
ភ្នំពេញៈ កំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំរបស់កម្ពុជាបាននិងកំពុង ជំរុញឲ្យមានការវិនិយោគកាន់តែច្រើនលើវិស័យសណ្ឋាគារ។
The Tittle Garden ជាសណ្ឋាគារបែបបុរាណតូចមួយនៅភ្នំពេញទើបតែបើកប្រមាណ៦ខែ ប៉ុណ្ណោះប៉ុន្តែសណ្ឋាគារ នេះកំពុងទាក់ទាញភ្ញៀវបរទេស។
លោក ប៉ិច ពិសី ដែលមិនមានជំនាញផ្នែកសណ្ឋាគារសោះនោះ បានសម្រេចចិត្តបើក The Tittle Garden ជាមួយនឹងដៃគូក្នុងស្រុក ដោយវិនិយោគទឹកប្រាក់១០ម៉ឺនដុល្លារ។
ហេតុអ្វីបានជាលោកវិនិយោគលើវិស័យសណ្ឋាគារ ហើយមិនវិនិយោគទៅលើវិស័យផ្សេង?
មូលហេតុ ដំបូងដែលខ្ញុំចាប់អារម្មណ៍ធ្វើអាជីវកម្មទៅលើផ្នែក សណ្ឋាគារ ដោយសារកន្លងមកខ្ញុំបានធ្វើដំណើរច្រើនដូចជាទៅរៀនបរទេស ដូច្នេះខ្ញុំបានទទួលគំនិតថ្មីៗពីស្រុកគេច្រើន។ ខ្ញុំឃើញថា នៅកម្ពុជាភាគច្រើនសណ្ឋាគារដែលមានលក្ខណៈបែបនេះ ត្រូវបានបើកដោយជនបរទេស ដូច្នេះពួកគេកើបលុយពីភ្ញៀវបរទេស និងជនបរទេសដែលមកទេសចរណ៍នៅស្រុកខ្មែរ។ ហេតុនេះហើយធ្វើឲ្យខ្ញុំគិតថាឱកាសនៃការធ្វើអាជីវកម្មនេះគឺនៅ ខ្ពស់នៅឡើយ ហើយខ្ញុំគិតថាបើខ្មែរមានគំនិតស្រូបយកថវិកាដែលភ្ញៀវទេសចរចំណាយ ឲ្យបានច្រើន គឺល្អសម្រាប់ខ្មែរ។
សណ្ឋាគារលោកទើបចាប់ ដំណើរការ និងមានទំហំតូចបើធៀបនឹងសណ្ឋាគារផ្សេង ដូច្នេះដើម្បីទាក់ទាញអតិថិជនតើលោកមានយុទ្ធសាស្រ្តអ្វីខ្លះ?
យើង មានយុទ្ធនាការទីផ្សារ៦ខែដំបូងមុននឹងយើងចាប់ផ្តើមអាជីវកម្ម នេះ យើងដាក់ថវិកាច្បាស់លាស់ នៅក្នុងប្រតិបត្តិការលើវិស័យទីផ្សារ រួមជាមួយនឹងការផ្សព្វផ្សាយតាមអ៊ីនធឺណិត ដែលជនបរទេសអាចកក់បានមុនពេលពួកគេមកកម្សាន្តនៅប្រទេសកម្ពុជា កន្លែងយើងរៀបចំបានល្អដូចគេ ហើយយើងបានដាក់តម្លៃមួយមានកម្រិតទាបជាងគេបន្តិច។
លោក លើកឡើងថា វិនិយោគិនបរទេសជាច្រើនបានវិនិយោគខាងវិស័យសណ្ឋាគារ។ ហេតុអ្វីបានជាខ្មែរយើង មិនវិនិយោគលើវិស័យនេះដូចគេ?
សព្វ ថ្ងៃយើងឃើញថាអ្នកវិនិយោគបរទេសជាច្រើនបានមកធ្វើអាជីវកម្ម នៅកម្ពុជាដូចជា ថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។ ខ្មែរក៏មានអ្នកមានលុយច្រើនដែរ តែកម្រិតការវិនិយោគរបស់គាត់នៅទាប ហើយភាគច្រើនគាត់ចូលចិត្តវិនិយោគទៅលើវិស័យអចលនទ្រព្យប៉ុណ្ណោះ ដែលអាចឲ្យទទួលបានប្រាក់ចំណេញឆាប់ ការវិនិយោគទិញដីនិងលក់ដីគឺវាមានអាយុខ្លី តែបើនិយាយពីប្រាក់ចំណេញគឺខ្ពស់ ប៉ុន្តែការធ្វើអាជីវកម្មនេះវាមិនអាយុវែងនោះទេ។
ឧទាហរណ៍កាលពី២ឆ្នាំកន្លងមក ដែលវិបត្តិសេដ្ឋកិច្ចផ្ទុះឡើងបានធ្វើឲ្យអាជីវកម្មនេះត្រូវជាប់គាំង។
ការបើកអាជីវកម្មសណ្ឋាគារនេះផ្សារភ្ជាប់អ្វីខ្លះដល់កំណើនសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជានៅពេលបច្ចុប្បន្ននេះ?
វិស័យ សណ្ឋាគារនៅកម្ពុជានៅមានកម្រិត ទោះបីយើងដឹងថាអត្រានៃការកើនឡើងសណ្ឋាគារនៅសៀមរាប ប៉ុន្តែសណ្ឋាគារនៅភ្នំពេញនៅមានកម្រិតនៅឡើយសម្រាប់ស្រូបយក ភ្ញៀវទេសចរថ្នាក់ខ្ពស់ ដូច្នេះខ្ញុំគិតថាការបង្កើតសណ្ឋាគារខ្ញុំនេះបានរួមចំណែកក្នុង ការពង្រឹងវិស័យទេសចរណ៍នៅកម្ពុជា ព្រោះរដ្ឋាភិបាលចាត់ទុកទេសចរណ៍ជាវិស័យជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែបើយើងមើលទៅសណ្ឋាគារល្អៗភាគច្រើនគ្រប់គ្រងដោយបរទេស ដូច្នេះថវិកាដែលទទួលបានពីវិស័យទេសចរណ៍ ទាំងនោះមួយចំនួនធំត្រូវហូរចេញទៅបរទេស។
ដើម្បីកុំឲ្យចំណូលបានពីវិស័យទេសចរណ៍បែកធ្លាយទៅបរទេសច្រើន តើរដ្ឋាភិបាលគួរតែធ្វើដូចម្តេច?
ក្រសួង ពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ត្រូវតែបង្កើតបរិយាកាសអ្វីមួយដើម្បីផ្តល់ ឱកាសឲ្យអ្នកវិនិយោគក្នុងស្រុកបានច្រើននោះសេដ្ឋកិច្ចយើងមាន និរន្តរភាពច្រើនជាងកាពឹងទៅលើវិនិយោគបរទេស ដែលខ្លះមកតែមួយឆាវៗ ហើយកត្តានេះវាមិនល្អសម្រាប់សេដ្ឋកិច្ចយើងទេ។
យោបល់លោកតើរដ្ឋាភិបាលគួរតែធ្វើដូចម្តេចដើម្បីជំរុញឲ្យប្រជាពលរដ្ឋខ្មែរមានគំនិតបើកអាជីវកម្មដោយខ្លួនឯង?
គំនិត ខ្ញុំមានពីរ ទីមួយគឺយើងធ្វើម៉េចបង្កើតឲ្យមានបរិយាកាសឲ្យមានប្រព័ន្ធ ហិរញ្ញវត្ថុល្អដើម្បីឲ្យខ្មែរមាន លទ្ធភាពខ្ចីលុយពីធនាគារ ដោយបង្កើតប្រព័ន្ធធនាគារមួយសម្រាប់ផ្តល់កម្ចីដល់កូនខ្មែរ ទីពីរគឺច្បាប់បើកក្រុមហ៊ុនត្រូវធ្វើឲ្យមានភាពងាយស្រួល ដោយកុំឲ្យមានថវិកាក្រៅផ្លូវការច្រើនពេក។
ភ្ញៀវទេសចរ បរទេសដូចជាចិន កូរ៉េ បានមកកម្សាន្តនៅកម្ពុជាច្រើនតែមកជាកញ្ចប់ មកតាមក្រុមហ៊ុនប្រទេសរបស់គេ ហើយការចំណាយទាំងនោះគឺបានចូលទៅប្រទេសគេវិញ?
វាជាការ រកស៊ីតាមប្រព័ន្ធទីផ្សារសេរីយើងពិបាកហាមគេណាស់ ប៉ុន្តែគំនិតសំខាន់នោះយើងជាខ្មែរ ឬរដ្ឋាភិបាលក៏ដូចជាស្ថាប័នឯកជនគួរសហការគ្នាធ្វើយ៉ាង ម៉េចដើម្បីឲ្យយើងមានសម្ថភាពស្រូបយកភ្ញៀវទាំងអស់នោះបាន ពោលគឺយើងធ្វើម៉េចផ្តល់សេវាឲ្យគេបានល្អ ហើយរដ្ឋយើងគួរតែជួយជាបច្ចេកទេស ឬក៏ជាថវិកាដើម្បីឲ្យក្រុមហ៊ុនក្នុងស្រុកអាចមានលទ្ធភាពស្រូប យកភ្ញៀវទេសចរបានច្រើន។ ម៉្យាងទៀតរដ្ឋាភិបាលត្រូវជំរុញឲ្យក្រុមហ៊ុនផ្សេងៗតម្រូវឲ្យយក អ្នកនាំភ្ញៀវទេសចរជាជនជាតិខ្មែរ និងអាចជំរុញ ឲ្យពួកគេចាយលុយមួយចំនួនទៅលើភោជនីយដ្ឋានខ្មែរ។
តាមរយៈ កំណើនភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លោកយល់ថា តម្រូវការសណ្ឋាគារបច្ចុប្បន្នអាចផ្គត់ផ្គង់គ្រប់គ្រាន់ដែរឬ ទេ?
ចរន្ត ភ្ញៀវទេសចរមកកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយវាក៏នៅបន្តកើនឡើងទៀត និងមួយទៀតការចំណាយរបស់អ្នកទេសចរក៏មានកំណើនផងដែរ ប៉ុន្តែយើងដឹងហើយសព្វថ្ងៃកម្ពុជាមិនទាន់មានសម្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ឬក៏ធ្វើឲ្យមានប្រសិទ្ធភាពទៅដល់ភ្ញៀវលំដាប់ខ្ពស់នៅឡើយ។យើង ឃើញថា ចំនួនសណ្ឋាគារបានកើនឡើងមែន ប៉ុន្តែចំនួននេះមិនគ្រប់គ្រាន់សម្រាប់ស្រូបយកចំនួនភ្ញៀវ ដែលកំពុងតែកើនឡើងនេះទេ ដោយសារគុណភាព សេវាកម្ម និងការវិនិយោគលើសណ្ឋាគាររបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ។
លោកអាចប្រៀបធៀបពីហានិភ័យរវាងការធ្វើអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋានបានទេ?
ខ្ញុំ គិតថាការធ្វើអាជីវកម្មលើភោជនីយដ្ឋានគឺមានការលំបាកច្រើន ទីមួយគឺយើងត្រូវមានជំនាញចុងភៅខ្លះដែលត្រូវដឹងពីគុណភាពរបស់ អាហារ ម៉្យាងទៀតខ្ញុំគិតថាការបើកអាជីវកម្មភោជនីយដ្ឋានគឺយើងគួរកុំ ធ្វើប្រសិនបើយើងមិនមានបទពិសោធ គឺប្រៀបបីដូចយកលុយទៅបោះក្នុងធុងសំរាមអ៊ីចឹង។ ដោយឡែកការធ្វើអាជីវកម្មសណ្ឋាគារ មានភាពងាយស្រួលជាង ដោយគ្រាន់តែយើងធ្វើសេវាកម្មឲ្យល្អ ការគ្រប់គ្រងច្បាស់លាស់ និងការផ្សព្វផ្សាយ នោះនឹងទទួលបានជោគជ័យ តែវាក៏មានហានិភ័យដែរបើយើងមិនអាចធ្វើដូចនេះបាន។
ព្រួយបារម្ភ ដែរឬទេសម្រាប់ការប្រកួតប្រជែង ដោយសារសព្វថ្ងៃអាជីវកម្មលើវិស័យសណ្ឋាគារកំពុងតែរីកចម្រើន? និងមានវិធីសាស្ត្រអ្វីប្រកួតប្រជែងជាមួយសណ្ឋាគារដែលមានលំដាប់ ខ្ពស់?
សណ្ឋាគារសព្វថ្ងៃគឺកើនឡើងច្រើន ហើយភាគច្រើនគឺមានស្តង់ដារខ្ពស់ ដូច្នេះការធ្វើអាជីវកម្មផ្នែកសណ្ឋាគារនេះ គឺពិបាកទៅៗ ប៉ុន្តែយើងធ្វើម៉េចត្រូវផ្តោតលើសេវាឲ្យល្អបំផុត ពិសេសកន្លែងរបស់យើងគឺត្រូវតែស្អាត និងមានអនាម័យ ហើយយើងក៏ត្រូវតែពង្រឹងសេវាកម្មហើយពង្រឹងទៀត។
តើលោកមានគម្រោងពង្រីកអាជីវកម្មរបស់លោកនេះបន្ថែមទៀតដែរ ឬទេ?
ក្នុង ការដំណើរការកន្លងមកនេះយើងឃើញថាវាដំណើរការទៅមុខល្អហើយ ។ ដោយឡែកគោលដៅពង្រីកនៅឆ្នាំ ក្រោយនេះយើងនឹងមានផែនការពង្រីកនៅភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀតដូចជាបាត់ដំបង កែប មណ្ឌលគិរី និងរតនគិរី ប៉ុន្តែក៏ត្រូវការចំណាយពេលវេលាបន្ថែមទៀតដែរ៕
បទសម្ភាសរៀបចំដោយ ស៊ន សារ៉ាត និង សៀម ប៊ុនធី
ឆ្លើយតប