ការ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​នាំ​ឱ្យ​សហគ្រាស​មិន​ដំណើរការ


រូបថត៖ អេភី
អតិថិជននៃធនាគារអេអិនហ្សិត (ANZ) បើកប្រាក់ពីម៉ាស៊ីនបើកប្រាក់ស្វ័យប្រវត្តិ (ATM) នៃធនាគារអេអិនហ្សិតនៅកម្ពុជា។

ភ្នំពេញៈ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រឈមនឹងកង្វះប្រភពហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម ដោយសារសេវាផ្តល់ប្រាក់កម្ចីរបស់ធនាគារមានការប្រាក់ខ្ពស់ និងរយៈពេលខ្ចី។ ក្រុមមន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជនបានទទួលស្គាល់ថាសហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ហើយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ក្រុមមន្ត្រីបានថ្លែងនៅថ្ងៃពុធនេះថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងប្រឈមនឹងកង្វះដើមទុនសម្រាប់ពង្រីកប្រតិបត្តិកា អាជីវកម្មនិង កង្វះលទ្ធភាពទទួលបានឥណទានអត្រាការប្រាក់ទាប។ មនុស្សជាង ៣០០នាក់មកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានចូលរួមនៅក្នុងវេទិកាថ្នាក់ជាតិ ដើម្បីពិភាក្សាពីការប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោក តែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងនៅក្នុងវេទិកាថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺកង្វះដើមទុនដើម្បីពង្រីកប្រតិបត្តិការ អាជីវកម្ម កង្វះលទ្ធភាពទទួលបានឥណទានក្នុងអត្រាការប្រាក់ទាប និងរយៈពេលវែង វត្ថុធានាដើម្បីទទួលបានឥណទាននៅមានកម្រិត និងប្រាក់កម្ចីមានទំហំតូច ហើយថ្លៃរត់ការខ្ពស់។ លោក តែ តាំងប៉រ បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានចំនួន៣២០ ១២៣ នៅទូទាំងប្រទេស និងមានកម្លាំងពលកម្មប្រមាណ១,៤លាននាក់់ ដូចជា កសិកម្ម សេវាកម្ម សិប្បកម្ម និងឧស្សាហកម្មធុនតូច និងមធ្យមគ្រប់ប្រភេទ។ ក្រុមមន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជន បានអះអាងថា សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ និងបង្កើនថវិកាជាតិតាមរយៈ ពន្ធដាផ្គត់ផ្គង់សេវា និងផលិតផលជំនួសទំនិញនាំចូលពីបរទេស។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthew Gamser) ប្រធានផ្នែកសេវាកម្មប្រឹក្សាយោបល់នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំ អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានថ្លែងថា ម្ចាស់សហគ្រាសអាចផ្តល់ជាដី និងអាគារដែលមានតម្លៃយ៉ាងតិចទ្វេដងនៃតម្លៃកម្ចី ធនាគារនឹងមិនផ្តល់កម្ចីធំ និងរយៈពេលវែងដែលក្រុមហ៊ុនត្រូវការដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននោះទេ បើម្ចាស់ក្រុមហ៊ុនមិនអាចផ្តល់ជាវត្ថុបញ្ចាំបន្ថែមទៀត។ «ក្រុមហ៊ុន មិនបានលូតលាស់លឿនគ្រប់គ្រាន់ ដើម្បីផ្តល់ការងារដែលកម្លាំងការងាររបស់កម្ពុជា កំពុងត្រូវការយ៉ាងខ្លាំងនោះឡើយ។ ជារៀងរាល់ឆ្នាំ ក្មេងៗកម្ពុជាប្រមាណ២៥០ ០០០នាក់ ដែលភាគច្រើនរស់នៅជនបទ ឈានដល់អាយុធ្វើការ និងត្រៀមចូលបម្រើការងារ»។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser) បានបន្ថែមថា នៅពេលអាជីវកម្មមិនអាចទទួលបានហិរញ្ញវត្ថុរយៈពេលវែង ពួកគេត្រូវរង់ចាំជាច្រើនឆ្នាំ មុននឹងពួកគេអាចសន្សំប្រាក់បានគ្រប់គ្រាន់ ដើម្បីហិរញ្ញប្បទានអាគារ បរិក្ខាធំជាងមុន និងបច្ចេកទេសប្រសើរជាងមុនដោយខ្លួនឯង។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser) បានបញ្ជាក់ថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានកង្វះទំនុកចិត្តលើនិរន្តរភាព និងភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ដោយសារគ្មានព័ត៌មាន ភាពមិនច្បាស់លាស់នៃឯកសារពាក់ព័ន្ធក្នុងការចុះបញ្ចីការ គណនេយ្យ ការត្រួតពិនិត្យទិន្នន័យ និងព័ត៌មានហិរញ្ញវត្ថុរបស់សហគ្រាសជាដើម។ «ប្រភពទុនទាំងនោះមានតម្លៃខ្ពស់ និងមានលក្ខខណ្ឌតឹងរ៉ឹងដែលមិនអាចបំពេញបានដោយទូលាយ ពីម្ចាស់សហគ្រាសត្រូវបំពេញ។ ប្រភពទុនទាំងនេះចាំបាច់ត្រូវតែប្រើប្រាស់ឱ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាព»។ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងថាគ្រឹះស្ថានធនាគារ និងសហគ្រាស ត្រូវតែសហការគ្នាឱ្យបានល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ សហគ្រាសធុនតូច និងធម្យមជាច្រើនប្រឈមនឹងការខ្វះខាតថវិកា ដើម្បីយកមកវិនិយោគ និងពង្រីកអាជីវកម្ម។ សហគ្រាស៩០ភាគរយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬកម្ចីពីក្រុមគ្រួសារ និងមិត្តភ័ក្ត្រ ក្នុងការចាប់ផ្តើមអាជីវកម្ម និងជំរុញដំណើរការអាជីវកម្ម។ ការសិក្សារបស់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបង្ហាញថា សហគ្រាសមីក្រូ តូច និងមធ្យមរហូតដល់៩០ភាគរយនៃវិស័យឯកជនត្រូវបានវាយតម្លៃថា ខ្វះខាតហិរញ្ញវត្ថុ ដែលជាបញ្ហាប្រឈម និងគន្លឹះមួយ។ អ្នកស្រី គ្រី កៅនី ម្ចាស់ក្រុមហ៊ុន គ្រី កៅនី អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននិយាយថា អ្នកស្រីត្រូវការកម្ចីរយៈពេលវែងពីធនាគារសម្រាប់ពង្រីកអាជីវកម្មរបស់អ្នកស្រី ប៉ុន្តែដំណើរការនីតិវិធីមានលក្ខណៈស្មុគស្មាញ និងការប្រាក់ខ្ពស់។ អ្នកស្រី សូ ផនណារី តំណាងសមាគមធនាគារនៅកម្ពុជា បានថ្លែងថា សេវាឥណទានផ្តល់ជូន ដោយផ្អែកលើការវិនិច្ឆ័យផ្ទាល់របស់ខ្លួន និងការផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ដែលទាមទារជាចាំបាច់នូវភាពស្មោះត្រង់រវាងភាគីទាំងសង្ខាង៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

បញ្ចេញមតិ