បញ្ហា​ប្រឈម​របស់​ SME ក្នុង​សមរភូមិ​ទីផ្សារ​សេរី


111208_11
លោក តែ តាំងប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​​តូច​ និង​មធ្យម​កម្ពុជា​​។
រូបថត ម៉ៃ​ វីរៈ​

ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម​ (SME)​ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​ គឺ​SME ស្ទើរ​តែ​ទាំង​អស់​ទូទាំង​ប្រទេស​ពុំ​ទាន់​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​បរទេស​នៅ​ឡើយ​ទេ​។ បញ្ហា​ប្រឈម​កាន់​តែ​ខ្លាំង​សម្រាប់​វិស័យ​នេះ គឺ​ការ​ចូល​មក​ដល់​នៃ​ទីផ្សារ​សេរី​ក្នុង​តំបន់​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៥​។

តើ​វិស័យ​ SME ​កម្ពុជា​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ​ដើម្បី​ឈរ​ជើង​ក្នុង​សមរភូមិ​ទីផ្សារ​សេរី​នេះ​? លោក​ សៀម ប៊ុនធី​ អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ជួប​ជាមួយ លោក​ តែ តាំងប៉រ​ ប្រធាន​សម្ព័ន​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​ និយាយ​ពី​ឧបសគ្គ​SME និង​លទ្ធភាព ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​បរទេស​នា​ពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។

អ្វី​ជា​ឧបសគ្គ​ SME នា​ពេល​បច្ចុប្បន្ន​? SME ប្រភេទ​ណា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​?

នោះ ​គឺ​កង្វះ​ខាត​ដើម​ទុន​សម្រាប់​ពង្រឹង​ និង​ពង្រីក​ខ្លួន ហើយ​លទ្ធ​ភាព​ទទួល​ឥណទាន​នៅ​មាន​កម្រិត​ដោយ​សារ លក្ខ​ខណ្ឌ​តម្រូវ​ឲ្យ​មាន​វត្ថុ​បញ្ចាំ​ អត្រា​ការ​ប្រាក់​ខ្ពស់​ ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។

ផលិត​ភាព ផលិត​កម្ម​នៅ​មាន​កម្រិត ​ព្រោះ​បច្ចេកទេស​ និង​បច្ចេកវិទ្យា​ សម្រាប់​ជំនួយ​ដល់​ការ​ផលិត​នៅ​មាន​កម្រិត​ និង​ហួស​សម័យ​។ ផលិតផល​ និង​ផលិ​តកម្ម​ពុំ​ទាន់​មាន​ស្តង់ដារ​ច្បាស់​លាស់​ បើ​ប្រៀបធៀប​ជាមួយ​ផលិតផល​នាំ​ចូល ។

សហគ្រាស​មួយ​ចំនួន​ធំ​ស្ថិត​នៅ​ ជា​លក្ខណៈ​គ្រួសារ ​មិន​ទាន់​ចុះ​បញ្ជី​ឲ្យ​បាន​ពេញ​លេញ​ជា​សហ​គ្រាស​ពាណិជ្ជកម្ម​ ដោយ​សារ​ទម្លាប់​នៃ​ការ​រកស៊ី​ និង​ការ​អនុគ្រោះ​ពី​រដ្ឋាភិបាល លើ​កត្តា​ពន្ធដារ​ជា​របៀប​បង់ពន្ធ​ម៉ៅការ​។

សហគ្រិន​មិន​យល់​ និង​មិន​ចង់​បង់​ពន្ធ​តាម​របៀប​ស្វ័យ​ប្រកាស ព្រោះ​គាត់​យល់​ថា​ ត្រូវ​ចំណាយ​ច្រើន​ ទាំង​ជួល​អ្នក​មាន​ជំនាញ​មក​រៀប​ចំ​បញ្ជី​គណនេយ្យ​ និង​ផែន​ការ​អាជីកម្ម​ផង​ដែរ។

តើ​អ្វី​ជា​ដំណោះ​ស្រាយ​ដើម្បី​ជំរុញ​ឲ្យ​SME ​ទាំង​នោះ​គេច​ផុត​ពី​ឧបសគ្គ​ទាំង​នោះ​បាន?

សគ្រាស ​ធុន​តូច​ និង​មធ្យម​ គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពិសេស​សម្រាប់​ការ​បំពេញ​លក្ខខណ្ឌ ​ចុះ​ឈ្មោះ​ឲ្យ​ទៅ​ជា​សហគ្រាស​ពាណិជ្ជកម្ម​ពេញ​លេញ​លើ​កត្តា​ជា​ច្រើន​ ដូច​ជា​ពន្ធដារ​និង​ការ​បណ្តុះ​បណ្តាល​បន្ថែម លើ​ជំនាញ​នានា។

ជួយ​ បញ្ចុះ​អត្រា​ការ​ប្រាក់​ឲ្យ​បាន​សមរម្យ​មក​ត្រឹម​៨​ភាគ​រយ​ក្នុង​មួយ​ ឆ្នាំ​ សម្រាប់​យក​ទៅ​អភិវឌ្ឍ និង​​ពង្រីក​សមត្ថភាព​ផលិតកម្ម​សហ​គ្រាស ហើយ​លក្ខខណ្ឌ​ គួរ​តែ​ធូរស្រាល លើ​វត្ថុ​បញ្ចាំ។

បន្ត​ជួយ​ជំរុញ កែ​លម្អ​លើ​ផ្នែក​ផលិត​កម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​ រហូត​ទទួល​បាន​ស្តង់ដារ​ពី​ស្ថាប័ន​រដ្ឋាភិបាល ដូច​ជា​ក្រសួង​ឧស្សាហកម្ម​ជា​ដើម។ ស្ថាប័ន​ជំនួយ​អន្តរជាតិ​ និង​ទីភ្នាក់ងារ​នានា​សូម​ជួយ​លើ​ការ​លើក​កម្ពស់​សហគ្រាស​ ជា​ជាង​គិត​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ហើយ​ពេល​ចប់​ចំណាយ​លុយ​ឥត​ប្រយោជន៍។

តើ​សហគ្រាស​ធុន​តូច និង​មធ្យម​ដើរ​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច?

សហគ្រាស ​ទាំង​នេះ​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ដូច​ជា ការ​ផ្តល់​ការងារ​នៅ​នឹង​កន្លែង​ គឺ​ផ្តល់​កម្លាំង​ពលកម្ម​ជាង​​មួយ​លាន​នាក់​ ការ​ទប់ស្កាត់​ចរន្ត​រូបិយប័ណ្ណ​ទៅ​ក្រៅ​ប្រទេស​ តាម​រយៈ​ការ​ផលិត​ និង​លក់​ផលិត​ផល​នៅ​ក្នុង​ស្រុក​ ស្រូប​យក​នូវ​រូបិយប័ណ្ណ​ពី​បរទេស​តាម​រយៈ​ការ​ចូល​រួម​បង្កើន​នូវ​តម្លៃ បន្ថែម​សម្រាប់​ការ​នាំ​ចេញ​ ដូចជា​ការ​ជួយ​ដល់​វិស័យ​រោងចក្រ​កាត់​ដេរ សិប្បកម្ម​ និង​សេវាកម្ម​មួយ​ចំនួន​រួម​ទាំង​កម្ម​វិធីកុំព្យូទ័រ​ផង​ដែរ។

ឆ្នាំ ​ ២០១៥​ខាង​មុខ​នេះ ​មាន​ការ​បើក​ទីផ្សារ​សេរី​ក្នុង​តំបន់​តើ​ SME ក្នុង​ស្រុក​អាច​ប្រកួត​ប្រជែង​បាន​ដែរ រឺទេ? ហើយ​តើ​មាន​ SME​ ប៉ុន្មាន​ភាគរយ​អាច​ប្រកួត​ប្រជែង​បាន?

២០១៥ យើង​ពិបាក​និយាយ​ណាស់​ថា មាន​សហគ្រាស​ប៉ុន្មាន​ដែល​អាច​ប្រកួត​ប្រជែង​។ បើ​មើល​ពី​លទ្ធភាព​បច្ចុប្បន្ន​គឺ​សឹង​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន​ផង តែ​វា​អាស្រ័យ​ទៅ​លើ​វិស័យ​ និង​សក្តានុពល​នៃ​កត្តា រួម​ផ្សំ​ជា​ច្រើន ដូច​ជា​វត្ថុធាតុ​ដើម ​និង​កម្លាំង​ពលកម្ម​។

វិស័យ​ដែល​ខ្ញុំ​គិត​ថា​ មាន សក្តានុពល​គឺ​ផលិតផល​ពាក់​កណ្តាល​សម្រេច​ ដោយ​បញ្ជូន​ទៅ​ប្រទេស​មួយ​ទៀត​ ដែល​មាន​រោងចក្រ​ ដើម្បី​បំពេញ​បន្ថែម​សម្រាប់​នាំ​ចេញ ឬ​ផ្គត់ផ្គង់​ក្នុង​ស្រុក​របស់​ប្រទេស​គេ ​ព្រោះ​យើង​នៅ​មាន​វត្ថុធាតុ​ដើម​ ហើយ​ថោក​ជាង​ប្រទេស​ទាំង​នោះ។

និយាយ​រួម​ការ​ប្រកួត​ប្រជែង​ពិបាក​ណាស់ តែ​អាច​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

ដើម្បី ​អាច​ឲ្យ SME ​ទាំង​អស់​មាន​លទ្ធភាព​ប្រកួត​ប្រជែង​បាន សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ និង​រាជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដូច​ម្តេច?

លទ្ធភាព​របស់​ សម្ព័ន្ធ​នឹង​ខិត​ធ្វើ​យ៉ាង​ណា​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល លើ​ការងារ​មួយ​ចំនួន​ដូច​ជា​ការ​រៀប​ចំ​ឲ្យ​មាន​វគ្គ​បណ្តុះ​បណ្តាល​លើ​ការ ​បង្កើន​ផលិត​ភាព​ គុណភាព​សេវាកម្ម​ និង​តម្លៃ​​បន្ថែម​នានា​សម្រាប់​ធ្វើ​ឲ្យ​ផលិត​ផល​អាច​ប្រកួត​ប្រជែង​ក្នុង​ ​តំបន់ និង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ឲ្យ​ប្រើ​ទំនិញ​ក្នុង​​ស្រុក​តាម​រយៈ​ ការ​រៀប​ចំ​ពិព័រណ៍​ជា​ដើម។

ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​តាម​រយៈ​ អនុគណៈ​កម្មាធិការ​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ក្រុម​ការងារ​​វេទិការដ្ឋ​ និង​ឯកជន​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​គោល​នយោបាយ​លើក​ទឹក ចិត្ត​ដល់​សហគ្រាស​ធុនតូច​ និង​មធ្យម​ឲ្យ​ក្លាយ​ជា​សហ​គ្រាស​ចុះ​បញ្ជី​ពេញ​លេញ​ជា​សហគ្រាស​ ពាណិជ្ជកម្ម​ និង​មាន​ស្តង់​ដារ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់​។

តើ​លោក​ដឹង​ទេ​ថា​ បច្ចុប្បន្ន​ SME​ នៅ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន​ដែរ? តើ​ SME​ ទាំង​នោះ​ផលិត​អ្វី​ខ្លះ?

តាម ​លទ្ធផល​បឋម​នៃ​ជម្រឿន​សហគ្រាស​ ២០១១​ SME​ នៅ​កម្ពុជា​មាន​ប្រមាណ​ ៥៣០ ០០០ សហគ្រាស​រាប់​ទាំង​សហ​គ្រាស​ខ្នាត​តូច​ដែល​មាន​មនុស្ស​តិច​ជាង​១០ នាក់។

ចំពោះ ​ទំហំ SME តាម​និយាម​ ដែល​កំណត់​ដោយ​អនុ​គណៈកម្មការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​មាន​មនុស្ស​ចាប់​ពី​១០​នាក់​ ដល់​១០០​នាក់​គឺ​មាន​ប្រមាណ​១៣ ៣៧០​សហគ្រាស​​។ ទិន្នន័យ​នេះ​មិន​រាប់​បញ្ចូល​សហគ្រាស វិស័យ​កសិកម្ម​ជលផល ​និង​ផល​ព្រៃ​ឈើ​ឡើយ ​។​ សហគ្រាស​ធុនតូច​ និង​មធ្យម​នៅ​កម្ពុជា​ គ្រប​ដណ្តប់​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់ មាន​ទាំង​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​សម្រាប់​នាំ​ចេញ ម្ហូប​អាហារ ការងារ​ឧស្សាហកម្ម​ ដូច​ជា​ក្រឡឹង​ជាដើម។

តើ​បច្ចុប្បន្ន​ SME ​ប៉ុន្មាន​ភាគរយ​ដែល​មាន​ស្តង់ដារ​ និង​អាច​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផល​បរទេស​បាន?

SME ​ បច្ចុប្បន្ន​មាន​ភាគរយ​តិច​ណាស់​ ដែល​ទទួល​បាន​ស្តង់ដារ​ តាម​ខ្ញុំ​យល់​ប្រហែល​មិន​ដល់​២​ភាគរយ​ផង ដែល​ទទួល​បាន​ស្តង់ដារ​ជាតិ​ ដែល​កំណត់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​ របស់​ក្រសួង​ឧស្សាហកម្ម​ ​ក្នុង​ចំណោម​នោះ​ភាគ​ច្រើន​ជា​សហ​គ្រាស​ធុន​មធ្យម​ ដែល​ទទួល​ស្តង់ដារ​អន្តរជាតិ​មួយ​ចំនួន។ បើ​និយាយ​អំពី​ការ​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផល​បរទេស​លើ​ការងារ​ស្តង់ដារ​ គឺ​យើង​ពិបាក​ប្រៀប​ធៀប​ណាស់​ ដោយសារ​យើង​មិនមាន​ស្ថិតិ​ច្បាស់​លាស់​ និង​វិស័យ​ទំនិញ​មួយ​ដែល​យើង​ត្រូវ​ធ្វើ​​ការ​ប្រៀបធៀប។

វិស័យ​ខ្លះ​យើង​អាច​ប្រៀប​ធៀប​បាន ដូច​ជា​សិប្បកម្ម​ តែ​វិស័យ​ខ្លះ​មិន​អាច​ប្រៀបធៀប​បាន​ឡើយ​។

តើ​ផលិតផល​ SME​ ក្នុង​ស្រុក​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​កម្រិត​ណា​ដែរ​?

នា ​ពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​ទំនិញ​ក្នុង​ស្រុក​ទទួល​ការ​គាំទ្រ​ពី ​អតិថិជន​ក្នុង​ស្រុក​ជា​បណ្តើរៗ​​​ហើយ​ដោយ​ទំនិញ​មួយ​ចំនួន​មាន​គុណភាព ​សោភ័ណភាព​ និង​អនាម័យ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ និង​ការបង្ហាញ​ពី​ចំណាត់​ការ​ នៃ​ការ​តាម​ដាន​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​មួយ​ចំនួន​រួម​មាន​កាំកុងត្រូល ​ និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ឧស្សាហ​កម្មរ៉ែ​ និង​ថាមពល​ លើ​ការងារ​បច្ចេកទេស​នៅ​ក្នុង​រោង​ចក្រ​កន្លង​មក​នេះ។

តើ​ការ​បើក​ផ្សារ​ហ៊ុន​នា​ពេល​ខាង​មុខ​នេះ​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​វិស័យ​នេះ?

ផ្សារ ​ហ៊ុន​វា​ល្អ​សម្រាប់​កម្ពុជា ព្រោះ​ផ្សារ​ហ៊ុន​វា​ជា​កម្លាំង​ចលករ​នៃ​សេដ្ឋកិច្ច​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​សហគ្រាស អាច​ពង្រឹង​ខ្លួន​ឲ្យ​បាន​កាន់​តែ​ធំ​ ដែល​វា​អាច​ប្រមូល​ផ្តុំ​នូវ​ដើម​ទុន​តាម​រយៈ​ការ​លក់​ហ៊ុន​ទៅ​​ឲ្យ​អ្នក​ ធុរកិច្ច​ដទៃ​ទៀត ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​នៅ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ SME នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​គឺ​វា​ហាក់​បី​ដូច​ជា​មាន ការ​លំបាក​នឹង​នៅ​វែង​ឆ្ងាយ​ក្នុង​ការ​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​នេះ​ ដោយ​សារ​ SME​ ភាគ​ច្រើន​មិន​ទាន់​មាន​តម្លាភាព​ និង​គណនេយ្យភាព​លើ​បញ្ជី​គណនេយ្យ​ជាដើម។ នេះ​ជា​ហេតុផល​មួយ​សំខាន់​ ដែល​មាន​ការ​លំបាក​សម្រាប់​ SME​។

ប្រសិន​បើ​ SME មាន​បំណង​ចូល​រួម​នៅ​ក្នុង​ទីផ្សារ​នេះ និង​ចង់​បាន​ពង្រីក​ខ្លួន​ឲ្យ​កាន់​តែ​ធំ​តាម​រយៈ​ប្រមូល​ពន្ធ​ទី​ ផ្សារហ៊ុន​ SME​ ទាំង​នេះ​គួរ​តែ​គិត​ពិចារណា​ត្រូវ​កែ​សម្រួល​រៀបចំ​សហគ្រាស​របស់​ខ្លួន​ ឲ្យ​មាន​ស្តង់ដារ​មួយ​ដោយ​មាន​ការ​ទទួល​ស្គាល់​ និង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ចាប់​ពី​ពេល​នេះ​តទៅ។ ហើយ​មតិ​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​ថា​សូម​ឲ្យ​ប្រជាពលរដ្ឋ​ជន​រួម​ជាតិ​ទាំង​ អស់​ចូលរួម​ប្រើ​ប្រាស់​ផលិត​ផល​របស់​ខ្មែរ​ដែល​ផលិត​នៅ​ក្នុង​ស្រុក​​ ដើម្បី​គាំទ្រ​លើក​កម្លាំង​ចិត្ត​គ្នា​ដែល​ជា​អ្នក​ផលិត៕

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: