កិច្ចសម្ភាស​ជាមួយ លោក សុខ ឆាយ ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន បណ្ណាគារ អន្តរជាតិ


111229_11

លោក សុខ ឆាយ នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន IBC ក្នុង​អំឡុង​ពេល​ផ្តល់បទ​សម្ភាស។ រូបថត ផា លីណា

ក្រុមហ៊ុន បណ្ណាគារ​ អន្តរជាតិ ​(IBC)​ បាន​បង្កើត​ឡើង​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ១៩៩៤​ ដែល​ផ្តើម​ឡើង​ពី​ទុន​តិចតួច និង​មាន​បុគ្គលិក​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន​ ៥​កន្លែង​នៅ​ទូទាំង​ប្រទេស​ និង​មាន​បុគ្គលិក​បម្រើ​ការ​ជិត​១០០​នាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​បណ្ណាគារ​នេះ​បាន ទទួល​ពាន​រង្វាន់​ពី​អង្គការ​ Business ​Initiative ​Direction ​(BID) ​របស់​សហគម​អ៊ឺរ៉ុប ​ដែល​វាយ​តម្លៃ​ថា ​ជា​បណ្ណាគារ​បាន​លក់​ផលិតផល​ដែល​មាន​គុណភាព​ និង​មាន​តម្លាភាព។

ទាក់ទង ​នឹង​ដំណើរ​ការ​អាជីវកម្ម​នេះ​ដែរ លោក ​សៀម ប៊ុនធី​ អ្នក​យក​សារព័ត៌​មាន​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍​ បាន​ធ្វើ​បទសម្ភាស​ជា​មួយ ​លោក ​សុខ ឆាយ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ IBC ​ស្តី​អំពី​ដំណើរ​ការ​វិវឌ្ឍ​របស់​ក្រុមហ៊ុន​ និង​ភាព​ជោគជ័យ​លើ​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន និង​ទិសដៅ​របស់​ក្រុមហ៊ុន​នា​ពេល​អនាគត។
តើ​អ្វី​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ចាប់​យក​អាជីវកម្ម​បើក​បណ្ណាគារ​នៅ​កម្ពុជា​នេះ?

យើង ​សង្ឃឹម​ថា ស្រុក​យើង​គង់​តែ​ថ្ងៃ​ណា​មួយ​មាន​ការ​អភិវឌ្ឍ​ ហើយ​បើ​វា​មាន​ការ​អភិវឌ្ឍ​វា​ត្រូវ​ការ​អ្វី​ដែល សម្រាប់​បង្កើន​ធនធាន​មនុស្ស​នោះ​ គឺ​មាន​តែ​ការ​សិក្សា​អប់រំ ហើយ​ការ​សិក្សា​អប់រំ​ត្រូវ​ការ​សៀវភៅ​ដែល​ជាក្បួន​ជា​ខ្នាត​សម្រាប់​សិក្សា ហើយ​មួយ​វិញ​ទៀត​ខ្ញុំ​គិត​ថា​ សិស្ស​សាលា​នឹង​មាន​ការ​កើន​ឡើង នៅ​ពេល​ដែល​ប្រទេស​ជាតិ រីកចម្រើន​បណ្តើរ​ៗ​គាត់​ត្រូវ​ការ​ចំណេះ​ដឹង​កាន់​តែ​ខ្ពស់ ដូច្នេះ​គេ​នឹង​ទាម​ទារ​នូវ​ផលិតផល​ដែល​មាន​គុណភាព និង​សម្បូរ​បែប។ ម៉្យាង​ទៀត​នៅ​ពេល​ប្រទេស​យើង​រីក​ចម្រើន​នឹង​មាន​អ្នក​វិនិយោគ​មក​បណ្តាក់​ ទុន​កាន់​តែ​ច្រើន ហើយ​ពេល​នោះ​គេ​នឹង​ត្រូវ​ការ​សម្ភារ​ទាំង​នេះ​ដែរ​ដើម្បី​ប្រើប្រាស់ ដោយ​កាល​នោះ​សម្ភារ​ទាំង​នេះ​គឺ​ខ្សត់​ណាស់។
តើ​ការ​បើក​អាជីវកម្ម​នេះ​ដំបូង​ឡើយ​ចំណាយ​ទុន​ប៉ុន្មាន​ដែរ ហើយ​មាន​ការ​ចូល​រួម​ពី​អ្នក​ផ្សេង​ដែរ ឬ​ទេ?

យើង ​មាន​ការ​ចូលរួម​ពី​ខាង​ក្រុមហ៊ុន​ចិន​ដែល​គេ​ជា​អ្នក​ផ្តួចផ្តើម​ដែល​គេ​ ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ និង​ផ្តល់​ទុន​ចូល​រួម ប្រមាណ​៥​ម៉ឺន​ដុល្លារ ហើយ​ខាង​ខ្ញុំ​មាន​គ្នា​ប្រាំ​នាក់​ដែរ​ដែល​មាន​ទុន​ប្រមាណ​៥​ម៉ឺន​ ដុល្លារដែរ​ ប៉ុន្តែ​ក្រោយ​មក​ក្រុម ហ៊ុន​ចិន​នេះ​បាន​ដក​ភាគ​ហ៊ុន​វិញ​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៩៦។
តើ​លោក​អាច​បង្ហាញ​ពី​របៀប​ចាប់​ផ្តើម​ដំបូង​នៃ​ការ​ធ្វើ​អាជីវកម្ម​បាន​ដែរ ​ឬ​ទេ ហើយ​មាន​ការ​លំបាក​កម្រិត​ណា និង​មាន​អតិថិជន​គាំទ្រ​ច្រើន​ដែរ​ឬ​ទេ?

កាល​នោះ​យើង​បាន​ ដាក់​លក់​ផលិត​ផល​របស់​យើង​ដោយ​បាន​កំណត់​តម្លៃ​នៅ​លើ​ ផលិតផល​នោះ​តែ​ម្តង​ ដោយ​មិន​ចាំបាច់​ឲ្យ​អតិថិជន​តថ្លៃ​ឡើយ​ ហើយ​យើង​ធ្វើ​នេះ​ គឺ​បាន​បើ​ទូលាយ​ឲ្យ​អតិថិជន​បាន​មើល​ និង​កាន់​ផលិត ផល​ទាំង​នោះ​ដើម្បី​សម្រេច​ចិត្ត​ទិញ​ ពោល​គឺ​យើង​ធ្វើ​តាម​ប្រទេស​ជឿនលឿន​លោក​ខាង​លិច។ ដូច្នេះ​វា គឺជា​ការ​ប្រឈម​នឹង​ការ​ប្រថុយ​ប្រថាន​ខ្ពស់​បំផុត ព្រោះ​ថា​ អតិថិជន​ចូល​មក​អាច​នឹង​ងាយ​លួច​បន្លំ​របស់​របរ​ដោយ​សារ​កាល​នោះ ​វា​មាន​ភាព​រញ៉េរញ៉ៃ​ពិ​បាក​ក្នុង​ការ​គ្រប់គ្រង​ ហើយ​រហូត​អ្នក​មួយ​ចំនួន​គេ​មក​ទាយ​ថា​អ្នក​ឯង​ឈរ​អត់​បាន​បី​ខែ​ទេ បើ​សិន​អ្នក​​ឯង​ធ្វើ​របៀប​ហ្នឹង? ប៉ុន្តែ​យើង​អត់​ហ៊ាន​ឆ្លើយ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​សម្រេច​ចិត្ត​ថា ​ធ្វើ​ហើយ​យើង​ត្រូវ​តែ​សាក​ល្បង ព្រោះ​ថា​ ប្រទេស​លោក​ខាង​លិច​ដែល​គេ​ជឿន​លឿន​គេអត់​មាន​ដាក់​អីវ៉ាន់​នៅ​ក្នុងទូ​ ហើយ​ដើរ​លើក​ឲ្យ​អតិថិជន​មើល​នោះ​ទេ។ ម៉្យាង​ទៀត​យើង​ក៏​សង្ឃឹម​ទៅ​ថ្ងៃ​មុខ​ប្រទេស​យើង​នឹង​រីក​ចម្រើន ជឿន​លឿន​ដែរ។ ចំពោះ​អតិថិជន​វិញ​មាន​ការអ៊ូអរ​ច្រើន​ដែរ ជា​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស់​មាន​អតិថិជន​យ៉ាង​​ច្រើន ចូល​មក​កន្លែង​យើង ប៉ុន្តែ​យើង​អត់​មាន​អីវ៉ាន់​លក់​ឲ្យ​គេ​ដោយ​សារ​តែ​អ្នក​ផ្គត់ផ្គង់​គេ​មិន ​ ផ្តល់​ឲ្យ​យើង ហើយ​អ្វី ដែល​លំ​បាក​នោះ គឺ​ខាង​ម្ចាស់​ភាគ​ហ៊ុន​ចិន​បាន​ដក​ភាគហ៊ុន​របស់​គេ​វិញ​នៅ​អំឡុង​ឆ្នាំ​ ១៩៩៦ ​ដែល​ពេល​នោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ព្រោះ​ថា ​លុយ​ដែល​យើង​វិនិយោគ​រួម​គ្នា​នោះ​ត្រូវ​ទិញ​សម្ភារ​ផ្សេង​ៗ​អស់​ហើយ និង​ត្រូវ​ជួល​អគារ។ ពេល​នោះ​យើង​មិន​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទិញ​ទំនិញ​ទៀត​ឡើយ​ ហើយ​យើង​ក៏ បាន​សម្រច​ចិត្ត​ដើរ​ទិញ​ទំនិញ​បណ្តាក់​ពី​អាជីវករ ​តាម​ផ្សារ​អូរឫស្សី ​និង​ផ្សារ​អូឡាំពិក​សិន​ ហើយ​រហូត​ដល់ ក្រោយ​ៗ​មក​យើង​ក៏​អាច​មាន​លទ្ធភាព​នាំ​ចូល​នូវ​សម្ភារ​ផ្សេង​ៗ​ពី​ប្រទេស ជា​ច្រើន​ផង​ដែរ។
តើ​បច្ចុប្បន្ន​បណ្ណាគារ​អន្តរជាតិ​មាន​ប៉ុន្មាន​សាខា? ហើយ​នរណា​ជា​អតិថិជន? ​មាន​លក់​ផលិតផល​អ្វី​ខ្លះ? តើ​ផលិតផល​ទាំង​នោះ​នាំ​ចូល​ពី​ប្រទេស ណា​ខ្លះ?

សព្វ​ថ្ងៃ​ យើង​មាន​៥​សាខា ដែល​៤​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​មួយ​សាខា​ទៀត​នៅ​ខេត្ត​សៀមរាប។ ចំណែក​អតិថិជន​របស់​យើង​មាន​តាំង​ពី​កូន​ក្មេង​រហូត​ដល់​មនុស្ស​ចាស់​ ជា​ពិសេស​ក៏​មាន​ជន​បរទេស​ផង​ដែរ។ ចំពោះ​ផលិត​ផល​ដែល​យើង​លក់​រួម​មាន​សម្ភារ​សិក្សា​ សៀវភៅអាន​ សៀវភៅ​សរសេរ សម្ភារការិយាល័យ ​វត្ថុ​អនុស្សាវរីយ៍​ និង​របស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ផលិតផល​ទាំង​នេះ ​យើង​បាន​នាំ​ចូល​ពី​បណ្តា​ប្រទេស​ជា​ច្រើន ដូចជា​ ចិន​ សិង្ហបុរី ​ជប៉ុន ​ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ សហរដ្ឋអាមេរិក​ និង​មាន​ផលិតផល​ខ្មែរ​ផង​ដែរ។

បច្ចុប្បន្ន​ឃើញ​ថា​ មាន​អាជីវកម្ម​បណ្ណាគារ​ធំ​ៗ​កំពុង​តែ​បើក​ដំណើរ​ការ​ជា​ច្រើន​នៅ​កម្ពុជា​ តើ​លោក​មាន​ការ​បារម្ភពី​ការ​ប្រកួត​ប្រជែង​ដែរ​ឬ​ទេ?

ខ្ញុំ ​គិត​ថា ទីផ្សារ​សេរី​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ច្រើន​ មាន​ការ​ជឿនលឿន​ទាំង​អស់​គ្នា​ដែរ​ យើង​មិន​នឹក​ឃើញថា ​ខ្លាច​នោះ​ទេ ព្រោះ​យើង​មាន​បទពិសោធ​ច្រើន​ហើយ យើង​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ​បណ្ណាគារ ដែល​យើង​នៅ​តែ​ឈាន​មុខ​គេ។ ម៉្យាង​ទៀត​យើង​មាន​ធនធាន មនុស្ស​គ្រប់គ្រាន់ ​និង​មាន​ទំនិញ​គ្រប់គ្រាន់ ដូច្នេះ​យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។
តើ​លោក​អាច​ប្រាប់​ពី​យុទ្ធសាស្ត្រ​ដែល​ជំរុញ​ឲ្យ​បណ្ណាគារ​អន្តរជាតិ​អាច​ ឈរ​លើ​ទីផ្សារ​ប្រកួត​ប្រជែង​រហូត​ដល់​បច្ចុប្បន្ន ​និង​ថ្មី​ៗ​នេះ​ទទួល​បាន​ពាន​រង្វាន់​ពី​សហគម​អ៊ឺរ៉ុប?

ដោយសារ ​តែ​យើង​មិន​មែន​ជា​អ្នក​ចេះ​ដឹង​នោះ​ទេ ហើយ​យើង​ជា​កូន​អ្នក​ស្រែ​ធ្លាប់​តែ​ពិបាក​ដូច្នេះ​ការងារ​យើង​រក ស៊ី​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ​ហើយ​យើង​ត្រូវ​តែ​ខិតខំ និង​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​យើង​ត្រូវ​កំ​ណត់​ទិស​ដៅ​រក ស៊ី​ច្បាស់​លាស់ ទីមួយ ​គឺ​យើង​ធ្វើ​អ្វី​ត្រូវ​តែ​មាន​គុណភាព បើ​សិន​ជា​យើង​គ្រាន់​តែ​ធ្វើ​ ហើយ​មិន​គិត​ពី​គុណ​ភាព​ដែល​អ្នក​ប្រើ​គាត់​ប្រើ​អត់​កើត​នោះ​យើង​អត់​ជោគ​ ជ័យទេ។ កន្លង​មក​ខ្ញុំ​មុន​នឹង​លក់​ទំនិញ​មួយ​ៗ​ ​ខ្ញុំ​ត្រូវ​សិក្សាអស់​ពី​បណ្តា​ទីផ្សារ​អន្តរជាតិ​ជុំ​វិញ​យើង​តើ​គេ​លក់​ ទំនិញ​អ្វី? តើ​ទំនិញ​នោះ​គេ​ពេញ​និយម​ដែរ​ឬ​ទេ? បើ​យើង ចេះ​តែ​លក់​ទំនិញ​ឲ្យ​តែ​បាន​ៗ​ដែល​មិន​មាន​គុណ​ភាព និង​ចង់​បាន​ចំណេញ​ច្រើន​​នោះ​ ថ្ងៃ​ក្រោយ​គេ​នឹង​មិន​មក​ទិញ​យើង​ទៀត​​ទេ។ ដូច្នេះ​ការ​កំណត់​ទិស​ដៅ​របស់​ខ្ញុំ គឺ​គុណភាព​ជា​ចម្បង គុណភាព​ជា​អាទិភាព​។

ម៉្យាង​ទៀត ទាក់​ទង​រឿង​ទទួល​ពាន​រង្វាន់​វិញ ខ្ញុំ​សឹង​តែ​មិន​ជឿ​ទេ ពេល​នោះ​ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​សួរ​ទៅ​គាត់​ថា ​តើ​គាត់​ឲ្យ​មក​ស្រុក ខ្មែរ​ហ្នឹង​ច្រឡំ​ឬ​ក៏​យ៉ាង​ម៉េច​ព្រោះ​ថា ​អ្នក​ចូល​រួម​សុទ្ធ​តែ​អ្នក​មហា​សេដ្ឋី​ទាំងអស់​។ គាត់​និយាយ​ថា គេ​អត់​និយាយ ពី​អ្នក​មាន​អ្នក​ក្រ​ឬ​ក៏​ប្រទេស​ជឿនលឿន​នោះ​ទេ គេ​ថា​ គេ​ឃ្លាំ​មើល​គ្រប់​អាជីវកម្ម​នៅ​លើ​ពិភព​លោក​ឲ្យ​តែ​អាជីវកម្ម នោះ​មាន​គុណភាព ត្រឹមត្រូវ​ និង​ប្រកប​ដោយ​តម្លាភាព​។
តើ​លោក​មាន​គម្រោង​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត​ដែរ​ឬ​ទេ? នៅ​ពេល​អនាគត​តើ​លោក​មាន​គម្រោង​បង្កើត រោង​ចក្រ​ផលិត​សម្ភារ ឬ​ជា​ផលិតផល​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ឬក៏​នៅ​តែ​ពឹង​ផ្អែក​ពី​ការ​នាំ​ចូល​ពី​គេ​ទាំង​ស្រុង?

យើង​ គិត​ថា​ ការ​រីក​ចម្រើន​វា​ឥត​ឈប់​ទេ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​ រីក ចម្រើន​ ទីក្រុង​កាន់​តែ​មាន ការ​អភិវឌ្ឍ ​យើង​ក៏​មាន​គម្រោង​ពង្រីក​បន្ថែម​ទៅ​តាម​ជាក់​ស្តែង​តាម​នេះ​ដែរ ហើយ​នៅ​ពេល​អនាគត​ យើង​ក៏ មាន​គម្រោង​គិត​គូរ​អំពី​ការ​បង្កើត​ផលិតផល​ខ្លួន​ឯង​ដែរ។
តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បើក​ផ្សារ ហ៊ុន​របស់​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ?

នេះ ​ ជា​របត់​ថ្មី​មួយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​យើង​ឈាន​ទៅ​មុខ​ ដែល​ត្រូវ​បង្កើត​ទីផ្សារ​នេះ​ឡើង​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​មាន​ទុន និង​បង្កើន​ទុន​ដើម្បី​ពង្រីក​ចង្វាក់​ផលិត​កម្ម​របស់​ខ្លួន ហើយ​នេះ ​គឺជា​ការ​ល្អ។ ខ្ញុំ​ចេះ​តែ​មាន​ការ​គិត​គូរ​ដែរ តែ​គ្រាន់​តែ​ថា ​វា​មិន​បាន​ភ្លាម​ៗ​ យើង​គិត​បណ្តើរ​ៗ គឺ​យើង​គាំទ្រ ហើយ​យើង​គិត​មើល​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​រួម​ចំណែក៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: