យុទ្ធសាស្រ្ត ផ្សព្វផ្សាយ ចំណាយ​តិច ទាក់​ទាញ​អតិថិជន​ច្រើន


120905_07

​ ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​សម្រាប់​ប្រកួត​ប្រជែង​នៅ ​លើ​ទីផ្សារ​បាន គឺ​ទាម​ទារ​ឲ្យ​មាន​តម្រូវ​ការ​ជា​ច្រើន និង​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ផ្សេងៗ​ក្នុង​ការ​រៀប​ចំ​គម្រោង​​ទាំង​ មូលជា​មុន ហើយ​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ជាចាំបាច់។ នេះ​បើ​យោង​តាម​ការ​រៀប​រាប់​អំពី​យុទ្ធសាស្រ្ត​ខ្លះៗ​ក្នុង​ការ​វាយ​លុក​ ទី​ផ្សារ​សេរី​របស់​លោក​ អ៊ុន​ ចក្រី ​នាយក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​ និង​ទំនាក់​ទំនង​របស់​អង្គ​ការ​ Population Sevices Internation (PSI) ។ លោក ​បាន​ពន្យល់​ដោយ​សង្ខេប​ថា យើង​ត្រូវ​បែង​ចែក​ថា​តើ​វា​ជា​ឈ្មោះ​ផលិតផលអ្វី​ ហើយ​យើង​ត្រូវ​ដឹង​ពី​អ្វី​ជា​គោល​បំណង​នៃ​ផ្នែក​ទំនាក់​ទំនង ​និង​តម្រូវ​ការ​ទីផ្សារ ដើម្បី​រៀបចំ​ការ​ឃោសនា។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ដែល​អាច​ជួយ​ក្នុង​ការ​សម្រេច​គោលដៅ។ បន្ទាប់​មក ចាប់​ផ្តើម​ការ​ស្រាវជ្រាវ​ដើម្បី​ជ្រើស​រើស​យក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​អតិថិជន​ចូលចិត្ត។ ការ​ជ្រើស​រើស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ ​ទាមទារ​ឲ្យ​យើង​យល់​ពី​ក្រុម​អតិថិជន​ឲ្យ​បាន​ច្បាស់លាស់​ ដែល​មាន​ដូច​ជា​អ្វី​ដែល​គាត់​ធ្វើ អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គាត់ ហើយ​អ្វី​ដែល​ពួក​គេ​គិត​ជាដើម។ LIFT បាន​សិក្សា​លើ​យុវជន​ប្រមាណ​ជា​១៥នាក់​ អំពី​របៀប​នៃ​ការ​ជ្រើសរើស​ផលិត​ផល​ ឬ​ទំនិញ ហើយ​ពួក​គេ បាន​អះអាង​ថា រវាង​ផលិតផល​ដែល​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​​ និង​ផលិត​ផល​ដែល​មិន​បាន​ផ្សាយ ពួក​គេ​នឹង​ទិញ​ទំនិញ​ណា​ដែល​គេ​ស្គាល់​ច្រើន ឬ​ក៏​ត្រូវ​បាន​​ផ្សព្វផ្សាយ បើ​ទោះ​បីជា​ពួក​គេ​មួយ​ចំនួន​ប្រកែក​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​មិន​មាន​ការ​ប៉ះពាល់​ដល់​ទំនោរ​នៃ​ការ​គិត​ពិចារណា​ របស់​ពួក​គេ​យ៉ាង​ណា​ក៏ដោយ។ បើ​យើង​ក្រឡេក​មើល​ភាព​ជាក់​ស្តែង​នៃ​របៀប​ នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន យើង​មើល​ឃើញ​ថា​មាន​វិធីសាស្រ្ត​ប្លែកៗ និង​គំនិត​ច្នៃ​ប្រឌិត​ជា​ច្រើន​បាន​ផុស​ចេញ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថៃ្ង ដើម្បី​ឲ្យ​ផលិតផល​របស់​ខ្លួន​ទៅ​ដល់​អតិថិជន ជា​ពិសេស​យុវវ័យ។ កញ្ញា គង់​ សុខា អាយុ​២៤​ឆ្នាំ ​ជា​បុគ្គលិក​នៅ​គ្លីនិក​ស្មាតឃែរ​ ​បាន​និយាយ​ថា​៖​ «​ខ្ញុំ​ប្រើ​សេ​វា​ទូរស័ព្ទ​ដើម្បី​ប្រាប់​ពី​ការ​ផ្តល់​សេវា​បញ្ចុះ​ តម្លៃ​ដល់​អតិថិជន​ ពីព្រោះ​ខ្ញុំ​គិត​ថា​ វា​មាន​ប្រយោជន៍​ជាង​ការ​ផ្ញើសារ​ ហើយ​អតិថិជន​ខ្លះ​ពុំ​ចេះ​ភាសា​អង់គ្លេស​នោះ​ទេ​។ ដូច្នេះ ទាក់​ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​មាន​ប្រសិទ្ធ​ភាព​ជាង​»។ កញ្ញា បាន​បញ្ជាក់​ថា៖ «ការ​ហៅ​ទូរស័ព្ទ​​ជម្រាប​ជូន​ដល់​អតិថិជន​អំពី​សេវាកម្ម​របស់ គ្លីនិក ​មាន​ភាព​ងាយស្រួល​ ដោយ​យើង​ចំណាយ​ត្រឹម​តែ​បី​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ​សម្រាប់​ភ្ជាប់​សេ​វា​កម្ម​ប្រព័ន្ធ​ទូរស័ព្ធ​ហេឡូ យើង​នឹង​អាច​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​បាន​ដោយ​ឥតគិត​ថ្លៃ​»។ រីឯ យុទ្ធសាស្ត្រ​ទីផ្សារ​របស់​មជ្ឈមណ្ឌល OPEN ​MIND លោក អ៊ុក សំអឿន ជា​និពន្ធ​នាយក ​និង​អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល OPEN MIND ផ្តោត​សំខាន់​លើ​ការ​ផលិត​សៀវ​ភៅ​អប់រំ​សម្រាប់​កុមារ​។ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​ទីផ្សារ OPEN MIND ​បាន​ប្រតិបត្តិ​តាម​វិធី​សាស្ត្រ​ TOP​ ​(គិត​ពី​ផលិតផល សង្កេត​ដំណើរ​ការ​ទីផ្សារ និង​រៀបចំ​គម្រោង​​យុទ្ធសាស្រ្ត)។ លោក​បាន​បន្ត​ទៀត​ថា៖ «យើង​បង្កើត​ក្រុម​ទីផ្សារ ដែល​ចុះ​ទៅ​ទាក់ទង និង​ផ្សព្វផ្សាយ​លក់​ដុំ​ និង​លក់​រាយ​នៅ​តាម​សាលារៀន បណ្ណាគារ តូប​លក់​សៀវភៅ ហាង​លក់​ឧបករណ៍​ក្មេងលេង​ អាហារដ្ឋាន និង​ហាង​កាហ្វេ​។ ជាង​នេះ​ទៅ​ទៀត​ យើង​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ និង​លក់​ផ្ទាល់​ជាមួយ​អតិថិជន​នៅ​តាម​ទីផ្សារ សួន​ច្បារ​ ទី​ប្រជុំជន​នានា​ដែល​មជ្ឈ​មណ្ឌល​បាន​កំណត់​ និង​មាន​ពេល​ខ្លះ​យើង​ចុះ​ផ្ទាល់​ទៅ​ដល់​គេហ​ដ្ឋាន​អតិថិជន​តែ​ម្តង​»។ វិធីសាស្ត្រ​ផ្សព្វ​ផ្សាយ​ផលិតផល​ដែល​ចំណាយ​ប្រាក់​តិច​ និង​ទាក់ទាញ​អតិថិជន អាច​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​បង្ហាញ​ផលិតផល​ របស់​ខ្លួន​ដល់​អតិថិជន​នៅ​គ្រប់​ទិស​ទី​។ កញ្ញា ភូ សុធារតន៍ ជា​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ជា​ពិសេស​តុក្កតា Disney Shopping ​ដែល​ទើប​តែ​បាន​បើក​ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​ សង្គម​ហ្វេសប៊ុក បាន​ឲ្យ​ដឹង​ថា កញ្ញា​បើក​អាជីវកម្ម​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​នេះ ដោយ​សារតែ​វា​មិន​ចាំបាច់​ចំណាយ​ទុនធំ និង​មិន​ចំណាយ​លើ​ការ​ជួល​ផ្ទះ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ​កញ្ញា​មិន​ចាំបាច់​ប្រចាំ​ការ​២៤​ម៉ោង​នៅ​កន្លែង​ដូច​ហាង​ធម្មតា​ឡើយ។ ម្ចាស់ ហាង​ Disney Shopping វ័យ​១៨​ឆ្នាំ រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «ដោយ​សារ​តែ​ហ្វេសប៊ុក​កំពុង​ពេញ​និយម ជា​ពិសេស​ចំណោម​យុវវ័យ ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​នៃ​ផលិត​ផល​នៅ​លើ​ហ្វេសប៊ុក គឺ​មិន​ត្រឹម​តែ​ងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​ទំហំ​ធំ​ទូលំ​ទូលាយ​ក្នុង​ការ​ចែក​ចាយ​ទៅ​ដល់​ មនុស្ស​ជា​ច្រើន និង​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង»។ ពិត​ណាស់​នា​ពេល​បច្ចុប្បន្ន​ នេះ មុន​នឹង​នរណា​ម្នាក់​សម្រេច​ចិត្ត​ទិញ​នូវ​វត្ថុ​អ្វី ពួក​គេ​តែង​គិត ​និង​សិក្សា​លើ​ផលិតផល​នោះ​ឲ្យ​ច្បាស់​ទាំង​គុណ​ភាព​ និង​តម្លៃ ព្រោះ​នេះ​គឺជា​ទីផ្សារ​សេរី​ដែល​ពាណិជ្ជករ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​យ៉ាង ខ្លាំង​ក្នុង​ការ​ទាក់ទាញ​អតិថិជន។ បើ​ទោះបី​ជា​ផលិត​ផល​មួយ​​នោះ​មាន ​គុណភាព វា​ប្រាកដជាមិនសូវ​មាន​អ្នក​ទិញ​ទេ ប្រសិន​វា​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ។ ដូច្នេះ ការ​ផ្សព្វផ្សាយ ​បាន​ក្លាយ​ជា​រឿង​សំខាន់​របស់ម្ចាស់​ផលិត​ផល​។ ​ម្យ៉ាង​វិញ​ទៀត ​គំនិត​ថ្មីៗ​ដែល​អាច​ឲ្យ​ពាណិជ្ជករ​ចំណាយ​តិច​ក្នុង​ការ​ផ្សព្វផ្សាយ​ ប៉ុន្ដែ​ចំណេញ​ខ្ពស់​ក៏​ជា​រឿង​សំខាន់​ផង​ដែរ៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: