គណនាប្រាក់ត្រូវបង់ប្រចាំខែ និងបង្កើតតារាងបង់រំលោះ


និយាយ​អំពី​កម្ចី​​ អ្នក​ពិត​ជា​គិត​ដល់​ការ​ចង​ការប្រាក់​ជាមិន​ខាន! កម្ចី​ជា​ទុន​ដែល​អ្នកមាន​ទុន​ផ្ដល់​ឲ្យអ្នក​ដែល​មាន​តម្រូវការ ​ក្នុង​លក្ខខណ្ឌដែល​កម្ចី​នឹង​ត្រូវ​សង​វិញ​នា​ថ្ងៃ​កំណត់មួយ ។ ជាការពិតណាស់ រាល់​កម្ចី​តែង​មាន​ការប្រាក់ ហើយ​ការប្រាក់​នេះ​ហើយ​ដែល​ជា​កត្តា​​ជំរុញ​ឲ្យ​លំហូរ​នៃ​ទុន​ក្រោម​រូបភាព​ ជា​កម្ចី​អាច​ប្រព្រឹត្តទៅ​បាន​ ។ នេះ​ជា​គ្រឹះ​ដ៏សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ ព្រោះ​បុគ្គល​ដែល​មាន​គម្រោង​វិនិយោគ​ដែល​ត្រូវការ​ទុន​នឹង​អាច​ទទួល​បាន​ វាយកទៅ​ប្រើប្រាស់​បាន ។

គណនាការប្រាក់

ឥលូវ​អ្នក​បាន​ដឹង​ថា​ការប្រាក់​នេះហើយ​ជា​គោល​ចម្បង​នៃ​កម្ចី​ ។ ចុះ​អ្នក​ដឹង​ថាតាមរយៈ​របៀប​បង់ការប្រាក់ផ្សេងៗ​ ​គេ​អាច​ចាត់​ថ្នាក់​កម្ចី​ជា​ប៉ុន្មានទេ? «គំនិត» នឹង​លើក​យក​ចំណាត់ថ្នាក់​នេះ និង​របៀប​ស្វែង​រក​ប្រាក់ត្រូវ​បង់​ប្រចាំខែ​នៃ​កម្ចី​បង់រំលោះ​មក​បង្ហាញ​ ជូន​ប្រិយមិត្តិ ។

 

ចំណាត់ថ្នាក់កម្ចី

ដើម្បីអ្នក​​ងាយ​ស្រួល​យល់​​នៃ​និយមន័យ​កម្ចី​នីមួយៗ ខ្ញុំ​សូម​លើក​យក​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​ដែល​គេ​ប្រើប្រាស់​ក្នុង​វិស័យ ​ហិរញ្ញវត្ថុ ។

ប្រាក់ដើម (Principal)៖ ប្រាក់​ដែល​អ្នក​ខ្ចី​ពី​ម្ចាស់​បំណុល ។

អត្រា​ការប្រាក់ (Interest Rate)៖ អត្រានៃ​ប្រាក់​ដើម​​ដែល​អ្នក​សន្យា​បង់​ដល់​ម្ចាស់​បំណុល ចាត់​ទុក​បាន​ថា​ជា​ថ្លៃ​ខ្ចី​ប្រាក់ ។ អត្រា​ការប្រាក់​អាច​ត្រូវ​បញ្ជាក់​ច្បាស់ (ឧ. 6% ក្នុង​មួយ​ឆ្នាំ) ឬ​បង្កប់​ក្នុង​កម្ចី​សរុប (ឧ. អ្នក​ខ្ចី​ប្រាក់​ចំនួន​ 1.000.000៛ និង​សន្យា​សង​វិញ​ចំនួន​ 1.150.000៛ ក្នុង​រយៈពេល​មួយ​ឆ្នាំ ។ អត្រា​ប្រាក់​ក្នុង​ករណី​នេះ​គឺ (1.150.000៛ – 1.000.000៛)/1.000.000៛ = 15%) ។ ជាទូទៅ​ ក្នុង​ប្រទេស​ភាគច្រើន ច្បាប់​កំណត់ឲ្យ​ធនាគារ​ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ផ្តល់​កម្ចី​ បញ្ជាក់ច្បាស់លាស់​អំពី​អត្រាការប្រាក់​នេះ ។ ការ​បញ្ជាក់​ជាទូទៅ​មាន​រូបរាងជា អត្រា​ការប្រាក់​ប្រចាំឆ្នាំ APR (Annual Percentage Rate) ។

ការប្រាក់ (Interest)៖ ប្រាក់​ដែល​ត្រូវ​បង់​ជាប្រចាំ​ ជា​ថ្លៃ​នៃ​ការ​ខ្ចី​ទុន ។ ឧ. កម្ចី 1.000.000៛ អត្រាការប្រាក់ 6% ក្នុងមួយឆ្នាំ មាន​ការប្រាក់​ត្រូវបង់​ប្រចាំ​ឆ្នាំចំនួន​ 60.000៛ ត្រូវ​ជា​ 5.000៛ ប្រចាំខែ ។

កាល​បរិច្ឆេទ​ឥណប្រទាន (Maturity Date)៖ កាល​បរិច្ឆេទ​ដែល​ប្រាក់​ដើម​ត្រូវ​ទូទាត់​សង​វិញ​ផ្ដាច់ ។

 

តទៅនេះ​គឺ​ចំណាត់ថ្នាក់​កម្ចី៖

១. កម្ចី​សាមញ្ញ (Simple Loan)៖ កម្ចីនេះ​មាន​លក្ខណៈ​ងាយ​ជាង​គេ គឺ​ការ​បង់​ប្រាក់​ប្រព្រឹត្តទៅ​តែ​ម្ដង​គត់​គឺ​នៅ​កាលបរិច្ឆេទ​ឥណប្រទាន ដែល​អ្នក​ត្រូវ​បង់​ទាំង​ដើម​ និង​ការប្រាក់​ជាមួយ​គ្នា​តែម្ដង ។ ប៉ុន្ដែ​វិធី​សង​របៀប​នេះ​មាន​ហានិភ័យ​នៃ​ការ​មិន​ទទួល​បាន​ប្រាក់​ដើម​ វិញខ្ពស់ ។

២​. កម្ចី​ការប្រាក់សុទ្ធ(Interest-Only Loan)៖ កម្ចី​នេះ​មាន​លក្ខណៈ​ពេញនិយម​នៅ​កម្ពុជា​ ក្នុងចំណោម​​កម្ចី​ឯកជន ។ វា​ខុស​ពី​កម្ចី​ទីមួយ​ត្រង់​អ្នក​ត្រូវ​បង់​ការប្រាក់​ប្រចាំខែ​ តែ​បង់​តែ​ការប្រាក់​ប៉ុណ្ណោះ​មិន​មាន​ការ​រំលោះ​ប្រាក់​ដើម​ឡើយ ។ អ្នក​ប្រកប​របរ​ចង​ការប្រាក់​ឯកជន​ ជ្រើសរើស​វិធី​សង​ប្រាក់​បែប​នេះ​ព្រោះ​ការប្រាក់​ឋិត​នៅ​កម្រិត​ខ្ពស់​ថេរ​ រហូត​ដល់​ឥណប្រទាន ត្បិត​វា​មាន​ហានិភ័យ​ខ្ពស់​ដែរ ។

៣. កម្ចី​បង់រំលោះ​ (Amortized Loan)៖ ការ​បង់​រំលោះ​ជា​វិធី​ទូទៅ​ក្នុង​កម្ចី​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗទៀត ។ ដូច​អាច​យល់​បាន​​ពី​ឈ្មោះ​នៃ​កម្ចី​ប្រភេទ​នេះ ប្រាក់​ដែល​អ្នក​បង់​ជា​ប្រចាំ​ដល់​ធនាគារ​នោះ​មាន​មួយ​ផ្នែក​ជា​ការ​ប្រាក់ ​លើ​កម្ចី​ និង​មួយ​ផ្នែក​ទៀត​សម្រាប់​​បង់រំលោះ​ប្រាក់ដើម ។ ទោះ​ប្រាក់​ត្រូវ​បង់​ជា​ប្រចាំ​មាន​​បរិមាណ​ច្រើន​ជា​ងក្នុង​វិធី​ ផ្សេងៗក៏ដោយ ការ​បង់​រំលោះ​ជួយ​កាត់​បន្ថយ​ការប្រាក់​ត្រូវ​បង់​ជាបន្តបន្ទាប់​ឲ្យ​ កាន់តែតិចទៅៗ ពេល​កាន់​តែ​ខិត​ទៅ​ដល់​ឥណប្រទាន ។ ឯសម្រាប់​ម្ចាស់​បំណុល​វិញ វា​ក៏​ជា​វិធី​សង​ដែល​មាន​ហនិភ័យ​ទាប​ជាង​គេ​ផង​ដែរ អាច​ចាត់​បាន​ថា​ជា​ហេតុ​ធ្វើឲ្យ​វា​ទទួល​​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នា​ បណ្ដា​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុនានា ។

 

គណនា​ និង​សំណង់តារាង​បង់រំលោះ​ (កម្ចី​បង់រំលោះ)

ក្នុង​វិធី​សង​បង់​រំលោះ​នេះដែរ​ក៏​មាន​ ៣ វិធី​ថែម​ទៀតគឺ៖

ក. ប្រាក់​ត្រូវ​បង់​មាន​បរិមាណ​ថេររៀង​រាល់​ខែ ហៅ​បាន​ម្យ៉ាង​ទៀត​ថា ធនលាភ (Annuity)

ខ. ប្រាក់​រំលោះ​លើ​ប្រាក់ដើម​ថេរ​រៀង​រាល់​ខែ

គ. ប្រាក់​រំលោះ​ថេរក្នុង​បរិមាណទាប​សម្រាប់រយៈពេល​កំណត់មួយ ដោយ​ទុក​ប្រាក់​ដើម​ភាគ​ធំ​ដែល​នៅ​សល់សម្រាប់​បង់​ផ្ដាច់​​នៅ​ចុង​កាល​ ឥណប្រទាន (ប្រាក់​បាឡុង ឬ Balloon Payment) ។

ក្នុង​ចំណោម​វិធី​ទាំង​នេះ​ វិធី​ចុង​ក្រោយ​គេ​មិន​ទទួល​បាន​ការ​ពេញ​និយម​នៅ​លើ​ពិភពលោក​ទេ ក្រៅពី​នៅ ស.រ.អា ហើយ​ការ​កំណត់​ប្រាក់​ត្រូវ​បង់​ក៏​ប្រែប្រួល​យ៉ាង​ខ្លាំង​ទៅ​តាម​ ម្ចាស់កម្ចី ។

សម្រាប់​វិធី​ពីរ​ផ្សេងទៀត ខ្ញុំ​នឹង​លើក​យក​ឧទាហរណ៍​ងាយ​មួយ​មក​បង្ហាញ​ជា​ជំនួយ ។

ឧទាហរណ៍៖ ប្រាក់​កម្ចី=50.000.000៛   អត្រាការប្រាក់ (APR)=12%  រំលោះ​រយៈពេល​ 2 ឆ្នាំ បង់​ប្រចាំខែ​។

 

ប្រាក់​ត្រូវបង់ប្រចាំខែថេរ (ធនលាភ)

ក្នុង​វិធី​នេះ​ ប្រាក់រំលោះ​មាន​បរិមាណ​ថេរ ។ ធនលាភ​ អ្នកអាច​​គណនា​តាម​រយៈ​រូបមន្ដ​ដូចខាងក្រោម ។

ដែល       A: ទឹក​ប្រាក់​ត្រូវ​ទូទាត់​ប្រចាំខែ (ធនលាភ)

D: ប្រាក់ដើមសរុប

i: អត្រាការប្រាក់​ប្រចាំខែ     

n: ចំនួន​ខែ​សរុប

ក្នុង​ឧទាហរណ៍​នេះ  D=50.000.000៛ 

i=12%/12=1% ក្នុង​មួយ​ខែ     

n=2ឆ្នាំx 12ខែ = 24ខែ 

នោះ                 

ពេល​រក​ធនលាភ​បាន​ហើយ អ្នក​ត្រូវ​បង្កើត​តារាង​រំលោះដូចខាងក្រោម៖

ក្នុង​តារាង​នេះ​ អ្នក​ត្រូវ​ចាប់ផ្ដើម​មើល​ពី​ជួរ​សមតុល្យ​ប្រាក់ដើម ។ នៅ​ពេល​ការបង់រំលោះ​ចាប់ផ្តើម គឺ​ខែទីសូន្យ សមតុល្យ​ប្រាក់ដើម​គឺ 50.000.000៛ ។ បន្ទាប់​ អ្នក​ត្រូវ​បំពេញ​ធនលាភ​ចូល​ក្នុង​ជួរប្រាក់​ត្រូវ​បង់​ប្រចាំខែ ចាប់ពី​ខែ​ទី​មួយ ។ នេះ​ជា​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​ប្រចាំខែ ដែល​រួមមាន​រំលោះ​ប្រាក់ដើម​ និង​ការប្រាក់ ។​ ការប្រាក់​ស្មើរ​នឹង​សមតុល្យ​ប្រាក់ដើម​គុណនឹង​អត្រា​ការប្រាក់​ប្រចាំ​ខែ អាច​គណនា​បាន​យ៉ាង​ស្រួល​ តែ​ប្រែប្រួល​រៀងរាល់ខែ​តាម​សមតុល្យ​ប្រាក់ដើម ។ រំលោះ​ប្រាក់ដើម​អាច​គណនា​បាន​ដោយ​យក​ប្រាក់ត្រូវ​បង់​ប្រចាំខែ​ដក​ ការប្រាក់ដែល​បាន​រក​ឃើញ​ចេញ ។ ឯ​សមតុល្យ​ប្រាក់ដើម​គឺស្មើរ​នឹង​ប្រាក់ដើម​ពី​ខែ​មុន​ដក​នឹង​រំលោះ​ ប្រាក់ដើម ។ អ្នក​ធ្វើ​បែប​នេះ​រហូត​ដល់​ខែ​ទី​២៤ ដែល​សមតុល្យ​ប្រាក់ដើម​ស្មើរ​សូន្យ ជា​ការបញ្ចប់​សំណង​បំណុល ។

 

ប្រាក់រំលោះ​ប្រាក់ដើម​ថេរ

វិធី​នេះ​ខុស​ពី​វិធី​មុន​ត្រង់​ប្រាក់រំលោះ​ប្រាក់​ដើម​ថេរ តែ​ប្រាក់​ត្រូវបង់​ប្រចាំ​ខែ​មិន​ថេរ​ឡើយ ។ ប្រាក់​រំលោះ​ប្រាក់ដើម​ស្មើរ​នឹង​ប្រាក់ដើម​ចែក​នឹង​ចំនួន​ខែ​សរុប ឯប្រាក់​ត្រូវ​ទូទាត់​ប្រចាំខែ​ស្មើរ​នឹង​ប្រាក់​រំលោះ​នេះ​បូក​នឹង​ ការប្រាក់ ។ ចំណែក​យន្តការ​នៃ​តារាង​រំលោះ​មាន​ភាព​ដូចគ្នា​នឹង​តារាង​មុន​ដែរ ។

រំលោះប្រាក់ដើម = 50.000.000៛/24ខែ = 2.083.334៛ ។

 

ឯកសារយោង៖

អត្ថបទ​នានា​ស្ដី​អំពី​គោលការណ៍​នៃ​ហិរញ្ញវត្ថុ

http://www.ext.colostate.edu/pubs/farmmgt/03757.html

Advertisements
បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: