ខេមកូស៊ីធី បន្ត​អភិឌ្ឍន៍​ហាង​លក់​ទំនិញ-សួន​ច្បារ


120830_02

សំណង់​អគារ​ជា​ច្រើន​ ដែល​កសាង​ឡើង​នៅ​ក្នុង​គម្រោង​របស់​ទីក្រុង​រណបខេមកូស៊ីធី ។ រូបថត ហុង មីនា

ភ្នំពេញ​: គម្រោង​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី បាន​ចាប់​ផ្តើម​សកម្មភាព​សាងសង់​បន្ត​គម្រោង​ហាង​លក់​ទំនិញ​និង​ សួន​ច្បារ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​អាក់​ខាន​សកម្មភាព​ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០១១​មក​។

កត្តា​ឥទិ្ធពល​ទីផ្សារ​តម្រូវការ​ក្នុង​ស្រុក​ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ធ្វើ​ឲ្យ​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ នេះ ត្រូវ​ផ្អាក​សកម្មភាព​សាង​សង់​មួយ​រយៈ​។

លោក ​ខេង​ សែ ​ជំនួយ​ការ​អគ្គ​នាយក​ក្រុមហ៊ុន​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី មាន​ប្រសាសន៍​ថា ​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​កំពុង​បន្ត​ការ​វិនិយោគ​ជំហាន​ទី១​ ដែល​នៅ​ព័ទ្ធ​ជុំវិញ​ទីក្រុង​នេះ​ជា​បន្ត​ទៀត។ ​ប៉ុន្តែ​នៅ​ពេល​នេះ​គម្រោង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផ្សេង​ៗ​ទៀត ក្រុមហ៊ុន​​មិន​ទាន់​ចាប់​ផ្តើម​ធ្វើ​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិន​បាន​កំណត់​ថា​ នឹង​ធ្វើ​វា​នៅ​ពេល​ណា​ដែរ​ ដោយ​នៅ​ពេល​នេះ​ក្រុមហ៊ុន​ធ្វើ​សម្រាប់​ជំហាន​ទី១​ ដែល​នៅ​សេស​សល់​ដើម្បី​បញ្ចប់​តែ​ប៉ុណ្ណោះ​។

ជំនួយ​ការ​រូប​នេះ​បន្ត​ថា ​ជំហាន​ទី១​យើង​សម្រេច​ការ​សាង​សង់​បាន​៧០​ភាគរយ​ហើយ ដោយ​នៅ​ពេល​នេះ​យើង​ធ្វើ​ដើម្បី​បញ្ចប់​គម្រោង​ដែល​នៅ​សល់​៣០​ភាគរយ ​ក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ហាង​ទំនិញ ​និង​សួន​ច្បារ​ជាដើម​។ ​លោក​បញ្ជាក់​ថា​៖​«ជំហានទី១​ដែល​មាន​បី​ដំណាក់​កាល​នោះ ក្រុមហ៊ុន​បាន​សាង​សង់​ស្ទើរ​តែ​ចប់​រួច​រាល់​អស់​ទៅ​ហើយ​ ដោយ​នៅ​សល់​តែ​ដំណាក់​កាល​ទី៣​ នេះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ គឺវា​អាស្រ័យ​លើ​ដៃ​គូ​ភាគី​វិនិយោគ​របស់​យើង​»។

លោក​បាន​បន្ថែម​ថា ​ដំបូង​ដៃ​គូ​វិនិយោគ​របស់​យើង​គេ​បាន​ទិញ​អគារ​នេះ​អស់​តែ​ម្តង​គឺ​១០០​ ភាគរយ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​លក់​ដំបូង ដោយ​រហូត​មក​ដល់​ពេល​នេះ​ការ​អភិវឌ្ឍ​នៅ​ជំហាន​ទី១ ដំណាក់​កាល​ទី១​ និង​ដំណាក់​កាលទី២​បាន​បញ្ចប់​ហើយ​ នៅ​តែ​ដំណាក់​កាល​ទី៣ កំពុង​រង់ចាំ​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​គូ​ភាគី​វិនិយោគ​។

លោក​បាន​អះអាង​ថា​ ៖«​បើ​ទោះ​បី​ជា​យើង​ចាប់​ផ្តើម​បន្ត​សកម្មភាព​ឡើង​វិញ​ពេល​នេះ​ក៏​ដោយ ​ក៏​ខាង​ក្រុមហ៊ុន​យើង​នៅ​មិន​ទាន់​មាន​ផែន​ការ​រៀបចំ​ថវិកា​សម្រាប់​ការ​ វិនិយោគ​គម្រោងធំៗ​ជា​បន្ត​ទៀត​នៅ​ឡើយ​ទេ​»​។ ​លោក​បន្ថែម​ថា ​សព្វ​ថ្ងៃ​យើង​កំពុង​វិនិយោគ​ទៅ​លើ​ហាង​ទំនិញ ​និង​រៀបចំ​សួន​ច្បារ​សាធារណៈ ​ប៉ុន្តែ​តម្រូវ​ការ​លក់ ​និង​ជួល​មាន​ចំនួន​ប៉ុន្មាន​លោក​សុំ​មិន​ប្រាប់​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា ​មាន​តម្រូវ​ការ​ច្រើន​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​ជំហាន​ទី១​នៃ​ការ​វិនិយោគ​ផ្ទះ​ល្វែង ​និង​វីឡា​យើង​បាន​លក់​អស់​ហើយ​ ដោយ​នៅ​សល់​ផ្ទះ​ប្រភេទ​ខុន​ដូ​ចំនួន​តិច​តួច​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្នុង​ការ​ប្រកាស​លក់​ជា​បន្ត​ទៀត​។

លោក​បាន​បន្ថែម​ថា ​គម្រោង​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី​ជា​គម្រោង​ធំ​ដែល​សព្វ​ថ្ងៃ ធ្វើ​បាន​តែ​១​ភាគ​១០​នៃ​គម្រោង​ទាំង​មូល​តែ​ប៉ុណ្ណោះ។ ​លោក​ជឿថា ​គម្រោង​ធំ​ថ្មីៗ​នឹង​មាន​បន្ត​បន្ទាប់​ទៀត​ក្រោយ​ពី​បញ្ចប់​ជំហាន​ទី១​នេះ ដោយ​វា​គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា​ដើម្បី​វិភាគ​លើ​តម្រូវការ​ទីផ្សារ​ បន្ថែម និង​ស្វែងរក​ដៃ​គូរ​វិនិយោគ​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​ ព្រោះ​នេះ​ជា​គម្រោង​ធំ​។

លោក ​អាន ​ចន្នី ​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​រៀបចំ​ផែន​ការ​លក់ និង​ជួល​ហាង​ទំនិញ​ចំនួន​ជាង​៣០​ហាង។ លោក​បញ្ជាក់​ថា ​៖«​ហាង​ចំនួន​១០​ត្រូវ​បាន​អតិថិជន​កក់​អស់​ទៅ​ហើយ ​តាំង​ពី​ចាប់​ដំណើរ​ការ​សាង​សង់​មក​ម្ល៉េះ»។​ លោក​បន្ត​ថា ​គម្រោង​វិនិយោគ​ហាង​ទំនិញ​នេះ​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ពាក់​កណ្តាល​ខែ​ កក្កដា​កន្លង​មក ហើយ​ខ្ញុំ​គិត​ថា ​៣​ទៅ​៤ខែ​ទៀត​ទើប​ចប់​ ដោយ​គេ​នឹង​ដាក់​ជួល​ក្នុង​តម្លៃ​ចន្លោះ​ពី​៥​ទៅ​៨​ដុល្លារ​ក្នុង​មួយ​ ម៉ែត្រការ៉េ​។

លោក ចន្នី បាន​បន្ថែម​ថា ​គម្រោង​ដែល​កំពុង​ធ្វើ​នៅ​ពេល​នេះ​ គឺ​ដើម្បី​បញ្ចប់​ការងារ​ចាស់ៗ​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ ហើយ​លំនៅដ្ឋាន​ ផ្ទះ​ល្វែង ​និង​វីឡា​បាន​លក់​អស់​ទៅ​ហើយ ​សល់​តែ​ខុន​ដូប្រហែល​២០​ភាគរយ​តែ​ប៉ុណ្ណោះ ​ដោយ​បន្ទប់​ដែល​មាន​បន្ទប់​គេង​២​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​១៤​ទៅ​១៦​ ម៉ឺន​ដុល្លារ​ចំណែក​បន្ទប់​ដែល​មាន​បន្ទប់​គេង​៣ លក់​ក្នុង​​តម្លៃ​ចន្លោះ​ពី​១៨​ទៅ​២០​ម៉ឺន​ដុល្លារ ​និង​៤​បន្ទប់​គេង លក់​ក្នុង​តម្លៃ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។

ទីក្រុង​រណប​ខេមកូស៊ីធី ស្ថិត​នៅ​ក្នុង​តំបន់​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​មាន​សុវត្ថិភាព មាន​បរិស្ថាន​ល្អ ​ជា​មួយ​ការ​វិនិយោគ​ច្រើន​ធ្វើ​ឲ្យ​ទីផ្សារ​ជួល​ងាយ​ស្រួល​ក្នុង​ការ​រក​ អតិថិជន​។ លោក​ ចន្នី បាន​បញ្ជាក់​ថា៖​«នៅ​រយៈ​ពេល​បីខែ​ចុង​ក្រោយ​នេះ ​មាន​អតិថិជន​បរទេស​មក​ជួល​កើន​ឡើង​ច្រើន​ជាង​កាល​ពី​ដើម​ឆ្នាំ​នេះ​»។

លោក ​ច្រឹក សុខនីម អនុ​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​វីត្រាស់ មាន​ប្រសាសន៍​ថា ការវិល​ត្រឡប់​នៃ​សកម្មភាព​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី​ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​កើន​ឡើង​។ លោក​បន្ត​ថា ​ការ​វិនិយោគ​ធំៗ​គឺ​ទាមទារ​ឲ្យ​មាន​​ភាព​ច្បាស់​លាស់ ​ទើប​ការ​វិនិយោគ​អាច​ដំណើរ​ការ​ដល់​គោល​ដៅ​បាន​ ហើយ​ការ​វិល​ត្រឡប់​នៃ​ក្រុមហ៊ុន​នេះ​អាច​នឹង​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​ ដែរ​។

លោក​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​គិត​ថា ការ​វិនិយោគ​ហាង​ទំនិញ ​នៅ​ទីនោះ​នា​ពេល​នេះ​ពិត​ជា​ល្អ ​គឺ​អាច​ធ្វើ​ឲ្យ​ការវិ​និយោគ​ជំហាន​ទី១​របស់​ក្រុមហ៊ុន​មាន​តម្លៃ​ឡើង​ វិញ ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ការ​វិនិយោគ​ជំហាន​បន្ទាប់​របស់​ក្រុម​ហ៊ុន​ ទទួល​បាន​ជោគជ័យ​ផង​ដែរ​»។

លោក​បាន​បន្ថែម​ថា​ ទីផ្សារ​អចលនទ្រព្យ​សព្វ​ថ្ងៃ​កំពុង​ធ្វើ​ដំណើរ​ម្តង​មួយ​ជំហានៗ ​ដូច្នេះ​ការ​វិនិយោគ​ចាំ​បាច់​គឺ​ត្រូវ​ការ​ពេលវេលា​ដែល​ជា​រឿង​ល្អ​ដែរ​ សម្រាប់​ការ​វិនិយោគ​យូរ​អង្វែង៕

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: