វិនិយោគ​ទៅ​លើ​សណ្ឋាគារ​នៅ​តែ​មាន​ឱកាស​ច្រើន


120126_11

លោក ប៉ិច ពិសី ម្ចាស់​ភាគហ៊ុន​សណ្ឋាគារ The Little Garden ​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃទី ២៥ មករា ២០១១ ​​។ ស៊ន សារ៉ាត​

ភ្នំពេញៈ កំណើន​ភ្ញៀវ​ទេសចរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​របស់​កម្ពុជា​បាន​និង​កំពុង ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​លើ​វិស័យ​សណ្ឋាគារ។

The Tittle ​Garden ជា​សណ្ឋាគារ​បែប​បុរាណ​តូច​មួយ​នៅ​ភ្នំពេញ​ទើប​តែ​បើក​ប្រមាណ​៦​ខែ ប៉ុណ្ណោះ​ប៉ុន្តែ​សណ្ឋាគារ នេះ​កំពុង​ទាក់​ទាញ​ភ្ញៀវ​បរទេស។

លោក ប៉ិច​ ពិសី​ ដែល​មិនមាន​ជំនាញ​ផ្នែក​សណ្ឋាគារ​សោះ​នោះ ​បាន​សម្រេច​ចិត្ត​បើក The Tittle ​Garden​ ជាមួយ​នឹង​ដៃ​គូ​ក្នុង​ស្រុក​ ដោយ​វិនិយោគ​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ។
ហេតុ​អ្វី​បាន​ជា​លោក​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ ហើយ​មិន​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​?

មូលហេតុ ​ដំបូង​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ធ្វើ​អាជីវកម្ម​ទៅ​លើ​ផ្នែក​ សណ្ឋាគារ ដោយ​សារ​កន្លង​មក​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ច្រើន​ដូចជា​ទៅ​រៀន​បរទេស ដូច្នេះ​ខ្ញុំ​បាន​ទទួល​គំនិត​ថ្មី​ៗ​ពី​ស្រុក​គេ​ច្រើន​។ ​ខ្ញុំ​ឃើញ​ថា នៅ​កម្ពុជា​ភាគ​ច្រើន​សណ្ឋាគារ​ដែល​មាន​លក្ខណៈ​បែប​នេះ ​ត្រូវ​បាន​បើក​ដោយ​ជន​បរទេស ដូច្នេះ​ពួក​គេ​កើប​លុយ​ពី​ភ្ញៀវ​បរទេស និង​ជន​បរទេស​ដែល​មក​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ។ ​ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ឱកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នេះ​គឺ​នៅ ​ខ្ពស់​នៅ​ឡើយ ហើយ​ខ្ញុំ​គិត​ថា​បើ​ខ្មែរ​មាន​គំនិត​ស្រូប​យក​ថវិកា​ដែល​ភ្ញៀវ​ទេសចរ​ចំណាយ ​ឲ្យ​បាន​ច្រើន គឺ​ល្អ​សម្រាប់​ខ្មែរ​។

សណ្ឋាគារ​លោក​ទើប​ចាប់​ ដំណើរ​ការ និង​មាន​ទំហំ​តូច​បើ​ធៀប​នឹង​សណ្ឋាគារ​ផ្សេង ដូច្នេះ​ដើម្បី​ទាក់​ទាញ​អតិថិជន​តើ​លោក​មាន​យុទ្ធសាស្រ្ត​អ្វីខ្លះ?

យើង ​មាន​យុទ្ធនាការ​ទីផ្សារ​៦​ខែ​ដំបូង​មុន​នឹង​យើង​ចាប់​ផ្តើម​អាជីវកម្ម ​នេះ យើង​ដាក់​ថវិកា​ច្បាស់​លាស់ នៅ​ក្នុង​ប្រតិបត្តិការ​លើ​វិស័យ​ទីផ្សារ រួម​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ដែល​ជន​បរទេស​អាច​កក់​បាន​មុន​ពេល​ពួក​គេ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា កន្លែង​យើង​រៀបចំ​បាន​ល្អ​ដូច​គេ ហើយ​យើង​បាន​ដាក់​តម្លៃ​មួយ​មាន​កម្រិត​ទាប​ជាង​គេ​បន្តិច។

លោក​ លើក​ឡើង​ថា វិនិយោគិន​បរទេស​ជា​ច្រើន​បាន​វិនិយោគ​ខាង​វិស័យ​សណ្ឋាគារ​។ ហេតុ​អ្វី​បាន​ជា​ខ្មែរ​យើង មិន​វិនិយោគ​លើ​វិស័យ​នេះ​ដូច​គេ?

សព្វ ​ថ្ងៃ​យើង​ឃើញ​ថា​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​បាន​មក​ធ្វើ​អាជីវកម្ម នៅ​កម្ពុជា​ដូចជា ថៃ ម៉ាឡេស៊ី ​និង​កូរ៉េ​ខាង​ត្បូង​ជាដើម។ ខ្មែរក៏​មាន​អ្នក​មាន​លុយ​ច្រើន​ដែរ តែ​កម្រិត​ការ​វិនិយោគ​របស់​គាត់​នៅ​ទាប ហើយ​ភាគ​ច្រើន​គាត់​ចូល​ចិត្ត​វិនិយោគ​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ​ប៉ុណ្ណោះ ​ដែល​អាច​ឲ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ឆាប់ ការ​វិនិយោគ​ទិញ​ដី​និង​លក់​ដី​គឺ​វា​មាន​អាយុ​ខ្លី តែ​បើ​និយាយ​ពី​ប្រាក់​ចំណេញ​គឺ​ខ្ពស់ ប៉ុន្តែ​ការ​ធ្វើ​អាជីវកម្ម​នេះ​វា​មិន​អាយុ​វែង​នោះ​ទេ​។

ឧទាហរណ៍​កាល​ពី​២​ឆ្នាំ​កន្លង​មក ដែល​វិបត្តិ​សេដ្ឋកិច្ច​ផ្ទុះ​ឡើង​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​នេះ​ត្រូវ​ជាប់​គាំង​។

ការ​បើក​អាជីវកម្ម​សណ្ឋាគារ​នេះ​ផ្សារ​ភ្ជាប់​អ្វី​ខ្លះ​ដល់​កំណើន​សេដ្ឋកិច្ច​ និង​ទេសចរណ៍​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ?

វិស័យ ​សណ្ឋាគារ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ ទោះបី​យើង​ដឹង​ថា​អត្រា​នៃ​ការ​កើន​ឡើង​សណ្ឋាគារ​នៅ​​សៀមរាប ប៉ុន្តែ​សណ្ឋាគារ​នៅ​ភ្នំពេញ​នៅ​មាន​កម្រិត​នៅ​ឡើយ​សម្រាប់​ស្រូប​យក ភ្ញៀវ​ទេសចរ​ថ្នាក់​ខ្ពស់​ ដូច្នេះ​ខ្ញុំ​គិត​ថា​ការ​បង្កើត​សណ្ឋាគារ​ខ្ញុំ​នេះ​បាន​រួម​ចំណែក​ក្នុង​ ការ​ពង្រឹង​វិស័យ​ទេសចរណ៍​នៅ​​កម្ពុជា​ ព្រោះ​រដ្ឋាភិបាល​ចាត់​ទុក​ទេសចរណ៍​ជា​វិស័យ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច ប៉ុន្តែ​បើ​យើង​មើល​ទៅ​​សណ្ឋាគារ​ល្អ​ៗ​ភាគ​ច្រើន​គ្រប់គ្រង​ដោយ​បរទេស​ ដូច្នេះ​ថវិកា​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍ ទាំង​នោះ​មួយ​ចំនួន​ធំ​ត្រូវ​ហូរ​ចេញ​ទៅ​បរទេស។

ដើម្បី​កុំ​ឲ្យ​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​បែក​ធ្លាយ​ទៅ​បរទេស​ច្រើន​ តើ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ដូចម្តេច?

ក្រសួង ​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍​ត្រូវ​តែ​បង្កើត​បរិយាកាស​អ្វី​មួយ​ដើម្បី​ផ្តល់​ ឱកាស​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​ច្រើន​នោះ​សេដ្ឋកិច្ច​យើង​មាន​ និរន្តរភាព​ច្រើន​ជាង​កា​ពឹង​ទៅ​លើ​វិនិយោគ​បរទេស ​ដែល​ខ្លះ​មក​តែ​មួយ​ឆាវ​ៗ​ ហើយ​កត្តា​នេះ​វា​មិន​ល្អ​សម្រាប់​សេដ្ឋកិច្ច​យើង​ទេ​។

យោបល់​លោក​តើ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ដូចម្តេច​ដើម្បី​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​គំនិត​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង?

គំនិត ​ខ្ញុំ​មាន​ពីរ ទីមួយ​គឺ​យើង​ធ្វើ​ម៉េច​បង្កើត​ឲ្យ​មាន​បរិយាកាស​ឲ្យ​មាន​ប្រព័ន្ធ​ ហិរញ្ញ​វត្ថុ​ល្អ​ដើម្បី​ឲ្យ​ខ្មែរ​មាន លទ្ធភាព​ខ្ចី​លុយ​ពី​ធនាគារ ដោយ​បង្កើត​ប្រព័ន្ធ​ធនាគារ​មួយ​សម្រាប់​ផ្តល់​កម្ចី​ដល់​កូន​ខ្មែរ ទី​ពីរ​គឺ​ច្បាប់​បើក​ក្រុមហ៊ុន​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល ដោយ​កុំ​ឲ្យ​មាន​ថវិកា​ក្រៅ​ផ្លូវ​ការ​ច្រើន​ពេក។

ភ្ញៀវ​ទេសចរ​ បរទេស​ដូច​ជា​ចិន​ កូរ៉េ ​បាន​មក​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​តែ​មក​ជា​កញ្ចប់ មក​តាម​ក្រុមហ៊ុន​ប្រទេស​របស់​គេ ហើយ​ការ​ចំណាយ​ទាំង​នោះ​គឺ​បាន​ចូល​ទៅ​ប្រទេស​គេ​វិញ?

វា​ជា​ការ ​រក​ស៊ី​តាម​ប្រព័ន្ធ​ទីផ្សារ​សេរី​យើង​ពិបាក​ហាម​គេ​ណាស់​ ប៉ុន្តែ​គំនិត​សំខាន់​នោះ​យើង​ជា​ខ្មែរ ឬ​រដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ឯកជន​គួរ​សហការ​គ្នា​ធ្វើ​យ៉ាង ម៉េច​ដើម្បី​ឲ្យ​យើង​មាន​សម្ថភាព​ស្រូប​យក​ភ្ញៀវ​ទាំង​អស់​នោះ​បាន ពោល​គឺ​យើង​ធ្វើ​ម៉េច​ផ្តល់​សេវា​ឲ្យ​គេ​បាន​ល្អ ហើយ​រដ្ឋ​យើង​គួរ​តែ​ជួយ​ជា​បច្ចេក​ទេស ឬ​ក៏​ជា​ថវិកា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​អាច​មាន​លទ្ធភាព​ស្រូប​ យក​ភ្ញៀវ​ទេសចរ​បាន​ច្រើន។ ​ម៉្យាង​ទៀត​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ៗ​តម្រូវ​ឲ្យ​យក ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​ខ្មែរ និង​អាច​ជំរុញ ឲ្យ​ពួក​គេ​ចាយ​លុយ​មួយ​ចំនួន​ទៅ​លើ​ភោជនីយដ្ឋាន​ខ្មែរ។

តាម​រយៈ​ កំណើន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ លោក​យល់​ថា​ តម្រូវ​ការ​សណ្ឋាគារ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​គ្រប់​គ្រាន់​ដែរ​ឬ ទេ​?

ចរន្ត ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​វា​ក៏​នៅ​បន្ត​កើន​ឡើង​ទៀត​ និង​​មួយ​ទៀត​ការ​ចំណាយ​របស់​អ្នក​ទេសចរ​ក៏​មាន​កំណើន​ផង​ដែរ ប៉ុន្តែ​យើង​ដឹង​ហើយ​សព្វ​ថ្ងៃ​កម្ពុជា​មិន​ទាន់​មាន​សម្ថភាព​គ្រប់គ្រាន់ ​ក្នុង​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណ​ភាព​ ឬ​ក៏​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទៅ​ដល់​ភ្ញៀវ​លំដាប់​ខ្ពស់​នៅ​ឡើយ។យើង ឃើញ​ថា ចំនួន​សណ្ឋាគារ​បាន​កើន​ឡើង​មែន ប៉ុន្តែ​ចំនួន​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ស្រូប​យក​ចំនួន​ភ្ញៀវ ដែល​កំពុង​តែ​កើន​ឡើង​នេះ​ទេ ដោយ​សារ​គុណភាព​ សេវាកម្ម​ និង​ការ​វិនិយោគ​លើ​សណ្ឋាគារ​របស់​ខ្មែរ​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​អាច​ប្រៀប​ធៀប​ពី​ហានិភ័យ​រវាង​ការ​ធ្វើ​អាជីវកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​បាន​ទេ​?

ខ្ញុំ ​គិត​ថា​ការ​ធ្វើ​អាជីវកម្ម​លើ​ភោជនីយដ្ឋាន​គឺ​មាន​ការ​លំបាក​ច្រើន​ ទី​មួយ​គឺ​យើង​ត្រូវ​មាន​ជំនាញ​ចុង​ភៅ​ខ្លះ​ដែល​ត្រូវ​ដឹង​ពី​គុណភាព​របស់​ អាហារ ម៉្យាង​ទៀត​ខ្ញុំ​គិត​ថា​ការ​បើក​អាជីវកម្ម​ភោជនីយដ្ឋាន​គឺ​យើង​គួរ​កុំ​ ធ្វើ​ប្រសិន​បើ​យើង​មិន​មាន​បទ​ពិសោធ ​គឺ​ប្រៀប​បី​ដូច​យក​លុយ​ទៅ​បោះ​ក្នុង​ធុង​សំរាម​អ៊ីចឹង​។ ដោយ​ឡែក​ការ​ធ្វើ​អាជីវកម្ម​សណ្ឋាគារ មាន​ភាព​ងាយ​ស្រួល​ជាង ដោយ​គ្រាន់​តែ​យើង​ធ្វើ​សេវាកម្ម​ឲ្យ​ល្អ ការ​គ្រប់គ្រង​ច្បាស់​លាស់ និង​ការ​ផ្សព្វផ្សាយ នោះ​នឹង​ទទួល​បាន​ជោគជ័យ តែ​វា​ក៏​មាន​ហានិភ័យ​ដែរ​បើ​យើង​មិន​អាច​ធ្វើ​ដូច​នេះ​បាន​។

ព្រួយបារម្ភ ​ដែរ​ឬ​ទេ​សម្រាប់​ការ​ប្រកួត​ប្រជែង​ ដោយ​សារ​សព្វ​ថ្ងៃ​អាជីវកម្ម​លើ​វិស័យ​សណ្ឋាគារ​កំពុង​តែ​រីក​ចម្រើន? និង​មាន​វិធី​សាស្ត្រ​អ្វី​ប្រកួត​ប្រជែង​ជាមួយ​សណ្ឋាគារ​ដែល​មាន​លំដាប់​ ខ្ពស់​?

សណ្ឋាគារ​សព្វ​ថ្ងៃ​គឺ​កើន​ឡើង​ច្រើន ហើយ​ភាគ​ច្រើន​គឺ​មាន​ស្តង់ដារ​ខ្ពស់​ ដូច្នេះ​ការ​ធ្វើ​អាជីវ​កម្ម​ផ្នែក​សណ្ឋាគារ​នេះ គឺ​ពិបាក​ទៅ​ៗ ប៉ុន្តែ​យើង​ធ្វើ​ម៉េច​ត្រូវ​ផ្តោត​លើ​សេវា​ឲ្យ​ល្អ​បំផុត ពិសេស​កន្លែង​របស់​យើង​គឺ​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ ហើយ​យើង​ក៏​ត្រូវ​តែ​ពង្រឹង​សេវាកម្ម​ហើយ​ពង្រឹង​ទៀត។

តើ​លោក​មាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់​លោក​នេះ​បន្ថែម​ទៀត​ដែរ​ ឬ​ទេ?

ក្នុង ​ការ​ដំណើរ​ការ​កន្លង​មក​នេះ​យើង​ឃើញ​ថា​វា​ដំណើរ​ការ​ទៅ​មុខ​ល្អ​ហើយ ​។ ដោយ​ឡែក​គោលដៅ​ពង្រីក​នៅ​ឆ្នាំ ក្រោយ​នេះ​យើង​នឹង​មាន​ផែន​ការ​ពង្រីក​នៅ​ភ្នំពេញ​ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ដូច​ជា​បាត់ដំបង កែប មណ្ឌលគិរី និង​រតនគិរី​ ប៉ុន្តែ​ក៏​ត្រូវ​ការ​ចំណាយ​ពេល​វេលា​បន្ថែម​ទៀត​ដែរ៕

បទ​សម្ភាស​រៀប​ចំ​ដោយ ស៊ន សារ៉ាត និង​ សៀម ប៊ុនធី

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: