប្រាក់​ចំណូល​ប្រមាណ​ជា​កន្លះ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ។

បទពិសោធន៍​ជីវិត

ក្នុង ​ជីវិត​របស់​ខ្ញុំ​ បើសិនជា​កាលណោះ​ម្ដាយ​របស់​លោក​គ្មាន​ការ​ប្ដេជ្ញា​ខ្ពស់​ហ៊ាន​ជម្នះ​គ្រប់​ ឧបសគ្គ​ដើម្បី​ឲ្យ​លោក​រៀន​សូត្រ​ទេ ម្ល៉េះ​លោក​​នឹង​គ្មាន​ថ្ងៃ​នេះ​ទេ។​​ គ្មាន​លទ្ធផល​បាន​​ធ្វើ​ឲ្យ​ក្រុម​​​​គ្រួសាររបស់​លោកនៅ​ឯ​ ខេត្ត​សៀម​រាប ​មាន​មោទនភាព​​យ៉ាង​​ខ្លាំង។​ ​អ្នក​ដែល​​រិះគន់​បង្អាប់​ម្ដាយ​របស់លោក​ក៏​​ភ្លឺ​ភ្នែក​ដែរ។​ ចំណែក​ការ​វិនិយោគ​របស់​ម្ដាយ​លោក​មក​លើ​រូប​លោក​គឺ​មាន​ន័យ​ថា ​​ត្រឹម​ត្រូវជា​ទី​បំផុត​។

រឿង​មួយ​ទៀត​ដែល​លោក​​បាន​ដឹង​ និង​ចងចាំ​បំផុត​ក្នុង​ដំណាក់​កាល​រៀន​សូត្រ​ គឺ​និស្សិត​ដែល​រៀន​នៅ​ឆ្នាំ​ទី​៣​ ជា​ពេលវេលា​ដំណាក់​ដែល​អ្នក​ផ្ទះ​អស់​​លទ្ធភាព​នឹង​ផ្គត់ផ្គង់​ហើយ។​ ដូច្នេះ​បុគ្គលិក​ក្រុមហ៊ុន​លោក​​ជាង​១០០​នាក់​ គឺ​សុទ្ធ​តែ​ជា​និស្សិត​ដែល​រៀន​នៅ​ឆ្នាំ​ទី​២ ឬ​ទី​៣ ​ទាំង​អស់​ ព្រោះ​លោក​​ចង់​ផ្ដល់​ធនធាន​ឲ្យ​ពួក​គាត់ ជៀសវាង​ការលំបាល់ រហូត​​បោះបង់​ចោល​ការ​សិក្សា​ដោយសារ​កត្តា​ជីវភាព​។

ការ​ចែករំលែក​ចំណេះ​ដឹង

“កើត ​មក​ក្នុង​ត្រកូល​អ្នក​ក្រ ​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ ប៉ុន្តែ​ស្លាប់​ទៅ​វិញ​ក្រ​នោះ​ គឺ​​ជា​កំហុស​របស់​អ្នក”​​។ នេះ​ជា​សុភា សិត ​របស់​មនុស្ស​​ល្បី​ក្នុង​​​ពិភពលោកម្នាក់។​ សម្រាប់រូប​​លោក​ ឈាង សុភក្តិ​ចង់​បង្ហាញ​ដល់​​យុវជន​ខ្មែរ​ទាំង​អស់​ថា កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ។​ គ្មាន​អ្វី​ដែល​មនុស្ស​​ធ្វើ​មិន​កើត​នោះ​ទេ​។ ឲ្យ​តែ​ការ​ធ្វើ​នោះ​ប្រកប​ដោយ​ការ​​ប្ដេជ្ញាចិត្ត​ ​និង​មាន​សុឆន្ទៈ​ពិត​ប្រាកដ​ នោះ​គេ​នឹង​អាច​សម្រេច​បាន​​ដល់​ជោគជ័យ។

ចំណុច ​សំខាន់​មួយ​ទៀត​ដែលលោក​ចង់​ចែក​រំលែកដែរ​ គឺ​​មនុស្ស​មិន​អាច​កំណត់​ថា​ថ្ងៃ​នេះ​​ក្រ​ ហើយ​ថ្ងៃ​​ស្អែក​ត្រូវ​ក្លាយ​​ជា​អ្នក​មាន​ភ្លាម​ៗ​នោះ​ទេ។ គេ​​ត្រូវ​ស្វែង​រក​វិធី​ និង​ដើរ​ម្ដង​មួយ​ជំហានៗ​​រហូត​ដល់​សម្រេច​បាន​​ទិសដៅ។ ជួន​កាល់​អាច​ស៊ី​ពេល​អស់​៣​ថ្ងៃ, ៥​ថ្ងៃ,​ ៧​ខែ, ឬ​១០​ឆ្នាំក៏​មាន​​ ទើប​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ​ការ​បោះជំហាន​ត្រូវបទ​បែន​​ទៅ​​តាម​ស្ថាន​ភាព​ជាក់ស្ដែង ​ជា​​ពិសេស​ទោះជា​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ​ ក៏​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ដែរ ។ លោក ​ឈាង សុភក្តិ ផ្តាំ​ផ្ញើ​​ថា៖ “​ភាព​ទាល់​ច្រក​គ្មាន​ទេ សម្រាប់​មនុស្ស​ជោគជ័យ​!”​។

អត្ថបទ​៖​កង ចាន់​បញ្ញា

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. 1 Comment »

លោក​តែ ឡូរិន​៖«ក្នុង​ការ​ធ្វើ​ជំ​នួញ​យើង​ត្រូវ​ធ្វើ​ឲ្យ​ដល់​គោលដៅ​កុំ​បើក​ហើយ​ដើម្បី​បិទ»​


លោកតែ ឡូរិន បច្ចុប្បន្នជាសកលវិទ្យាធិការនៃសកលវិទ្យាល័យWesternក្រុងភ្នំពេញលោកតែ ឡូរិន បច្ចុប្បន្នជាសកលវិទ្យាធិការនៃសកលវិទ្យាល័យWesternក្រុងភ្នំពេញ

នៅ​ក្នុង​​កម្មវិធី​​ជីវិត​​ជោគជ័យ​​នា​រាត្រី​​ថ្ងៃ​​អង្គារ​​ទី​ ​៨​​ខែ​​មករា​​ឆ្នំា​​២០១៣​​នេះ​​ញឹម សុផល ​​សូម​ណែ​នាំ​​លោកអ្នកនាង​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យស្គាល់​នូវ​ ដំណើរជីវិត​របស់​លោក​តែ ឡូរិន បច្ចុប្បន្ន​​ជាសកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​Western​ក្រុងភ្នំពេញ​។ទំរំា ​​ក្លាយ​ខ្លួន​​ជា​​អ្នក​វិនិយោគ​មួយរូប​លើ​វិស័យ​អប់រំ​ដែលមាន​ទឹកប្រាក់​ រាប់លាន​ដុល្លារ​លោក​តែ ឡូរិន​ បាន​តស៊ូ​​ប្រឹងប្រែង​យ៉ាងខ្លាំង​ចាប់តាំងពី​ជីវិត​ជាជនភៀសខ្លួន​នៅតាម​ ជំរុំ​ជាយដែន​ខ្មែរថៃ​រហូត​ដល់​​ធ្វើជា​អ្នកបំរើ​នៅភោជនីយដ្ឋាន​នៅ​ប្រទេស​ បារាំង​និងស្គាល់​គ្រប់រស់ជាតិ​ទាំងអស់​នៃ​ក្តី​វេទនា​​។

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

នៅពី​ក្រោយ​​ជោគជ័យ​​របស់​​ពាណិជ្ជករ​ដែល​មាន​ចំណូល​៧​លាន​ដុល្លារ​​ក្នុង​១ឆ្នាំ


មិត្ត​អ្នក​អាន​ពិតជា​ធ្លាប់​ស្គាល់​រសជាតិ​ បឺហ្គឺ របស់​ BB world ប៉ុន្តែ​មិន​​ធ្លាប់​ស្គាល់​ជីវិត​ អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​ច្បាស់​នៅ​ឡើយ​ទេ​។

ពី ​កុមារ​​ដែល​​បាន​​បោះបង់​​​ការ​​សិក្សា​​​​​ត្រឹម​​​ថ្នាក់​ទី​៧​ហើយ​​ ប្រែក្លាយ​ជីវិត​របស់​ខ្លួន​មក​ជា​អ្នកប្រកបអាជីវកម្ម​ប្រកប​ដោយ​​ជោគជ័យ​ ពិសេស​​មក​ទល់​នឹង​​ពេល​​នេះ​ក្រុមហ៊ុន​របស់​លោក​មាន​ចំណូល​ប្រចាំ​ ឆ្នាំប្រមាណ​​៧​លាន​ដុល្លារ​។

តើ​ខ្សែ​ជីវិត​របស់​លោក​​យ៉ាងណា​ខ្លះ​?

លោក​គួច សុខលី កើត​​​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​១៩៧៧ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ លោក​ឪពុក​ឈ្មោះ គួច ពាង ម្ដាយ​ឈ្មោះ យៀង អេង ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៥​នាក់។​​ គ្រួសារ​របស់​លោក​មាន​មុខ​របរ​​ បើកលក់​ដូរ​ គ្រឿង​ញ៉ាំ​​បន្តិច​បន្តួច​។

កុមារ​ភាព​

នៅ ​ឆ្នាំ​១៩៨២ ​ឪពុក​ម្ដាយ​របស់​លោក​បាន​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​មក​រស់នៅ​រាជធានី​ ភ្នំពេញ​ ព្រោះ​ឪពុក​លោក​យល់​ថា ជា​ទី​កន្លែង​ងាយស្រួល​ប្រកប​មុខ​របរ​រក​ស៊ី និង​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​រៀនសូត្រ​។ នៅ​ឆ្នាំ​១៩៨៣ លោក​បាន​ចូលរៀន​​ថ្នាក់​មត្តេយ្យនៅ​សាលា​វត្ត​កោះ។ ​​​ឆ្នាំ​១៩៨៦ ឪពុក​ម្ដាយ​របស់​លោក​បាន​ចាប់​ផ្ដើម​បង្កើត​ហាង​នំប៉័ង​មួយ​ឈ្មោះ​ ៣A (​មក​ទល់​បច្ចុប្បន្ន​)​។

សម្រេច​ចិត្ត​ឈប់​រៀន​ដើម្បី​​ទៅ​បំពេញ​​ក្ដី​ស្រមៃ​

ជា ​កូន​អ្នក​រកស៊ី​ ការងារ​នៅ​ផ្ទះ​ក៏​ច្រើន​ ដូច្នេះ​លោក​ត្រូវ​ឆ្លៀត​ពេល​ខ្លះ​ជួយ​ការងារ​ផ្ទះ ​និង​ហាង​នំប៉័ង ក្រៅ​ពី​នេះ​ទើប​ឆ្លៀត​ពេល​រៀន​។ ដោយសារ​គំនិត​ជា​សហគ្រិន មាន​តាំង​ពី​កំណើត​ លោក​តែងតែ​​ស្រមើស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រក​ស៊ី​ដោយ​ខ្លួន​ឯង។​​ នៅ​ឆ្នាំ​១៩៩៥​ ក្នុង​វ័យ​១៤​ឆ្នាំ​លោក​បាន​សម្រេច​ចិត្ត​ឥត​ស្ដាយ​ក្រោយ​ គឺ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧ ​ដើម្បី​ឈាន​ជើង​ទៅ​រក​សេចក្ដី​ស្រមៃ​ ដែល​ខ្លួន​ស្រឡាញ់​គឺ​ប្រលូក​ចូល​សង្គម ដើម្បី​ក្លាយ​ជាអ្នក​រកស៊ី​ម្នាក់​​។

​ជួប​ដៃគូ​ដែល​មាន​ចិត្ត​ដូចគ្នា​

ដោយសារ ​នៅ​មាន​វ័យ​ក្មេង​ពេក​ យុវជន​ ​រូប​នេះ​ក៏​បាន​សម្រេច​ចិត្ត​យក​ពេល​វេលា​ជួយ​ធ្វើ​ការងារ​ហាង​នំប៉័ង​ និង​ឆ្លៀត​ពេល​រៀន​ភាសា​ចិន​ នៅ​សាលា​ទួនហ្វា​។ ក្រោយ​រយៈ​ពេល​៣​ឆ្នាំ​ លោក​បាន​ជួប​យុវជន​មួយ​រូប​ ដែល​មាន​គំនិត​ស្រដៀង​លោក​ហើយ​មាន​ឆន្ទៈ​ដូចគ្នា​។ នេះ​អាច​រាប់​ថា ចំណុច​ចាប់​ផ្ដើម​ជីវិត​ប្រឡូក​ក្នុង​សង្គម​របស់​លោក​ និង​ដៃគូ​ល្អ​គឺ​លោក ​ជី សិលា ដែល​មាន​ចិត្ត​គំនិត​ដូចគ្នា​ គឺ​ចង់​ក្លាយ​ជា​​អ្នក​រកស៊ី​។​

ដៃគូ​ល្អ​មិន​បោះបង់​ចោល​គ្នា​ ទោះ​មាន​ការងារ​ធ្វើ​មុន​ក៏​ដោយ​

ឆ្នាំ​១៩៩៤ ​ដៃគូ​របស់​លោក​បាន​ចូល​ប្រឡង​ចូល​ធ្វើ​ការងារ​មុន​លោក​ប្រមាណ​១​ឆ្នាំ​នៅ​ក្នុង​ក្រុមហ៊ុន​ទេសចរណ៍​Peninsula ។ ដោយ​ចិត្ត​អន្ទះសា​យុវជន​វ័យ​ក្មេង​រូប​នេះ នៅ​ឆ្នាំ​១៩៩៥​ បាន​សម្រេច​ចិត្ត​ឈប់​រៀន​ជា​លើក​ទី​២ និង​យក​ចំណេះ​ដឹង​ភាសា​ចិន​តិចតួច​ ធ្វើ​ជា​ដើម​ទុន​ប្រឡូក​ក្នុង​ការងារ​ជាមួយ​លោក​ ជី សិលា​ ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ទទួល​បៀវត្សរ៍​ត្រឹម​៧០​​ដុល្លារ​។

មិន​យក​លុយ​ឪពុកម្ដាយ​មក​រកស៊ី

លោក ​ក៏​មិន​ខុស​មនុស្ស​ដទៃ​ដែរ គឺ​ចង់​រកស៊ី​ពី​បាត​ដៃ​ទទេ​ មិន​ចង់​ពឹង​ពាក់​លុយ​របស់​ម៉ែឪ​ឡើយ។ ដោយសារ​លោក​ចេះ​ភាសា​ចិន​ខ្លះ​ដែរ​នោះ លោក​ត្រូវ​បាន​ក្រុមហ៊ុន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​ អ្នក​នាំ​ភ្ញៀវ​ (Guide) ទៅ​ក្រៅ​ប្រទេស និង​ទទួល​​ភ្ញៀវ​ចិន​មក​​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​។

ធ្វើ​មនុស្ស​ត្រូវ​ចេះ​ចាប់​យក​ឱកាស

រយៈ ​ពេល​ធ្វើ​ជា​អ្នកនាំ​ភ្ញៀវ​ យុវជន ​សុខ​លី មិន​បាន​ព្រងើយ​កន្តើយ​ឡើយ​ គឺ​លោក​បាន​​​ចាប់​ច្បាម​យក​ឱកាស​នេះ​ ធ្វើ​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​នៅ​ក្រៅ​ប្រទេស​ដែល​ចង់​រកស៊ី​នៅ​កម្ពុជា និង​ឆ្លៀត​ឱកាស​រៀន​សូត្រ​ពី​ការ​រកស៊ី​នៅ​ប្រទេស​ជឿនលឿន​ជា​ច្រើន​ ដូចជា​នៅ​ទីក្រុង​ហុងកុង សិង្ហបុរី ម៉ាឡេស៊ី ជាដើម​ ដើម្បី​ស្វែង​យល់ ​និង​រៀន​សូត្រ ពី​ការ​វិវត្តន៍​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​នោះ​។

ឱកាស​មក​ដល់​ តែ​មិន​​សក្តិ​សម​សម្រាប់​ជីវិត​របស់​ពួក​លោក​

នៅ ​ដើម​ឆ្នាំ​១៩៩៦ ​មាន​ថៅកែ​ក្រុមហ៊ុន​ជនជាតិ​តៃវ៉ាន់​ម្នាក់​ បាន​ទាក់ទង​ពួក​លោក​ទាំង​ពីរ​ ពឹងពាក់​ឲ្យ​ជួយ​ធ្វើ ​ជា​អ្នក​គ្រប់គ្រង​ នៅ​រង្គសាល​របស់​គេ​ឈ្មោះ​ វិមាន​ចរណៃ​ (ក្រោយ​ពេទ្យ​ចិន) ។

​ចាប់​ ផ្ដើម​ជាមួយ​ប្រាក់​ខែ​ថ្មី​ប្រហែល​១០០​ដុល្លារ​ ប៉ុន្តែ​ស្ថាន​ភាព​ការងារ​លំបាក​ គឺ​ត្រូវ​ធ្វើ​​ចាប់​ពី​ក្បាល​ព្រលប់​ ដល់​ ភ្លឺ​ ហើយ​ត្រូវ​ទទួល​ភ្ញៀវ​ ជា​ប្រចាំ​ហើយ​ភ្ញៀវ​មួយ​ចំនួន​​​​មាន​ចរិត​មិន​ល្អ​​ទេ។ ការងារ​មិន​លំបាក​ទេ​សម្រាប់​លោក ប៉ុន្តែ​អ្នក​មាន​​គំនិត​សហគ្រិន ​លោក​តែងតែ​មាន​អារម្មណ៍​ធុញថប់​ ហើយ​គិត​​​​ថា​មិន​​សក្តិ​​សម​សម្រាប់​ជីវិត​របស់​លោក​ទាល់​តែ​សោះ​។

ការងារ​ថៅកែ​លេប​សន្យា​

មិន ​យូរ​ប៉ុន្មាន​នៅ​ដើម​ឆ្នាំ​១៩៩៧ ​ថៅកែ​ក្រុមហ៊ុន​តៃវ៉ាន់​ម្នាក់​ ​ដែល​ចង់​រកស៊ី​នៅ​កម្ពុជា បាន​ទាក់ទង​ជាមួយ​លោក ​និង​លោក​ជី សិលា ធ្វើ​ជា​បុគ្គលិក​ និង​ជួយ​ការងារ​ឲ្យ​ ក្រុមហ៊ុន​កាត់​អក្សរ​ដោយ​កុំព្យូទ័រ​ឈ្មោះ​ Song u art​។ ​លោក​បាន​ទទួល​បៀវត្សរ៍​ ១៥០​ដុល្លារ​ក្នុង​១​ខែ ទទួល​បាន​ការ​សន្យា​ថា ​នឹង​​ទទួល​បាន​​ភាគរយ​នៃ​ប្រាក់​ចំណេញ​​ខ្លះ​។

ថ្ងៃទី​៥-៦​​ខែ​ កក្កដា​ ឆ្នាំ​១៩៩៧ ទោះ​មាន​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​​ក្រុង​ភ្នំពេញ​​ក្ដី ក៏​ក្រុមហ៊ុន​មួយ​នេះ​បាន​ដំណើរការ​ដដែល​ ប៉ុន្តែ​ ដោយ​ពុំ​ឃើញ​ការ​គោរព​សន្យា​ពី​សំណាក់​ថៅកែ​រូប​នោះ​ ខណៈ​លោក​ជា​អ្នក​កាន់កាប់​ឲ្យ​ដំណើរ​ការ​ ប៉ុន្តែ​ប្រាក់​ចំណេញ​ប៉ុន្មាន ​គឺ​ត្រូវ​ក្រសោប​យក​ទាំង​ស្រុង​​ ពេល​នោះ​លោក​ និង​ដៃ​គូ​បាន​សម្រេច​ចិត្ត​ដើរ​​ចេញ​​ដោយ​អស់​សង្ឃឹម​។

ទស្សនៈ​វែងឆ្ងាយ​ និង​មើល​ឃើញ​ឱកាស​

មិនមែន ​ជា​រឿង​ចៃដន្យ​ទេ លោក​បាន​រក​ឃើញ​មុខ​របរ​ថ្មី​មួយ​តាម​រយៈ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ប្រទេស​ ជឿនលឿន​ លោក​បាន​សង្កេត​ឃើញ​ថា ការ​ចាក់​តន្ត្រី​ប្រទេស​គេ​បាន​ប្រើប្រាស់​ជា​ប្រភេទ​ស៊ីឌី​អស់​ហើយ​ ប៉ុន្តែ​ប្រជាជន​កម្ពុជា​នៅ​​ប្រើប្រាស់​ជា​កាសែត​ម៉ាញ៉េ ម្យ៉ាង​ទៀត​ដោយសារ​ឧបករណ៍​ចាក់​ស៊ីឌី​នៅ​ពេល​នោះ​​មាន​តម្លៃ​ថ្លៃ​ពេក​ ប៉ុន្តែ​លោក​ទាំង​ពី​គិត​ថា កម្ពុជា​គង់​ដើរ​ទៅ​ដល់​ចំណុច​នោះ​ដូច​គេ​ដែរ​។

ខ្ចី​បុល​ ដើម្បី​រកស៊ី​

ដោយ ​មាន​ភាព​ជា​សហគ្រិន​ លោក​និង​ដៃគូ បាន​ប្រើប្រាស់​គំនិត​បែប​សុទិដ្ឋិនិយម​ថា នៅ​ថ្ងៃ​ខាង​មុខ​កម្ពុជា​ក៏​នឹង​មាន​តម្រូវការ​ប្រើប្រាស់​ស៊ីឌី ដូច​បណ្ដា​ប្រទេស​ជឿនលឿន​ជា​ច្រើន​ទៀត​។ លោក​និង​ដៃ​គូរបាន​សម្រេច​ចិត្ត​បង្កើត​ហាង ពិភព​ស៊ីឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ ជិត​ស្តុប​ពេទ្យ​ចិន​ ដោយ​ចាប់​ផ្ដើម​ដំបូង​ត្រឹម​ ៥០០​ដុល្លារ ​ម្នាក់​​។

ប៉ុន្តែ​ការ​ អនុវត្ត​ខុស​ពី​ការ​គិត​ទាំង​ស្រុង​ ប្រាក់​១ពាន់​ដុល្លារ​មិន​អាច​ប្រើប្រាស់​គ្រប់គ្រាន់​ឡើយ​ ដូច្នេះ​លោក​និង​ដៃគូ​បាន​សម្រេច​ខ្ចី​លុយ​ពី​ឪពុក​ម្ដាយ​ ទាំង​សងខាង​បន្ថែម​ ។ ទោះ​ជា​មាន​ការ​​បន្ថែម​ក៏​ដោយ​ ហាង​របស់​​លោក​នា​ពេល​នោះ​អាច​​ទិញឌីសបាន​​ត្រឹម​៥០​បន្ទះ​ប៉ុណ្ណោះ​មក​ដាក់ ​តាំង​លក់​។

ទេវតា​នឹង​ជួយ​អ្នក​បើសិនជា​អ្នក​​ជួយ​ខ្លួន​ឯង​ជា​មុន​

មិន ​ខុស​អ្វី​ពី​ការ​គិត​របស់​លោក​និង​ដៃគូ​ប៉ុន្មាន​ តម្រូវ​ការ​ស៊ីឌី​មាន​ការ​កើន​ឡើង​ជា​បណ្ដើរ​ៗ​ពី​ភ្ញៀវ​បរទេស​ លោក​អាច​ត្រឹម​យក​ប្រាក់​ពី​ការ​លក់​បាន​ទៅ​បង្វិល​ទិញ​ស៊ីឌី ពី​ក្រៅ​ប្រទេស​ចូល​មក​វិញ​។ កាលៈទេសៈ​ពេល​នោះ​ មាន​ជនបរទេស​ជាច្រើន​មក​ធ្វើការ​នៅ​កម្ពុជា​ មុន​ពេល​ពួកគេ​ត្រលប់​ទៅ​វិញ​បាន​​ប្រគល់​ស៊ីឌី​ចម្រៀង​ជា​ច្រើន​ឲ្យ​ ពួកគាត់​ទុក​លក់​ ​ដែល​នេះ​ជា​ការ​ផ្ដល់​ទុន​បន្ថែម​ឲ្យ​លោក​យ៉ាងដូច្នេះ​ដែរ​។

ទីផ្សារ ​ស៊ីឌី​ហាក់​ចាប់​ផ្ដើម​ហក់ឡើង​យ៉ាង​គំហុក​ធ្វើ​ឲ្យ​ហាង​របស់​លោក​ក្លាយ​ជា​ គោលដៅ​តែ​មួយ​សម្រាប់​ការ​ទិញ​ ពេល​នោះ​លោក​ចាប់​ផ្ដើម​មាន​គំនិត​នាំ​ចូល​ម៉ាស៊ីន​ចម្លង​ ​ស៊ីឌី​បទចម្រៀង​ចាស់​ៗ​។

ពី​ហាង​លក់​ស៊ីឌី​តូចតាច​ ជា​ហាង​បោះ​ដុំ​ស៊ីឌី​មុន​គេ

រយៈ ​ពេល​១​ឆ្នាំ​ក្រោយ​ទីផ្សារ​ស៊ីឌី​ចាប់ផ្ដើម​ត្រូវ​ប៉ាន់​ខ្លាំង​ លោក​ចាប់​ផ្ដើម​ចម្លង​ស៊ីឌី​បោះ​តាម​ផ្សារ​ធំ​ៗ​ជា​ពិសេស​ផ្សារ​ទួល​ទំពូង​ ដែល​ជា​ទីផ្សារ​​មាន​តម្រូវ​ការ​ច្រើន​ជាង​គេ​។

គំនិត​ជា​សហគ្រិន​មិន​ឈប់​ត្រឹម​នេះ​ឡើយ​

ការ ​រកស៊ី​ចេះ​តែ​កាក់កប​ ប៉ុន្តែ​ជា​សហគ្រិន​​មិន​​ស្កប់ស្កល់​ត្រឹម​ប៉ុណ្ណឹង​ឡើយ​ មាន​មិត្ត​របស់​លោក​មក​ពី​ប្រទេស​ម៉ាឡេស៊ី បាន​ណែនាំ​លោក​ឲ្យ​បើក​ហាង ​លក់​បឺហ្គឺ ព្រោះ​នៅ​កម្ពុជា​នា​ពេល​នោះ​មិន​ទាន់​មាន​នៅឡើយ​ទេ​ ហាង​អាហារ​បែប​ហ្វាសហ្វូត​។

លោក​និង​ដៃគូ​ចាប់​អារម្មណ៍​ ហើយ​បាន​សិក្សា​និង​ស្វែង​យល់​ខ្លះ​ៗ ប៉ុន្តែ​ជា​អកុសល​មិត្ត​ម្នាក់​នោះ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​ ក្នុង​ពេល​ត្រលប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​។

ហ៊ាន​ជួល​ដី​ទាំង​មិន​ដឹង​ថា ធ្វើ​អ្វី​បាន​ចំណេញ​មក​វិញ​

លោក ​ គួច​ សុខលី​ ជា​មនុស្ស​ម្នាក់​មិន​ស្ងៀម​ឡើយ។​​ នា​រសៀល​មួយ​ពេលលោក​​អង្គុយ​លេង​មុខ​ហាង​ស៊ីឌី ឃើញ​ស្លាក​ដាក់​លក់ដី​វាល​ដ៏​ធំ​មួយ​ចំ​កែង​ផ្លូវ​ ពេទ្យ​ចិន ​(​អគារ​៤២​ជាន់​កំពុង​សាងសង់​បច្ចុប្បន្ន​)។ លោក​បាន​និយាយ​លេង​ថា ដី​នេះ​ប្រហែលថ្លៃ​ហើយ​ ទើប​គ្មាន​អ្នក​ជួល​ ។

ពេល​នោះ​លោក​និង​ដៃ​គូ ​​ បាន​គិត​គ្នា​រួច ក៏​ទូរស័ព្ទ​ទៅ​សួរ​ម្ចាស់​ដី​ពី​តម្លៃ​ ហើយ​គេ​ប្រាប់​មក​វិញ​ថា តម្លៃ​ ៣ពាន់​ដុល្លារ​ក្នុង​១​ខែ។ ពេល​នោះ​ មិន​ដឹង​ថា​ មាន​អ្វី​មក​ជំរុញ​ចិត្ត​លោក​ និង​ លោក ​សិលា ទេ ប៉ុន្តែ​ពួក​លោក​បាន​​សម្រេច​យក​លុយ​ទៅ​កក់​ទាំង​ព្រលឹម​ដល់​ផ្ទះ​ម្ចាស់​ដី តែ​ម្ដង​ ទាំង​មិន​ដឹង​ថា យក​ដី​ទៅ​ធ្វើ​អ្វី​ទើប​ទទួល​បាន​កម្រៃ​មក​វិញ​នោះ​ទេ ។

អាច​ថា​ជា​ សំណាង​ដែរ ម្ចាស់​ដី​នោះ​រាប់​អាន​គ្នា​ជាមួយ​ម្ដាយ​លោក​ជី សិលា ពេល​នោះ​ម្ចាស់ដី​បាន​បន្ធូរបន្ថយ​ប្រាក់កក់​ជា​ច្រើន​ និង​ព្រម​ជួល​​ដី​នោះ​ឲ្យ​ពួក​លោក​។

ហាង​បឺហ្គឺ​ទី​១ បាន​លេច​ជា​រូបរាង​ឡើង​យ៉ាង​ប្រផុតប្រផើយ​

ក្រោយ ​ពី​បាន​ដី​មក​កាន់កាប់​ហើយ ដោយ​​ធ្លាប់​មាន​គំនិត​គិត​ថា ប្រជាជន​កម្ពុជា​នឹង​ឈាន​ទៅ​រក​ភាព​ស៊ីវិល័យ​ ដូច​ដែល​លោក​បើក​ហាង​ស៊ីឌី មុន​គេ​ដូច្នេះ​ដែរ​ ​គំនិត​​ក្នុង​ការ​បើក​ហាង​បឺហ្គឺ​ ជំហាន​នេះ​នាំ​ឲ្យលោក​​លោត​ចូល​ក្នុង​ទីផ្សារ​ហ្វាសហ្វូត​​បាន​មុន​គេ​នៅ​ កម្ពុជា​ដែរ​។

មើល​តែ​គេ អាច​ចេះ​ដែរ​ឲ្យ​តែ​មាន​ឆន្ទៈ​

ដោយ​គ្មាន​បទពិសោធន៍​លោក ​និង​ដៃគូ​ ចែក​ការងារ​គ្នា​ធ្វើ​គឺ​ លោក មើលការខុសត្រូវ​​ការដ្ឋាន​សំណង់​ និង​លោក​ សិលា បាន​​ធ្វើ​ដំណើរ​​​ទៅ​ប្រទេស​ម៉ាឡេស៊ី សាំងហ្គាពួរ​ ថៃ ដើម្បី​មើល​ទាំង​វិធី​លក់ ​និង​វិធី​ផលិត​បឺហ្គឺ​ សាកល្បង​ឲ្យ​បាន​គ្រប់​រសជាតិ​ ការ​តុបតែង ​និង​ការ​បម្រើ​សេវាកម្ម​នៅ​ហាង​របស់​ប្រទេស​គេ ទើប​យក​ដាក់​ឲ្យ​ដំណើរការ​​ក្នុង​ហាង​របស់​លោក។

មនុស្ស​មិន​ទាល់​ច្រក​ទេ

គម្រោង ​សាងសង់​ហាង​នេះ​ លោក​គិត​ពី​ដំបូង​ ​ចំណាយ​ត្រឹម​តែ​៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ចំណាយ​បាន​ឡើយ​ដល់​៨​ម៉ឺន​ដុល្លារ​។ គម្រោង​ដើរ​ដល់​៩០​ភាគរយ​ លោក​បែរ​អស់​លុយ​ពី​ខ្លួន​រលីង​ពេល​នោះ​គឺ​មាន​តែ​បោះបង់​ចោល​ត្រឹម​នោះ​ ប៉ុណ្ណោះ​។

ពេល​នោះ​លោក ​និង​ដៃគូ​បាន​ពិភាក្សា​គ្នា​សម្រេច​ចិត្ត​ទូរស័ព្ទ​ប្រាប់​ម្ចាស់​ដី​តាម​ ត្រង់​ ប៉ុន្តែ​ដោយ​ហេតុ​តែ​ការ​រាប់អាន​រវាង​មនុស្ស​ចាស់​ និង​និស្ស័យ​របស់​ពួក​លោក​ជាមួយ​ម្ចាស់​ដី​ ពេល​នោះ​ម្ចាស់​ដី​បាន​សួរ​​ថា បើ​គ្មាន​លុយ​ក្មួយ​ឯង​គិត​យ៉ាង​ម៉េច​ទៀត?​​​ ពេល​នោះ​លោក​គ្មាន​យោបល់​សោះ​ រហូត​ដល់​ម្ចាស់​ដី​ ប្រាប់​ថា “បើ​គ្មាន​លុយ​ មីង​ឲ្យ​ខ្ចី និង​បង្វិល​លុយ​កក់​ឲ្យ​ប្រើប្រាស់​វិញ​ ព្រោះ​ ខ្ញុំ​ចូល​ចិត្ត​ក្មេង​ៗ​ដែល​ចេះ​រកស៊ី​ណាស់​”។

សំដី​ខាង​លើ​នេះ​ដូចជា​ទេវតា​មក​ប្រោស​អីចឹង​ដែរ មនុស្ស​អស់​សង្ឃឹម​ហើយ​បែរ​ជា​បាន​ទទួល​មក​វិញ​ ​នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​។

ធ្វើជាថៅកែ​ផង​ និងជា​អ្នក​រត់​តុ​ផង​

នៅ ​​ដើម​ឆ្នាំ​ឆ្នាំ​២០០០ ហាង​បឺហ្គឺ ដ៏​ធំ​មួយ​ឈ្មោះ​ BB World បាន​ចាប់​ផ្ដើម​​​ដំណើរ​ការ​លក់​ជា​ផ្លូវ​ការ​​ ជាមួយ​បុគ្គលិក​មិន​ដល់​៥​នាក់​ផង​។

លើស​ពី​ការ​រំពឹង​ទុក​របស់​លោក​ ពេល​នោះ​មនុស្ស​មក​ច្រើន​រហូត​ដល់​បុគ្គលិក​បម្រើ​មិន​ទាន់ ពេល​នោះ​ លោក​និង​ដៃ​គូ​ មិន​បាន​ប្រកាន់​ខ្លួន​ថា ថៅកែ​នោះ​ទេ មាន​គោល​បំណង​តែ​មួយ​គត់​គឺ​បម្រើ​អតិថិជន​ឲ្យ​បាន​ដិត​ដល់​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ដោយ​មាន​ពេល​ខ្លះ​ លោក​ក្លាយ​ជា​អ្នក​រត់​តុ​ ពេល​ខ្លះ​ក្លាយ​ជា​អ្នក​ធ្វើ​អនាម័យ​ទៀត​ផង​។

សាក​ទើប​ដឹង​

នា ​ឆ្នាំ​២០០២​ ផ្សារ​ទំនើប​សុរិយា​កំពុង​តែ​ដំណើរ​ការ​សាងសង់​ លោក​និង​ដៃគូ​បាន​មើល​ឃើញ​ឱកាស​ដ៏​ធំ​មួយ​ដែល​ធ្លាប់​ឃើញ​នៅ​បរទេស​ នៅ​ក្នុង​ផ្សារ​ទំនើប​តែងតែ​មាន​ហាង​ បឺហ្គឺ​ ភីហ្សា​ជាដើម​។​

ពេល​ នោះ​លោក​បាន​ទំនាក់​ទំនង​គេ​ប៉ុន្តែ​មិន​សូវ​សង្ឃឹម​ទេ ព្រោះ​មាន​​គូប្រជែង​មួយ​ដែល​គេ​មាន​អាទិភាព​ជាង​ ប៉ុន្តែ​ដោយ​គេ​ចរចា​មិន​ត្រូវ​គ្នា ឱកាស​ដ៏​ល្អ​នេះ បាន​ធ្លាក់​មក​លើ​ក្រុមហ៊ុន​របស់​លោក​។

២​ខែ បើក​ហាង​២

នៅ ​ខែ​​កុម្ភៈ ឆ្នាំ​២០០៣ ហាង​បឺហ្គឺ​ទី​២​សាខា​ផ្សារ​ទំនើប​សុរិយា​ បាន​ដំណើរការ​​ និង​បន្ទាប់​ទៀត​ហាង​កាហ្វេ​ទំនើប​មួយ​កន្លែង​ ឈ្មោះ ជុង ង្វៀង នៅ​ជិត​អាង​ទឹក​អូឡាំពិក​ បាន​ដំណើរ​ការ​ និង​បាន​ពង្រីក​ជា​បន្តបន្ទាប់​មក​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

បច្ចុប្បន្ន​ភាព

លោក​គួច សុខលី ​អាយុ​៣៦ ឆ្នាំ ភរិយា​ឈ្មោះ​ វ៉ា សាមឿន មាន​បុត្រ​៣​នាក់ មាន​ក្រុមហ៊ុនមួយ​​ ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ​៧​លាន​ដុល្លារ​។

សព្វថ្ងៃ ​ជា​​នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន ​CBM Cooperation ជា​ក្រុមហ៊ុន​ផ្ដោត​លើ​សេវាកម្ម​អាហារ​ ដែល​មាន​ពាណិជ្ជ​សញ្ញា​ល្បីៗ​​ ដូចជា​ BB World, Pizza World ,T&C Coffee , Khmer food village , Tour les Jours ,ជាដើម​។ ក្រោម​ពាណិជ្ជ​​សញ្ញា​​​​​ជាង​១០​ កន្លែង (​ជា​ហាង​ដែល​មាន​ទីតាំង​នៅ​ដាច់​​ដោយ​ឡែក) និង ២០​កន្លែង​ទៀត​​គឺ​ស្ថិត​នៅ​​តាម​មណ្ឌល​ពាណិជ្ជកម្ម​ធំ​ជា​ច្រើន​។

ផែនការ​អនាគត​

ក្រុមហ៊ុន ​CBM cooperation ជា​ក្រុមហ៊ុន​នាំ​មុខ​គេ លើ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ ​និង​ជា​ក្រុមហ៊ុន​ដែល​មាន​ហាង​ច្រើន​ជាង​គេ​ដែរ​ ។ សម្រាប់​ឆ្នាំ​២០១៣​នេះ ហាង​នំប៉័ង​លំដាប់អន្តរ​ជាតិ​ Tour les Jours មួយ​ទៀត​នៅ​សាខា​ផ្លូវ​ព្រះ​សីហនុ​ គ្រោង​នឹង​បើក​បម្រើ​អតិថិជន​ដែរ។​

ដោយ ​មើល​ឃើញ​ពី​​សក្ដានុពល​ម្ហូប​ កូរ៉េ ជប៉ុន ដែល​កំពុង​ពេញ​និយម​នៅ​ជុំវិញ​ពិភពលោក​ ក្រុមហ៊ុន​ CBM cooperation ក៏​មាន​គម្រោង​​បើក​ហាង​លក់​ម្ហូប​ កូរ៉េ ជប៉ុន ជូន​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ផង​ដែរ​ នា​​ពេល​ខាង​មុខ​។

បទពិសោធន៍​ជីវិត​

លោក ​គួច សុខលី បាន​លើក​ឡើង​ថា៖ “អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ មនុស្ស​ភាគច្រើន​បាន​និយាយ​ថា គ្មាន​ដើមទុន​ច្រើន​ មិន​អាច​រក​ស៊ី​កើត​នោះ​ទេ ប៉ុន្តែ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​ចាប់​ផ្ដើម​រកស៊ី​ជាមួយ​លុយ​៥០០​ដុល្លារ​ ប៉ុណ្ណោះ​”។

លោក​បន្ត​ថា​ “ដូច្នេះ​សូម​កុំ​ឲ្យ​គំនិត​អវិជ្ជមាន​នេះ​មក​ជា​កត្តា​រាំង​ស្ទះ​ចិត្ត​ របស់​អ្នក​ចំពោះ​ការ​បើក​អាជីវកម្ម​។ ឧទាហរណ៍​ថា ​លុយ​១០​ដុល្លារ​ទិញ​សណ្ដែក​ដី​មក​រែក​លក់​ ក៏​ជា​សហគ្រិន​ដែរ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​មាន​ដែរ​ បើ​ចេះ​ប្រើប្រាស់​បាន​ត្រឹមត្រូវ​”។

ទោះបីជា​ជោគជ័យ​ហើយ​ក៏​នៅ​តែ​ស្ដាយ​ចំពោះ​ការ​សិក្សា​

​ ការ​សម្រេច​ចិត្ត​ឈប់​សិក្សា​នៅ​វ័យ​ក្មេង​ខ្ចី ​លោក​បញ្ជាក់​​ថា​ ៖”ចំពោះ​ខ្ញុំ​ហាក់​នៅ​មាន​អារម្មណ៍​ថា​ ស្ដាយ​ខ្លះ​ដែរ​ ព្រោះ​យល់​ថា កាល​ណោះ​បើ​ខ្ញុំ​រៀន​ឲ្យ​បាន​ច្រើន​ហើយ​ច្បាស់​សិន​ចាំ​ប្រឡូក​ចូល​ក្នុង​ ការ​រកស៊ី​ម្ល៉េះ​បាន​ល្អ​ប្រសើរ​ជាង​នេះ ប៉ុន្តែ​គំនិត​មួយ​ទៀត​បញ្ជាក់​ប្រាប់​ខ្លួន​ខ្ញុំ​ថា បើ​ខ្ញុំ​ចាំ​ដល់​រៀន​ចេះ​ចាំ​ធ្វើ​ម្ល៉េះ​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​”។ ​

គ្រប់គ្រង​មនុស្ស​ជា​រឿង​លំបាក​បំផុត​

​ លោក​មាន​​គោល​ជំហរ​លើ​ចំណុច​នេះ​​ថា​ ​”ទោះ​ខ្ញុំ​រៀន​បាន​តិច​មែន​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រៀន​រយៈ​ពេល ​២០​ឆ្នាំ​មក​នេះ គឺ​ការ​ប្រើប្រាស់​មនុស្ស​ទៅ​តាម​លំដាប់​ខុស​ៗ​ គ្នា ​ ដូចជា​អ្នក​ដែល​ធ្វើការ​ថ្នាក់​ទាប​ គឺ​ត្រូវការ​ប្រើ​​សម្ដី​​ ប្រភេទ​គ្រាម​ភាសា​ ទើប​ពួកគាត់​អាច​ស្ដាប់​យល់​ ហើយ​ថ្នាក់​ជាន់​ខ្ពស់​ ត្រូវ​ប្រើប្រាស់​ភាសា​មួយ​ ដែល​អាច​ឲ្យ​ពួកគាត់​ស្ដាប់​​យល់​​។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​ខ្ញុំ​ នៅ​តែ​គិត​​ថា ការ​គ្រប់គ្រង​មនុស្ស​ជា​រឿង​លំបាក​ ជា​ការ​ប្រកួតប្រជែង​សម្រាប់​ខ្លួន​ខ្ញុំ”។​

ការ​ចែករំលែក​គំនិត​​ជា​សហគ្រិន​

សំខាន់ ​ពួកគាត់​ត្រូវ​យល់​ដឹង​សិន​ថា ធ្វើការ​ឲ្យ​គេ គឺ​ពួកគាត់​បាន​ទទួល​មក​វិញ​នូវ​ប្រាក់​ខែ​ជា​ប្រចាំ​ ប៉ុន្តែ​ប្រាក់​ខែ​ទាំង​នោះ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច​ដោយ​ ស្វ័យប្រវត្តិ​ ។ ចំណែក​ឯ​​អ្នក​រកស៊ី​វិញ​គាត់​អាច​ចំណេញ​ ១ម៉ឺន​ដុល្លារ ក្នុងមួយ​ខែ​​ ប៉ុន្តែ​ក៏​អាច​ខាត​វិញ​ ១ម៉ឺន​ ក្នុង​១​ខែ​ដែរ​។

ដូច្នេះ ​សម្រាប់​យុវជន​ដែល​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ មុន​សម្រេច​ចេញ​ប្រឡូក​ក្នុង​ការ​រកស៊ី​ ត្រូវ​សួរ​ខ្លួន​ឯង​សិន តើ​ហ៊ាន​​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​ និង​ខ្លួន​ឯង​ដែរ​ឬទេ ។

ចំណុច ​សំខាន់​មួយ​គឺ មនុស្ស​ជោគជ័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ តែងតែ​ចូលចិត្ត​អ្វី​ប្លែក​ៗ​ពី​គេ​ ដែល​ពី​ដំបូង​ មនុស្ស​ភាគច្រើន​និយាយ​ថា​ពួក​គេ​ឆ្កួត​ ប៉ុន្តែ​ក្រោយ​មក​ទើប​គេ​ទទួល​ស្គាល់​ថា​ ជោគជ័យ​របស់​ពួកគាត់​ គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់​ដែល​គេ​គិត​មិន​ដល់​។
សរុប​មក​វិញ​ ដើម្បី​ឆ្ពោះ​ទៅ​​រក​ភាព​ជោគជ័យ​ ចាំបាច់​ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ អ្នក​ចង់​ធ្វើ​៕

អត្ថបទ៖​កង ចាន់​បញ្ញា

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក


បុគ្គលម្នាក់ៗ គឺ​ជា​ម្ចាស់​​ ដែល​មាន​សិទ្ធិផ្តាច់មុខ​ ទៅលើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួនមាន។ ទោះបី​ជាក្រោយ​ពី​​ស្លាប់ទៅ ក៏​គេមិន​អាច​ដកហូត​ទ្រព្យសម្បត្តិ​នេះ​បានដែរ។ ទ្រព្យសម្បត្តិ​ ដែល​ជា​កេរមរតក​របស់​បុគ្គល​ដែល​ស្លាប់ (មតកជន) គឺ​ត្រូវ​ផ្ទេរទៅឲ្យ​សាច់ញាតិ​របស់​គាត់​ដែលនៅរស់។ ក៏ប៉ុន្តែ ការផ្ទេរមរតក​នេះ​ត្រូវ​គោរពទៅតាម​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ច្បាប់។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ស្តីពី​របៀប​បែងចែក​កេរមរតក ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ ឆ្នាំ​២០០៧។

 

សំណួរ-នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ទទួលមរណភាព តើ​ទ្រព្យសម្បត្តិ ដែល​ជា​កេរមរតក​របស់​គាត់​ត្រូវ​បែងចែក​ដោយ​របៀបណា?
 
ចម្លើយ-ការបែងចែក​កេរមរតក គឺ​មាន​ចែង​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ឆ្នាំ​២០០៧ ចាប់ពី​មាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។

ការ​ផ្ទេរ​កេរមរតក ត្រូវ​​ធ្វើ​ទៅតាមឆន្ទៈ​របស់​​​មតកជន (ជន​ដែល​ស្លាប់ ហើយ​ដែល​ជា​ម្ចាស់​កេរមរតក) ប្រសិន​បើ​គាត់​មាន​ទុក​បណ្តាំ។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាម​មាន​បណ្តាំ ឬ​សន្តតិកម្ម​តាម​មតកសាសន៍។

ក្នុងករណី​គ្មាន​បណ្តាំ​ ការផ្ទេរមរតក គឺ​ត្រូវ​ធ្វើ​ឡើង​ទៅតាម​ការកំណត់​ដោយ​​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាមច្បាប់ (មាត្រា ១១៤៥)។

សំណួរ-នៅក្នុង​បណ្តាំ តើ​ម្ចាស់ទ្រព្យ​មាន​សិទ្ធិ​បែងចែកកេរមរតក​របស់​គាត់​​យ៉ាងម៉េច​ក៏​បាន ឬ​ក៏យ៉ាងណា?
 
ចម្លើយ-មតកជន មានសិទ្ធិ​ធ្វើ​ការបែងចែក​កេរមរតក​របស់​គាត់​យ៉ាងម៉េច​ក៏បាន​ដែរ ក៏ប៉ុន្តែ ត្រូវ​គោរព​លក្ខខណ្ឌ​មួយ ដែល​ចែង​ក្នុង​ច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់​កំណត់​ថា មរតក​មួយ​ផ្នែក​ ត្រូវ​បម្រុង​ទុក​ឲ្យ​សន្តតិជន (ជន​ដែល​ត្រូវ​ទទួល​កេរមរតក)​ តាម​ច្បាប់​កំណត់។

អ្នក​មាន​សិទ្ធិ​លើ​ភាគបម្រុង គឺ​​កូន​ ឬ ឪពុកម្តាយ ឬ​ជីដូនជីតា និង​សហព័ទ្ធ​របស់​មតកជន (មាត្រា ១២៣០)។ ចំណែក​នៃ​ភាគបម្រុង​ត្រូវ​​កំណត់​ដូចខាងក្រោម៖

ក្នុងករណី​ដែល​មាន​សន្តតិជន ដែល​ជា​ឪពុកម្តាយ ឬ​ជីដូន ជីតា​ប៉ុណ្ណោះ (មិនមាន​កូន និង​មិនមាន​សហព័ទ្ធ) ភាគបម្រុង​ គឺ​ត្រូវមាន ១ភាគ៣ នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។
ក្នុងករណី​ដែល​​មាន​សន្តតិជន​ជា​កូន ឬ​ជា​សហព័ទ្ធ ភាគបម្រុង​ ត្រូវមាន​ពាក់កណ្តាល នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។

ភាគបម្រុង ត្រូវ​យក​ទៅ​បែងចែក​ជាចំណែក​ស្មើៗគ្នា​ឲ្យ​សន្តតិជន​ដែល​មាន​សិទ្ធិ​ទទួល​ភាគបម្រុង​ ដែល​ច្បាប់​កំណត់​ក្នុង​មាត្រា​ខាងលើ។ កេរមរតក ដែល​នៅសេសសល់​ពី​ ភាគបម្រុង ទើប​មតកជន​អាច​យក​ទៅ​បែងចែក​តាមចិត្ត​ចង់​បាន។ ក្នុងករណី​ដែល​គ្មាន​​សន្តតិជន​ដែល​ត្រូវ​មាន​សិទ្ធិ​ទទួល​ភាគបម្រុង​ទេ មតកជន​​អាច​ចាត់ចែង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំងអស់ ទៅតាម​បណ្តាំ​បាន ដោយ​មិន​ត្រូវ​ទុក​​​ភាគបម្រុង​នោះទេ។
 
សំណួរ-ក្នុងករណី​មិនមាន​បណ្តាំ​ តើ​​​ច្បាប់​កំណត់​ដូចម្តេច​ខ្លះ អំពី​ការបែងចែក​កេរមរតក​?
 
ចម្លើយ-ក្នុងករណី​គ្មាន​បណ្តាំមរតក ច្បាប់​កំណត់​ថា កេរមរតក​ត្រូវ​ចែក​​​ទៅ​ឲ្យ​សន្តតិជន ដែល​មាន ៣លំដាប់ ៖

ប្រសិន​បើ​មតកជន​មាន​កូន មរតក​ត្រូវ​​បាន​ទៅ​កូន។ បើសិនជា​​មាន​កូន​ណាមួយ​ស្លាប់ ចំណែក​មរតក​​​នោះ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​​កូន​នោះ (ចៅ​របស់​មតកជន) ដែល​គេ​ឲ្យ​ឈ្មោះថា សន្តតិកម្ម​ជំនួស។

ប្រសិនបើ​មតកជន​មិនមាន​កូនសោះ (ចំណុចនេះ​ខុសពីមានកូន​ ​តែ​កូន​ស្លាប់) កេរមរតក​ត្រូវ​បាន​ទៅ​ឪពុកម្តាយ។ ប្រសិន​បើ​គ្មាន​ទាំងកូន ហើយ​ឪពុកម្តាយ​ក៏​ស្លាប់​អស់ទៀត កេរមរតក​ត្រូវបាន​ទៅ​បងប្អូនបង្កើត។

ចំពោះ​សហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់​មតកជនវិញ គឺ​ជា​សន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិត​ក្នុង​លំដាប់ណាមួយ ក្នុង​លំដាប់​សន្តតិជន​ទាំង៣​ខាងលើ ក៏សហព័ទ្ធ​ត្រូវមាន​ចំណែក​ក្នុង​ការទទួល​កេរមរតកដែរ។

ក្នុងករណី​សន្តតិជន​ជាកូន សហព័ទ្ធត្រូវ​ទទួល​បាន​ចំណែក​ស្មើគ្នា​ជាមួយ​នឹង​កូននីមួយៗ។ ក្នុងករណី​មតកជន​គ្មានកូន ហើយ​មរតក​ត្រូវ​ផ្ទេរ​ទៅ​សន្តតិជន​ជា​ឪពុកម្តាយ ទ្រព្យសម្បត្តិ​ត្រូវ​ចែក​ជា​បី​ចំណែក​ស្មើគ្នា ដោយ​១ចំណែកបាន​ទៅ​ឪពុក ១ចំណែក​បានទៅម្តាយ និង​ចំណែក​ទី៣​បាន​ទៅ​សហព័ទ្ធ។ ប្រសិនបើ​មានតែ​ឪពុក ឬមានតែម្តាយ​នៅរស់ សហព័ទ្ធ​ត្រូវបាន​ទ្រព្យ​ពាក់កណ្តាល ហើយ​ពាក់កណ្តាល​ទៀត​បានទៅ​ឪពុក ឬម្តាយ ដែល​នៅរស់នោះ។

ក្នុងករណី​មតកជន​គ្នាន​កូន គ្មាន​ឪពុកម្តាយ​នៅរស់ ហើយ​មរតក​ត្រូវ​ធ្លាក់​ទៅ​បងប្អូនបង្កើត ទ្រព្យសម្បត្តិ​ពាក់កណ្តាល​ត្រូវ​បាន​ទៅ​សហព័ទ្ធ ហើយ​នៅសល់​ពាក់កណ្តាល​ទៀត​ត្រូវយក​ទៅ​ចែក​ជា​ចំណែក​ស្មើៗ​គ្នា​ឲ្យ​ទៅ​បងប្អូន​បង្កើត​នោះ។
 
សំណួរ-តើ​កូនសុំ មាន​សិទ្ធិ​ទទួល​កេរមរតក​ដែរឬទេ?
 
ចម្លើយ-កូនសុំ​ក៏​មាន​សិទ្ធិ​ទទួល​កេរមរតក​ដូចជា​កូន​បង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និង​ទាំងកូនសុំ ត្រូវ​មាន​ចំណែក​ស្មើៗ​គ្នា (មាត្រា ១១៥៦)។

សំណួរ-ក្នុងករណី​​​កូន ដែល​ត្រូវ​ទទួល​មរតក​ ស្លាប់​ទៅ ហើយ​ត្រូវ​ចែក​បន្ត​ទៅ​ឲ្យ​ចៅ តើ​ចំណែក​​មរតក​ត្រូវ​ចែក​ដូចម្តេច?
 
ចម្លើយ-នេះ គឺ​ជា​ករណី​សន្តតិកម្ម​ជំនួស។ ចំណែក​មរតក​មិន​ត្រូវ​​យក​ទៅ​គិត​ជា​ចំណែក​ស្មើៗ​គ្នា​​ឲ្យ​ចៅ​របស់​មតកជន​តែម្តងនោះទេ។ គេ​ត្រូវ​គិត​ជា​ពីរ​ដំណាក់។ ទីមួយ ត្រូវ​បែងចែក​​​​ជា​ចំណែក​ស្មើៗ​គ្នា​ទៅ​ឲ្យ​កូនៗ​ជាមុនសិន។ បន្ទាប់​មក ទើប​គេ​យក​ចំណែក​​របស់​កូន​​ដែល​ស្លាប់ ទៅចែក​បន្ត​​ជាចំណែកស្មើៗ​គ្នា​ ឲ្យ​ទៅ​កូនៗ​​គាត់​បន្តទៀត៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ស្នាមញញឹមអ្នកតស៊ូ


តើអ្នកធ្លាប់បរាជ័យទេ? តើអ្នកបាក់ទឹកចិត្តទេ? តើអ្នកមានកំលាំងចិត្តក្រោកឈរនិងតស៊ូសារជាថ្មីទេ? តើអ្នកមានការហត់នឿយនិងការតស៊ូដែលមិនទទូលបានជោគជ័យរបស់អ្នកដែលទេ? តើអ្នកអស់សង្ឃឺមហើយមែនទេ? សូមអ្នកកុំទាន់អស់សង្ឃឹមនិងបាក់ទឹកចិត្តអី អីឡូវនេះសូមអ្នកដកឃ្កាសំរាកនិងស្តាប់ចំរៀងមួយបទដែលមានចំណងជើងថា ស្នាមញញឹមអ្នកតស៊ូ ជាមួយអ្នកខ្ញុំសិន រួចហើយយើងនិងក្រោកឈរតស៊ូសារជាថ្មីឡើងវិញទាំងអស់គ្នា។

បានចុះផ្សាយក្នុង video. Leave a Comment »

ការអភិវឌ្ឍផ្នត់គំនិតនិងការគិត ឲ្យបាន ដូចមហាសេដ្ឋី


តើអ្នកបានដឹ ងថា សមត្ថភាព នៃការ គិត របស់សេដ្ឋី និងមហា សេដ្ឋីមាន លក្ខណៈ ខុស គ្នាត្រង់ណាដែរឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffett និងអ្នកដទៃទៀតយ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវការគិត របស់អ្នកដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?តើអ្នក បានអង្កេតពីសភាវៈនៃការគិតរបស់អ្នកឬក៍ការដឹងរបសើអ្នកមាន ឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាពនៃជីវិតរបស់អ្នក?អ្វីដែល យើងចង់លើកឡើងគឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជា លក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី អ្នកនឹងក្លាយជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការ បង្កើនសមត្ថភាពនៃការគិតរបស់អ្នកដើម្បីក្លាយជាមហាសេដ្ឋី ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។

នេះជាមូលហេតុដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ«វិធីសាស្ត្រក្នុងការគិតដូច ជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរ ការនៃការទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមាន ការគាំទ្រទៅនឹងស្នាដៃរបស់គាត់។វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្ត គំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖

១. ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក

ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការ ប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការ ក្នុងការអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិត របស់អ្នក។អ្នកត្រូវតែមានឆន្ទៈក្នុងការឆ្ពោះទៅរកដំណើរការហើយ ដែលដំណើរការទាំងនេះគឺកំណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យ មានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមនៃតម្លៃ។គ្រាន់តែសហគ្រាស ឆ្ពោះទៅរកដំណើរសហគ្រាស។ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរក ដំណើរការនៃការអភិវឌ្ឍផ្នត់គំនិត អ្នកនឹងទទួលបានជោគជ័យដើម្បីទៅកាន់ដំណើរការហើយឳកាសនឹងបើកឲ្យ អ្នក។

២. ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលឆ្ពោះទៅរកភាពបរាជ័យ

ភាពបរាជ័យគឺជាកន្លែងដែលទំនេរ។វាជាឳកាសសម្រាប់ចាប់ផ្តើមសារ ជាថ្មីម្តងទៀត។នេះគឺជាខ្លឹមនៃតម្លៃដែលបំបែកបុគ្គលមធ្យមនិងសេ ដ្ឋីពីមហាសេដ្ឋី។

តើអ្នកមានប្រតិកម្មបែបណាពេលជួបប្រទះនូវភាពបរាជ័យ?

តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច?

តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នកទទួលយកភាពបរាជ័យដើម្បិរៀនពីឳកាស?

ដើម្បីអភិវឌ្ឍផ្នត់គំនិតនិងការគិតដូចជាមហាសេដ្ឋីអ្នកត្រូវ តែផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលគិតបែបបរាជ័យ។អ្នកត្រូវតែមើលជា ឳកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែលយើងមិនបានដឹង។

៣. បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់

បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នា រវាងបុគ្គលមធ្យម សេដ្ឋីនិងមហាសេដ្ឋី។ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់ មហាសេដ្ឋី អ្នកត្រូវ            បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់

តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ?

តើអ្នកចៀសវាងគ្រោះថ្នាក់ទេ?

តើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន?

៤.  គំរូនៃការគិតរបស់អ្នកនៅក្រោយពេលមហាសេដ្ឋី

តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ?

តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង?

តើអ្នកមានសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម?

តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ?

ដូចនេះបើសិនជាអ្នកមានចិត្តគំនិតក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈ

ពេលនេះអ្នកត្រូវតែមានគំរូនៃការគិតនិងសកម្មភាពឲ្យបានដូចមហាសេដ្ឋីទាំងនេះ។

៥. ស្វែងរកដំណោះស្រាយ

តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជននិងសេដ្ឋីទេ?

ជាទូទៅមនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហា តែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៍ចេះចាប់ឳកាស? យើងត្រូវមើលពីឳកាសប្រសើរជាជាងការមើលតែឃើញពីបញ្ហា។ យើងត្រូវវិភាគមួយករណីម្តងៗទៅលើអង្គហេតុនៃរឿងដែលបានកើតមានឡើង ហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែកនិងដោះស្រាយមួយករណីម្តងៗ ពុំនោះទៀតសោតការ ដោះស្រាយនោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គម ប្រវត្តិសាស្ត្រនិងស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយក្នុងចំណោមបណ្តា ប្រទេសជាច្រើននៅលើសា កលលោក។កាលបើយើងសិក្សាស្វែងយល់រួចហើយ យើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ។

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

របៀបគិតរបស់អ្នកមាន


អ្នកមាន មានវិធីក្នុងការគិតខុសៗគ្នាពីអ្នកក្រ និង អ្នកមានជីវភាពមធ្យម។ ពួកគេតែងតែគិតខុសៗគ្នា ពី បញ្ហាលុយ ទ្រព្យសម្បតិ្ត ពីខ្លួនឯង ពីអ្នកដទៃ និង ជីវិតរបស់ពួកគេ។ ចូរត្រួតពិនិត្យចំណុចទាំងប្រាំមួយយ៉ាងពីភាពខុសគ្នារវាងការ គិតរបស់អ្នកមាន និង ការគិតរបស់អ្នកក្រ។

. អ្នកមានមានជំនឿថា “ខ្ញុំជាអ្នកកំណត់វាសនារបស់ខ្ញុំ”

អ្នកក្រមានជំនឿថា “វាសនាជាអ្នកកំណត់ជីវិតខ្ញុំ”។

ការបង្កើតទ្រព្យសម្បតិ្ត វាគឺជាការបញ្ជាដែលអ្នកជឿជាក់ថាអ្នកគឺស្ថិតលើដៃចង្កូតបញ្ជា ជីវិតរបស់អ្នក ដែលវាបានបង្កើតគ្រប់ជំហានក្នុងជីវិតអ្នកជាពិសេសជីវភាពរបស់ អ្នក។ ប្រសិនបើអ្នកមិនមានជំនឿលើវា នោះអ្នកត្រូវតែមានជំនឿថាអ្នកមានការគ្រប់គ្រងតិចតួចលើជីវិត របស់អ្នកហើយភាពជោគជ័យ នៃហិរញ្ញវត្ថុទាំងនោះគ្មានតំលៃអ្វីសំរាប់អ្នកទេ។

ជំនួសឲ្យការទទួលខុសត្រូវលើអ្វីដែលកើតឡើងក្នុងជីវិតរបស់ ពួកគេ អ្នកក្រត្រូវបានដើរតួជាជនរងគ្រោះ។ នេះជាពេលដែលអ្នកត្រូវសម្រេចចិត្ត អ្នកអាចធ្វើជាជនរងគ្រោះឬជាអ្នកមាន ប៉ុន្តែអ្នកមិនអាច ជ្រើសយកទាំងពីរបានទេ។ វាគឺជាពេលវេលាដើម្បីទាញយកថាមពលរបស់អ្នកមកវិញនិងទទួល ស្គាល់ការពិតដែលអ្នកបានបង្កើតគ្រប់ជំហាននៃជីវិតរបស់អ្នក។ អ្នកបានបង្កើតអ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់អ្នកនិងអ្វីៗគ្រប់ យ៉ាងដែលមិនមានក្នុងជីវិតរបស់អ្នក។ អ្នកបានបង្កើតទ្រព្យសម្បតិ្តរបស់អ្នក និងអ្វីដែលមិនមានជាទ្រព្យសម្បត្តិរបស់អ្នក និងអ្វីៗគ្រប់យ៉ាងដទៃទៀត។

. អ្នកមានប្រើប្រាស់លុយដើម្បីឈ្នះ

អ្នកក្រប្រើប្រាស់លុយមិនមែនដើម្បីចាញ់។

អ្នកក្រប្រើប្រាស់លុយដើម្បីការពារជាជាងការប្រព្រឹត្តកំហុស។ បើអ្នកបានលេងល្បែងរឬកីឡាណាមួយយ៉ាងហ្មត់ចត់ដើម្បីការពារខ្លួន តើអ្នកមានឱកាសណាក្នុងការឈ្នះល្បែងនោះ។

វាជាការពិតដែលមនុស្សភាគច្រើនប្រើប្រាស់ល្បែងទឹកប្រាក់។ ការបារម្ភរបស់ពួកគេគឺ ជីវិត និង សុវត្ថិភាព មិនមែនជាទ្រព្យសម្បត្តិនិងភាពសម្បូរសប្បាយនោះទេ។ តើអ្វីជាគោលដៅរបស់អ្នក? អ្វីជាបំណងពិតរបស់អ្នក?

គោលដៅធំរបស់អ្នកមានគឺមានទ្រព្យសម្បត្តិច្រើន ឯគោលដៅធំរបស់អ្នកក្រវិញគឺ ត្រូវមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ។ នៅពេលដែលគោលដៅរបស់អ្នកគឺ ត្រូវមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ វាមានន័យថាអ្នកនឹងមិនមានលុយសល់ក្រៅពីបង់វិក័យបត្រនោះទេ។  បើអ្នកចង់ក្លាយជាអ្នកមាន គោលដៅរបស់អ្នកត្រូវតែ ជាអ្នកមានដូចគ្នា មិនមែនត្រឹមតែការមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ។

. អ្នកមានគឺត្រូវបានកំហឹតឲ្យក្លាយជាអ្នកមាន

អ្នកក្រមិនត្រូវបានកំហឹតឲ្យក្លាយជាអ្នកមាន។

មនុស្សភាគច្រើនមាន ហេតុផលល្អៗក្នុងការក្លាយជាអ្នកមាន ។ តើមានហេតុផលអីដែលមិនល្អក្នុងការក្លាយជាអ្នកមាន រឺការឈានទៅរកភាពជាអ្នកមាន?

មនុស្សម្នាក់ៗមានគំនិតក្នុងការចង់មានចង់បានក្នុងគំនិតរបស់ ពួកគេ។ គំនិតនេះបានផ្ទុកនូវជំនឿផ្ទាល់ខ្លួនដែលរួមបញ្ចូលទាំងមូលហេតុ ដែលការក្លាយជាអ្នកមានធ្វើឲ្យមានភាពអស្ចារ្យ។ ប៉ុន្តែសំរាប់អ្នកខ្លះវិញ គំនិតរបស់គេក៏បានរួមបញ្ចូលទាំងមូលហេតុដែលការក្លាយជាអ្នកមាន មិនមានភាពអស្ចារ្យផងដែរ។

អ្នកខ្លះនិយាយថា “មានលុយច្រើននឹងធ្វើឲ្យជីវិតមានភាពរីករាយកាន់តែច្រើន”។ ប៉ុន្តែអ្នកខ្លះនិយាយថា “ពិតមែនហើយ ប៉ុន្តែត្រូវធ្វើការដូចជាសត្វឆ្កែ តើមានភាពរីករាយមកពីណា” ។ អ្នកខ្លះនិយាយទៀតថា “ខ្ញុំអាចធ្វើដំណើរជុំវិញពិភពលោក”  ហើយក៏មានអ្នកខ្លះឆ្លើយតបទៀត “មែន! អ្នកគ្រប់គ្នានៅលើពិភពលោកនឹងចង់បានវត្ថុខ្លះពីខ្ញុំ” ។ ទាំងនេះគឺជាមូលហេតុដែលមនុស្សភាគច្រើនមិនបានក្លាយជាអ្នកមាន។

ការពិត មនុស្សភាគច្រើនមិនបានទទួលនូវអ្វីដែលពួកគេចង់បានព្រោះពួកគេ មិនមានដឹងពីអ្វីដែលពួកគេចង់បាន។ អ្នកមានគឺមានភាពប្រាកដប្រជាថាពួកគេចង់បានទ្រព្យសម្បត្តិ ហើយពួកគេបានដាក់កំហឹតឲ្យបង្កើតទ្រព្យសម្បត្តិ។  ពួកគេធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានទ្រព្យសម្បត្តិ ហើយវាគឺជាសីលធម៌ និង ច្បាប់ ។

. អ្នកមានគិតទូលំទូលាយ

អ្នកក្រគិតអ្វីតូចៗ។

យើងធ្លាប់បានជួបសំភាសន៏ជាមួយគ្រូបង្រៀនដែលរកលុយបានយ៉ាង ច្រើនក្នុងរយៈពេល៣ឆ្នាំ។ ពេលដែលសួរពីអាថ៌កំបាំងនេះ គាត់បាននិយាយថា “អ្វីបានផ្លាស់ប្តូរនៅថ្ងៃដែលខ្ញុំចាប់ផ្តើមគិតឲ្យទូលំទូលាយ”

ឧទាហរណ៏ថាក្នុងអាជីវកម្មរបស់ខ្ញុំ គ្រូខ្លះចូលចិត្តបង្រៀនជាក្រុម២០នាក់ ឯខ្លះទៀតចូលចិត្តបង្រៀនជាក្រុមច្រើនជាងនេះទៅទៀត តើនេះជាភាពខុសគ្នារវាងប្រាក់ចំណូលរបស់ពួកគេទាំងនោះទេ?

អ្នកជានរណា? តើអ្នកចង់រស់នៅក្នុងជីវិតរបស់អ្នកដោយរបៀបណា?

តើអ្នកនឹងហ៊ានឬមិនហ៊ាន? វាជាជំរើសរបស់អ្នក។

ប៉ុន្តែវាមិនមែននិយាយអំពីអ្នកនោះទេ។ វាគឺនិយាយអំពីគោលបំណងរបស់អ្នក អំពីការរស់នៅត្រឹមត្រូវតាមគោលបំណងរបស់អ្នក និងការបំរើអ្នកដទៃ។

វាគឺជាពេលវេលាដើម្បីបញ្ឃប់ការបិតបាំងហើយចាប់ផ្តើមឈានជំហាន ទៅមុខ បញ្ឈប់តំរូវការហើយចាប់ផ្តើមដឹកនាំខ្លួនឯង ចាប់ផ្តើមក្លាយខ្លួនទៅជាផ្កាយដែលអ្នកស្រមៃ ចែករំលែកអំណោយ និងឲ្យតំលៃលើផ្លូវដ៏ទូលំទូលាយ។  តើអ្នកបានឈានជើងចូលក្នុងការប្រកួតប្រជែងសំរាប់សង្គមរបស់យើងហើយ ឬនៅ?

. អ្នកមានគឺមានអំណាចជាងបញ្ហារបស់ពួកគេ

អ្នកក្រគឺគ្មានអំណាចលើបញ្ហារបស់ពួកគេ។

ការក្លាយជាអ្នកមានគឺមិនមែនជាការដើរលំហែក្នុងសួនច្បារនោះ ទេ។ វាគឺជាដំណើរដែលពោរពេញទៅដោយឧបសគ្គ និងភាពបត់បែន។ វាគឺជាផ្លូវដែលប្រកបទៅដោយគ្រោះថ្នាក់ដែលមនុស្សភាគច្រើនមិនចាប់ យកវា។ សរុបសេចក្តីមក ពួកគេមិនចង់បង្កើតបញ្ហា។

វាគឺជាភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ ដែលអ្នកមានតែងតែមានអំណាចជាងបញ្ហារបស់ពួកគេ ពេលដែលអ្នកក្រគឺគ្មានអំណាចលើបញ្ហារបស់ពួកគេ។

អ្នកក្រនឹងធ្វើស្ទើរតែអ្វីៗគ្រប់បែបយ៉ាងដើម្បីជៀសវាងអ្វីដែល អាចបង្កើតជាបញ្ហាបាន។ អាថ៌កំបាំងក្នុងភាពជោគជ័យគឺអ្នកមិនត្រូវព្យាយាមគេចវេសបញ្ហារបស់ អ្នកនោះទេ តែអ្នកត្រូវអភិវឌ្ឍន៏ខ្លួនឯងដូច្នេះអ្នកនឹងមានអំណាចជាងបញ្ហារបស់ អ្នក។

អ្វីដែលសំខាន់គឺអ្នកត្រូវដឹងពីទំហំនៃបញ្ហានោះ។ ចងចាំថា ទ្រព្យសម្បត្តិរបស់អ្នកលូតលាស់ដើម្បីបញ្ជាក់ពីអ្វីដែលអ្នកបាន ធ្វើ។ គំនិតនេះគឺដើម្បីអភិវឌ្ឍខ្លួនអ្នកទៅរកកន្លែងដែលអ្នកអាចជំនះ បញ្ហាទាំងឡាយដែលជាឧបសគ្គក្នុងការបង្កើតទ្រព្យសម្បត្តិរបស់អ្នក។

អ្នកមានមិនគេចពីបញ្ហា មិនបន្ទោសលើបញ្ហា។ អ្នកមានគឺជាអ្នកចម្បាំងនឹងទឹកប្រាក់ហើយពេលដែលអ្នកចម្បាំងនោះបាន មកជួបនឹងការប្រកួតប្រជែងពួកគេនឹងស្រែកថា “យកឈ្នះវាឲ្យបាន”

. អ្នកមានតែងផ្តោតលើឱកាស

អ្នកក្រផ្តោតលើបញ្ហា។

អ្នកមានបានឃើញពីសក្កានុពលនៃការលូតលាស់ឯអ្នកក្របានឃើញពីសក្កានុពលនៃការបាត់បង់។

អ្នកមានផ្តោតលើរង្វាន់ ឯអ្នកក្រផ្តោតទៅលើហានិភ័យ។

អ្នកក្រកើតចេញពីភាពភ័យខ្លាច។ គំនិតរបស់ពួកគេត្រូវបានដិតដាមដោយសំណួរថា មានបញ្ហាអី ឬមានអ្វីមិនប្រក្រតីក្នុងពេលនេះ។ គំនិតដំបូងរបស់ពួកគេគឺ “មានរឿងអ្វីកើតឡើងប្រសិនវាមិនដំណើរការ?” ។ ដូចដែលយើងបានបកស្រាយខាងដើម អ្នកមាន មានទំនួលខុសត្រូវលើការបង្កើតជីវិតរបស់ពួកគេ ហើយវាក៏ស្ថិតក្នុងគំនិតរបស់គេដែលថា “វានឹងដំណើរការព្រោះខ្ញុំនឹងធ្វើឲ្យវាដំណើរការ”។

អ្នកមានរំពឹងថានឹងបានជោគជ័យ។ ពួកគេមានទំនុកចិត្តលើសមត្ថភាព ការបង្កើតថ្មីរបស់ពួកគេ ហើយពួកគេជឿជាក់ថាពួកគេតែងតែអាចយកលុយរបស់ពួកគេមកវិញឬជោគជ័យ ក្នុងវិធីផ្សេងៗ។

ម្យ៉ាងទៀត អ្នកក្ររំពឹងថានឹងបរាជ័យ។ ពួកគេខ្វះទំនុកចិត្តលើខ្លួនឯងនិងសមត្ថភាពរបស់ពួកគេ ហើយពួកគេគិតថាវានឹងមិនដំណើរការ និងឈានទៅរកមហន្តរាយ។

អ្នកត្រូវធ្វើអ្វីម្យ៉ាង ទិញអ្វីម្យ៉ាង ឬក៏ចាប់ផ្តើមអ្វីម្យ៉ាងដើម្បីជំនះលើទឹកប្រាក់។ អ្នកត្រូវតែក្រលេកមើលឱកាសលើប្រាក់ចំណេញជុំវិញខ្លួនអ្នកជំនួសឲ្យ ការផ្តោតលើការបាត់បង់ប្រាក់វិញ៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

យុទ្ធសាស្រ្ត ផ្សព្វផ្សាយ ចំណាយ​តិច ទាក់​ទាញ​អតិថិជន​ច្រើន


120905_07

​ ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​សម្រាប់​ប្រកួត​ប្រជែង​នៅ ​លើ​ទីផ្សារ​បាន គឺ​ទាម​ទារ​ឲ្យ​មាន​តម្រូវ​ការ​ជា​ច្រើន និង​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ផ្សេងៗ​ក្នុង​ការ​រៀប​ចំ​គម្រោង​​ទាំង​ មូលជា​មុន ហើយ​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ជាចាំបាច់។ នេះ​បើ​យោង​តាម​ការ​រៀប​រាប់​អំពី​យុទ្ធសាស្រ្ត​ខ្លះៗ​ក្នុង​ការ​វាយ​លុក​ ទី​ផ្សារ​សេរី​របស់​លោក​ អ៊ុន​ ចក្រី ​នាយក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​ និង​ទំនាក់​ទំនង​របស់​អង្គ​ការ​ Population Sevices Internation (PSI) ។ លោក ​បាន​ពន្យល់​ដោយ​សង្ខេប​ថា យើង​ត្រូវ​បែង​ចែក​ថា​តើ​វា​ជា​ឈ្មោះ​ផលិតផលអ្វី​ ហើយ​យើង​ត្រូវ​ដឹង​ពី​អ្វី​ជា​គោល​បំណង​នៃ​ផ្នែក​ទំនាក់​ទំនង ​និង​តម្រូវ​ការ​ទីផ្សារ ដើម្បី​រៀបចំ​ការ​ឃោសនា។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ដែល​អាច​ជួយ​ក្នុង​ការ​សម្រេច​គោលដៅ។ បន្ទាប់​មក ចាប់​ផ្តើម​ការ​ស្រាវជ្រាវ​ដើម្បី​ជ្រើស​រើស​យក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​អតិថិជន​ចូលចិត្ត។ ការ​ជ្រើស​រើស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ ​ទាមទារ​ឲ្យ​យើង​យល់​ពី​ក្រុម​អតិថិជន​ឲ្យ​បាន​ច្បាស់លាស់​ ដែល​មាន​ដូច​ជា​អ្វី​ដែល​គាត់​ធ្វើ អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គាត់ ហើយ​អ្វី​ដែល​ពួក​គេ​គិត​ជាដើម។ LIFT បាន​សិក្សា​លើ​យុវជន​ប្រមាណ​ជា​១៥នាក់​ អំពី​របៀប​នៃ​ការ​ជ្រើសរើស​ផលិត​ផល​ ឬ​ទំនិញ ហើយ​ពួក​គេ បាន​អះអាង​ថា រវាង​ផលិតផល​ដែល​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​​ និង​ផលិត​ផល​ដែល​មិន​បាន​ផ្សាយ ពួក​គេ​នឹង​ទិញ​ទំនិញ​ណា​ដែល​គេ​ស្គាល់​ច្រើន ឬ​ក៏​ត្រូវ​បាន​​ផ្សព្វផ្សាយ បើ​ទោះ​បីជា​ពួក​គេ​មួយ​ចំនួន​ប្រកែក​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​មិន​មាន​ការ​ប៉ះពាល់​ដល់​ទំនោរ​នៃ​ការ​គិត​ពិចារណា​ របស់​ពួក​គេ​យ៉ាង​ណា​ក៏ដោយ។ បើ​យើង​ក្រឡេក​មើល​ភាព​ជាក់​ស្តែង​នៃ​របៀប​ នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន យើង​មើល​ឃើញ​ថា​មាន​វិធីសាស្រ្ត​ប្លែកៗ និង​គំនិត​ច្នៃ​ប្រឌិត​ជា​ច្រើន​បាន​ផុស​ចេញ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថៃ្ង ដើម្បី​ឲ្យ​ផលិតផល​របស់​ខ្លួន​ទៅ​ដល់​អតិថិជន ជា​ពិសេស​យុវវ័យ។ កញ្ញា គង់​ សុខា អាយុ​២៤​ឆ្នាំ ​ជា​បុគ្គលិក​នៅ​គ្លីនិក​ស្មាតឃែរ​ ​បាន​និយាយ​ថា​៖​ «​ខ្ញុំ​ប្រើ​សេ​វា​ទូរស័ព្ទ​ដើម្បី​ប្រាប់​ពី​ការ​ផ្តល់​សេវា​បញ្ចុះ​ តម្លៃ​ដល់​អតិថិជន​ ពីព្រោះ​ខ្ញុំ​គិត​ថា​ វា​មាន​ប្រយោជន៍​ជាង​ការ​ផ្ញើសារ​ ហើយ​អតិថិជន​ខ្លះ​ពុំ​ចេះ​ភាសា​អង់គ្លេស​នោះ​ទេ​។ ដូច្នេះ ទាក់​ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​មាន​ប្រសិទ្ធ​ភាព​ជាង​»។ កញ្ញា បាន​បញ្ជាក់​ថា៖ «ការ​ហៅ​ទូរស័ព្ទ​​ជម្រាប​ជូន​ដល់​អតិថិជន​អំពី​សេវាកម្ម​របស់ គ្លីនិក ​មាន​ភាព​ងាយស្រួល​ ដោយ​យើង​ចំណាយ​ត្រឹម​តែ​បី​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ​សម្រាប់​ភ្ជាប់​សេ​វា​កម្ម​ប្រព័ន្ធ​ទូរស័ព្ធ​ហេឡូ យើង​នឹង​អាច​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​បាន​ដោយ​ឥតគិត​ថ្លៃ​»។ រីឯ យុទ្ធសាស្ត្រ​ទីផ្សារ​របស់​មជ្ឈមណ្ឌល OPEN ​MIND លោក អ៊ុក សំអឿន ជា​និពន្ធ​នាយក ​និង​អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល OPEN MIND ផ្តោត​សំខាន់​លើ​ការ​ផលិត​សៀវ​ភៅ​អប់រំ​សម្រាប់​កុមារ​។ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​ទីផ្សារ OPEN MIND ​បាន​ប្រតិបត្តិ​តាម​វិធី​សាស្ត្រ​ TOP​ ​(គិត​ពី​ផលិតផល សង្កេត​ដំណើរ​ការ​ទីផ្សារ និង​រៀបចំ​គម្រោង​​យុទ្ធសាស្រ្ត)។ លោក​បាន​បន្ត​ទៀត​ថា៖ «យើង​បង្កើត​ក្រុម​ទីផ្សារ ដែល​ចុះ​ទៅ​ទាក់ទង និង​ផ្សព្វផ្សាយ​លក់​ដុំ​ និង​លក់​រាយ​នៅ​តាម​សាលារៀន បណ្ណាគារ តូប​លក់​សៀវភៅ ហាង​លក់​ឧបករណ៍​ក្មេងលេង​ អាហារដ្ឋាន និង​ហាង​កាហ្វេ​។ ជាង​នេះ​ទៅ​ទៀត​ យើង​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ និង​លក់​ផ្ទាល់​ជាមួយ​អតិថិជន​នៅ​តាម​ទីផ្សារ សួន​ច្បារ​ ទី​ប្រជុំជន​នានា​ដែល​មជ្ឈ​មណ្ឌល​បាន​កំណត់​ និង​មាន​ពេល​ខ្លះ​យើង​ចុះ​ផ្ទាល់​ទៅ​ដល់​គេហ​ដ្ឋាន​អតិថិជន​តែ​ម្តង​»។ វិធីសាស្ត្រ​ផ្សព្វ​ផ្សាយ​ផលិតផល​ដែល​ចំណាយ​ប្រាក់​តិច​ និង​ទាក់ទាញ​អតិថិជន អាច​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​បង្ហាញ​ផលិតផល​ របស់​ខ្លួន​ដល់​អតិថិជន​នៅ​គ្រប់​ទិស​ទី​។ កញ្ញា ភូ សុធារតន៍ ជា​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ជា​ពិសេស​តុក្កតា Disney Shopping ​ដែល​ទើប​តែ​បាន​បើក​ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​ សង្គម​ហ្វេសប៊ុក បាន​ឲ្យ​ដឹង​ថា កញ្ញា​បើក​អាជីវកម្ម​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​នេះ ដោយ​សារតែ​វា​មិន​ចាំបាច់​ចំណាយ​ទុនធំ និង​មិន​ចំណាយ​លើ​ការ​ជួល​ផ្ទះ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ​កញ្ញា​មិន​ចាំបាច់​ប្រចាំ​ការ​២៤​ម៉ោង​នៅ​កន្លែង​ដូច​ហាង​ធម្មតា​ឡើយ។ ម្ចាស់ ហាង​ Disney Shopping វ័យ​១៨​ឆ្នាំ រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «ដោយ​សារ​តែ​ហ្វេសប៊ុក​កំពុង​ពេញ​និយម ជា​ពិសេស​ចំណោម​យុវវ័យ ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​នៃ​ផលិត​ផល​នៅ​លើ​ហ្វេសប៊ុក គឺ​មិន​ត្រឹម​តែ​ងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​ទំហំ​ធំ​ទូលំ​ទូលាយ​ក្នុង​ការ​ចែក​ចាយ​ទៅ​ដល់​ មនុស្ស​ជា​ច្រើន និង​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង»។ ពិត​ណាស់​នា​ពេល​បច្ចុប្បន្ន​ នេះ មុន​នឹង​នរណា​ម្នាក់​សម្រេច​ចិត្ត​ទិញ​នូវ​វត្ថុ​អ្វី ពួក​គេ​តែង​គិត ​និង​សិក្សា​លើ​ផលិតផល​នោះ​ឲ្យ​ច្បាស់​ទាំង​គុណ​ភាព​ និង​តម្លៃ ព្រោះ​នេះ​គឺជា​ទីផ្សារ​សេរី​ដែល​ពាណិជ្ជករ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​យ៉ាង ខ្លាំង​ក្នុង​ការ​ទាក់ទាញ​អតិថិជន។ បើ​ទោះបី​ជា​ផលិត​ផល​មួយ​​នោះ​មាន ​គុណភាព វា​ប្រាកដជាមិនសូវ​មាន​អ្នក​ទិញ​ទេ ប្រសិន​វា​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ។ ដូច្នេះ ការ​ផ្សព្វផ្សាយ ​បាន​ក្លាយ​ជា​រឿង​សំខាន់​របស់ម្ចាស់​ផលិត​ផល​។ ​ម្យ៉ាង​វិញ​ទៀត ​គំនិត​ថ្មីៗ​ដែល​អាច​ឲ្យ​ពាណិជ្ជករ​ចំណាយ​តិច​ក្នុង​ការ​ផ្សព្វផ្សាយ​ ប៉ុន្ដែ​ចំណេញ​ខ្ពស់​ក៏​ជា​រឿង​សំខាន់​ផង​ដែរ៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ច្បាប់​ការងារ៖ អំពី​ការ​បញ្ឈប់​ការងារ​កម្មករ​និយោជិត


ទាញយក download

ចុចទាញយកសំលេងស្តាប់

ការបញ្ឈប់ការងារ​កម្មករ​និយោជិត បើ​និយាយ​តាមផ្លូវច្បាប់ គឺ​ជា​ការ​រំលាយ​កិច្ចសន្យា​ការងារ​ជា​ឯកតោ​ភាគី ធ្វើឡើង​ដោយ​ភាគី​និយោជក។ លក្ខខណ្ឌ នៃ​ការ​រំលាយ​កិច្ចសន្យា​ការងារ​នេះ មាន​ចែង​នៅ​ក្នុង​ច្បាប់ការងារ​ខ្មែរ ឆ្នាំ​១៩៩៧។

តើ​ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​​និយោជក​អាច​បញ្ឈប់​ការងារកម្មករ​និយោជិតបាន?

ចំពោះ​ករណី​​​រំលាយ​កិច្ចសន្យា​​ជា​ឯកតោ​ភាគី ធ្វើ​ឡើង​ដោយ​ភាគី​និយោជក ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​និយោជិត គេ​ត្រូវ​មើល​ថា តើ​កិច្ចសន្យា​នេះ ជា​កិច្ចសន្យា​មាន​កំណត់​ថិរវេលា ឬ​មិន​កំណត់​ថិរវេលា?

ចំពោះ​ករណី​កិច្ចសន្យា​មាន​កំណត់​ថិរវេលា (មានន័យថា នៅ​ពេល​ចុះកិច្ចសន្យា​ការងារ និយោជក និង​និយោជិត បាន​ព្រមព្រៀង​គ្នា​ជាមុន​ថា កិច្ចសន្យានេះ​ គឺ​ធ្វើ​ឡើង សម្រាប់​រយៈពេល​កំណត់​ណាមួយ​) និយោជក​​អាច​បញ្ឈប់​ការងារ​របស់​និយោជិតនៅមុន​ពេល​កំណត់​បាន​តែ​ក្នុងករណី​​ពីរ​ប៉ុណ្ណោះ គឺ​ករណី​និយោជិត​មាន​កំហុស​ធ្ងន់ និង​ករណី​ប្រធានស័ក្តិ។

  • ករណី​​និយោជិត​មាន​កំហុស​ធ្ងន់៖ ដូចជា លួច ឬ​គៃ​បំបាត់​សហគ្រាស, ផ្តល់​សញ្ញាប័ត្រ​ក្លែងក្លាយ​ពេល​សុំចូល​ធ្វើការ, រំលោភលើ​ការណ៍​សម្ងាត់​ខាង​វិជ្ជាជីវៈ, ជេរប្រមាថ ឬ​ប្រព្រឹត្ត​អំពើ​ហិង្សាទៅលើ​អ្នក​ធ្វើការ​ជាមួយគ្នា ឬ​ទៅលើ​និយោជក, ឬ​ធ្វើ​បាតុកម្ម​នយោបាយ នៅ​ក្នុង​សហគ្រាស ។ល។ (មាត្រា ៨៣ នៃ​ច្បាប់ការងារ)
  • ករណី​ប្រធាន​ស័ក្តិ៖ ដូចជា សហគ្រាស​ត្រូវ​បិទទ្វារ​ទៅតាម​បទបញ្ជា​របស់​អាជ្ញាធរ ឬ​ដោយសារ​មាន​គ្រោះមហន្តរាយ​ធម្មជាតិ ។ល។ (មាត្រា ៨៥)

ក្រៅ​ពី​ករណី​ពីរនេះ និយោជក​មិន​អាច​បញ្ឈប់ការងារ​និយោជិត​មុន​ពេល​កំណត់​បានទេ គឺ​ត្រូវ​តែ​ចាំ​ឲ្យ​កិច្ចសន្យា​ត្រូវ​ផុត​រលត់​ជាធម្មតា នៅ​ពេល​ដល់​កាលកំណត់។
 
ចុះ​បើ​សិន​ជា​ខាង​និយោជិត​ជា​អ្នក​សុំ​ឈប់​ នៅ​មុន​ពេល​ដល់​កាល​កំណត់ តើ​អាច​ឈប់​បាន​ដែរ​ទេ?
 
និយោជិត​អាច​សុំឈប់​បាន ប្រសិន​បើ​​មាន​ការព្រមព្រៀង​ខាង​និយោជក ដែល​ត្រូវ​ចូល​ក្នុង​​​ករណី​រំលាយ​កិច្ចសន្យា​ទៅតាម​ការ​ព្រមព្រៀង​ពី​គូភាគី​ទាំង​សងខាង។ ក្នុងករណីនេះ ច្បាប់ការងារ​ខ្មែរ ចែងកំណត់ថា ការព្រមព្រៀង​រំលាយ​កិច្ចសន្យា​មុន​កាល​កំណត់​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ ​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ នៅ​ចំពោះ​មុខ​អធិការការងារ (មាត្រា ៧៣)។

ប្រសិនបើ​ភាគី​និយោជក​មិន​យល់ព្រម​ទេ និយោជិត​មិន​អាច​ឈប់​បានទេ លើកលែង​តែ​ក្នុងករណី​​ប្រធានស័ក្តិ (ដូច​ដែល​រៀបរាប់​ខាងលើ) ឬ​មាន​កំហុស​ធ្ងន់​របស់​និយោជក។ កំហុសធ្ងន់​របស់​និយោជក មាន​ដូចជា​ការ​មិន​ព្រមបើក​ប្រាក់ឈ្នួល, ឬ​បើក​យឺត​ច្រើនលើក​ច្រើន​សា, ជេរប្រមាថ ឬ​ប្រើ​អំពើ​ហិង្សា​ទៅលើ​និយោជិត, ឬ​ក៏​មិន​បាន​ប្រតិបត្តិ​វិធានការ​សន្តិសុខ និង​អនាម័យ​សម្រាប់​និយោជិត ទៅតាម​បទប្បញ្ញត្តិ​ជា​ធរមាន ។ល។ (មាត្រា ៨៣-ក)។

ដូច្នេះ បើ​និយាយ​សរុប​ជារួម​មកវិញ ​កិច្ចសន្យាការងារ​ដែល​មាន​កំណត់​ថិរវេលា អាចត្រូវ​​រំលាយ​មុន​កាលកំណត់​បាន លុះត្រា​តែ​មាន​កំហុស​ធ្ងន់ពី​​ខាង​ភាគីណាមួយ ឬ​ក្នុង​​ករណី​ប្រធានស័ក្តិ ​ឬ​មាន​ការព្រមព្រៀង​ពី​ភាគី​ទាំងសងខាង។

ក្រៅពី​ករណី​ទាំងនេះ ប្រសិនបើ​និយោជក​ជា​អ្នក​រំលាយ​កិច្ចសន្យា​ជា​ឯកតោ​ភាគី (មានន័យថា គាត់​បញ្ឈប់​ការងារ​បុគ្គលិក​មុនពេល​កំណត់​នៃ​កិច្ចសន្យា) និយោជិត​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​និយោជកបាន។ ច្បាប់​ការងារ​ចែងថា សំណង​ជំងឺ​ចិត្ត​នេះ​ត្រូវ​មាន​ចំនួន​យ៉ាងតិច​ស្មើ​នឹង​ប្រាក់ឈ្នួល ដែល​និយោជិត​ត្រូវ​ទទួលបាន​រហូតដល់​ពេល​ចប់​កិច្ចសន្យា។

បើ​សិន​ជា​និយោជិត​ជា​អ្នក​លាឈប់​មុន​កាលកំណត់​វិញ (ដោយ​គ្មាន​ការយល់ព្រម​ពី​និយោជក ដោយ​គ្មាន​ចូល​ក្នុង​ករណី​មាន​កំហុសធ្ងន់​ ឬ​ប្រធានស័ក្តិ) គឺ​ខាង​និយោជក​​ដែល​ ​មាន​សិទ្ធិ​ទាមទារ​សំណងជំងឺ​ចិត្ត​ ដើម្បី​ជួសជុល​រាល់​ការ​ខូចខាត ដែល​​បង្កឡើង​ដោយ​នយោជិត ដែលលាឈប់​នេះ។

ចុះចំពោះ​កិច្ចសន្យា​ដែលមាន​ថិរវេលា​មិន​កំណត់​វិញ តើ​​ក្នុង​លក្ខខណ្ឌ​ណាខ្លះ ដែល​សហគ្រាស-និយោជក អាច​បញ្ឈប់​ការងារ​កម្មករ​និយោជិត​បាន​?
 
ក្នុងករណី​កិច្ចសន្យា​មាន​ថិរវេលា​មិនកំណត់ សហគ្រាស-និយោជក​អាច​បញ្ឈប់បុគ្គលិក​បាន ដោយ​ត្រូវ​គោរព​តាម​​លក្ខខណ្ឌ​បី​៖

  1. ត្រូវតែ​មាន​ “ហេតុផលសមរម្យ”

ច្បាប់ការងារ​ ត្រង់មាត្រា ៧៤ ចែងថា “គ្មានការបញ្ឈប់​ណាមួយ​អាច​ធ្វើ​ទៅបាន​ដោយ​គ្មាន​ហេតុផល​សមរម្យ ទាក់ទង​នឹង​សម្បទា ឬ​ចរិយា​នៃ​កម្មករ​និយោជិត យោលទៅលើ​ភាព​ចាំបាច់​នៃ​ដំណើររបស់​សហគ្រាស របស់​គ្រឹះស្ថាន ឬ​របស់​ក្រុមឡើយ”។  ដូច្នេះ “សម្បទា ឬ​ចរិយា” របស់​កម្មករនិយោជិត ដែល​ និយោជក អាច​លើកយក​មក​ធ្វើ​ជាហេតុផល ក្នុងការ​បញ្ឈប់​ការងារ​បាន គឺ​ទាល់តែ​មាន​ជាប់ទាក់ទង​នឹង​ដំណើរការ​របស់​សហគ្រាស។ បញ្ហា​ផ្ទាល់ខ្លួន ជា​លក្ខណៈ​ឯកជន ដែល​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​សហគ្រាស (​កម្មករនិយោជិត​​អត់ចេះគួរសម អត់​ចេះយកចិត្ត អែបអប លើកដៃលើកជើង​ចៅហ្វាយនាយ) មិន​អាច​ជា​ហេតុផល ក្នុងការ​​បញ្ឈប់ការងារ​កម្មករ​និយោជិត​​បានទេ!

ត្រង់កន្លែងនេះ ច្បាប់​ចែង​ក្នុង​គោលដៅ​​​ការពារ​​ផលប្រយោជន៍​កម្មករ​និយោជិត ដើម្បី​កុំ​ឲ្យ​និយោជក​ចេះតែ​អាច​បញ្ឈប់​ការងារ​អ្នកណា​ក៏​បាន​ស្រេច​នឹង​ចិត្ត ដោយគ្មាន​​ហេតុផល​សមរម្យ។

  1. ត្រូវ​ឲ្យដំណឹង​ជាមុន​ជាលាយលក្ខណ៍អក្សរទៅ​កម្មករនិយោជិត អំពី​ការ​បញ្ឈប់ការងារ

រយៈពេល​នៃ​ការ​ជូនដំណឹង​នេះ គឺ​វា​អាស្រ័យ​ទៅលើ​អតីតភាព​របស់​កម្មករនិយោជិត ក្នុង​សហគ្រាស (មាត្រា ៧៥)។

    • អតីតភាពការងារ (រយៈពេល​ដែល​កម្មករ​និយោជិត​​ធ្វើការ​ជាប់​ក្នុង​សហគ្រាស) ​តិច​ជាង ៦ខែ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ៧ថ្ងៃ
    • ​អតីតភាពការងារ​​លើសពី ៦ខែ ប៉ុន្តែ តិច​ជាង ២ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១៥ថ្ងៃ
    • អតីតភាព​ការងារពី២ឆ្នាំ ទៅ៥ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១ខែ
    • អតីតភាពការងារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ២ខែ
    • អតីតភាពការងារ​លើស​ពី​១០ឆ្នាំ ត្រូវ​ជូន​ដំណឹងមុន យ៉ាងតិច ៣ខែ

ច្បាប់​ការងារ​​ក៏​បាន​កំណត់​ដែរថា នៅ​ក្នុង​រយៈពេល​ឲ្យដំណឹងមុននេះ កម្មករនិយោជិត​ ដែល​ត្រូវ​បញ្ឈប់ពីការងារ មាន​សិទ្ធិ​ឈប់សម្រាក​ពី​ការងារ ២ថ្ងៃ ក្នុងមួយ​សប្តាហ៍ ដើម្បី​ស្វែងរក​ការងារ​ថ្មី។ ការ​ឈប់សម្រាក ២ថ្ងៃនេះ គឺ​ត្រូវ​ទទួលបាន​ប្រាក់ឈ្នួល​ពេញ​ជាធម្មតា។

  1. និយោជក​ត្រូវ​ផ្តល់​ទៅ​ឲ្យ​កម្មករនិយោជិត នូវ​ប្រាក់បំណាច​បណ្តេញចេញ​ពីការងារ

ប្រាក់បំណាច់​បណ្តេញចេញ​នេះ ក៏​ត្រូវ​គិត​ទៅតាម​អតីតភាពការងារ​របស់​និយោជិត​ដែរ (របៀប​គណនា​ប្រាក់បំណាច់បណ្តេញចេញនេះ មាន​ចែង​ក្នុង​មាត្រា ៨៩) ៖

    • ស្មើនឹង​ប្រាក់ឈ្នួល (បូកនឹង​ប្រាក់បន្ទាប់​បន្សំផ្សេងទៀត) រយៈពេល ៧ថ្ងៃ ចំពោះ​កម្មករនិយោជិត​ ដែល​មាន​អតីតភាពការងារ​ក្នុង​សហគ្រាស ចាប់ពី ៦ខែ ដល់ ១ឆ្នាំ។
    • អតីតភាពការងារ​ចាប់ពី ១ឆ្នាំ​ឡើងទៅ ប្រាក់បំណាច់ត្រូវ​គណនាស្មើនឹង ប្រាក់ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ ១៥ថ្ងៃ ក្នុង ១ឆ្នាំ​ការងារ ដោយ​ធ្វើម៉េច បូកបញ្ចូល​គ្នា​ទៅ ប្រាក់​បំណាច់​បណ្តេញចេញ​នេះ មិន​ត្រូវ​ឲ្យ​លើស​ពី ៦ខែ​ប្រាក់ឈ្នួល។

ប៉ុន្តែ បើសិន​ជាការបញ្ឈប់ការងារ​នេះ ធ្វើឡើង​ដោយសារ​តែ​ករណី​ប្រធានស័ក្តិ ឬ​ក៏​ដោយសារ​តែ​កម្មករនិយោជិត​មាន​កំហុស​ធ្ងន់ ​​និយោជក​​​មិន​ចាំបាច់​ជូនដំណឹង​ជាមុនទេ ហើយ​ក៏​មិនមាន​កាតព្វកិច្ច​ត្រូវ​បើក​​ប្រាក់បំណាច់​បណ្តេញចេញ​ដែរ៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

អំពី​គ្រោះថ្នាក់​ការងារ៖ និយមន័យ និង​សិទ្ធិ​ទទួល​សំណង​ជួសជុល


ការ​ដែល​កម្មករ-កម្មការិនី​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ តែងតែ​កើតមាន​ជារឿយៗ នៅ​កម្ពុជា

ការ​ដែល​កម្មករ-កម្មការិនី​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ តែងតែ​កើតមាន​ជារឿយៗ នៅ​កម្ពុជា
ទាញយក download

គ្រោះថ្នាក់ការងារ គឺ​ជា​ហានិភ័យ​ ដែល​​មាន​ជាប់​នឹង​ការ​បំពេញការងារ​របស់​កម្មករ និយោជិត។ ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បន្ទុក​ឲ្យ​និយោជក ឬ​ម្ចាស់​សហគ្រាស​ជា​អ្នក​រ៉ាប់រង​​ហានិភ័យនេះ ហើយ​​រដ្ឋ​ក៏​បាន​បង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម​មួយ​ផងដែរ ដើម្បី​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ​​របស់​កម្មករ​និយោជិត។ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ជុំវិញ​និយមន័យ​នៃ​គ្រោះថ្នាក់ការងារ និង​សំណង​ដែល​និយោជិត​រងគ្រោះ​ត្រូវ​ទទួលបាន ក្នុង​ពេល​មាន​គ្រោះថ្នាក់ការងារ។

តើ​អ្វី​ទៅជា​គ្រោះថ្នាក់​ការងារ?

យោងតាម​ច្បាប់​ការងារ​ (១៩៩៧) មាត្រា ២៤៨ “ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ធ្វើការ ឬ​ក្នុង​ពេល​ធ្វើការ ទោះដោយ​ហេតុយ៉ាងណា​ក៏ដោយ ហើយ​ទោះមាន​កំហុស​មក​ពី​កម្មករ​និយោជិត ឬ​គ្មាន​ក៏ដោយ (…) ម្យ៉ាងទៀត ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែរ ចំពោះ​គ្រោះថ្នាក់​ណា ដែល​ធ្លាក់​លើ​កម្មករ​និយោជិត​ក្នុង​ពេល​ដែល​សាមីខ្លួន​ធ្វើ​ដំណើរ​ពីលំនៅស្ថានខ្លួន​ត្រង់ឆ្ពោះ​ទៅ​ទីកន្លែង​ធ្វើការ ឬ​វិលមកវិញ ដោយ​គ្មាន​ឈប់ ឬ​ដោយ​គ្មាន​វាង​ទៅ​កន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រៅពី​ការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ”។

ដូច្នេះ បើ​មើលទៅលើ​និយមន័យ​នេះ យើងឃើញ​ថា គ្រោះថ្នាក់​ការងារ គឺ​អាច​ជា៖

  • គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ការ​ធ្វើការ​ងារ (ដូចជា និយោជិត​ដែល​ធ្វើការ​ជាមួយ​ម៉ាស៊ីន ហើយ​​កំពុង​តែ​បញ្ជាម៉ាស៊ីន ក៏​ស្រាប់​តែ​ចៃដន្យ​ត្រូវ​ម៉ាស៊ីន​កៀបដៃ គឺ​ជា​គ្រោះថ្នាក់​ការងារ)។
  • គ្រោះថ្នាក់​មិនមែន​កើតឡើង​ដោយការ​ធ្វើការ​ងារ ក៏ប៉ុន្តែ កើតឡើង​ក្នុង​ពេល​កំពុង​ធ្វើការងារ (ដូចជា កំពុង​តែ​អង្គុយ​ធ្វើការ ស្រាប់តែ​ពិដាន​របេះ​ធ្លាក់​ត្រូវ​បែក​ក្បាល ឬ​ក៏​​ពេល​ដើរ​ចុះដើរ​ឡើង ក្នុង​ពេល​ធ្វើការ ក៏ស្រាប់​តែ​រអិល​ដួល​គ្រេចជើង គឺ​ជា​គ្រោះថ្នាក់​ការងារ)។
  • គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅធ្វើការ ឬ​មក​ពី​ធ្វើការ (ដូចជា ពេល​ជិះម៉ូតូ ឬ​ជិះ​រ៉ឺម៉ក​​ទៅ​ធ្វើការ​ ស្រាប់តែ​ជួប​នឹង​គ្រោះថ្នាក់​ដួលម៉ូតូ ឬ​ក្រឡាប់​រ៉ឺម៉ក​បង្ក​ឲ្យ​មាន​របួស គឺ​ជា​គ្រោះថ្នាក់​ការងារ)។

ក៏ប៉ុន្តែ គ្រោះថ្នាក់​ក្នុងពេល​ធ្វើ​ដំណើរ​ទៅធ្វើការ ឬ​មក​ពីធ្វើការ​នេះ អាច​ចាត់បញ្ចូល​ជា​គ្រោះថ្នាក់ការងារ​បាន គឺ​ទាល់តែ​គ្រោះថ្នាក់​នោះ កើតឡើង នៅ​ក្នុង​ពេល​ដែល​និយោជិត​ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់មក រវាង​ទីលំនៅ (ឬ​កន្លែង​ស្នាក់នៅ​ជា​អចិន្រ្តៃយ៍) និង​កន្លែង​ធ្វើការ ដោយ​គ្មាន​ឈប់ ឬ​វាង​ទៅកន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ក្រៅពីការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ។

ឧទាហរណ៍​ថា ផ្ទះ​ខ្ញុំ​នៅ​ក្បាល​ស្ពាន​ជ្រោយចង្វា លើ​ផ្លូវ​មុនីវង្ស ហើយ​កន្លែង​ធ្វើការ​ខ្ញុំ នៅ​ស្ពាន​​ក្បាលថ្នល់ លើ​ផ្លូវ​មុនីវង្សដែរ។ តើ​មានន័យថា ទាល់តែ​គ្រោះថ្នាក់ កើតឡើង​ពេល​ខ្ញុំ​​​ធ្វើ​ដំណើរ​​ទៅ និង​មក​ពី​ធ្វើការ តាម​​ផ្លូវ​មុនីវង្ស ទើប​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ ឬ​ក៏​យ៉ាងម៉េច?
 
ពាក្យ​ថា “ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់មក” នេះ មិនមែន​មានន័យថា និយោជិត​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ដំណើរ​ត្រង់ភ្លឹងនោះទេ។ ពាក្យ​គន្លឹះ នៅ​ត្រង់ចំណុចនេះ គឺ​ “ប្រយោជន៍​ផ្ទាល់ខ្លួន”។ ច្បាប់​ចែង​ថា ត្រូវ​ធ្វើ​ដំណើរ​ត្រង់ទៅ ត្រង់​មក “ដោយ​គ្មានឈប់​ ឬ​វាងទៅកន្លែង​ផ្សេង ជា​ប្រយោជន៍​ផ្ទាល់ខ្លួន” ដូចជា ចេញ​ពីធ្វើការ ឆៀង​ទៅ​ដើរលេង​មាត់ទន្លេរ ឬ​ទៅលេង​មិត្តភ័ក្តិ ឬ​បងប្អូន ឬ​ក៏​ឆ្លៀត​ឈប់ចូល​ញ៉ាំអី​តាមផ្លូវ …. ។ល។

ប្រសិនបើ​ឈប់ ឬ​វាង ក្នុង​ដំណើរ​ទៅធ្វើការ​ជាធម្មតា គឺ​ត្រូវ​ចាត់ទុក​ជា​ការ​ធ្វើ​ដំណើរ​ត្រង់ទៅ​ ត្រង់មក។

ឧទាហរណ៍​ទី១​៖ និយោជិត គាត់​ទៅធ្វើការ​ជាក្រុម ដោយ​ជិះរ៉ឺម៉ក។ រ៉ឺម៉ក​ត្រូវ​វាង ត្រូវ​ឈប់​យក​ និយោជិត​មួយៗ​តាមផ្ទះ មុននឹង​ទៅ​ដល់​កន្លែង​ធ្វើការ ហើយ​ពេល​ចេញ​ពី​ធ្វើការ​មកវិញ ក៏​ត្រូវ​ឆៀង ត្រូវ​ឈប់​ដាក់​​និយោជិត​មួយ​ៗ តាមផ្ទះ​ដែរ។ ដូច្នេះ គឺ​ត្រូវ​មាន​វាង មាន​ឈប់​តាមផ្លូវ ក៏​ប៉ុន្តែ ការ​វាង ឬឈប់​នេះ គឺ​​ស្ថិត​ក្នុង​ដំណើរ​ទៅ​ធ្វើការ​ជា​ធម្មតា មិនមែន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។
 
ឧទាហរណ៍​ទី២៖ និយោជិត គាត់​ទៅធ្វើការ​ដោយ​យាន​ជំនិះ​ផ្ទាល់ខ្លួន (ជិះ​ម៉ូតូ ឬ​ក៏​ជិះឡាន​ផ្ទាល់​ខ្លួន) ក៏ប៉ុន្តែ ជិះទៅ​មាន​ស្ទះចរាចរណ៍ ហើយ​គាត់​ត្រូវ​វាង​តាម​ផ្លូវ​ផ្សេង ឬ​ក៏​ជិះ​ទៅម៉ូតូ ឬ​ឡាន​អស់​សាំង ហើយ​​ត្រូវ​ឈប់ចាក់សាំង។ ទាំងនេះ​ក៏​ជា​ការ​ឈប់ ឬ​វាង នៅ​ក្នុង​ដំណើរ​ទៅធ្វើការ​ជា​ធម្មតា ដោយ​មិនមែន​ឈប់ ឬ​វាង ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដូច្នេះ ក្នុងករណីទាំងនេះ បើ​សិន​ជា​មាន​គ្រោះថ្នាក់ ក៏​ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ​ដែរ។

បើ​នៅ​ប្រទេស​បារាំង​ ច្បាប់​មាន​​​ចែង​រហូតដល់​ទៅថា សម្រាប់​និយោជិត​ ដែល​មាន​កូនតូចៗ អាច​ឆៀង​យក​កូន​ទៅ​ដាក់​នៅ​សាលា មុននឹង​មក​ធ្វើការ ហើយ​ពេល​ចេញ​ពីធ្វើការ​ឆៀង​ទៅ​យក​កូន​ពីសាលា មុននឹង​ទៅផ្ទះ។ ទាំងនេះ​ក៏​ត្រូវ​រាប់​ថា​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជា​ធម្មតាដែរ ហើយ​បើ​មាន​គ្រោះថ្នាក់​ គឺ​ត្រូវ​រាប់ថា​ជា​គ្រោះថ្នាក់​ការងារ បើទោះជា​គ្រោះថ្នាក់ កើតមាន​ពេល​ឆៀង​ទៅយក​កូន​នៅ​សាលា​ក៏ដោយ។

ច្បាប់​ខ្មែរ​មិនមាន​ចែង​ច្បាស់ៗ​​ត្រង់ចំណុចនេះទេ ក៏ប៉ុន្តែ នៅពេល​មាន​វិវាទ ហើយ​មាន​បណ្តឹង​ទៅដល់​តុលាការ គឺ​វា​អាស្រ័យ​លើ​ចៅក្រម​ជា​អ្នក​​ពិចារណា វាយតម្លៃ​ ហើយ​កំណត់​ថា តើ​ការ​ឈប់ ឬ​ការ​វាង​ណា​ស្ថិត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជាធម្មតា ហើយ​ការ​ឈប់ ឬ​ការ​វាងណា ដែល​ត្រូវ​ចាត់ទុក​ថាជា​ការ​ធ្វើ​ក្នុង​ប្រយោជន៍ផ្ទាល់ខ្លួន ដែល​មិន​ចូល​ក្នុង​ក្របខ័ណ្ឌ​នៃ​គ្រោះថ្នាក់ការងារ។​

តើ​កម្មករ និយោជិត​ដែល​​ទទួលរងគ្រោះថ្នាក់​ការងារ មាន​សិទ្ធិ​ទទួលបាន​នូវ​សំណង​អ្វីខ្លះ?

និយោជិត​ដែល​រងគ្រោះ មាន​សិទ្ធិ​ទទួល​បាន៖

  • សំណងដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល ទោះបី​ជា​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​ការ​អាក់ខាន​ការងារ​ក៏ដោយ ឬ​ក៏​អាក់​ខាន​ការងារ​ក៏ដោយ។
  • បើ​សិន​ជា​​គ្រោះថ្នាក់​នោះ​តម្រូវ​ឲ្យ​និយោជិត​មិន​អាច​ធ្វើការ​បាន ក្រៅពី​ថ្លៃ​ព្យាបាល គាត់​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ រហូតដល់​ពេល​គាត់​ជាសះស្បើយ ត្រឡប់​មក​ធ្វើការ​វិញ។
  • បើសិន​ជា​និយោជិត​ជា​ជនរងគ្រោះ​ត្រូវ​បាត់បង់​សមត្ថភាព​ធ្វើការ​ជា​អចិន្រ្តៃយ៍ គាត់​មានសិទ្ធិទទួល​បាន​សំណង​សម្រាប់​ថ្លៃ​ព្យាបាល​ហើយ បូក​បន្ថែម​នឹង​​ប្រាក់​បំណាច់​សម្រាប់​ការបង់​សមត្ថភាពការងារ​ជា​អចិន្រ្តៃយ៍​ទៀត។
  • បើសិន​ជា​និយោជិត​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត ត្រូវ​មាន​ជួយសោហ៊ុយ​សម្រាប់​បូជា​សព ហើយ​សិទ្ធិវន្ត​របស់​គាត់ (ប្តី-ប្រពន្ធ ឬ​កូន ឬ​ក៏​ម្តាយ​-ឪពុក​​ដែល​នៅ​ក្នុង​បន្ទុក) ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់បំណាច់។

ចំពោះ​សំណង​ដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល៖ មានរាប់ទាំង​ថ្លៃ​​​ដឹកជនរងគ្រោះ​ពី​កន្លែង​គ្រោះថ្នាក់​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​លំនៅស្ថាន ថ្លៃ​ពិនិត្យ និង​ព្យាបាល​មុខរបួស ថ្លៃវះកាត់ ថ្លៃ​ពិនិត្យ​ដោយ​វិទ្យុ​កាំរស្មី ថ្លៃ​វិភាគ​ជំងឺ​ដោយ​មន្ទីរពិសោធន៍ ថ្លៃ​ថ្នាំពេទ្យ ថ្លៃ​បន្ទប់​មន្ទីរពេទ្យ ។ល។ ក៏ប៉ុន្តែ ជនរងគ្រោះ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ដែល​ទទួលស្គាល់​ដោយ​បេឡាជាតិ​​សន្តិសុខ​សង្គម (បាន​ចុះកិច្ចសន្យា​​ជាមួយ​បេឡាជាតិ​សន្តិសុខ​សង្គម) ដូចជា មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះកុសមៈ (ពេទ្យ​លោកសង្ឃ) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) និង​មន្ទីរពេទ្យ​បង្អែក​​នៅ​តាម​ខេត្ត និង​ស្រុក​​មួយចំនួនផ្សេងទៀត។ បញ្ជីឈ្មោះ​ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ​ទាំងអស់​នេះ គឺ​មាន​ក្នុង​សេចក្តីជូនដំណឹង​របស់​បេឡាជាតិ​របបសន្តិសុខ​សង្គម ហើយ​ដែល​ក្រុមហ៊ុន សហគ្រាស​មាន​ភារៈ​ត្រូវ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​និយោជិត​។
 
ចំពោះ​ប្រាក់ឈ្នួល​ប្រចាំថ្ងៃ៖

  • បើសិន​ជា​និយោជិត​ ដែល​រង​គ្រោះថ្នាក់​ការងារ បណ្តាល​ឲ្យ​អាក់​ខាន​ការងារ​​​​ត្រឹម ៤ថ្ងៃ ឬ​ក៏តិច​ជាង ៤ថ្ងៃ គាត់​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ដូចធម្មតា (ដូច​ពេល​ធ្វើការ) ពី​និយោជក។
  • បើ​សិន​ជា​គ្រោះថ្នាក់​ការងារ បណ្តាល​ឲ្យ​អាក់ខាន​ការងារ លើស​ពី ៤ថ្ងៃ គាត់​មានសិទ្ធិ​ទទួលបាន​ប្រាក់​បំណាច់​ ដែល​គេហៅថា “ប្រាក់បំណាច់​សម្រាប់​ការបាត់បង់​សមត្ថភាព​ការងារ​បណ្តោះអាសន្ន។ ប្រាក់បំណាច់​ សម្រាប់​ថ្ងៃ​ដំបូង ដែល​និយោជិត​រងគ្រោះ ត្រូវ​អាក់ខាន​ការងារ គឺ​ជា​បន្ទុក​របស់​និយោជក។ ចាប់ពីថ្ងៃ​ទី២​ទៅ គឺ​បេឡាជាតិ​របបសន្តិសុខ​សង្គម ដែល​ជា​អ្នក​ចេញ។ ប្រាក់បំណាច់​ប្រចាំថ្ងៃ ដែល​និយោជិត​រងគ្រោះ ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ពី​បេឡាជាតិ​របបសន្តិសុខ​សង្គម គឺ​ត្រូវ​ស្មើ​នឹង ៧០% នៃ​ប្រាក់ឈ្នួល​មធ្យម​ប្រចាំថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត បើសិន​ជា​ស្ថានភាព​គ្រោះថ្នាក់​តម្រូវ​ឲ្យ​មាន​អ្នក​ថែទាំ​នៅ​មន្ទីរពេទ្យ តាម​សំណើ​របស់​គ្រូពេទ្យ និយោជិត​រងគ្រោះ​ ​មាន​សិទ្ធិ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​ថែទាំ​នៅ​មន្ទីរពេទ្យ​ ដែល​ត្រូវ​ស្មើ​នឹង ៥០% នៃ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ។

ប្រសិនបើ​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​កំហុស​របស់​កម្មករ​និយោជិត​ខ្លួនឯង​ តើ​និយោជិត​នៅតែ​មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​នេះ​ដែរ​ឬទេ?

និយមន័យ​នៃ​គ្រោះថ្នាក់ការងារ ដែល​មាន​ចែង​ក្នុង​​ច្បាប់​ការងារ (មាត្រា ២៤៨) មិន​ធ្វើការ​បែងចែក​រវាង​ថា តើ​គ្រោះថ្នាក់​នោះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ហើយ​និយោជិត​រងគ្រោះ​មាន​កំហុស ឬ​ក៏​គ្មាន​កំហុស​នោះទេ? ដូច្នេះ ជាគោលការណ៍ និយោជិត​ដែល​ទទួលរងគ្រោះថ្នាក់​ការងារ ទោះបី​ជា​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​កំហុស​​របស់​អ្នករងគ្រោះ​ខ្លួនឯង​ក៏ដោយ ក៏​គាត់​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់ឈ្នួល ឬ​ប្រាក់​បំណាច់​សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​បណ្តោះ​អាសន្ន​នេះ​ដែរ។

ក៏ប៉ុន្តែ ច្បាប់​ការងារ​​បាន​ចែង​ទុក​លទ្ធភាព​ឲ្យ​មាន​ការ​ប្តឹង​តវ៉ា​ទៅ​តុលាការ​មាន​សមត្ថកិច្ច។ បើ​សិន​ជា​ចៅក្រម​រកឃើញ​ថា ​គ្រោះថ្នាក់​ការងារ​កើតឡើង​បណ្តាល​មក​ពី​កំហុស​ធ្ងន់ធ្ងរ​របស់​និយោជិត​ដែល​ជា​​អ្នក​រងគ្រោះ ចៅក្រម​អាច​សម្រេច​កាត់បន្ថយ​ប្រាក់​បំណាច់​​របស់​គាត់។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​គ្រោះថ្នាក់​នេះ កើតឡើង​បណ្តាល​មក​ពី​កំហុស​ធ្ងន់ធ្ងរ​របស់​សហគ្រាស និយោជក ចៅក្រម​អាច​បន្ថែម​ប្រាក់​បំណាច់ ដែល​ត្រូវ​បង់​ទៅ​ឲ្យ​និយោជិត​រងគ្រោះ។

នៅពេល​ដែល​និយោជិត​រងគ្រោះថ្នាក់​ការងារ បេឡា​ជាតិ​សន្តិសុខ​សង្គម​រ៉ាប់រង​បង់​ប្រាក់សំណង។ ក៏ប៉ុន្តែ ចង់ដឹង​ថា តើ​និយោជិតមាន​កាតព្វកិច្ច​បង់​ប្រាក់​ភាគទាន​ ឬ​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ផ្នែកណាមួយ ជា​រៀងរាល់​ខែ ដើម្បី​បង់​ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម​នេះ​ដែរ​ឬទេ?
 
តាមប្រកាស​របស់​ក្រសួង​សង្គមកិច្ច (១៦ មិថុនា ២០០៨) កំណត់ថា និយោជិត​មិន​ត្រូវ​តម្រូវ​ឲ្យ​ជាប់កាតព្វកិច្ច​បង់​ប្រាក់ភាគទាន​ហានិភ័យ​ការងារ ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គមទេ។ មានតែ​និយោជក និង​ម្ចាស់​សហគ្រាស​ទេ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ប្រាក់​ភាគទាន​នេះ។

ប្រាក់ភាគទាន​ហានិភ័យការងារ ដែល​និយោជក និង​ម្ចាស់​សហគ្រាស​ត្រូវ​បង់​ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គមនេះ គឺ​ត្រូវ​បង់​តាម​អត្រា ០,៨% នៃ​ប្រាក់ឈ្នួល​មធ្យម​ប្រចាំខែ​របស់​និយោជិត។ ឧបមាថា បើប្រាក់ឈ្នួល​មធ្យម​ប្រចាំខែ គឺ ១លាន​​រៀល​ក្នុង​មួយខែ និយោជក​ត្រូវ​បង់​ប្រាក់​ភាគទាន​ហានិភ័យ​ការងារ ៨ពាន់​រៀល ក្នុង​មួយខែ សម្រាប់​និយោជិត​ម្នាក់។ បើ​ក្នុង​សហគ្រាស​មាន​និយោជិត ១០០នាក់ ក្នុងមួយខែៗ និយោជក​ត្រូវ​បង់​ភាគទាន​ហានិភ័យ​ការងារ ៨០ម៉ឺនរៀល ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម។

គួរ​បញ្ជាក់ថា ប្រាក់​ភាគទាន ០,៨%នេះ មិនមែន​​និយោជក​កាត់​ប្រាក់ខែ ០,៨% ពី​និយោជិត​ ដើម្បី​យក​ទៅ​បង់​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ទេ។ ​និយោជក​ ឬ​ម្ចាស់​សហគ្រាស​ត្រូវ​ចេញ​លុយ​ខ្លួនឯង ព្រោះប្រាក់ភាគទាននេះ គឺ​ជា​កាតព្វកិច្ច​របស់​និយោជក មិនមែន​ជា​កាតព្វកិច្ច​របស់​និយោជិត​ទេ។

ឧបមាថា និយោជិត​ម្នាក់ មាន​ប្រាក់ខែ​ ​១លាន​រៀល​ក្នុង​មួយខែ ដូច្នេះ និយោជក​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​គាត់ ១លាន​រៀល​ក្នុង​មួយខែ​ជា​ធម្មតា ហើយ​បន្ថែម ០,៨% (ត្រូវជា​ ៨ពាន់​រៀល) ពីលើ​នេះ​ទៀត ដើម្បី​បង់​ភាគទាន​ហានិភ័យការងារ ទៅ​ឲ្យ​បេឡាជាតិ​សន្តិសុខ​សង្គម (មិនមែន កាត់យក​ ៨ពាន់រៀល​ ពី​ក្នុងប្រាក់ខែ​​១លាន​រៀល​របស់​និយោជិត យកទៅបង់ទេ)៕


ដើម្បី​ស្វែងយល់​បន្ថែម​ សូម​មើល​ទំព័រ​វិបសៃត៍​របស់​បេឡាជាតិ​សន្តិសុខ​សង្គម www.nssf.gov.kh​

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »
%d bloggers like this: