សំណួរ-ចម្លើយ ជុំវិញ​ការ​បង់ពន្ធ​លើ​ប្រាក់​បៀវត្ស


ចុចទាញយកសំលេងស្តាប់

នៅកម្ពុជា ពន្ធលើប្រាក់បៀវត្សមានចែងនៅក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុ ឆ្នាំ១៩៩៥ និងក្នុងច្បាប់ ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយជុំវិញពន្ធលើប្រាក់បៀវត្ស។

សំណួរទី១-តើពន្ធលើប្រាក់បៀវត្សគឺជាអ្វី?

យោងតាមមាត្រា ៤១ នៃច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧ “ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។
 
និយោជក គឺជាអ្នកមានកាតព្វកិច្ចកាត់ពន្ធពីនយោជិត នៅពេលបើកប្រាក់បៀវត្សប្រចាំខែ។ បន្ទាប់មក និយោជកត្រូវយកពន្ធនេះទៅបង់នៅសាខាពន្ធដារខេត្ត ឬខណ្ឌ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់។ នេះមានន័យថា ពន្ធដែលកាត់ពីនិយោជិត នៅខែកុម្ភៈ ត្រូវយកទៅបង់ឲ្យរដ្ឋបាលសារពើពន្ធ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមីនា។
 
សំណួរទី២-តើអ្នកណាខ្លះដែលត្រូវជាប់បន្ទុកបង់ពន្ធលើប្រាក់បៀវត្ស?

លើកលែងតែក្នុងករណីពិសេស ដែលកំណត់ដោយច្បាប់ គ្រប់រូបវន្តបុគ្គលទាំងអស់ ដែលទទួលប្រាក់បៀវត្ស (ឬតាមភាសាសាមញ្ញថា ប្រាក់ខែ) ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស។ ក្នុងនេះ គឺត្រូវរាប់បញ្ចូល៖

  • បុគ្គលិក អ្នកទទួលខុសត្រូវ និងអភិបាលរបស់ក្រុមហ៊ុនឯកជន ឬរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ
  • មន្រ្តីរាជការ
  • មន្រ្តីជ្រើសតាំងដោយការបោះឆ្នោត (លើកលែងតែសមាជិកសភា និងសមាជិកព្រឹទ្ធសភា)

មាត្រា ៤១ នៃច្បាប់ស្តីពីសារពើពន្ធ ចែងថា៖
“រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តបុគ្គលអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្សប្រភពកម្ពុជា”។

“និវាសនជន” គឺសំដៅលើអ្នកជាប់ពន្ធ ដែល

  • មានទីលំនៅនៅក្នុងប្រទេសកម្ពុជា
  • មានកន្លែងស្នាក់នៅជាគោលដើម នៅក្នុងប្រទេសកម្ពុជា
  • ឬមានវត្តមាននៅក្នុងប្រទេសកម្ពុជា លើសពី១៨២ថ្ងៃ (កន្លះឆ្នាំ) ក្នុងរយៈពេល ១២ខែ ដែលបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត

“អនិវាសនជន” គឺសំដៅលើអ្នកដែលមិនមែនជានិវាសនជន។
 
“ប្រាក់បៀវត្សប្រភពកម្ពុជា” គឺសំដៅលើប្រាក់បៀវត្ស ដែលទទួលបានក្នុងក្របខ័ណ្ឌនៃសកម្មភាពការងារ នៅក្នុងប្រទេសកម្ពុជា។

សំណួរទី៤-តើអ្វីខ្លះដែលត្រូវគិតបញ្ចូលជាប្រាក់បៀវត្សជាប់ពន្ធ?

ត្រូវរាប់បញ្ចូលជាប្រាក់បៀវត្សជាប់ពន្ធ គឺរួមមានទាំង ប្រាក់ខែ ប្រាក់បំណាច់ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត (ដូចជាការឲ្យម៉ូតូ ឬឡានទៅបុគ្គលិកប្រើប្រាស់ ការផ្តល់ធានារ៉ាប់រងសុខភាព ការផ្តល់ជំនួយសម្រាប់ការសិក្សារបស់កូន ជាដើម)។

លុយបុរេប្រទាន ឬលុយដែលនិយោជកឲ្យទៅនិយោជិតខ្ចី ក៏ត្រូវរាប់បញ្ចូលក្នុងប្រាក់បៀវត្សជាប់ពន្ធដែរ។ លុយនេះត្រូវបូកបន្ថែមលើប្រាក់បៀវត្ស នៅក្នុងខែដែលឲ្យខ្ចី ហើយកាត់បន្ថយពីប្រាក់បៀវត្ស ក្នុងខែដែលនិយោជិតបង់សងទៅនិយោជកវិញ។

មិនត្រូវរាប់បញ្ចូលក្នុងប្រាក់បៀវត្សជាប់ពន្ធ៖

  • ប្រាក់កាត់ទុកដែលជាកាតព្វកិច្ចតាមច្បាប់ការងារ ដើម្បីបង្កើតបេឡាសោធន និងធានាសុខុមាលភាពសង្គម។
  • ប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានកំណត់ដោយច្បាប់ការងារ
  • ប្រាក់បន្ថែមខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់ការងារ
  • ប្រាក់បំណាច់សម្រាប់ចំណាយបេសកកម្ម និងការធ្វើដំណើរ។

ក្នុងករណីចំណាយខាងវិជ្ជាជីវៈ ដែលបុគ្គលិកជាអ្នកចាយ ដោយយកលុយចេញពីហោប៉ៅខ្លួនឯង នៅពេលដែលនិយោជកសងមកវិញ លុយសំណងនេះមិនត្រូវគិតបញ្ចូលទៅក្នុងប្រាក់បៀវត្សជាប់ពន្ធទេ។ ប៉ុន្តែ ចំណាយនេះត្រូវគោរពទៅតាមលក្ខខណ្ឌមួយចំនួន៖

  • ចំណាយនេះត្រូវធ្វើឡើងក្នុងផលប្រយោជន៍ផ្ទាល់របស់សហគ្រាស
  • មិនចាយក្នុងលក្ខណៈហួសប្រមាណ
  • ត្រូវមានវិក្កយបត្រជាភស្តុតាង

សំណួរទី៥-តើពន្ធលើប្រាក់បៀវត្សត្រូវគណនាដូចម្តេច?

ពន្ធលើប្រាក់បៀវត្សត្រូវគណនាខុសគ្នារវាងនិវាសនជន និងអនិវាសនជន។

១-អ្នកជាប់ពន្ធជានិវាសនជន
 
ទីមួយ គេត្រូវគិតសរុបប្រាក់បៀវត្សដែលជាប់ពន្ធទាំងអស់ ដូចដែលបានរៀបរាប់ខាងលើ ដោយយកទាំងបៀវត្សទទួលពីប្រភពនៅកម្ពុជា និងពីប្រភពបរទេស មកធ្វើជាមូលដ្ឋានគិតពន្ធ។

បន្ទាប់មក អ្នកជាប់ពន្ធទាំងឡាយណា ដែលមានកូនក្នុងបន្ទុក អាចកាត់បន្ថយមូលដ្ឋានគិតពន្ធខាងលើបាន ៧ម៉ឺន ៥ពាន់រៀល ក្នុងកូនម្នាក់ៗ ក្នុងមួយខែ ។ ប្រសិនបើអ្នកជាប់ពន្ធមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) ដែលជាមេផ្ទះ (អត់ធ្វើការ) ក៏អាចកាត់បន្ថយមូលដ្ឋានគិតពន្ធដូចកូនក្នុងបន្ទុកដែរ គឺ ៧ម៉ឺន ៥ពាន់រៀល។

ក្រោយពីកាត់កងគ្នារួចរាល់អស់ហើយ នៅសល់ប៉ុន្មាន ទើបគេយកទៅគណនាពន្ធ ទៅតាមអត្រាពន្ធ ដែលច្បាប់កំណត់ទៅតាមថ្នាក់៖

ភាគនៃបៀវត្សប្រចាំខែដែលត្រូវជាប់ពន្ធ អត្រាពន្ធ
តិចជាង ៥០០ ០០០៛ ០%
ពី ៥០០ ០០១៛ ដល់ ១ ២៥០ ០០០៛ ៥%
ពី ១ ២៥០ ០០១៛ ដល់ ៨ ៥០០ ០០០៛ ១០%
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛ ១៥%
លើសពី ១២ ៥០០ ០០០៛ ២០%

គួរបញ្ជាក់ថា ចំពោះពន្ធដែលមានអត្រាកំណើនតាមថ្នាក់ ការគណនាពន្ធក៏ត្រូវទៅតាមថ្នាក់ដែរ។ នេះមានន័យថា អ្នកដែលមានប្រាក់ខែលើសពី ១២លាន ៥សែនរៀល (អត្រាពន្ធ ២០%) មិនមែនត្រូវយកប្រាក់ខែទាំងអស់ ទៅគុណនឹង ២០% ទេ។ ដើម្បីគណនាពន្ធ គេត្រូវយកមូលដ្ឋានគិតពន្ធទៅអង្កន់ជាភាគ ទៅតាមអត្រានីមួយៗ។ បន្ទាប់មក គណនាពន្ធមួយថ្នាក់ម្តងៗ រួចហើយ យកពន្ធដែលគណនាឃើញតាមថ្នាក់នីមួយៗមកបូកបញ្ចូលគ្នា ទើបចេញជាពន្ធដែលត្រូវបង់។

ឧទាហរណ៍៖ លោកសំណាងមានប្រាក់បៀវត្សជាប់ពន្ធសរុបទាំងអស់ ១លានរៀល ក្នុងមួយខែ (ប្រហែលជា ២៥០ដុល្លារ)។ លោកសំណាងមានកូន ៣នាក់ក្នុងបន្ទុក ហើយប្រពន្ធរបស់គាត់គឺជាមេផ្ទះ។
 
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់លោកសំណាង៖
១ ០០០ ០០០៛ – ៧៥ ០០០៛ x ៣ (កូន៣នាក់ក្នុងបន្ទុក) – ៧៥ ០០០៛ (ប្រពន្ធមេផ្ទះ)
= ៧០០ ០០០៛

មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់លោកសំណាងស្ថិតនៅក្នុងថ្នាក់ទី២ (៥%)។ ដូច្នេះ ការគណនាពន្ធត្រូវធ្វើឡើងជាពីរភាគ៖ ៥០០ ០០០៛ ដំបូង ក្នុងអត្រា ០% និង ២០០ ០០០៛ ដែលនៅសេសសល់ ក្នុងអត្រា ៥%។

៥០០ ០០០៛ x ០% = ០៛
២០០ ០០០៛ x ៥% = ១០ ០០០៛

ពន្ធដែលលោកសំណាងត្រូវបង់ប្រចាំខែ៖ ០៛ + ១០ ០០០៛ = ១០ ០០០៛

២-អ្នកជាប់ពន្ធជាអនិវាសនជន

ពន្ធលើប្រាក់បៀវត្សរបស់អនិវាសនជន មានអត្រាតែមួយគត់ គឺ ២០% ដោយមិនគិតទៅតាមថ្នាក់ដូចករណីនិវាសនជនទេ។ ដូច្នេះ ដើម្បីគណនាពន្ធ គេត្រូវយកប្រាក់បៀវត្សទាំងអស់ ដែលមានប្រភពនៅកម្ពុជា គុណនឹង ២០%។

សំណួរទី៦-តើអ្នកណាខ្លះដែលច្បាប់កំណត់លើកលែងពន្ធលើប្រាក់បៀវត្ស?

យោងតាម មាត្រា ៤២ថ្មី និងមាត្រា ៤៣ នៃច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧ ប្រាក់បៀវត្សដែលត្រូវបានលើកលែងពន្ធ រួមមាន៖

  • ប្រាក់បៀវត្សរបស់មន្រ្តី និងនិយោជិត នៃស្ថានទូត ឬស្ថានកុងស៊ុលបរទេស ដែលកាន់លិខិតឆ្លងដែនការទូត ឬលិខិតឆ្លងដែនផ្លូវការរបស់ប្រទេសនោះ
  • ប្រាក់បៀវត្សរបស់មន្រ្តី និងនិយោជិតបរទេស នៃអង្គការអន្តរជាតិ ឬរបស់ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលបរទេស
  • សមាជិកសភា និងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្រ្តីទូត និងមន្រ្តីអង្គការអន្តរជាតិ ខាងលើត្រូវឈរលើគោលការណ៍បដិការរវាងរដ្ឋាភិបាលដែលពាក់ព័ន្ធ មានន័យថា កម្ពុជាលើកលែងពន្ធតែចំពោះមន្រ្តីមកពីប្រទេសណា ដែលលើកលែងពន្ធដល់មន្រ្តីកម្ពុជា ដែលបំពេញការងារនៅក្នុងប្រទេសនោះដែរតែប៉ុណ្ណោះ៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: