ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក


សេង ឌីណា

សេង ឌីណា

ទាញយកសំលេងស្តាប់

បុគ្គលម្នាក់ៗ គឺជាម្ចាស់ ដែលមានសិទ្ធិផ្តាច់មុខ ទៅលើទ្រព្យសម្បត្តិដែលខ្លួនមាន។ ទោះបីជាក្រោយពីស្លាប់ទៅ ក៏គេមិនអាចដកហូតទ្រព្យសម្បត្តិនេះបានដែរ។ ទ្រព្យសម្បត្តិ ដែលជាកេរមរតករបស់បុគ្គលដែលស្លាប់ (មតកជន) គឺត្រូវផ្ទេរទៅឲ្យសាច់ញាតិរបស់គាត់ដែលនៅរស់។ ក៏ប៉ុន្តែ ការផ្ទេរមរតកនេះត្រូវគោរពទៅតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ ស្តីពីរបៀបបែងចែកកេរមរតក ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីខ្មែរ ឆ្នាំ២០០៧។

សំណួរ-នៅពេលដែលបុគ្គលម្នាក់ទទួលមរណភាព តើទ្រព្យសម្បត្តិ ដែលជាកេរមរតករបស់គាត់ត្រូវបែងចែកដោយរបៀបណា?
 
ចម្លើយ-ការបែងចែកកេរមរតក គឺមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ចាប់ពីមាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។

ការផ្ទេរកេរមរតក ត្រូវធ្វើទៅតាមឆន្ទៈរបស់មតកជន (ជនដែលស្លាប់ ហើយដែលជាម្ចាស់កេរមរតក) ប្រសិនបើគាត់មានទុកបណ្តាំ។ គេឲ្យឈ្មោះថា សន្តតិកម្មតាមមានបណ្តាំ ឬសន្តតិកម្មតាមមតកសាសន៍។

ក្នុងករណីគ្មានបណ្តាំ ការផ្ទេរមរតក គឺត្រូវធ្វើឡើងទៅតាមការកំណត់ដោយបទប្បញ្ញត្តិ ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ គេឲ្យឈ្មោះថា សន្តតិកម្មតាមច្បាប់ (មាត្រា ១១៤៥)។

សំណួរ-នៅក្នុងបណ្តាំ តើម្ចាស់ទ្រព្យមានសិទ្ធិបែងចែកកេរមរតករបស់គាត់យ៉ាងម៉េចក៏បាន ឬក៏យ៉ាងណា?
 
ចម្លើយ-មតកជន មានសិទ្ធិធ្វើការបែងចែកកេរមរតករបស់គាត់យ៉ាងម៉េចក៏បានដែរ ក៏ប៉ុន្តែ ត្រូវគោរពលក្ខខណ្ឌមួយ ដែលចែងក្នុងច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់កំណត់ថា មរតកមួយផ្នែក ត្រូវបម្រុងទុកឲ្យសន្តតិជន (ជនដែលត្រូវទទួលកេរមរតក) តាមច្បាប់កំណត់។

អ្នកមានសិទ្ធិលើភាគបម្រុង គឺកូន ឬ ឪពុកម្តាយ ឬជីដូនជីតា និងសហព័ទ្ធរបស់មតកជន (មាត្រា ១២៣០)។ ចំណែកនៃភាគបម្រុងត្រូវកំណត់ដូចខាងក្រោម៖

ក្នុងករណីដែលមានសន្តតិជន ដែលជាឪពុកម្តាយ ឬជីដូន ជីតាប៉ុណ្ណោះ (មិនមានកូន និងមិនមានសហព័ទ្ធ) ភាគបម្រុង គឺត្រូវមាន ១ភាគ៣ នៃទ្រព្យសម្បត្តិរបស់មតកជន។
ក្នុងករណីដែលមានសន្តតិជនជាកូន ឬជាសហព័ទ្ធ ភាគបម្រុង ត្រូវមានពាក់កណ្តាល នៃទ្រព្យសម្បត្តិរបស់មតកជន។

ភាគបម្រុង ត្រូវយកទៅបែងចែកជាចំណែកស្មើៗគ្នាឲ្យសន្តតិជនដែលមានសិទ្ធិទទួល ភាគបម្រុង ដែលច្បាប់កំណត់ក្នុងមាត្រាខាងលើ។ កេរមរតក ដែលនៅសេសសល់ពី ភាគបម្រុង ទើបមតកជនអាចយកទៅបែងចែកតាមចិត្តចង់បាន។ ក្នុងករណីដែលគ្មានសន្តតិជនដែលត្រូវមានសិទ្ធិទទួលភាគបម្រុងទេ មតកជនអាចចាត់ចែងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ទៅតាមបណ្តាំបាន ដោយមិនត្រូវទុកភាគបម្រុងនោះទេ។
 
សំណួរ-ក្នុងករណីមិនមានបណ្តាំ តើច្បាប់កំណត់ដូចម្តេចខ្លះ អំពីការបែងចែកកេរមរតក?
 
ចម្លើយ-ក្នុងករណីគ្មានបណ្តាំមរតក ច្បាប់កំណត់ថា កេរមរតកត្រូវចែកទៅឲ្យសន្តតិជន ដែលមាន ៣លំដាប់ ៖

ប្រសិនបើមតកជនមានកូន មរតកត្រូវបានទៅកូន។ បើសិនជាមានកូនណាមួយស្លាប់ ចំណែកមរតកនោះ ត្រូវផ្ទេរទៅឲ្យកូនៗរបស់កូននោះ (ចៅរបស់មតកជន) ដែលគេឲ្យឈ្មោះថា សន្តតិកម្មជំនួស។

ប្រសិនបើមតកជនមិនមានកូនសោះ (ចំណុចនេះខុសពីមានកូន តែកូនស្លាប់) កេរមរតកត្រូវបានទៅឪពុកម្តាយ។ ប្រសិនបើគ្មានទាំងកូន ហើយឪពុកម្តាយក៏ស្លាប់អស់ទៀត កេរមរតកត្រូវបានទៅបងប្អូនបង្កើត។

ចំពោះសហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់មតកជនវិញ គឺជាសន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិតក្នុងលំដាប់ណាមួយ ក្នុងលំដាប់សន្តតិជនទាំង៣ខាងលើ ក៏សហព័ទ្ធត្រូវមានចំណែកក្នុងការទទួលកេរមរតកដែរ។

ក្នុងករណីសន្តតិជនជាកូន សហព័ទ្ធត្រូវទទួលបានចំណែកស្មើគ្នាជាមួយនឹងកូននីមួយៗ។ ក្នុងករណីមតកជនគ្មានកូន ហើយមរតកត្រូវផ្ទេរទៅសន្តតិជនជាឪពុកម្តាយ ទ្រព្យសម្បត្តិត្រូវចែកជាបីចំណែកស្មើគ្នា ដោយ១ចំណែកបានទៅឪពុក ១ចំណែកបានទៅម្តាយ និងចំណែកទី៣បានទៅសហព័ទ្ធ។ ប្រសិនបើមានតែឪពុក ឬមានតែម្តាយនៅរស់ សហព័ទ្ធត្រូវបានទ្រព្យពាក់កណ្តាល ហើយពាក់កណ្តាលទៀតបានទៅឪពុក ឬម្តាយ ដែលនៅរស់នោះ។

ក្នុងករណីមតកជនគ្នានកូន គ្មានឪពុកម្តាយនៅរស់ ហើយមរតកត្រូវធ្លាក់ទៅបងប្អូនបង្កើត ទ្រព្យសម្បត្តិពាក់កណ្តាលត្រូវបានទៅសហព័ទ្ធ ហើយនៅសល់ពាក់កណ្តាលទៀតត្រូវយកទៅចែកជាចំណែកស្មើៗគ្នាឲ្យទៅ បងប្អូនបង្កើតនោះ។
 
សំណួរ-តើកូនសុំ មានសិទ្ធិទទួលកេរមរតកដែរឬទេ?
 
ចម្លើយ-កូនសុំក៏មានសិទ្ធិទទួលកេរមរតកដូចជាកូនបង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និងទាំងកូនសុំ ត្រូវមានចំណែកស្មើៗគ្នា (មាត្រា ១១៥៦)។

សំណួរ-ក្នុងករណីកូន ដែលត្រូវទទួលមរតក ស្លាប់ទៅ ហើយត្រូវចែកបន្តទៅឲ្យចៅ តើចំណែកមរតកត្រូវចែកដូចម្តេច?
 
ចម្លើយ-នេះ គឺជាករណីសន្តតិកម្មជំនួស។ ចំណែកមរតកមិនត្រូវយកទៅគិតជាចំណែកស្មើៗគ្នាឲ្យចៅរបស់មតកជន តែម្តងនោះទេ។ គេត្រូវគិតជាពីរដំណាក់។ ទីមួយ ត្រូវបែងចែកជាចំណែកស្មើៗគ្នាទៅឲ្យកូនៗជាមុនសិន។ បន្ទាប់មក ទើបគេយកចំណែករបស់កូនដែលស្លាប់ ទៅចែកបន្តជាចំណែកស្មើៗគ្នា ឲ្យទៅកូនៗគាត់បន្តទៀត៕

បានចុះផ្សាយក្នុង នាទីយល់ដឹងអំពីជំនួញ. 1 Comment »

មួយចំលើយ to “ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក”

  1. Pon Vandy Says:

    តើការគណនាភាគបម្រុង គេ គណនាតាមវិធីណា? តើគេបែងចែកភាគីបម្រុងដូចម្តេច?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: