ឱកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​ជី ខណៈ​វិស័យ​កសិកម្ម​កើន


120119_11

លោក ចាន់ សុឃាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អេច ស៊ី ស៊ី ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ​ ប៉ុស្តិ៍​​។ ជីវ័ន​

ភ្នំពេញៈ ដោយ​សារ​តែ​ប្រជា​ជន​កម្ពុជា​ប្រមាណ​៨០​ភាគ​រយ​ប្រកប​របរ​កសិកម្ម ដូច្នេះ​ការ​វិនិយោគ​លើ​វិស័យ​នេះ​កំពុង​តែ​ទាក់ទាញ​ក្រុម​ហ៊ុន​ជា​ច្រើន​ ក្នុង​ការ នាំ​ចូល​ជី និង​ផលិត​ជី ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​វិស័យ​ដ៏​សំខាន់​នេះ ខណៈ​ការ​ផលិត​ក្នុង​ប្រទេស​មិន​អាច​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ បាន។

ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប​ខូអិលធីឌី(HCC) ជាក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​បាន​នាំ​ចូល​ជី​ ធម្មជាតិ​ពី​ប្រទេស​ជប៉ុន​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​នៅ​កម្ពុជា។

តើ ​ឱកាស​នៃ​ការ​រីក​ចម្រើន​ក្នុង​អាជីវកម្ម​នេះ​និង​មាន​ការ​រីក​ចម្រើន​យ៉ាង​ ណា ហើយ​នឹង​មាន​ឧបសគ្គ​អ្វី? លោក​ ចាន់ សុឃាំង នាយក​ប្រតិបត្តិ ក្រុមហ៊ុន HCC បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ជុំវិញ​អាជីវ​កម្មជី​នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក​មើល​ឃើញ​ពី​ទីផ្សារ​ជី​នៅ​កម្ពុជា​ដូចម្តេច​ដែរ ទើប​លោក​ចាប់​ធ្វើ​អាជីវកម្ម​នាំ​ចូល​ជី​ធម្មជាតិ​នេះ?

នៅ ​ប្រទេស​ជិត​ខាង​យើង ដូចជា​ថៃ​ និង​វៀតណាម ​គេ​យក​វិស័យ​កសិកម្ម​ជា​វិស័យ​នាំ​មុខ។ ការ​ផ្គត់ផ្គង់​ចំណី​អាហារ​នៅ​លើ​ពិភពលោក​ក៏​ចាប់​ផ្តើម​មាន​ការ​ខ្វះ ខាត ហើយ​កសិកម្ម​ក៏​ចាប់​ផ្តើម​មាន​ការ​រីក​ចម្រើន​ពិសេស​នោះ​យើង​ឃើញ​ថា នៅ​ប្រទេស​យើង​មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម ច្រើន​ណាស់ ដូច្នេះ​ខ្ញុំ​គិត​ថា វា​ជា​ឱកាស​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​នេះ​ព្រោះ​តម្រូវ​ការ​ជី​នឹង​មាន​ ការ ​កើន​ឡើង​ខ្លាំង។

ទន្ទឹម​នឹង​នោះ​យើង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​ជីដោយ​សារ​មិន​ទាន់​មាន​អ្នក​ផលិត​នៅ​ ក្នុង​ស្រុក​បាន​ធំ​ដុំ​នៅ​ឡើយ​ គឺ​មាន​តែ​លក្ខណៈ​សិប្ប​កម្ម និង​សហ​គ្រាស​តូច​ៗ តែ​រោង​ចក្រ​គឺ​មិន​ទាន់​មាន​ទេ ភាគ​ច្រើន​គឺ​ជី ត្រូវ​នាំ​ចូល​មក​ទាំង​អស់។

អ្វី​ជា​ឧបសគ្គ​ចំពោះ​ការ​ធ្វើ​អាជីវ​កម្ម​នេះ?

រយៈ​ពេល​នៃ​ការ​បើក​បី​ឆ្នាំ​ដំបូង​ យើង​ជួប​ការ​លំបាក​ច្រើន​ដោយ​សារ​ប្រព័ន្ធ​នៃ​ការ​លក់​នៅ​ក្នុង​ស្រុក​មាន​ការ​លំបាក។

ផលិតផល ​របស់​យើង​ថ្មី ​លំបាក​ក្នុង​ការ​ដាក់​នៅ​តាម​កន្លែង​ចែកចាយ ពោល​គឺ​ដូច​ផ្ញើ​ជី​គេ​លក់​អញ្ចឹង​។ ដូច្នេះ​កាល​ពី​ឆ្នាំ​២០១០ យើង​អាច​និយាយ​បាន​ថា វា​ស្ទើរ​តែ​ក្ស័យធន​។ ក្នុង​អំឡុង​ពេល​នោះ​យើង​មាន​​រឿង​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​នៅ​ការ​គ្រប់គ្រង ហើយ​បំណុល​យើង​បាន​ឡើង​ដល់​១៧​ទៅ​​២០​ម៉ឺន​ដុល្លារ​។

សព្វ​ ថ្ងៃ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​នាំ​ជី​ចូល​មក​កម្ពុជា​យ៉ាង​ច្រើន តើ​វា​មាន​បង្ក​ការ​លំបាក​ដល់​ការ​ប្រកួត​ប្រជែង​របស់​លោក​ដែរ ឬ​ទេ?

ការ ​ប្រកួត​ប្រជែង​ឃើញ​ថា​ មាន​ការ​លំបាក​ច្រើន​សម្រាប់​យើង​ ព្រោះ​ការ​ប្រកួត​ប្រជែង​សឹង​តែ​៥០​ទៅ​៦០​ភាគរយ​ គឺ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​មិន​ស្មោះ​ត្រង់ ​យើង​ចង់​និយាយ​ថា​ គេ​មិន​ចូល​តាម​ព្រំដែន​ ដែល​ជា​ច្រក​បង់​ពន្ធ ឬ​ច្រក​ប្រកាស​ទំនិញ​នាំចូល​ជា​ផ្លូវ​ការ​ទេ​ គេ​នាំ​ចូល​តាម​ច្រក​ផ្សេង​ៗ​ ដែល​មិន​បង់​ពន្ធ​ដូច្នេះ​យើង​ចាញ់​ប្រៀប​ខាង​តម្លៃ។ ម៉្យាង​ទៀត​នៅ​តាម​កន្លែង​ចែកចាយ​មួយ​ចំនួន​ក៏​ប្រទះ​ឃើញ​មាន​ជី​ក្លែង​ ក្លាយ ​ច្រើន​ផង​ដែរ។

តើ​អ្វី​ជា​ដំណោះស្រាយ​របស់​លោក​នៅ​ពេល​ដែល​ ក្រុមហ៊ុន​បាន​ជួប​ឧបសគ្គ​ពី ឆ្នាំ ​២០១០​ហើយ​អ្វី​ជា​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លោក​អាច​ប្រជែង នៅ​លើ​ទីផ្សារ​បាន?

រឿង​ដំណោះស្រាយ​ដំបូង​បំផុត​គឺ​ខ្ញុំ​បាន​ទិញ​ ភាគហ៊ុន​ពី​មិត្ត​ភក្តិ​របស់ ​ខ្ញុំ​ និង​បញ្ចូល​ទុន​ជិត​៥០​ម៉ឺន​​ដុល្លារ​បន្ថែម​ទៀត បន្ទាប់​មក​យើង​រៀបចំ​ធនធាន​មនុស្ស​ឡើង​វិញ ព្រោះ​កត្តា​មនុស្ស​នេះ​ជា​កត្តា​សំខាន់​ ប្រសិន​បើ​ក្រុមហ៊ុន​មួយ​មាន​បុគ្គលិក ដែល​មិន​ស្មោះត្រង់​ជា​មួយ​នឹង​ក្រុមហ៊ុន​ច្រើន​នោះ គឺ​ក្រុមហ៊ុន​មិន​អាច​រស់​បាន​នោះ​ទេ និង​រឿង​ទី​បី​បើ​សិន​ជា​បុគ្គលិក​ទាំង​អស់​ គ្មាន​ឆន្ទៈ​ គ្មាន​គោល​ដៅ​ដូច​ក្រុមហ៊ុន​ក៏​​យើង​មិន​អាច​ធ្វើ​បាន​ដែរ ពោល​គឺ​បុគ្គលិក​នោះ​គាត់​យក​ការ​ងារ​ជា​រឿង​ធំ ការ​សម្រេច​គោលដៅ​របស់​គាត់​ជា​រឿង​ធំ និង​គាត់​យក​ភាព​ស្មោះត្រង់​ជា​រឿង​ធំ ដូច្នេះ​ហើយ​យើង​នឹង​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​បើ​ទោះបីជា​យឺត​យ៉ាវ​បន្តិច ក្តី​។

តើ​លោក​យល់​ថា បច្ចុប្បន្ន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​លើ​ការ​ប្រើប្រាស់​ជីគីមី​ និង​ជី​ធម្មជាតិ​មាន​កម្រិត​ណា​ដែរ? ក្រុម​ហ៊ុន​លោក​មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ជំរុញ​ឲ្យ​ប្រជា​កសិករ ងាក​មក​ប្រើ​ជី​ធម្មជាតិ​?

យើង​ឃើញ​ថា ​មាន​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ ដ៏​ដូច​ជា​អង្គការ​ស្ថាប័ន​ផ្សេង​ៗ​ក៏​មាន​ភាព​ទូលំ​ទូលាយ​ដែរ​ នា​ពេល​សព្វ​ថ្ងៃ​នេះ​។ បើ​យើង​និយាយ​ពី​ជី​ធម្មជាតិ​ យើង​ឃើញ​ថា​ប្រជាជន​ប្រហែល​ ៦៥ ​ទៅ​ ៧០​ភាគ​រយ​គាត់​ស្គាល់​ជី​ធម្មជាតិ​ តែ​កត្តា​ចម្បង​នៅ​ត្រង់​ថា​គាត់​ប្រើ​ ឬ​មិន​ប្រើ​។ យើង​ចំណាយ​ពេល​ច្រើន​ដើម្បី​​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់​ ព្រោះ​គាត់​ធ្លាប់​ប្រើ​ជី​គីមី​ប្រហែល​ ៣០​ទៅ​៤០​ឆ្នាំ ហើយ ​ដូច្នេះ​មិន​ស្រួល​ទេ​សម្រាប់​ការ​ណែនាំ​គាត់​ឲ្យ​ប្រើ​ជី​ធម្មជាតិ ។

តើ​គ្រោះ​ទឹក​ជំនន់​កាល​ពី​ចុង​ឆ្នាំ​២០១១ ប៉ះពាល់​អ្វី​ខ្លះ​ដល់​អាជីវកម្ម​របស់​លោក?

កាល ​ពីគ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន​នេះ​គឺ​វា​បាន​បង្ក​ផលប៉ះពាល់ ដល់​ក្រុមហ៊ុន​យើង​ផង​ដែរ​ តាម​រយៈ​វា​ធ្វើ​ឲ្យ​យឺត ក្នុង​ការ​លក់ ព្រោះ​ស្រូវ​របស់​កសិករ​ត្រូវ​រង​ការ​ខូច​ខាត​អស់។ ក្នុង​អំឡុង​ពេល​នោះ​ដែរ​ការ​លក់​របស់​យើង​បាន​ធ្លាក់​ចុះ​ប្រហែល​១៥​ភាគ រយ បើ​ប្រៀបធៀប​ខែ​ដែល​មិន​មាន​ទឹក​ជំនន់។

តើ​លោក​មាន​ការ​ ព្រួយ​បារម្ភ​ដែរ​ទេ ប្រសិន​បើ​មាន​ក្រុមហ៊ុន​មក​ធ្វើ​អាជីវ​កម្ម​នាំ​ចូល​ជី​មក​កម្ពុជា​កាន់​តែ ​ច្រើន និង​មាន​ក្រុមហ៊ុន​ផ្សេង​ៗ​មក​វិនិយោគ​លើ​ការ​ផលិត​ជី​នៅ​ក្នុង​ស្រុក?

ចំពោះ ​ការ​ព្រួយ​បារម្ភ​យើង​តែង​តែ​មាន​ហើយ​ ប៉ុន្តែ​វា​ជា​ទីផ្សារ​សេរី​ គឺ​ចង់​មាន​ន័យ​ថា​ ប្រសិន​បើ​ការ​ប្រកួត​ប្រជែង​នោះ​មាន​ភាព​ស្មើ​គ្នា មាន​ភាព​ស្មោះត្រង់​គឺ​យើង​អាច​ទទួល​យក​បាន​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​យើង​នៅ​តែ​ជឿ ជាក់​លើ​គុណភាព​ផលិតផល​របស់​យើង។

រដ្ឋាភិបាល ​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​ការ​ផលិត​ស្រូវ​ និង​បង្កើន​ការ​នាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន នៅ​២០១៥​ខាង​មុខ​នេះ លោក​គិត​ថា​ក្រុម​ហ៊ុន​លោក​នឹង​អាច​រួម​ចំណែក​អ្វី​ដល់​គោលនយោបាយ​នេះ?

ប្រាកដ ​ជា​រួម​ចំណែក​ ដោយ​ការ​រួម​ចំណែក​របស់​យើង​គឺ​តាម​ការ​ផលិត។ យើង​ត្រូវ​គិត​ថា​ដើម្បី​បាន​១​លាន​តោន តើ​យើង​បាន​អង្ករ​មក​ពី​ណា​មក​សិន? ដូច្នេះ​បើ​សិន​ជា​យើង​យក​អង្ករ​ យើង​ត្រូវ​ពឹង​ផ្អែក​លើ​ស្រូវ​ដែល​ផលិត​បាន អ៊ីចឹង​វា​ទាល់​តែ​ស្រូវ​នោះ​វា​កើន​នូវទិន្នផល​បាន​ច្រើន ទើប​អាច​នាំ​ចេញ​អង្ករ​បាន​ច្រើន​​ដែរ​ ដូច​នេះ​ហើយ​ខ្ញុំ​គិតថា យើង​បាន​ចូល​រួម​យ៉ាង​ច្រើន​នៅ​ក្នុង​គោល​នយោបាយ​នេះ​ដែរ។

តើ​លោក​យល់​ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​វត្ថុ​ធាតុ​ដើម​គ្រប់​គ្រាន់​សម្រាប់​ផលិត​ជី​ប្រភេទ​នេះ​​ដែរ​ទេ?

ក្នុង ​ពេល​បច្ចុប្នន្ន​នេះ​យើង​មិន​មាន​គ្រប់គ្រាន់​សម្រាប់​ផលិត​ទេ​ ព្រោះ​ធម្មតា​ធម្មជាតិ​មិន​ដូច​ជាតិ​គីមី​ដែល​យើង​ចាក់​ផ្សំ ចូល​គ្នា​កើត​បាន​ទៅ​ជា​ជី​នោះ​ទេ ចំណែក​ជី​ធម្មជាតិ​ផលិត​ចេញ​ពី​វត្ថុធាតុ​ផ្សេង​ៗ ដែល​យើង​អត់​ប្រើ​ប្រាស់​ដូចជា​ឆ្អឹង​មាន់ ឆ្អឹង​គោ សាច់​ត្រី​ដែល​យើង​ហាល​ស្ងួត និង​លាមក​មាន់ ដើម្បី​យើង​យក​មក ក្នុង​ការ​បូក​ផ្សំ​ចូល​គ្នា​ជា​មួយ​បច្ចេក​វិទ្យា​បែប​ផែន​សម្រាប់​គេ​ផលិត ​​។ ទោះ​ជា​យ៉ាង​ណា​យើង​គិត​ថា​ប្រហែល​ជា ៣​ទៅ​៥​ឆ្នាំ​ខាង​មុខ​ទៀត​យើង​នឹង​មាន​ធនធាន​គ្រប់គ្រាន់។

តើ​លោក​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ជី​ដោយ​ខ្លួន​ឯង​ដែរ ឬ​ទេនៅ​ពេល​អនាគត?

យើង ​ធ្លាប់​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ដៃ​គូ​ជប៉ុន​របស់​យើង​ដែរ​លើ បញ្ហា​នេះ​ ព្រោះ​បើ​យើង​ចង់​ធ្វើ​ក៏​ធ្វើ​មិន​ទាន់​កើត​ដែរ ទាល់​តែ​យើង​មាន​បច្ចេក​វិទ្យា​ពី​ខាង​ជប៉ុន​។

លោក​លើក​ឡើង​ ថា ការ​នាំ​ជី​ចូល​មក​កម្ពុជា​សព្វ​ថ្ងៃ​គឺ​មិន​មាន​ភាព​ស្មើ​គ្នា​ ពោល​គឺ​ការ​នាំ​ចូល​ដោយ​ខុស​ច្បាប់​។ ​តើ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​ការ​បែប​ណា​?

ខ្ញុំ​ស្នើ​ សុំ​ឲ្យ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​មាន​សមត្ថកិច្ច​ពាក់​ ព័ន្ធ​សូម​ជួយ​បង្ក្រាប​ការ​នាំ​ចូល​ជី​ដែល​មិន​បាន​ចុះ​បញ្ជីការ​ត្រឹម​ ត្រូវ ក៏​ដូច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​ និង​ការ​ធ្វើ​ជី​ខ្លែង​ក្លាយ​ផ្សេង​ៗ ​ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​ភាព​យុត្តិធម៌។

ទន្ទឹម ​នោះ​ដែរ​ខ្ញុំ​នៅ​​តែ​ទទូច​ ដល់​កសិករ​ អ្នក​លក់​ដុំ អ្នក​លក់​រាយ​ និង ក្រុម​ឈ្មួញ ត្រូវ​ចូល​រួម​ផ្តល់​នៅ​ចំណី​អាហារ​ដែល​មាន​ភាព​ស្អាត ព្រោះ​ថា​ចំណុច​នេះ​គឺ​ជា​ក្តី​កង្វល់​ដ៏​ចម្បង ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​គិត ហើយ​បើ​សិន​សុខភាព​ប្រជាជន​អត់​ល្អ សេដ្ឋកិច្ច​ប្រទេស​យើង ក៏​អត់​ដំណើរ​ការ​ទៅ​បាន​ល្អ​ដែរ​៕

បទ​សម្ភាស រៀបចំ​ដោយ លោក សៀម ប៊ុនធី

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: