នាយក​ធនាគារ​កម្ពុជា​សាធារណៈ​ប្រចាំ​កម្ពុជា​បង្ហាញ​សុទិដ្ឋិ​និយម​ក្នុង​ឱកាស​គម្រប់​ខួប​២០​ឆ្នាំ


120727_02

លោក Phan Ying Tong ជា​នាយក​ធនាគារ​កម្ពុជា​សាធារណៈ​ប្រចាំ​កម្ពុជា​ ​។
រូបថត ភ្នំពេញ​ប៉ុស្តិ៍

ក្នុង​ឱកាស​គម្រប់​ខួប​ឆ្នាំ​ទី២០​របស់​ធនាគារ​កម្ពុជា​សាធារណៈ នៅ​កម្ពុជា សាធារណជន​ទាំង​អស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូល​រួម​រីករាយ​នឹង អាហារ​សម្រន់​ក្នុង​ពិធី​លៀង​តែ​នៅ​គ្រប់​​សាខា​ទាំង​២៣​របស់​ធនាគារ​ ដោយ​សេរី​។

លោក​ Phan Ying Tong ​ដែល​ជា​នាយក​ធនាគារ​កម្ពុជា​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា៖ «យើង​នឹង​ដាក់​បញ្ចាំង​វីដេអូ​ឃ្លីប​អំពី​ធនាគារ​កម្ពុជា​សាធារណៈ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ការ​គាំទ្រ​របស់​អតិថិជន។ ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​បាន​ស្វាគមន៍​ក្នុង​ការ​ចូលរួម​នៅ​គ្រប់​សាខា​ទាំងអស់ »។

ធនាគារ​កម្ពុជា​សាធារណៈ ​ជា​បុត្រសម្ព័ន្ធ​ធនាគារ​សាធារណៈ​របស់​ម៉ាឡេស៊ី បាន​ឈ្នះ​រង្វាន់​ «STP» ពី Deutsche ទីក្រុង​ញូវយ៉ក ដែល​ជា​ធនាគារ​មួយ​ចំណោម​ធនាគារ​កំពូល​ទាំង ៥ ​បាន​ផ្តល់​សេវា​ទូទាត់​សាច់​ប្រាក់​ដុល្លារ​ផ្ទាល់​នៅ​អាមេរិក។ ការ​ផ្តល់​រង្វាន់​នេះ​គឺជា​ការ​ទទួល​ស្គាល់​ចំពោះ​ប្រសិទ្ធភាព ដំណើរ​ការ​ផ្ទាល់ និង​ប្រតិបតិ្តការ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​មាន​ភាគរយ​ខ្ពស់ ដោយ​គ្មាន​កំហុស។

លោក Phan បន្ដ​ថា៖ «​យើង​ជា​ធនាគារ​ទី១​នៅ​កម្ពុជា ដែល​ឈ្នះ​រង្វាន់​ឧត្តមភាព​នេះ​។ រីឯ​លក្ខណៈ​វិនិច្ឆ័យ​គឺ ៩៧​ភាគរយ​ ហើយ​យើង​អាច​ប្រតិបត្ដិការ​ត្រឹមត្រូវ​លើស​ពី​៩៧​ភាគរយ ​នៅ​ពេល​ដែល​ផ្ទេរ​ប្រាក់​ចេញ។ ពិន្ទុ​របស់​យើង​ឡើង​ជិត​ដល់ ៩៩​ភាគរយ​ដោយ​គ្មាន​កំហុស​។ ​នេះ​ជា​រង្វាន់​ចុង​ក្រោយ​បង្អស់​ដែល​ធនាគារ​កម្ពុជា​សាធារណៈ​ទទួល​បាន ។ គួរ​ឲ្យ​កត់​សម្គាល់ ធនាគារ​កម្ពុជា​សាធារណៈ​ បាន​គ្រង​ពាន​រង្វាន់​ជា​ធនាគារ​កំពូល​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​ផ្ដល់​ជូន​ដោយ​ធនាគារិក ទីក្រុង​ឡុងដ៍​៥​ឆ្នាំ​ជាប់​ៗ​គ្នាពី​ឆ្នាំ ២០០១ ដល់ ២០០៥ និង​ទទួល​បាន​ម្តង​ទៀត​នៅ​ឆ្នាំ ២០០៨ និង ២០០៩។

លោក Phan បាន​បន្ថែម​ថា៖ «យើង​មាន​បុគ្គលិក​ប្រកប​ដោយ​បទពិសោធ និង​មាន​សមត្ថភាព​ការងារ​ខ្ពស់​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ផ្ទេរ ប្រាក់​ទៅ​ក្រៅ​ប្រទេស​ពី​សាខា​ណា​មួយ​ទៅ​មជ្ឈមណ្ឌល​ទូរគមនាគមន៍ នៅ​ទីស្នាក់​ការ​កណ្តាល​ធនាគារ​កម្ពុជា​សាធារណៈ ដើម្បី​បញ្ជូន​បន្ដ​ភ្លាមៗ​ទៅ​ភ្នាក់​ងារ​បរទេស​ដោយ​ស្វ័យ​ប្រវត្ដិ​ នៅ​ថ្ងៃ​ដដែល។ សរុប​មក ដំណើរ​ការ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ រហ័ស​ទាន់​ចិត្ដ និង​មាន​កំហុស​តិច​តួច​បំផុត​»។

នាយក​ប្រចាំ​កម្ពុជា​រូប​នេះ បាន​បន្ថែម​ថា​៖ «​តាម​រយៈ​ប្រតិបត្ដិការ​នេះ​អតិថិជន​របស់​យើង​មាន​សុវត្ថិភាព និង​ត្រូវ​បាន​ផ្ទេរ​យ៉ាង​រហ័ស​ទាន់​ចិត្ដ។ ការ​ឈ្នះ​រង្វាន់​ទាំង​នេះ គឺជា​ភស្តុតាង​បញ្ជាក់​ពី​ជោគ​ជ័យ​នៃ​ប្រព័ន្ធ​ការងារ​ និង​កម្មវិធី ព្រម​ទាំង​បុគ្គលិក​សម្រាំង​របស់​​យើង​​ផង​ដែរ​»។

លោក Phan ដែល​បាន​កាន់​តំណែង​ដំបូង​បំផុត​ជា​នាយក​ប្រចាំ​កម្ពុជា​នៃ​ធនាគារ​កម្ពុជា​សាធារណៈ ឆ្នាំ ១៩៩២  បាន​បម្រើ​ជា​ប្រធាន​សមាគម​ធនាគារ​កម្ពុជា រយៈពេល​២​អាណតិ្ត ចាប់​តាំង​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១១ និង​ជា​បុគ្គល​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​សហគមន៍​ធនាគារ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក Phan មាន​មោទនភាព​ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​អាច​អភិវឌ្ឍ​ជីវិត​របស់ ពួក​គេ​ក្នុង​នាម​ជា​បុគ្គលិក​ធនាគារ​កម្ពុជា​សាធារណៈ​។

លោក Phan បាន​បន្ត​ថា​៖ «យើង​ផ្តល់​អាជីព មិន​មែន​ត្រឹម​តែ​ការងារ​ទេ។ ធនាគារ​ផ្ដល់​ឲ្យ​អ្នក​​ទាំង​ប្រាក់​បៀវត្សរ៍​ និង​បទពិសោធ​។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ទាមទារ​យក​បទពិសោធ​ពី​អ្នក​​បាន​ឡើយ​។ ម្យ៉ាង​ទៀត យើង​បាន​ផ្តល់​ការ​សម្រាក​លម្ហែ​កាយ​នៅ​ក្រៅ​ប្រទេស​សម្រាប់ បុគ្គលិក ដូចជា ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទីក្រុង​ហុងកុង សេអ៊ូល បាងកក ប្រទេស​ចិន និង​សិង្ហបុរី។ កាល​ពី​ឆ្នាំ ២០០៩ បុគ្គលិក ៣៣៨​នាក់​នៅ​គ្រប់​ជាន់​ថ្នាក់​បាន​ទៅ​ឈប់​សម្រាក​លម្ហែ នៅ​ទីក្រុង​ប៉េកាំង ​ដោយ​​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ពេញលេញ ហើយ​ឆ្នាំ​នេះ នឹង​ទៅ​ទីក្រុង​ស៊ាងហៃ»។

លោក Phan បាន​បន្ថែម​ថា យុវជន​ខិតខំ​ធ្វើ​ការ​​ នឹង​ក្លាយ​ជា​សសរ​ស្ដម្ភ​របស់​ជាតិ​។​ យុវជន​កម្ពុជា ជា​ធនធាន​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

បុគ្គលិក​វ័យ​ក្មេង​របស់​យើង​ជា​ច្រើន បាន​និង​កំពុង​តែ​សិក្សា​នៅ​ពេល​ល្ងាច​ បន្ទាប់​ពី​បញ្ចប់​ម៉ោង​ធ្វើ​ការ​នៅ​ធនាគារ។ ក្នុង​ឱកាស​ណា​មួយ​​មក​ដល់ យុវជន​កម្ពុជា​អាច​វ៉ា​ផុត​ប្រទេស​ជិត​ខាង​ដទៃ​ទាំង​ស្រុង​ ប្រសិន​បើ​ពួក​គេ​បន្ត​វប្បធម៌​ចង់​រៀន​ចង់​សូត្រ​នេះ»។

លោក Phan បាន​បង្ហើប​ថា មូលហេតុ​ដែល​ធនាគារ​កម្ពុជា​សាធារណៈ ទទួល​បាន​ប្រាក់​​ចំណេញ​រាល់​ឆ្នាំ តាំង​ពី​ពេល​ចាប់​ផ្តើម​នៅ​កម្ពុជា ​ក្រៅ​ពី​កត្តា​ផ្ទៃ​ក្នុង​នោះ គឺ​កំណើន GDP ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់។

លោក បាន​បន្ដ​ថា​៖ «​ប្រសិន​បើ​អ្នក​មើល​សេដ្ឋកិច្ច​កម្ពុជា វា​មាន​កំណើន​ GDP ​ខ្ពស់​ក្នុង​រយៈ​ពេល​១០​ទៅ​១២​ឆ្នាំ​នេះ ហើយ​បើ​អ្នក​ប្រៀប​ធៀប​នឹង​២០​ឆ្នាំ​មុន ១០​ឆ្នាំមុន និង​ឥឡូវ​នេះ អ្នក​​អាច​មើល​ឃើញ​ចំណុច​ខុស​គ្នា​ជាច្រើន​។ ខ្ញុំ​មាន​មោទនភាព​ក្នុង​នាម​ជា​បុគ្គល​ម្នាក់​មក​ពី​ប្រទេស ម៉ាឡេស៊ី អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ពិត​ជា​រីក​ចម្រើន​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា។ ធនាគារ​កម្ពុជា​សាធារណៈ​ ជា​ធនាគារ​របស់​ប្រជាជន»។

នៅ​ពេល​លោក​មក​ដល់​ទីនេះ ​ក្នុង​ឆ្នាំ ២០០២ ដែល​មាន​រយៈ​ពេល ១០​ឆ្នាំ​បន្ទាប់​ពី​ធនាគារ​ចាប់​ផ្តើម​ដំណើរ​ការ សកម្មភាព​សេដ្ឋកិច្ច​មាន​កម្រិត​ទាប​ជាង​សព្វ​ថ្ងៃ​នេះ។

លោក Phan Ying Tong បាន​កោត​សរសើរ​លោក Tan Sri Dato’ Sri Dr.Teh Hong Piow ជា​ស្ថាបនិក និង​ជា​អគ្គនាយក​របស់​ធនាគារ​កម្ពុជា​សាធារណៈ​ដែល​លោក​មាន ចក្ខុវិស័យ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ ១៩៩២។

លោក បាន​បញ្ជាក់​ថា​៖ «​ធនាគារ​កម្ពុជា​សាធារណៈ​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​របស់​ធនាគារ​សាធារណៈ​នៅ​ម៉ាឡេស៊ី ដែល​ចាប់​ផ្តើម​ពី​ឆ្នាំ ១៩៨៥ ហើយ​មាន​ឯកត្តកម្ម​ចំណេញ​ប្រាក់​រយៈ​ពេល ៤៦​ឆ្នាំ​។ លោក Tan Sri Teh ជា​ស្ថាបនិក​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ម៉ាឡេស៊ី​ ដោយ​សារ​តែ​លោក​មាន​ចក្ខុវិស័យ​ល្អ​ចំពោះ​មុខ​ជំនួញ»។

លោក Phan បាន​ធ្វើ​ការ​ឲ្យ​ធនាគារ​សាធារណៈ តាំង​ពី​ឆ្នាំ ១៩៨១ មក​ ដោយ​លោក​បាន​លើក​ឡើង​ថា​៖ «ដរាប​ណា​អ្នក​បំពេញ​ការ​ងារ​បាន​ល្អ ប្រធាន​របស់​យើង​នឹង​ផ្តល់​ឱកាស​ដល់​អ្នក។ លោក​ Tan Sri Teh  តែង​តែ​ប្រាប់​ថា នៅ​ពេល​ដែល​ធនាគារ​ថ្កុំ​ថ្កើន យើង​ក៏​ថ្កុំថ្កើន​ផង​​ដែរ​។ ​ដោយ​សារ​តែ​ទឹក​ចិត្ត​ទូលាយ​របស់​លោក ​ចំនួន​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើ​លទ្ធផល​ការងារ ៥ ខែ ក្នុង​ឆ្នាំ ២០១១ គឺ ៦ ដង​ច្រើន​ជាង​ឆ្នាំ ២០១០។ បច្ចុប្បន្ន​នេះ បុត្រ​សម្ព័ន្ធ​ធនាគារ​កម្ពុជា​សាធារណៈ​ បាន​ពង្រីក​សាខា​របស់​ខ្លួន​ជា​ច្រើន​ប្រទេស​ ដូចជា​កម្ពុជា ឡាវ ចិន វៀតណាម ស្រីលង្កា និង​ទីក្រុង​ហុងកុង។

ធនាគារ​សាធារណៈ​មិន​ត្រឹម​តែ​ជា​ធនាគារ​ទ្រព្យ​សកម្ម​ធំ​ទី​៣​នៅ ម៉ាឡេស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ក្រុមហ៊ុន​ធំ​បំផុត​ដែល​មិន​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្នុង ​លក្ខខណ្ឌ​ទុន​ដែល​មាន​​ប្រតិបត្ដិការ​លើ​ទីផ្សារ​ក្នុង​ផ្សារ​មូល បត្រ​ម៉ាឡេស៊ី​។

លោក Phan  បាន​លើក​ឡើង​ថា៖ «ក្នុង​ឆ្នាំ ២០០៧ លោក Tan Sri Teh  បាន​ទទួល​រង្វាន់ (Recognition Award) ពី​ធនាគារ​ជាតិ​កម្ពុជា ជា​ការ​កោត​សរ​សើរ​ដល់​សមិទ្ធផល​អស្ចារ្យ និង​ការ​ចូល​រួម​ចំណែក​របស់​លោក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ កម្ពុជា។ ​លោក Tan Sri Teh បន្ត​ទទួល​រង្វាន់​ឧត្តម​ភាព​ដោយ​សារ​តែ​ការ​ដឹក​នាំ និង​សមិទ្ធផល​ល្អ​ៗ​ក្នុង​វិស័យ​ធនាគារ​នៅ​ម៉ាឡេស៊ី និង​ក្នុង​តំបន់»។

លោក Phan បាន​បន្ដ​ថា​៖ «​គាត់​ជា​មនុស្ស​គួរ​ឲ្យ​កោត​សរសើរ​ ដែល​ហ៊ាន​មក​វិនិយោគ​នៅ​កម្ពុជា បន្ទាប់​ពី​ភ្លើង​សង្គ្រាម​ស៊ីវិល​ទើប​បាន​រលត់​។ វត្តមាន​របស់​ធនាគារ​កម្ពុជា​សាធារណៈ សព្វ​ថ្ងៃ​នេះ ជា​ភស្តុតាង​នៃ​ចក្ខុ​វិស័យ​របស់​គាត់​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម ធនាគារ​នៅ​ក្នុង​តំបន់»។

លោក Phan បាន​អះអាង​ថា ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​កម្ពុជា​បាន​វិវត្ដ​ប្រសើរ ឡើង តាំង​ពី​បាន​អនុវត្ត​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភពលោក ក្នុង​ការ​បង្កើត​ប័ណ្ណកម្ម​សិទ្ធិ្ធ​ដីធ្លី។

លោក បន្ដ​ថា​៖ ​«លក្ខខណ្ឌ​នានា​កាន់​តែ​ល្អ​ប្រសើរ​ចាប់​តាំង​ពី​ពួក​គេ​អនុវត្ត​ កម្មវិធី​ចុះ​បញ្ជី​ដី​ធ្លី​​ជា​ថ្មី​។ វា​គឺជា​ធាតុ​ផ្សំ​សំខាន់​ដើម្បី​ការពារ​សិទិ្ធ​ស្រប​ច្បាប់​លើ​អចលនទ្រព្យ​»។

លោក Phan ថ្លែងថា លោក​បាន​ឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​របស់​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដែល​បាន​ចេញ​ប័ណ្ណ​កម្មសិទិ្ធ​ជា​ថ្មី។​

លោក បន្ដ​ថា៖ «​អចលនទ្រព្យ​ប្រហែល ៩០​ភាគរយ នៅ​ភ្នំពេញ​ត្រូវ​បាន​ចេញ​ប័ណ្ណ​កម្មសិទិ្ធ​រួចរាល់​ហើយ​រហូត​មក​ដល់ ពេល​នេះ»។

លោក Phan ចង់​ឃើញ​ការ​គាំទ្រ និង​ទំនាក់​ទំនង​ការ​ងារ​កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយ ស្ថាប័ន​ដទៃ ដូចជា ប្រព័ន្ធ​តុលាការ ដើម្បី​អភិវឌ្ឍ​បន្ថែម​នូវ​វិស័យ​ធនាគារ។

ធនាគារ​កម្ពុជា​សាធារណៈ បាន​ផ្លាស់​ទៅ​អគារ​ទីស្នាក់​ការ​ថ្មី​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០០៩។ វា​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​គឺ​ក្រុម​ហ៊ុន Campu Securities ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ និង​លក់​មូលបត្រ រីឯ​ក្រុមហ៊ុន Campu Lonpac Insurance ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ទូទៅ។​

លោក Phan បាន​ឲ្យ​ដឹង​ថា ​លោក​រីក​រាយ​ចំពោះ​ការ​បើក​ផ្សារ​​មូល​បត្រ​កម្ពុជា​ ហើយ​​វា​បាន​​ផ្តល់​ជម្រើស​បន្ថែម​សម្រាប់​ប្រជាជន​ក្នុង​ការ​បង្កើន​ ទុន។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​ការ​ជម្រើស​ជាច្រើន​សម្រាប់​ពាណិជ្ជករ​ដើម្បី​បង្កើត ទុន​។ ផ្សារ​មូលបត្រ​ជា​ផ្លូវ​មួយ​ក្នុង​ការ​បង្កើន​ទុន។ ប្រសិន​បើ​អ្នក​ស្វះ​ស្វែង​រក​មូលនិធិ​ពី​បរទេស ​​អ្នក​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ជា​ច្រើន​ដើម្បី​បាន​ប្រាក់​កម្ចី »។

លោក Phan បន្ត​ថា៖ ​«ផ្សារ​ភាគ​ហ៊ុន​ត្រូវ​ការ​ក្រុមហ៊ុន​ចុះ​បញ្ជី​បន្ថែម​។ រដ្ឋាភិបាល​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ចុះ​បញ្ជី​រួច​ហើយ​ ហើយ​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ខ្លះ​បាន​ដាក់​ពាក្យ​ទៅ ​កាន់ SECC ដូច្នេះ ខ្ញុំ​ច្បាស់​ថា​នឹង​មាន​ការ​ប្រកាស​ពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​​ដំបូង​ ថ្មី​ៗ​ថែម​ទៀត។ ចំពោះ​អ្នក​វិនិយោគ​ដែល​ស្វែង​រក​ផល​ចំណេញ​រយៈ​ពេល​វែង ផ្សារ​មូលបត្រ​កម្ពុជា​ជា​កន្លែង​ដែល​សមស្រប​មួយ»។

លោក Phan ​ បាន​គូស​បញ្ជាក់​ថា៖ «​យើង​នៅ​ទីនេះ ២០ ឆ្នាំ​ហើយ ឥឡូវ​យើង​មាន​អគារ​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​សម្រាប់ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ព្រម​ទាំង​សាខា​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

យើង​បន្ត​ធ្វើ​ជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​ចូល​រួម​ចំណែក​ផ្ដល់​កំណើន​សេដ្ឋកិច្ច​ និង​ផ្ដល់​សេវាកម្ម​ជាច្រើន​ថែម​ទៀត​»៕

បានចុះផ្សាយក្នុង ពត៌មានទូទៅ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: