ឯកឧត្ដម​​ខៀវ​កាញារីទ្ធ​


នៅឆ្នាំ២០០១ គឺ​ពេលដែល​ខ្ញុំ កំពុង​បំពេញ ការងារ​នៅ​មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា ខ្ញុំ​បាន​អាន​ដោយ​ចៃដន្យ​

នូវ​ស្នាដៃ​បកប្រែ​របស់ឯកឧត្ដម​ខៀវ​កាញារីទ្ធ​​ដែល រៀបរាប់​ពី​ជីវិត​ស្ត្រី​ជា​ភរិយា​នៃ​កម្មាភិបាល​ខ្មែរក្រហម​មួយរូបនោះ​គឺ​រឿង ឆ្ងាយ​ហួសពី​ជើងមេឃ។ ដោយ​ការ​ស្វះស្វែង បាន​រក​ឃើញ​ស្នាដៃ​ជា​បន្ត​មក​ទៀត​របស់ ឯកឧត្ដម​គឺ រឿងអ្នក​ដែល​ឃ្លាត​ឆ្ងាយដែល​និពន្ធ​ផ្ទាល់ និង​រឿងអគ្គមហាសេនា ប្រែ​សម្រួល​ពី​ស្នាដៃ​ដើម​របស់​អ្នក​និពន្ធ​ល្បី James Clavell

បទនិពន្ធ​និង​ទេពកោសល្យ​កែសម្រួល​ដ៏​ប្រទាក់ក្រឡា​ ​ពោរពេញ​ដោយ​សិល្បៈ មិនមែន​គ្រាន់​តែ​បង្ហាញ​ពី​សមត្ថភាព​អក្សរសាស្ត្រ​ជាតិ​ និង​អន្តរជាតិ​ប៉ុណ្ណោះទេ ផ្ទុយ​ទៅ​វិញ​មិនអាច​លាក់បាំង​បាន​នូវទស្សនវិជ្ជា​មាន​តម្លៃ​មួយ​ចំនួន​នៃ​ជីវិត​ឥស្សរជន​ខ្មែរ​មួយ​រូប​ មាន​ហេតុផល​ពិសេស​ជា ច្រើន​ក្នុងការ​លើក​យក​ស្នាដៃ​ទាំងនោះ​មក​ប្រែសម្រួល និង​រៀបរៀង​ជា មរតក​សម្រាប់​អ្នកអាន​ខ្មែរណា​ដែល​មិនមាន​លទ្ធភាព​យល់​អស់​សេចក្ដី​នៃ​បទ​និពន្ធ​កំពូល​ៗ​របស់ពិភពលោក។

នៅ​ខែ​មិថុនាឆ្នាំ២០១១ ខ្ញុំ​បាន​ទទួលការ​អនុញ្ញាត​ពី ឯកឧត្ដម​ខៀវ​កាញារីទ្ធ ដើម្បី​ធ្វើ​​បទ​សម្ភាសន៍​ពិសេស​មួយ។នៅ​ឯ​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន ឯកឧត្ដម​បាន​ពុះ​ហែក​ពេលវេលា​ដ៏ ចង្អៀត​មក​ស្វាគមន៍​ក្រុមការងារ​យើង ដោយ​រាក់ទាក់​ដូចដែល​ឯកឧត្ដម​ធ្លាប់​ធ្វើ​ទៅកាន់​អ្នកសារព័ត៌មាន​គ្រប់​និន្នាការ​នយោបាយ​។

សំនួរទំាង១១ដែលខ្ញុំដាក់ទៅក្នុងបទសន្ទនា​ហាក់​កំពុង​ទាញ ឥស្សរជន រូប​នេះ​វិល​រក​អតីតកាល​ជិត​៤០ឆ្នាំមុន​ដែល​យុវជន ខៀវ​កាញារីទ្ធ ដឹង​សេចក្ដី​នៅ​ចន្លោះ​ពេល​ដែល​ឥទ្ធិពល​សង្គ្រាម​ត្រជាក់ Cool War កំពុង​ត្រួតត្រា​នឹង​បែងចែក​​ពិភពលោក​ទៅ​ជា​ប្លុក​ធំ​ពីរ។

សំនួរ៖ជម្រាប​​ប្រសាសន៍​ឯកឧត្ដម សូម​ឯកឧត្ដម​មេត្តា​រៀបរាប់​ត្រួសៗ​ពី​ប្រវត្តិ​សិក្សា និង​ការ​ស្រមៃ​ពី​អតីតកាល​មុន​ពេល​ក្លាយ​ជា​ឥស្សរជន​ដ៏​សំខាន់​មួយ​រូប។

រូបថតដោយ ប៉ែន ប៊ុនថាល់

ចម្លើយ៖ ជា​ការពិត​លោក​ឪពុក អ្នកម្ដាយ​ខ្ញុំ​លោក​ចង់​អោយ​ខ្ញុំ​ក្លាយ​ជា​គ្រូពេទ្យ។ ប៉ុន្តែ​បំណង​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​អ្នកការទូត​ម្នាក់។ ដោយសារ​ជំនាន់​នោះ​ប្រាក់ខែ​អ្នក​ការទូត​គឺ​ខ្ពស់​ ​ដូច​បាន​​ដឹង​ហើយ ថា​ខ្ញុំ​​មាន​​បងប្អូន​ច្រើន​ដល់​ទៅ​៩នាក់​ ខ្ញុំ​គិត​ថា​ការដែល​យើង​មាន​ចំណូល​ច្រើន​ជា​គោលដៅ​​សំខាន់។ ដោយសារ​អញ្ចឹង​ខ្ញុំ​ផ្ដោត​ការ​សិក្សា​ផ្នែក​ភាសា​ជា ខ្លាំង​គឺ​បារាំង​និង​អង់គ្លេស។ នៅ​ឆ្នាំ​១៩៧០​សង្គ្រាម Civil កំពុង​ចិញ្ច្រាំ​មាតុភូមិ​របស់​យើង។ ខ្ញុំ​សិក្សា​ចប់​ទុតិយភូមិ​នៅ​ចំ​ពេល​ដែល​ប្រទេស​​ចាប់ផ្ដើម​បែងចែក​និន្នាការនយោបាយ។ ស្ថានភាព​ សេដ្ឋកិច្ច​កាន់​តែ​តឹងតែង​ជា​លំដាប់​ ហើយ​ខ្ញុំ​ក៏​មាន​គំនិត​ស្វែង​​រក​​ការងារ​ធ្វើ ប៉ុន្តែ​លោកគ្រូ​ម្នាក់​របស់​ខ្ញុំ​បាន​ទូន្មាន​ថា ខ្ញុំ​ជា​សិស្ស​ដ៏​ពូកែ​ម្នាក់​មាន​ការងារ​ជា​ច្រើន​កំពុង​រង់ចាំ​ខ្ញុំ ដូច្នេះ​ខ្ញុំ​គួរ​បន្ត​ការ​សិក្សា​អោយ​បាន​ដល់​គោលដៅ​ចុងក្រោយ​​សិន។​ គាត់​បាន​លើកឡើង​ពី​ចំណូល​កាន់​​តែ​ច្រើន​នៅ​ពេល​យើង​មាន​តួនាទី​ល្អ បន្ទាប់​ពី​មាន​​​ចំណេះដឹង​ទូលំ​ទូលាយ។​ ការ​ទូន្មាន​នោះ​ ទាក់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង។ ខ្ញុំ​ងាក​ចេញ​ពី​ផែនការ​ស្វែង​​រក​​ការងារ​​ធ្វើ​ហើយ​ប្រលង​​ចូល​​​​​មហាវិទ្យាល័យ​នីតិសាស្ត្រ។ វា​មិនមែន​ជា​រឿង​ងាយទេមែនទេ? សម្រាប់​ពេល​​បច្ចុប្បន្ន​ ក្នុង​ការ​ក្លាយ​ជា​និស្សិត​​នៅ​​សាលា​នោះ​ ហើយ​រឹតតែ​លំបាកទៅទៀត​សម្រាប់​សម័យកាល​ខ្ញុំតែ​ខ្ញុំ​បាន​ទទួល​ជោគជ័យ ។

សំនួរ  ចាស​ ដោយឡែក​តើ​នយោបាយ​គឺ​ជា​ការ​តាំង​ចិត្ត​ ជា​ជម្រើស​ចាំបាច់ រឺ​​ក៏​ជា​ភាព​ចៃដន្យ​សម្រាប់​ឯក​ឧត្តម?

ចម្លើយ៖ នយោបាយ​ជា​រឿង​ចៃដន្យ​សុទ្ធ​សាធ។ ខ្ញុំ​មិនដែល​តាំងចិត្តទេ ​ហើយខ្ញុំ​ស្អប់​នយោបាយ​ផង ដោយ​សារ​ខ្ញុំ​គិត​ថា ​នយោបាយ​កំណត់​យើង​ឲ្យ​គាំទ្រ​តែ​ម្ខាងៗ​ខុស​ពី​​និស្ស័យ ខ្ញុំ​ដែល​ចូលចិត្ត​មនុស្ស​គ្រប់ប្រភេទ ​និង​គោរព​ទស្សនៈ​ផ្សេង​គ្នា​ៗ។ បន្ទាប់​ពី​ជាប់​សាលា​ច្បាប់​​មក ខ្ញុំ​ក៏​ប្រលង​ជាប់​លេខមួយ​សម្រាប់​ការ​ចូល​ទៅ​កាន់​សាលា​ជាតិ​រដ្ឋបាល (ភូមិន្ទរដ្ឋបាល) ផ្នែក​មន្ត្រី​ការទូត​ជាន់ខ្ពស់។​ នៅ​ទី​នោះ​ខ្ញុំ​បាន​​​ផ្លាស់ប្ដូរ​​​ការ​គិត​ ដោយ​សារ​​ខ្ញុំ​​បាន​​​មើល​ឃើញ​​អតីត​និស្សិត​ជាច្រើន​ដែល​មាន​កម្រិត​សិក្សា​​​​ខ្ពស់​​ក្លាយ​ជា​អ្នក​ការទូត​អាច​រស់​បាន​សុខសាន្ត​ជាមួយ​ប្រពន្ធកូន​​នៅបរទេស តែ​អ្នក សិក្សា​បាន​កម្រិតមធ្យម​​​​ ទទួល​បាន​​ការងារ​​ផ្នែក​​រដ្ឋបាល ដូចជា ​ចៅហ្វាយខេត្ត​អាច​ក្លាយ​ទៅ​ជា​រដ្ឋមន្ត្រី។ល។គេ​មាន​ឱកាស​ច្រើនជាង​ក្នុង​ការ​យឹតយោង​បងប្អូន​ក្រុម គ្រួសារ​។ ដូច្នេះ​ខ្ញុំ​ក៏​​ប្ដូរ​មក​ចាប់​អារម្មណ៍​​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​អី​វិញ​ ដែល​អាច​ក្លាយ​ទៅ​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​​ តែ​ការងារ​ទាំង​ហ្នឹង​ទាក់ទង​នឹង​នយោបាយ​​ជា​ចាំបាច់។​ប៉ុន្តែ​​ របប​​​​ប៉ុល ​ពត​​បាន​ចូលមកដល់។

ឯកឧត្ដម ខៀវ កាញារីទ្ធកាលពី៣០ឆ្នាំមុន

សំនួរ  ចុះ​តើ​ការ​ប្ដេជ្ញា​ចិត្ត ​ដាក់​​បញ្ចូល​ផែនការ​ជីវិត​អោយ​រួម​ដំណើរ​ជា​មួយ​គណបក្ស​​ប្រជាជន​កម្ពុជា កើត​ឡើង​ដោយ​រូបភាព​ណា​ដែរ​ហើយ​តាំង​ពី​ពេលណា​មក​ឯកឧត្ដម?

ចម្លើយ៖ គឺ​នៅ​ឆ្នាំ១៩៩១គណបក្សប្រជាជន​បាន​អំពាវនាវ​រក​ការ​ចូលរួម​ពី​បញ្ញវន្ត។ នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​​​ចូលរួម ខ្ញុំ​ចាប់ចិត្ត​​នឹង​​ការងារ​​នៅ​ទីនោះ ដោយសារ​ខ្ញុំ​ចូលចិត្ត​របៀប​ប្រជា​មតិ សាក​សួរ​យោបល់ និង​ភាព​ស្និទ្ធស្នាល​គោរព​គ្នា​​​ខ្ញុំ ហ៊ាន​និយាយ ថា​​គណបក្ស​ប្រជាជន​មាន​ទម្លាប់​ប្រជាធិបតេយ្យ​ជា​យូរ​មក​ហើយ​ជា​មួយ​ សមាជិក សមាជិកា​របស់​ខ្លួន។ ការងារ​ក្នុង​នីតិប្បញ្ញត្តិពីឆ្នាំ១៩៨១​ដល់​ឆ្នាំ​១៩៩៣​ ខ្ញុំ​ជា​តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល ១៩៩៣​ដល់១៩៩៨​ ជា​តំណាង​រាស្ត្រ​ប្រចាំ​រាជធានី​ភ្នំពេញ និង​ពី​ឆ្នាំ១៩៩៨ដល់​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម។ ចំណែក​នៅ​ក្នុង​នីតិប្រតិបត្តិ ខ្ញុំ​ចាប់ផ្ដើម​ពី​ការងារ​ជា​និពន្ធ​នាយក​កាសែត​របស់​រដ្ឋ​មួយ​នា​សម័យនោះ​ឈ្មោះ​ថា​កាសែត កម្ពុជា ជា​ទី​ប្រឹក្សា​នាយករដ្ឋមន្ត្រី ប្រធាន​ក្រុម​លេខាធិការ​រដ្ឋ​កម្ពុជា​នៅ​ឧត្ដម​ក្រុមប្រឹក្សាជាតិ SNCផងដែរ។

រូបថត ប៉ែន ប៊ុនថាល់

សំនួរ មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា យុវភាព​របស់​ឥស្សរជន​មួយ​រូប​មាន​លក្ខណៈ​របៀប​ណា? ការ​បក​ស្រាយ​ដែល​ចាក់​ចំ​ចំណុច​ចាប់អារម្មណ៍​បំផុត​គឺ​ផ្ដោត​លើ​​អាកប្បកិរិយា មនោសញ្ចេតនា មិត្តភាព​និង តួនាទី​ក្នុង​គ្រួសារ។សូម​ឯកឧត្ដម​មេត្តា​រំលឹក​ឡើង​វិញ​ពី​ចំណុច​​ទាំង​នេះ​ផង។

ចម្លើយ៖ ដោយ​ខ្លី​គឺ​ខ្ញុំ​ដូច​យុវវ័យ​ដទៃ​ភាគច្រើន​ដែល​ទំនើប​និយម​ឡូយឆាយ​ចូលចិត្ត​សប្បាយ ទាន់​សម័យ​តែ​មិន​ចោល​ទេ​ការ​រៀន សូត្រ​និង​គោលដៅ​​អនាគត។ខ្ញុំ​ទុក​សក់ វែង​តាម​យុវវ័យ​ជំនាន់​នោះ​គេ​និយម ហើយ​ប្រើ​សំលៀកបំពាក់​អី​តាម​សម័យ​អញ្ចឹង​ដែរ បទ​ចម្រៀង ខ្ញុំ​ស្ដាប់​តែ​បទ​បរទេស រហូត​ដល់​វ័យ​ជាង​៣០​ចូល​ពី​ប៉ុលពត​មកវិញ​បាន​ចេះ​ស្ដាប់​បទ​លោក​ស៊ិន​​ស៊ីសាមុត លោក​អ៊ិន​យ៉េន​វិញ អញ្ចឹង​បាន​​មាន​អ្នកខ្លះ​ឥឡូវនេះ​គាត់​សួរ​ខ្ញុំ​ថា ម៉េច​ក៏​អោយ​មានMy Tvអី​ចាក់​បទ​របៀបHip hop ច្រើនម្ល៉េះ ?ខ្ញុំ​តប​ទៅ​គាត់ ថា អា ហ្នឹង​សម្រាប់​ក្មេង គ្នា យុវវ័យ ត្រូវ​មាន​អី មួយ​របស់​គ្នា​អោយ​គ្នា​មើល​ដែរ មិន​អាច​មាន​តែ​សម្រាប់​មនុស្ស​កណ្ដាល​ មនុស្ស​វ័យ​ចាស់ ទេ !ហើយ​រឿង​មិត្តភ័ក្ដិ​វិញ​ពី​ក្មេង​ខ្ញុំ​មាន​មិត្ត ភក្តិ​មាន​អនុស្សាវរីយ៍​​ល្អ​​​ជាច្រើន​​និង​​មាន​មិត្ត ល្អ​​ខ្លះ​​នៅ​​ធ្វើការ​​ជាមួយ​គ្នា​​ទើស សព្វថ្ងៃ។នៅ​ក្នុង​គ្រួសារ​វិញ​ខ្ញុំ​គោរព​ឪពុកម្ដាយ​​​ស្រលាញ់​បងប្អូន​ណាស់ ។ចំណែក​សាលារៀន​ដែល​បន្សល់​នូវ​អនុស្សាវរីយ៍​ជានិច្ច​ក្នុង​ជីវិត ខ្ញុំ​គឺ​សាលា​ឥន្ទ្រ ទេវី​សព្វថ្ងៃ។ដូច​ខ្ញុំ​បាន​ប្រាប់​ហើយ គ្រូ​ខ្ញុំ​ម្នាក់​គាត់​ជា​គ្រូ​កីឡា​សោះ តែ​គាត់​បាន​ណែនាំ​ខ្ញុំ​កុំ​អោយ​ឈប់ រៀន​នៅ​ក្រោយ​បាក់ឌុប គាត់​លើក​ទឹក​ចិត្ត​អោយ​ខ្ញុំ​រៀន​បន្ត​ទៀត។ខ្ញុំ​បាន​ចងចាំ​រូប​គាត់​ជានិច្ច​នៅ​ក្នុង​អតីតកាល​របស់​ខ្លួន​ឯង។

រូបថតអនុស្សាវរីយ៍ដែលឯកឧត្ដម ខៀវ កាញារីទ្ធ រក្សាទុកក្នុង បន្ទប់ធ្វើការ

សំនួរ មាន​យុវវ័យ​ជា​ច្រើនចង់​ផ្សារ​ភ្ជាប់​គោលដៅ​អនាគត​ជាមួយ​នយោបាយ។ មានខ្លះ​នៃ​ពួកគេ គ្រាន់​តែ​ប្រើ​នយោបាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក នយោបាយ។​ នៅ​ក្នុង​បរិបថ​បច្ចុប្បន្ន​តើ​ឯកឧត្ដម​យល់ថា ឥរិយាបថ​នយោបាយ​បែបណា ដែល យុវវ័យ​គួរ​ប្រកាន់យក?

ចម្លើយ៖ ខ្ញុំ​ទទួលស្គាល់​ថា​អញ្ចឹងមែន! មិនថា​សម័យនេះ​រឺ​សម័យ​ណា​ទេ រឿង​ហ្នឹង​កើតឡើង​ជានិច្ច​ចំពោះ​យុវវ័យ! ខ្ញុំ​គ្រាន់​តែ​ដាស់តឿន​ថា វ័យ​នេះ​ជា​វ័យសកម្ម មាន​ថាមពល មាន​លទ្ធភាព​ច្រើន​ដែល​ជា​ការ​សម្លឹង​ឃើញ​នឹង​ចាប់​យក​ដោយ​អ្នកនយោបាយ។ ដូច្នេះ​មុន​ពេល​សម្រេច​​ចិត្ត​ប្រឡូក គួរ​ទទួល​​​បាន​ព័ត៌មាន គ្រប់ជ្រុងជ្រោយ​នឹង​ពិចារណា​ថ្លឹងថ្លែង​សព្វគ្រប់សិន​ ទើប​មិន​ក្លាយទៅជា​អ្នកត្រូវ​បាន​គេ​ប្រើប្រាស់។

សំនួរ  ជា​ឪពុក​មួយ​រូប ឯកឧត្ដម​​ជាប់​ពាក់ព័ន្ធ​កម្រិត​ណា​ក្នុង​ការ​រៀបចំ​គោលដៅ​អនាគត​បុត្រធីតា?

ចម្លើយ៖ កូន​ស្រី​ខ្ញុំ​ជា​កូន​ទោល។ ខ្ញុំ​មិន​ចង់​អោយ​នាង​រៀន IT ទេ ដោយសារ​ខ្ញុំ​បារម្ភ​ថា​ជំនាញនេះ ធ្វើ​អោយ​នាង​កាន់​តែ​ឯកោ ប៉ុន្តែ​ខ្ញុំ​នៅតែទុក​ឲ្យ​នាង​សម្រេច​ចិត្ត។ ខ្ញុំ​មិន​រៀបចំ​អ្វីៗ​សម្រាប់​កូនខ្ញុំ​ទេ ខ្ញុំ​ចង់​ឲ្យ​គេ​ចេះ​រៀបចំ​អ្វីៗ​ដោយ​ឯករាជ្យម្ចាស់ការ តែ​ប្រសិន​ពេល​កូន​មាន​បញ្ហា​ចង់​ពិគ្រោះ ខ្ញុំ​តែង​ផ្ដល់​ជា​យោបល់ និង​លើកទឹកចិត្ត​ការ​សម្រេច​ចិត្ត​របស់​គេ។

សំនួរ  នៅ​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​ដែល​បន្សល់​នូវ​ការ​គោរព​ជាទូទៅ តើ​ឯកឧត្ដម​ផ្អែក​លើ​ទ្រឹស្ដី ណាមួយ រឺ​លំអាន​បុគ្គល​រូប​ណា​ដែរ?

ចម្លើយ៖ ខ្ញុំ​ចូលចិត្ត​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក តែ​ទ្រឹស្ដី​ដែលខ្ញុំ​និយម​ប្រើ​តាម​គឺ​ភាគច្រើន លោក Mahatma Gandhi ។

សំនួរ កំណាត់​ជីវិត​ ក្នុង​របប​៣ឆ្នាំ​៨ខែ​គួរ​​ណាស់​​​តែ​​បន្សល់​​ការ​ចង​ចាំ​ពិសេស​ណាមួយ​រឺ​​ទស្សនវិជ្ជា​​ខ្លះ​សម្រាប់​ជីវិត​ជា​ឥស្សរជន​មួយ​រូប​​ ជា​ទុន​ថ្លឹងថ្លែង​ក្នុង​បច្ចុប្បន្នភាព តើ​នោះ​ជា​អ្វីខ្លះ?

ចម្លើយ៖ គឺ​ក្ដី​សង្ឃឹម​។ រយៈ​ពេលនោះ​បាន​បង្រៀន​ខ្ញុំ​ ឲ្យ​ដឹង​ថា ​​ក្ដី​សង្ឃឹម​អាច​ជួយ​មនុស្ស​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​លំបាក​បំផុត​។ នៅ​ក្បែរ​​ខ្ញុំ មាន​មនុស្ស​ជា​ច្រើន​បាន​បណ្ដោយ​ខ្លួន​​ឲ្យ​​ស្លាប់​តាម​ដំណើរ​ដោយសារ​ភាព​អស់​សង្ឃឹម។ ឈឺ​ក៏​លែង​មើល​លែង​រវល់​ចង់​រស់។ ខ្ញុំ​នឹក​សរសើរ​ស្ត្រី​ខ្មែរ នៅ​ក្នុង​របប នោះ​ស្ត្រី​​តស៊ូ​បាន​ប្រសើរ​ជាង​បុរស ស្វិត​ស្វាញ​ជាង។ ត្រូវ​ចាំ​ថា ​បើ​យើង​គ្មាន​សង្ឃឹម​អ្វី​ក៏​ចប់​ដែរ។ ខ្ញុំ​តែង​មាន​សង្ឃឹម ហើយ​ទម្លាប់​យក​អ្វីៗ ដែល​ល្អ​មក​គិត​ក្នុង​ពេល​ដែលខ្ញុំ​កំពុង​ពិបាក​បំផុត។

សំនួរ មាន​​បទពិសោធន៍​​ណាមួយ​ដែល​ឯកឧត្ដម​យល់ថា​ មាន​សារៈសំខាន់​និង​អាច​ចែករំលែក​ជា ប្រយោជន៍​ដល់​យុវវ័យបាន?

ចម្លើយ៖ នៅ​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​១៩៧៥​យុវវ័យ​ក្នុង​ប្រទេស​យើង​ត្រូវ​បាន​បែងចែក​ជា​ពីរ​និន្នាការ​​​យ៉ាង​ហោច​ណាស់។ មួយ​ផ្នែក​គាំទ្រ​រ​របបសាធារណរដ្ឋ មួយ​ផ្នែក​គាំទ្រ​ក្រុម​អ្នក​តស៊ូ​បដិវត្តន៍។​ ពួកគេ​ត្រូវបាន​ធ្វើ​ឲ្យ​​​ជាប់​ចិត្ត​ទៅ​នឹង​និន្នាការ​នយោបាយ​ក្រោម​ស្លាក​ស្នេហា​ជាតិ តស៊ូ​ដើម្បី​ប្រជាជន​ដូចគ្នា​​ ប៉ុន្តែ​មាន​យុវវ័យ​ភាគច្រើន​បាន​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​នៅ​ពេល​ក្រោយ​មក។ ខ្ញុំ​ចង់​ឲ្យ​​យុវវ័យ​ដែល​ចាប់អារម្មណ៍​នឹង​នយោបាយ សិក្សា​ឲ្យ​​បាន​ស៊ីជម្រៅ​ មុន​ពេល​សម្រេចចិត្តនិង​តាមដាន​ព័ត៌មាន​នានា​ឲ្យ​​បាន​ច្បាស់លាស់។

សំនួរ  ទោះបី​អ្នក​សារព័ត៌មាន​ជា​ទូទៅ​​ទទួលស្គាល់ថា ឯកឧត្ដម​​បាន​ផ្សារភ្ជាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​​​រវាង​​សេរីភាព​សារព័ត៌មាន​ និង​សង្គម​កម្ពុជា​ តែ​ជា​មួយ​តួនាទី​​ជា​​អ្នក​​នាំ​​ពាក្យ​​ដ៏​​មាន​​ឥទ្ធិពល​មក​ពី​គណបក្ស​កាន់​អំណាច តើ​ឯកឧត្ដម​មាន​មធ្យោបាយ​បែបណា ក្នុង​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង​នូវ​រាល់ពេល​រងការ​រិះគន់​ពី​អ្នក​ជំទាស់?

ចម្លើយ៖ ខ្ញុំ​តែងតែ​ចាំ​ពាក្យ​មួយ​ថា វា​ជា​រឿង​ឆ្កួត​បំផុត​​ដែល​យើង ចង់​ឲ្យ​​​គេ​គ្រប់គ្នា​ សុទ្ធតែ​ស្រលាញ់​​យើង​។ ការ​រិះគន់​គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ធ្វើការ​លើកលែង​តែ​អ្នក​មិន​ធ្វើ​ប៉ុណ្ណោះ។

សំនួរ ប្រសិន​បើ​មិនមែន​មាន​តួនាទី​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​​រាជរដ្ឋាភិបាល និង​មិនមែន​ជា​ឥស្សរជន នយោបាយ តើ​ការងារ​អ្វី​ដែល​​​ឯកឧត្ដម​ចង់​ធ្វើបំផុត?

ចម្លើយ៖ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​សរសេរ​សៀវភៅ ការ​បកប្រែ​សៀវភៅ​ល្អៗ​​​ក្តី ការ​តែង​និពន្ធ​​ក្តី ​សុទ្ធ​​តែ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ។

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: