ការ​ធ្វើ​អាជីវកម្ម​ឱសថ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា


120106_11

លោក សៀន ស៊ិនឌី នាយក​ក្រុម​ហ៊ុន​​រតនៈ​​រតនា ហ្វាម៉ាស្យូធីខល ដែល​​បាន​​ផ្តល់​​បទ​​សម្ភាស​​ឲ្យ​​ភ្នំពេញ​ ប៉ុស្តិ៍​​កាល​ពីថ្ងៃពុធ ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ ក្រុមហ៊ុន​នាំ​ចូល​ឱសថ​ រតនៈ​រតនា ហ្វាម៉ា ស្យូធី ខល បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ដំបូង​នៅ​កម្ពុជា កាល​ពី​ឆ្នាំ ២០០៨ ចំ​ពេល​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល។ ដំបូង​ឡើយ​ក្រុម​ហ៊ុន​នេះ​បាន​នាំចូល​ឱសថ​ត្រឹម​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​បាន​បង្កើន​ការ​នាំចូល​ផលិតផល​រហូត​ដល់​៣០​ប្រភេទ។

លោក ​ សៀម ប៊ុនធី​ អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ លោក ​សៀន ស៊ិនឌី ​នាយក​ក្រុមហ៊ុន​ រតនៈ​រតនា ​ហ្វាម៉ាស្យូធីខល អំពី យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង​ដើម្បី​ឈរ​ជើង​លើ​ទីផ្សារ​អាជីវកម្ម​ឱសថ​នៅ​ កម្ពុជា ដែល​កំពុង​រីក​ចម្រើន និង​ឱកាស​វិនិយោគ លើ​អាជីវកម្ម​នេះ​នា​ពេល​បច្ចុប្បន្ន​។
តើ​លោក​មើល​ឃើញ​ទីផ្សារ​ថ្នាំ​ពេទ្យ​នៅ​កម្ពុជា​យ៉ាង​ដូចម្តេច​ដែរ?

ដោយ ​យើង​មាន​ជំនាញ និង​បទ​ពិសោធ​ខាង​ថ្នាំ​ពេទ្យ​ផង និង​ខាង​ជំងឺ​ផង ធ្វើ​ឲ្យ​យើង​មាន​លទ្ធភាព​​កាន់​តែ​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​លើ មុខ​ជំនួញ​របស់​យើង។ មួយ​វិញ​ទៀត​ កាល​នោះ​យើង​ក៏​មើល​ឃើញ​ពី​តម្រូវ​ការ​ថ្នាំ​ពេទ្យ​នៅ​ក្នុង​ស្រុក​ គឺ​មាន​សេចក្តី​ត្រូវ​ការ​ច្រើន​ផងដែរ​ ព្រោះ​ការ​ផលិត​ក្នុង​ស្រុក​មិន​អាច​គ្រប់គ្រាន់​ទេ ដូច្នេះ​យើង​ត្រូវ​ការ​ទាំង​ការ​នាំ​ចូល​ និង​ការ​ផលិត​ក្នុង​ស្រុក ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​យើង។

អ្វី​ជា​ឧបសគ្គ ដែល​ក្រុមហ៊ុន​លោក​ប្រឈម​នា​ពេល​កន្លង​មក និង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​?

ទីផ្សារ ​យើង​ថ្មី ក្រុមហ៊ុន​ថ្មី ផលិតផល​ថ្មី ហើយ​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អតិថិជន​ភាគ​ច្រើន​ជឿ​លើ​ថ្នាំ​ចាស់​។ ប៉ុន្តែ​សំណាង​ល្អ​នៅ​ពេល​យើង​ចាប់​ផ្តើម​លក់​បាន​ពីរ​ទៅ​បី​ខែ ស្រាប់​តែ​ក្រុមហ៊ុន លក់​ថ្នាំ​ល្បី​បាន​ដួល ​ចេញ​ពី​ទីផ្សារ​កម្ពុជា​ ដោយ​សារ​តែ​កាល​នោះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​ខណៈ​នោះ​ថ្នាំ​របស់​គេ​ដែល​អតិថិជន​ធ្លាប់​តែ​ស្គាល់​នោះ​ត្រូ​វយើង​ ដណ្តើម​ទីផ្សារ​បាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង ណា​ការ​ប្រកួត​ប្រជែង​នៅ​តែ​មាន​ភាព​ខ្លាំងក្លា​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​ក្រុមហ៊ុន​ថ្នាំ​ពេទ្យ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​មាន​ជិត​ដល់ ២០០​ក្រុមហ៊ុន។

ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​លោក​គេច​ផុត​ពី​ វិបត្តិ​សេដ្ឋកិច្ច​ ព្រោះ​ពេល​នោះ​ក្រុមហ៊ុន​លោក បើក​ដំណើរ​ការ​នៅ​ឆ្នាំ ដែល​ពេល​ពិភព​លោក​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច ធ្ងន់ធ្ងរ ?

ព្រោះ ​ថា​នៅ​ពេល​នោះ​ក្រុមហ៊ុន​យើង​ជា​ក្រុមហ៊ុន​ថ្មី​មិន​ទាន់​មាន​ជំពាក់ ​បំណុល ​ឬទុន​បង្វិល​របស់​គេ​នៅ​ឡើយ មួយ​វិញ​ទៀត​ផលិត​ផល​របស់​យើង​គឺ​ថ្មី និង​មាន​គុណភាព​សម្រាប់​អតិថិជន​ ដូច្នេះ​វិបត្តិ​នេះ​មិន​ជះ​ឥទ្ធិពល​ដល់​ក្រុមហ៊ុន​យើង​នោះ​ទេ​។

តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​ឈរ​នៅ​លើ​ទីផ្សារ​ប្រកួត​ប្រជែង​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ?

យើង ​បាន​ខិតខំ​ឈ្មុសឈ្មុល​ក្នុង​ការងារ ​គឺ​ថា​យើង​ត្រូវ​ស្វះស្វែង​រក​ទីផ្សារ​ឲ្យ​បាន​ ហើយ​យើង​ត្រូវ គិត​​ថា​ប្រជា​ពល​រដ្ឋ​គាត់​ត្រូវ​ការ​អ្វី តម្លៃ ​ឬ​ក៏​គុណភាព ​ដូច្នេះ​យើង​ត្រូវ​សម្រប​សម្រួល​ទៅ​តាម​គោលការណ៍​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ ផលិតផល​របស់​យើង​មាន​គុណភាព​ល្អ និង​មាន​តម្លៃ​សមរម្យ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធ​ភាព​ទិញ​យក​ទៅ​ ប្រើ​ប្រាស់​ ព្រោះ​ប្រជាពលរដ្ឋ​យើង​ឥឡូវ​មាន​ការ​យល់​ដឹង​ច្រើន​ទៅ​លើ​តម្រូវ​ការ​ថ្នាំ ​ដែល​ល្អ។ កត្តា​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យើង​ដំណើរ​ការ​ទៅ​មុខ​ ជា​ជំហាន​ៗ។

​ក្រុមហ៊ុន​លោក​នាំ​ចូល​ថ្នាំ​ពេទ្យ​មក​ពី​ ប្រទេស​ណា​?និង​បាន​ចែក​ចាយ​ គ្រប់​ខេត្ត​ក្រុង​ហើយ​ឬនៅ​? តើ​មាន​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ដែរ​ទេ​?

យើង ​បាន​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​មួយ​ចំនួន​ធំ និង​មួយ​ចំនួន​ទៀត​យើង​នាំ​មក​ពី​ប្រទេស​ ប៉ាគីស្ថាន និង​បាន​ចែក​ចាយ​នៅ​តាម​បណ្តា​ខេត្ត-ក្រុង ​ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​យើង​ក៏​មិន​ទាន់​បាន​ចែកចាយ​ឲ្យ​បាន​ ទូលំទូលាយ​នៅ​ឡើយ​ទេ។

ចំពោះ​ទុន​វិនិយោគ​វិញ​គឺ​មិន​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ណា​ទេ ជា​ទុន​ផ្ទាល់​ខ្លួន​ខ្ញុំ​តែ​ម្តង​។

តើ ​ឱកាស​ទីផ្សារ​អាជីវកម្ម​ថ្នាំ​ពេទ្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ លក្ខណៈ​ដូច​ម្តេច​ដែរ​? ហើយ​ត្រូវ​ការ​ទុន​ប៉ុន្មាន​ដែរ​ទើប​ធ្វើ​អាជីវកម្ម​នេះ​បាន?​

វា ​អាច​ពិបាក​ដែរ​ចំពោះ​ក្រុមហ៊ុន​ថ្មី ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​គេ​ចាស់​មាន​អតិថិជន​ហើយ​នោះ​ គឺ​គេ​មិន​មាន​បញ្ហា​ចោទ​ខ្លាំង​ប៉ុន្មាន​ទេ តែ​បើ​ក្រុមហ៊ុន​ថ្មី​មាន​បញ្ហា​ចោទ​ខ្លាំង​ ព្រោះ​ទីផ្សារ​ឥឡូវ​វា​ចង្អៀត​។ ចំពោះ​ដើម​ទុន​វិញ​ពាណិជ្ជករ​ខ្មែរ​កាល​ពី​មុន​ក៏​មិន​សូវ​មាន​ទុន​ច្រើន​ ប៉ុន្មាន​ដែរ​ ប៉ុន្តែ​ដំណាក់​កាល​បច្ចុប្បន្ន​នេះ​វិញ​បើ​មិន​មាន​ទុន​ច្រើន​ទេ​មិន​អាច ឈរ​លើ​ទីផ្សារ​បាន​ឡើយ។

តើ​ដើម្បី​បើក​ក្រុមហ៊ុន​ថ្នាំ​ពេទ្យ ​បាន​ត្រូវ​ទាមទារ​នូវ​អ្វី​ខ្លះ? បើ​អ្នក​គ្មាន​ជំនាញ​ផ្នែក​ពេទ្យ​អាច​បើក អាជីវកម្ម​នេះ​បាន​ដែរ​ទេ​?

ទីមួយ​យើង​ទាមទារ​នូវ​ចំណេះ​ ដឹង ទីពីរ​មាន​ទុន​ តែខ្ញុំ​គិត​ថា​វា​ស្ថិត​ក្នុង​ជម្រើស​ទី​ពីរ និង​ទី​បី​ទាម​ទារ​បទពិសោធ និង​មាន​នូវ​ទំនាក់​ទំនង​ល្អ បើ​យើង​មិន​មាន​ទីផ្សារ​ទេ​ យើង​មិន​អាច​ធ្វើ​វា​ឲ្យ​ដំណើរ​ការ​ល្អ​ទេ។ ទន្ទឹម​នោះ​ដែរ​ខ្ញុំ​គិត​ថា បញ្ហា​បទពិសោធ​គឺ​ជា​រឿង​ធំ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​អាជីវកម្ម នេះ​ឲ្យ​ទទួល​ជោគជ័យ បើ​មិន​ដូច្នេះ​ទេ​វា​អាច​នឹង​ប្រឈម​នឹង​ការ​ក្ស័យធន​។​

អ្នក​គ្មាន​ ជំនាញ​ផ្នែក​ពេទ្យ​ក៏​អាច​បើក​បាន​ដែរ​ឲ្យ​តែ​គាត់​មោះមុត ក្នុង​ការងារ​ ព្រោះ​ក្រុមហ៊ុន​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ក៏​គ្មាន​បទពិសោធ​ដែរ តែ​គេ​មាន​ការ​យល់​ដឹង​ខាង​ការ​គ្រប់គ្រង ​ដូច្នេះ​គាត់ អាច​បើក​បាន​ដូចគ្នា និង​ចាត់​ចែង​បាន​ដូច​គ្នា​ដែរ​ឲ្យ​តែ​គាត់​មាន​ទុន។

តើ ​លោក​បារម្ភ​ទេ​បើ​មាន​ក្រុមហ៊ុន​ថ្មី​ៗបើក​អាជីវ​កម្ម​នេះ​កាន់​តែ ច្រើន​នោះ​? តាម​យោបល់​លោក​យល់​ថា​ក្រុមហ៊ុន​ថ្នាំ​ពេទ្យ​ដែល​បើក​ហើយ​ត្រូវ​បិទ​ទ្វារ ទៅ​វិញ​ខ្វះ​អ្វី​ខ្លះ​?

ថ្នាំ​ពេទ្យ​វា​មាន​ច្រើន​មុខ​ ហើយ​សេចក្តី​ត្រូវ​ការ​វា​មាន​ពីរ​ទៅ​បី​ពាន់​មុខ​ ដូច្នេះ​អ្នក​បង្កើត​ថ្មី ភាគ​ច្រើន​មាន​ប្រភេទ​ថ្នាំ​ខុស​ៗ​គ្នា អ៊ីចឹង​ហើយ​បាន​ជា​សព្វថ្ងៃ​ក្រុមហ៊ុន​តូច​ក៏​រស់​បាន​ធំ​ក៏​រស់​បាន​។ ភាគ​ច្រើន​ថ្នាំ​ទាំង​នោះ​មិន​ដូច​គ្នា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ថ្នាំ​ដូច​គ្នា​ទាំង​អស់ អ្នក​បើក​ថ្មី​នឹង​ពិបាក​រស់​ ហើយ​បើ​គាត់​បើក​ក្រុមហ៊ុន​ថ្មី​គាត់​យក​ថ្នាំ​ថ្មី​ៗ​ដែល​យើង​មិន​មាន​នោះ​ គាត់​នឹង​អាច​ដំណើរ​ការ​បាន​ហើយ។ ដូច្នេះ​ហើយ​​ទើប​យើង​យល់​ថា​ការ​បើក​អាជីវកម្ម​នេះ​គឺ​ត្រូវ​ទាម​ទារ​នូវ​ បទពិសោធ​ជា​ធំ ស្គាល់​ទីផ្សារ​ច្បាស់ លាស់។ ថ្នាំ​ដែល​មាន​តម្លៃ​ថ្លៃ ធ្វើ​ឲ្យ​គាត់​មិន​អាច​រក​ទីផ្សារ​បាន​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ទំនិញ​មិន​អាច​បង្វិល​បាន​ និង​ត្រូវ​កប់​ទុន ​មួយ​វិញ​ទៀត​បើ​ទុន​តិច មិន​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​បាន​ឡើយ​ ដូច្នេះ​ច្បាស់​ជា​​បិទ​ទ្វារ​ជា​មិន​ខាន។

លោក​យល់​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ដូចម្តេច​ ដើម្បី​ជួយ​ជំរុញ​ដល់​អាជីវ​កម្ម​នេះ​ឲ្យ​មាន​ដំណើរ​ការ​ល្អ និង​មិន​ឲ្យ​ក្ស័យធន​?

សព្វ ​ថ្ងៃ​ដោយ​សារ​ទីផ្សារ​យើង​ថ្មី​ ខាង​ក្រសួង​សុខាភិបាល​បាន​ជួយ​សម្រួល​ដល់​អាជីវកម្ម​នេះ​បាន​ច្រើន ដូចជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បើក​រោងចក្រ​ផលិត​ថ្នាំ​ពេទ្យ​ក្នុង​ប្រទេស ហើយ​ការ​នាំ​ចូល​ក៏​មាន​ការ​ជួយ​សម្រួល​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​លឿន​ ដែរ។ ខ្ញុំ​យល់​ថា ចំពោះ​ក្រុមហ៊ុន​ដែល​ក្ស័យ​ធន​គឺ​គាត់​មាន​ការ​លំបាក​ដោយ​ខ្លួន​គាត់។

តើ​អាជីវកម្ម​ឱសថ​បាន​ជួយ​ចូល​រួម​ចំណែក​អ្វី​ខ្លះ​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា?

វា ​បាន​ជួយ​រួម​ចំណែក​ធំ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​។ ទីមួយ​ជួយ​ផ្តល់​ការងារ ដល់​ប្រជា​ពល​រដ្ឋ ទី​ពីរ​យើង​ជួយ​ផ្គត់​ផ្គង់​ថ្នាំ​ពេទ្យ​ទៅ​ដល់​តាម​បណ្តា​ខេត្ត​ដើម្បី ឲ្យ​គាត់​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ដូរ​ដោយ​មិន​ចាំបាច់​ឡើង​មក​ទិញ​នៅ កន្លែង​ឆ្ងាយ ដូច្នេះ​វា​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គាត់ មួយ​វិញ​ទៀត​ដោយ​សារ​ឥឡូវ​វិស័យ​ថ្នាំ​ពេទ្យ​មាន​ការ​រីក​ចម្រើន​ច្រើន​ ធ្វើ​ឲ្យ​ថ្នាំ​មាន តម្លៃ​ទាប​ដែល​អាច​ឲ្យ​គាត់​កាត់​បន្ថយការ​ចំណាយ​លើ​ការ​ព្យាបាល​របស់​គាត់​ បាន​ច្រើន ពិសេស​យើង​មាន​ថ្នាំ​ល្អ​ៗ​ច្រើន​ដើម្បី​ព្យាបាល​ជំងឺ​របស់​គាត់​ឲ្យ​ជា​បាន ​ឆាប់​រហ័ស ​ធ្វើ​ឲ្យ​គាត់​ចូលរួម​ធ្វើ​ការងារ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​​រីក​ចម្រើន កាន់​តែ​លឿន​។

លោក​មាន​គម្រោង​អ្វី​សម្រាប់​អាជីវកម្ម​របស់​លោក នៅ​ពេល​អនាគត?

យើង​នឹង​បន្ត​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់​តែ​ធំ​ ដូច​ជា​មាន​គម្រោង​នាំ​ចូល​ថ្នាំ​ពី​បារាំង និង​ពី​អឺរ៉ុប​ជាដើម​៕

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: