ជំនួញ​នៅ​កម្ពុជា​ធ្វើ​តាម​តែ​គ្នា​


អ្នកជំនួញនៅក្នុងប្រទេសកម្ពុជាមួយចំនួន បោះទុនវិនិយោគលើអាជីវកម្មដូចៗគ្នា។

អ្នកជំនួញនៅក្នុងប្រទេសកម្ពុជាមួយចំនួន
បោះទុនវិនិយោគលើអាជីវកម្មដូចៗគ្នា។

ទាញយក download

ចុចទាញយកសំលេងស្តាប់

បន្ទាប់ពីប្រកាន់យករបបទីផ្សារផែនការអស់រយៈពេលជាច្រើនឆ្នាំរួចមក ប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីចាប់តាំងពីដើមឆ្នាំ៩០រហូតមកដល់ពេលនេះតែម្តង។
ការសម្រេចចិត្តបើកចំហទីផ្សារនេះបានចាប់បង្ខំអោយអ្នកជំនួញក្នុងប្រទេសមិនត្រឹមតែប្រកួតប្រជែងជាមួយអ្នកជំនួញក្នុងប្រទេសដូចគ្នាប៉ុណ្ណោះទេប៉ុន្តែពួកគេត្រូវបង្ខំចិត្តប្រកួតប្រជែងជាមួយអ្នកជំនួញមកពីក្រៅប្រទេសទៀតផង។

រឿងប្រកួតប្រជែងវាជារឿងមួយប៉ុន្តែអ្វីដែលជាការកត់សម្គាល់នៅក្នុងពិភពជំនួញរបស់ខ្មែរគឺថាពាណិជ្ជករមួយចំនួនធំតែងតែរកស៊ីតាមគ្នា។ ឧទាហរណ៍ជាក់ស្តែង កាលពី១០ឆ្នាំមុន អាជីវករមួយចំនួនតូចបានបោះទុនបើកហាងលក់ទូរស័ព្ទដៃ។ ប៉ុន្តែបន្តិចក្រោយមក ហាងទូរស័ព្ទតូចធំត្រូវបានគេបើកស្ទើរតែពេញទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តនានា។

អស់ពីមុខរបរលក់ទូរស័ព្ទ អ្នកជំនួញខ្មែរបានបែរទៅរកជំនួញថ្មីមួយទៀតគឺមុខរបរទិញលក់ដីធ្លី។ កាលពី៥ឆ្នាំមុន មនុស្សស្ទើរគ្រប់គ្នាជាអ្នកជំនួញដីធ្លីប៉ុន្តែជាអកុសលវិស័យអចលនទ្រព្យក៏បានដួលបះជើងទៅវិញរីឯអ្នករកស៊ីក្នុងវិស័យនេះមួយចំនួនក៏ដួលរលំផងដែរ។

ក្រោយពីវិស័យដីធ្លីដួលរលំទៅ អ្នកជំនួញចាប់ផ្តើមបែរទិសដៅរបស់ខ្លួនមកបើកហាងម្ហូបអាហារវិញម្តង។ អ្នកខ្លះបើកហាងម្ហូបអាហារដោយបំពាក់ប្រព័ន្ធអ៊ីនធឺណិតអ្នកខ្លះទៀតបើកហាងសាមញ្ញធម្មតា។
នៅពេលដែលហាងម្ហូបអាហារទំនងជាចាល់បន្តិចនោះ គេសង្កេតឃើញអ្នកជំនួញនាំគ្នាបើកហាងលាងរថយន្តនិងផ្សារទំនើបតូចធំយ៉ាងច្រើននាពេលបច្ចុប្បន្ន។ ហើយនៅចុងក្រោយបំផុតនេះ អ្នកជំនួញនាំគ្នាបើកស្ថានីយលក់ប្រេងសាំង។

អ្នកជំនាញផ្នែកសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបាននិយាយថា ចរន្តធ្វើអាជីវកម្មតាមគ្នានេះមិនមែនមានតែក្នុងវិស័យពាណិជ្ជកម្មឬសេវាកម្មនោះទេតាមពិតក្នុងវិស័យកសិកម្មអ្នកជំនួញក៏ធ្វើតាមគ្នាដែរ។ កាលពីពេលមុនអ្នកជំនួញឬកសិករនាំគ្នាដាំកាហ្វេប៉ុន្តែក្រោយមកពួកគេនាំគ្នាដាំដើមស្វាយចន្ទីដោយកាប់ដើមកាហ្វេចោលហើយនៅចុងក្រោយនេះពួកគេនាំគ្នាដាំដើមកៅស៊ូវិញ។ ការបោះទុនវិនិយោគដូចគ្នាលើសកម្មភាពតែមួយត្រូវបានគេអត្ថាធិប្បាយថា ដោយសារអ្នកជំនួញខ្មែរមួយចំនួននៅខ្វះគំនិតបង្កើតថ្មីនិងគំនិតឆ្នៃប្រឌិត។ គ្មានច្បាប់ពាណិជ្ជកម្មណាមួយហាមឃាត់ការរកស៊ីមុខរបរដូចគ្នានោះទេប៉ុន្តែទង្វើនេះជួនកាល ផ្តល់ផលល្អជួនកាលផ្តល់ផលអាក្រក់។

តើអ្វីទៅជាចំនុចវិជ្ជមាននិងអ្វីទៅចំណុចអវិជ្ជមាន?

ចំណុចវិជ្ជមានគឺនៅត្រង់ថា នៅពេលដែលការផ្គត់ផ្គង់មានចំនួនកាន់តែច្រើនពេលនោះតម្លៃវាថយចុះបន្តិចហើយអ្នកទទួលបានផលប្រយោជន៍គឺអតិថិជន។ ឧទាហរណ៍ថា ប្រសិនបើហាងលក់ទូរស័ព្ទមានចំនួនតិចតួចពេលនោះ អ្នកលក់អាចរក្សាតម្លៃខ្ពស់បានប៉ុន្តែនៅពេលដែលអ្នកលក់មានចំនួនច្រើន ពេលនោះពួកគេមិនអាចក្រឡុកហាងឆេងបានឡើយ។ ដូចគ្នាអ៊ីចឹងដែរសម្រាប់មុខរបរផ្សេងៗទៀត។

ជាការពិតចំណុចវិជ្ជមានអាចកើតមានមែនសម្រាប់អតិថិជន។ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានក៏កើតមានឡើងដែរចំពោះអ្នកជំនួញ។ លទ្ធផលនាពេលកន្លងមកបានបង្ហាញខ្លះៗហើយថា នៅពេលដែលអ្នកជំនួញនាំគ្នារកស៊ីមុខរបរដូចគ្នាច្រើនពេកពេលនោះអ្នកជំនួញខ្លះត្រូវតែបង្ខំចិត្តបិទទ្វារទៅវិញដោយសារតែកង្វះចំនួនអតិថិជន។ ការបិទទ្វារហាងទៅវិញវាអាចជះឥទ្ធិពលអាក្រក់ជំរុញអោយតម្លៃអាចកើនឡើងវិញក៏មានដែរ។

ដូច្នេះ ដើម្បីអោយអាជីវករនិងអតិថិជនអាចទទួលបានផលដូចគ្នាដោយមិនមានហានិភ័យខ្ពស់នោះ។ ការងារពីរយ៉ាងចាំបាច់ត្រូវតែធ្វើឡើង។ ទីមួយ៖គេគួរតែកំណត់ចំងាយទីតាំងហាងដែលមានខ្នាតធំៗអោយនៅឆ្ងាយពីគ្នាបន្តិចពោលគឺចៀសវាងហាងដែលមានមុខរបរដូចគ្នាពី៤ទៅ៥ស្ថិតនៅក្នុងផ្លូវតែមួយកៀកគ្នាឬទល់មុខគ្នា។ ទីពីរ៖មុននឹងចាប់ផ្ដើមមុខរបរអ្វីមួយៗអ្នកជំនួញគួរតែសួរខ្លួនឯងថា តើទីផ្សារក្នុងមុខរបរនេះវាចាល់ហើយឬនៅ? ដើម្បីអាចដឹងបញ្ហានេះបានការសិក្សាទីផ្សារត្រូវតែធ្វើឡើង៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: