នីតិវិធី​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ


ប័ណ្ណកម្មសិទ្ធិដី
ប័ណ្ណកម្មសិទ្ធិដី
 
 

ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឲ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗតាមការកំណត់របស់រដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ កាលពីសប្តាហ៍មុន លោក-អ្នកបានជ្រាបរួចមកហើយអំពីនីតិវិធី នៃការចុះបញ្ជីដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើកយកនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មកជូនលោក-អ្នកស្តាប់។

ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ រាល់ប័ណ្ណកម្មសិទ្ធិលើដីធ្លី នៅទូទាំងប្រទេសត្រូវបាត់បង់ទាំងអស់។ ច្បាប់បានកំណត់លុបចោលរាល់របបកម្មសិទ្ធិទាំងអស់ ដែលមានមុនឆ្នាំ១៩៧៩។ ដើម្បីរៀបចំកសាងបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស ឡើងវិញ ច្បាប់បានកំណត់បង្កើតនីតិវិធីពិសេសមួយ គឺ “ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ”។ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយ ដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ត្រូវចែកចេញជា ៥ដំណាក់កាលសំខាន់ៗ៖ ដំណាក់កាលទី១៖ ត្រៀមរៀបចំ នៅ ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងត្រូវធ្វើការប្រកាសកំណត់តំបន់វិនិច្ឆ័យថា តើត្រូវធ្វើការចុះបញ្ជីដីធ្លី នៅក្នុងឃុំណាមួយ។ នៅក្នុង ដំណាក់កាលនេះ អាជ្ញាធរត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ ឲ្យបានជ្រាបអំពីការចុះបញ្ជីដីធ្លីនេះ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមក្នុងដំណើរការនេះ។ គណៈកម្មការ មួយត្រូវបង្កើតឡើង ដើម្បីជួយដល់ដំណើរការនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ គណៈកម្មការនេះមានសមាសភាពដូចតទៅ៖ -អភិបាលខេត្ត-ក្រុង ជាប្រធាន -អភិបាលស្រុក-ខ័ណ្ឌ ជាសមាជិក -ប្រធានក្រុមបច្ចេកទេសវាស់វែង ជាសមាជិក -មេឃុំ-ចៅសង្កាត់ ឬតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសមាជិក -គ្រប់មេភូមិទាំងអស់ នៅក្នុងឃុំ-សង្កាត់ ជាសមាជិក -ចាស់ព្រឹទ្ធាចារ្យ ២រូប ដែលស្គាល់ប្រវត្តិដី នៅក្នុងឃុំ ជាសមាជិក ដំណាក់កាលទី២៖ វាស់វែង និងកសាងប្លង់សុរិយោដី ម្ចាស់ដី គឺជាអ្នកកំណត់ព្រំ ជាមួយអ្នកជិតខាង។ ចំណែក មន្រ្តីបច្ចេកទេស គ្រាន់តែជាអ្នកចុះទៅវាស់វែង ទៅតាមព្រំ ដែលចង្អុលបង្ហាញ ដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងដំណាក់កាលនេះ ការចូលរួមចំណែកពីម្ចាស់ដី មានសារៈសំខាន់ណាស់។ ម្ចាស់ដី ក៏ត្រូវត្រៀមនូវឯកសារចាំបាច់មួយចំនួនផងដែរ។ ឯកសារទាំងនេះ រួមមាន សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, បណ្តាំមរតក, សាលក្រមតុលាការ, លិខិតទិញ-លក់ ។ល។ ដំណាក់កាលទី៣៖ ផ្សព្វផ្សាយ អាជ្ញាធរ ត្រូវធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យប្រជាពលរដ្ឋពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែ ប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។ គួរបញ្ជាក់ថា នៅក្នុងដំណើរការចុះបញ្ជីនេះ ប្រសិនបើកើតមានវិវាទណាមួយ ដូចជា វិវាទរឿងព្រំដីជាដើម ភាគីជម្លោះអាចសុំឲ្យគណៈកម្មការរដ្ឋបាលជួយដោះស្រាយ និងសម្រុះសម្រួលឲ្យ ដោយមិនចាំបាច់ប្តឹងផ្តល់គ្នា ទៅដល់តុលាការនោះទេ។ ដំណាក់កាលទី៤៖ វិនិច្ឆ័យ និងសម្រេច ដំណាក់ កាលនេះ គឺមានពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ផុតរយៈពេល ៣០ថ្ងៃ ដែលបើកឲ្យមានការតវ៉ា មន្រ្តីមានសមត្ថកិច្ច ត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយណា ដែលមិនជាប់មានទំនាស់ ហើយមិនមែនចូលជាដីរបស់រដ្ឋ នឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី ហើយប្រធានមន្ទីរភូមិបាលខេត្ត-ក្រុង នឹងចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។ ដំណាក់កាលទី៥៖ ការចែកប័ណ្ណ គឺ ជាដំណាក់កាលចុងក្រោយ។ ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណហើយ ប័ណ្ណទាំងនេះនឹងត្រូវចែកជូនដល់ម្ចាស់ដីវិញ។ ម្ចាស់ដីត្រូវទៅទទួលប័ណ្ណ ដោយផ្ទាល់ដៃ ហើយប័ណ្ណនេះ គឺជាប័ណ្ណកម្មសិទ្ថិស្ថាពរ។ គិតរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ទើបតែធ្វើបានប្រមាណជាង ២០% តែប៉ុណ្ណោះ។ គួរបញ្ជាក់ ថា បើទោះជាការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅមិនទាន់បានចប់សព្វគ្រប់ នៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែ ការចុះបញ្ជីដាច់ដោយដុំ ទៅតាមការស្នើសុំរបស់ម្ចាស់ដី នៅតែអាចធ្វើទៅបាន ក្នុងពេលទន្ទឹមគ្នានេះ៕
បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: