អគ្គនាយក​ ចេញ​ពី​អ្នក​លាង​ចាន​​!​


លោក ស៊ិន សូផានណាក់ ជា អគ្គនាយក ក្លិបកម្សាន្ត Space Club ដែលមាន ប្រវត្តិកើតក្នុងត្រកូលមន្ត្រីរាជការ មានជីវភាពមិនសូវធូរធារ ដោយសារមានគំនិតជាសហគ្រិន ពេលទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ លោកសុខចិត្តធ្វើជាអ្នកលាងចាននៅប្រទេសអង់គ្លេស ដើម្បីយកប្រាក់រៀនបន្តយកអនុបណ្ឌិត។ មកទល់បច្ចុប្បន្ននេះ លោកមានដើមទុនសរុបជាង១លានដុល្លារ

លោក ស៊ិន សូផានណាក់ កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៣ នៅទីក្រុងភ្នំពេញ។ អ្នកម្ដាយឈ្មោះ រ័ត្ន គន្ធា និងឪពុកឈ្មោះ ស៊ិន សូផាន្នី ជាមន្ត្រីកងរាជអាវុធហត្ថ។ លោកជាបងប្រុសច្បង ក្នុងចំណោមបងប្អូន៤នាក់។

វ័យកុមារភាព

ឆ្នាំ១៩៨៨ លោកបានចូលរៀននៅសាលាបឋមសិក្សាវត្តកោះ ក្នុងត្រកូលជាអ្នករាជការពិតណាស់ថា ជីវភាពមន្ត្រីរាជការមិនសូវសម្បូរប្រាក់កាស សម្រាប់ចំណាយប៉ុន្មានទេ។ កាលណោះជីវភាពនិងការចំណាយក្នុងគ្រួសារពឹងផ្អែកទាំងស្រុងលើឪពុក របស់លោកជាអ្នករ៉ាប់រង។ សម្រាប់គ្រួសារមួយ ដែលមានសមាជិកគ្រួសារដល់ទៅ៦នាក់ ដូច្នេះការចំណាយគឺត្រូវត្បិតត្បៀតមែនទែន តែទោះបីជាឪពុករបស់លោកជាមន្ត្រីយោធាមានជីវភាពខ្សត់ខ្សោយក៏ដោយ លោកតែងតែមានចិត្តកោតស្ញប់ស្ញែងឪពុករបស់លោក ជាពិសេស វីរភាពពេលស្លៀកពាក់ឯកសណ្ឋានទៅសមរភូមិប្រយុទ្ធជាមួយខ្មាំងសត្រូវ។ នៅពេលនោះដែរ លោកតែងតែស្រមៃចង់ធ្វើជាយោធាដូចឪពុកលោកដែរ ។

អ្វីដែលលោកចងចាំមិនភ្លេចគឺ បើប្រៀបធៀបជាមួយគ្រួសាររបស់អ្នកជិតខាង វិន័យក្នុងគ្រួសារគឺតឹងរ៉ឹងមែនទែន ព្រោះថា ឪពុកជាមន្ត្រីយោធាដែលមានវិន័យនៅកន្លែងធ្វើការតឹងរ៉ឹង ដូច្នេះក្នុងគ្រួសារលោកត្រូវតឹងរ៉ឹងនិងមានរបៀបរៀបរយដែរ។

ម៉ូតូចាស់មួយគ្រឿងជិះគ្នា៥នាក់ឪពុកកូន

ឆ្នាំ១៩៩៥ លោកបានបញ្ចប់ថ្នាក់បឋមសិក្សា ហើយចូលរៀននៅវិទ្យាល័យវត្តកោះនៅជាប់ជាមួយសាលាបឋមសិក្សាចាស់ នោះដដែល កាលណោះអ្វីដែលលោកបានចងចាំគឺ រៀងរាល់ពេលព្រឹកឪពុកម្ដាយលោកជាអ្នករៀបចំឲ្យបងប្អូនទាំងបួន នាក់ ហើយឡើងជិះម៉ូតូចាស់ទាំងអស់គ្នា ឪពុកលោកឌុប យកទៅចែកតាមបន្ទប់រៀន និងសាលាអស់ ទើបគាត់ត្រលប់ចូលធ្វើការវិញ។

ខ្វះទាំងលុយ និងសម្ភារៈសិក្សាតែមានគោលដៅច្បាស់លាស់

សម្រាប់លោកឪពុកយោធាពឹងលើប្រាក់ខែ ហើយត្រូវចិញ្ចឹមកូន៤នាក់ទៀតសុទ្ធតែនៅរៀននោះជៀសមិនរួចឡើយពី ការខ្វះខាត ថ្ងៃខ្លះលោកទៅរៀនមានលុយចាយ តែពេលខ្លះលោកពុំមានលុយចាយនឹងគេទេ។ គ្រាន់តែលុយចាយខ្វះហើយ កុំថាឡើយ ដល់ឧបករណ៍សិក្សានោះ លោកខ្វះសៀវភៅគ្រប់បែបយ៉ាង ប៉ុន្តែលោកមានគោលដៅច្បាស់លាស់ថា លោកត្រូវតែរៀនចេះដឹងដើម្បីធ្វើជាមន្ត្រីរាជការដូចឪពុករបស់លោក ជាលទ្ធផលនៅថ្នាក់ទី៧ ទី៨ លោកបានទទួលលទ្ធផលពីការខិតខំប្រឹងប្រែងដោយបានទទួលចំណាត់ ថ្នាក់គឺចាប់ពីលេខ១ទៅ៣ ក្នុងចំណោមសិស្សជាង៣០នាក់។

គំនិតជាសហគ្រិនចាប់ផ្ដើមកើតមាន

នៅពេលលោករៀននៅថ្នាក់ទី៨នៃវិទ្យាល័យវត្តកោះ គោលបំណងចង់ធ្វើជាមន្ត្រីយោធា ដូចឪពុករបស់លោក ត្រូវបានលុបបំបាត់ ដោយសារតែភាពក្រីក្រខ្វះមុខខ្វះក្រោយ ក្ដីប្រាថ្នាថ្មីដែលលោកបានចាប់អារម្មណ៍នោះ គឺលោកមើលឃើញថា គ្រួសារគេជាអ្នករកស៊ី អាចមានជីវភាពសមរម្យជាងគ្រួសាររបស់លោក ។ លោកបានកត់សម្គាល់ឃើញថា ជាមន្ត្រីរាជការមានកិត្តិយសតែអត់មានលុយ តែជាអ្នករកមានសេរីភាព ហើយមានឱកាសធ្វើជាអ្នកមានទៀតផង។ នៅពេលនោះហើយដែលគំនិតជាសហគ្រិនត្រូវបានចាប់ផ្ដើមឡើង ដោយបានកំណត់ក្នុងចិត្តយ៉ាងច្បាស់ថា ធ្វើយ៉ាងណាក៏ដោយ ត្រូវតែរកស៊ីធ្វើជាអ្នកមានឲ្យបាន។

រៀនពូកែ មានឱកាសចូលរៀនសាលាលំដាប់អន្តជាតិ

នៅពាក់កណ្ដាលឆ្នាំ១៩៩៧ ពេលសាលាZAMAN ត្រូវបានបង្កើតឡើង យុទ្ធសាស្ត្រទីផ្សាររបស់សាលានៅពេលនោះគឺ ប្រកាសឲ្យជ្រើសរើសសិស្សពូកែពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ នៅតាមវិទ្យាល័យក្នុងទីក្រុងភ្នំពេញទាំងអស់មកប្រឡង ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅសាលារបស់គេ ដោយបង់ត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដោយសារខិតខំរៀនជាសិស្សពូកែស្រាប់គ្រូរបស់លោកបានបញ្ជូនឈ្មោះ លោកឲ្យចូលប្រឡង សូម្បីតែលោកក៏មិនដឹងថាប្រឡងដើម្បីអ្វីផងទេនៅពេលនោះ។

ប្រឡងជាប់រកលុយ១០ភាគរយមិនចង់បាន

សិស្សពូកែទាំងអស់ក្នុងក្រុងភ្នំពេញបានចូលប្រឡងនៅវិទ្យាល័យ យុគន្ធរ ក្រោយការប្រឡង លទ្ធផលគាប់ចិត្តសម្រាប់លោកបានទទួល គឺបានប្រឡងជាប់ លោកត្រូវបានសាលា ZAMAN នាំទៅធ្វើទស្សនៈកិច្ចសិក្សានៅក្នុងសាលារបស់គេ។ នៅពេលចូលក្នុងសាលារបស់គេភ្លាម លោកមានអារម្មណ៍ចង់រៀនខ្លាំងមែនទែន ដោយសារតែកម្រិតស្តង់ដារសាលានោះ ជាលក្ខណៈអន្តរជាតិ ដែលលោកធ្លាប់សិក្សានៅវិទ្យាល័យធម្មតា មានតែបង្អួចសម្រាប់ខ្យល់ចូល និងធូលី មកឃើញសាលាដែលជាផ្ទះវីឡា ក្នុងថ្នាក់រៀនបំពាក់ម៉ាស៊ីនត្រជាក់ មានបន្ទប់កុំព្យូទ័រ កន្លែងលេងកីឡាត្រឹមត្រូវទាំងនេះហើយដែលបានជំរុញលោកឲ្យចង់ សិក្សានៅទីនោះមែនទែន ប៉ុន្តែឧបសគ្គនៅត្រង់ថាសាលាតម្រូវឲ្យបង់ប្រាក់១០ភាគរយនៃថ្លៃ សិក្សា ដែលក្នុង១ឆ្នាំថ្លៃសិក្សាសរុប៤០០០ដុល្លារ។

ទឹកចិត្តឪពុកសុខចិត្តខ្ចីលុយគេឲ្យកូនរៀន

តម្លៃ៤០០០ដុល្លារសម្រាប់កម្រិតវិទ្យាល័យ ពិតជាថ្លៃមែនទែនសម្រាប់គ្រួសារដែលមានជីវភាពខ្សត់ខ្សោយដូចជា គ្រួសារលោក ម្យ៉ាងទៀត សិក្សានៅកម្រិតវិទ្យាល័យកាលណោះ ពុំដែលមាននរណាម្នាក់បង់លុយឡើយ។ មុនដំបូង ឪពុករបស់មិនឯកភាពឲ្យលោកចូលសិក្សាឡើយ ប៉ុន្តែដោយការទទូតអង្វរខ្លាំងពេករបស់លោក និងដោយសារឪពុករបស់លោកធ្លាប់មានជីវភាពក្រលំបាក ឪពុកលោកតែងតែប្រាប់លោកថា “ត្រូវខិតខំរៀនសូត្រគាត់ និងជ្រោមជ្រែងឲ្យអស់ពីសមត្ថភាព” និងដោយការបង្ហាញនូវហេតុផលត្រឹមត្រូវ ឪពុកលោកបានសម្រេចចិត្តយកប្រាក់សន្សំ និងខ្ចីគេបន្ថែមឲ្យលោកបានចូលរៀននឹងសាលានោះនឹងគេ។

ជិះម៉ូតូស៊ុយកូរ៉េទៅរៀនសាលាថ្លៃ

អនុស្សាវរីយ៍ដែលលោកមិនអាចបំភ្លេចនៅពេលនោះគឺ ដោយសារសាលានៅឆ្ងាយពីផ្ទះឪពុកលោកបានផ្ទេរម៉ូតូស៊ុយកូរ៉េចាស់ របស់គាត់ ឲ្យមកលោកសម្រាប់ជិះទៅរៀន។ មានម៉ូតូជិះទៅរៀនចាត់ទុកថាគ្រាន់បើ តែបើប្រៀបធៀបជាមួយមិត្តភ័ក្ដិដែលរៀនសាលាជាមួយគាត់គឺអន់បំផុត ព្រោះក្នុងចំណោមសិស្សរៀននៅទីនោះទាំងអស់ គ្មានអ្នកជិះម៉ូតូចាស់បែបនេះទៅរៀនទេ។ មិត្តភ័ក្ដិរបស់លោកគ្រាន់តែចង្អុល កាតាឡុកប្រាប់ប៉ារបស់គេ ស្អែកឡើងម៉ូតូទំនើបទាំងនោះនឹងមកដល់ភ្លាម តែទោះបីយ៉ាងណាក៏ដោយលោកមិនបានតូចចិត្តអ្វីទេ លោកមានឆន្ទៈតែមួយគត់គឺខិតខំរៀនសូត្រឲ្យបានជោគជ័យ។

ធ្លាប់រៀននៅសាលាមានស្តង់ដារ សម្រេចចិត្តទៅរៀនបន្តនៅក្រៅប្រទេស

អំឡុងឆ្នាំ២០០១-២០០២លោកបានរៀនចប់បាក់ឌុបនៅសាលាZAMAN លោកបានចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យបញ្ញា សាស្ត្រ និងដោយមានការជំរុញពីអ្នកផ្ទះ លោកក៏ចាប់យកជំនាញច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បឹងត្របែង
រៀនបានតែកន្លះឆ្នាំប៉ុណ្ណោះ លោកមានអារម្មណ៍ធុញថប់ជាខ្លាំងជាមួយការសិក្សាសាលាទាំងនេះ ដោយតែលោកធ្លាប់រៀននៅសាលាលំដាប់អន្តរជាតិ និងរៀនជាភាសាអង់គ្លេស។

ជាការចៃដន្យផងដែរ មិត្តភ័ក្ដិរបស់លោកមានបងប្រុសទៅសិក្សានៅប្រទេសថៃដែរ លោកក៏ចាប់ផ្ដើមសាកសួរព័ត៌មានពីបងប្រុសម្នាក់នោះយ៉ាងច្បាស់លាស់ លោកក៏សម្រេចចិត្តសុំឪពុករបស់លោកទៅសិក្សាជាមួយគេនៅប្រទេសថៃ។ ទន្ទឹមជាមួយគ្នានេះដែរ កាលពី៥ឆ្នាំមុនឪពុកម្ដាយរបស់លោកបានលក់ផ្ទះនៅជិតផ្សារថ្មីមក រស់នៅតំបន់ជាយក្រុងបានជាង១០ម៉ឺនដុល្លារ និងពួកគាត់បានទិញដីមួយកន្លែងរោងចក្រជួលឲ្យគេ ដូច្នេះមកទល់ឆ្នាំ២០០២នេះ គ្រួសាររបស់លោកចាប់ផ្ដើមធូធារខ្លាំងមែនទែន ហើយដោយមានការព្រមព្រៀងពីសាលានៅប្រទេសថៃ ក្នុងការបង់លុយបណ្ដាក់ ឪពុកលោកបានសម្រេចចិត្តបញ្ជូនលោកឲ្យទៅរៀនបន្តយកបរិញ្ញាបត្រនៅ ប្រទេសថៃទៀត។

លុយនិងភាសាថៃ ជាឧបសគ្គសម្រាប់រស់នៅក្រៅប្រទេស

ការព្រមព្រៀងចប់សព្វគ្រប់លោកបានចេញដំណើរទៅប្រទេសថៃតាម យន្តហោះនិងជិះតាក់ស៊ីដល់សាកលវិទ្យាល័យឈ្មោះ Mission College នៅខេត្តសារៈបុរី។ កាលណោះការលំបាកដែលលោកបានជួបប្រទះភ្លាមនោះ ពេលទៅដល់ប្រទេសថៃគឺបញ្ហាភាសាតែម្ដង។

ទោះបីជាកម្រិតភាសាអង់គ្លេសរបស់លោកល្អយ៉ាងណាក៏ដោយ ព្រោះនៅប្រទេសថៃគេអភិរក្សភាសា និងប្រជាជនមិនចេះភាសាអង់គ្លេសទេ ដូច្នេះពេលលោកចេញទៅក្រៅទិញអ្វីញាំ ត្រូវទៅជាមួយមិត្តភ័ក្ដិរបស់លោកដែរតែជាសំណាងល្អ ទោះបីជានៅក្នុងថ្នាក់ រៀនភាសាអង់គ្លេសក៏ដោយ តែមិត្តភ័ក្ដិរួមថ្នាក់រៀនជាមួយក៏មានជនជាតិខ្មែរច្រើនដែរ ដូច្នេះលោកអាចឆាប់ចេះនិយាយភាសាថៃបានរហ័ស បញ្ហាសំខាន់មួយទៀត ពេលផ្ទេរប្រាក់ពីស្រុកខ្មែរទៅប្រទេសថៃគឺធ្វើតាមរយៈផ្ញើតាម មិត្តភ័ក្ដិណាដែលមកស្រុកខ្មែរហើយត្រលប់ទៅ ទើបទូរស័ព្ទប្រាប់អ្នកផ្ទះឲ្យផ្ញើទៅតាមគេ ប្រសិនបើបន្ទាន់មិនដឹងធ្វើតាមរយៈណាទេ។ អាហារមិនជាបញ្ហាចោទទេ ព្រោះលោកជាមនុស្សចូលចិត្តហិលខ្លាំងដែរ។

មានគំនិតជាសហគ្រិនមិនអាចទ្រាំធ្វើការឲ្យគេបាន

ឆ្នាំ២០០៨លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ហើយលោកបានវិលត្រលប់មករស់នៅកម្ពុជាវិញ ដោយមូលហេតុថា លោកបានរៀនសូត្រអស់រយៈពេលយូរគួរសមហើយ ណាមួយ លោកមិនមានអ្វីសល់ជាដុះកំភួនឡើយ។ ដូច្នេះ លោកបានសម្រេចចិត្តដាក់ពាក្យស្នើសុំធ្វើជាប្រធានហិរញ្ញវត្ថុ Le Macao casino&hotel តាមរយៈការប្រកាសព័ត៌មានរបស់កាស៊ីណូ។

លោកបានជាប់និងទទួលបានប្រាក់បៀវត្សរ៍ក្នុង១ខែ៦០០ដុល្លារ។ ប្រាក់ខែចំនួន៦០០ដុល្លារសម្រាប់អ្នករស់នៅស្រុកខ្មែរគិតថាល្អ ហើយ ប៉ុន្តែគំនិតជាសហគ្រិនដក់ជាប់ក្នុងចិត្តរបស់លោក រយៈពេលពេញ១ឆ្នាំលោកសែនតានតឹងនិងធុញថប់ជាទីបំផុត លោកគិតថា បើសិនជាយើងធ្វើការឲ្យគេ ច្រើនទោះបីជា យើងពូកែយ៉ាងណាក៏យើងនៅតែប៉ុណ្ណឹងដែរ។

តាមរយៈក្រុមហ៊ុនLKN និងប្រព័ន្ធអ៊ីនធឺណិតលោកបានរកឃើញការបើកបវេសនកាល សាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស។

បោះបង់ប្រាក់ខែទៅរៀនបន្តនៅស្រុកគេ

ក្រោយបានទៅទំនាក់ទំនងរៀបចំឯកសារសព្វគ្រប់អស់ហើយ ជាមួយសាកលវិទ្យាល័យ University of Wales Institute, Cardiff នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០០៩ លោកបានសម្រេចចិត្តទៅសិក្សាបន្ត យកផ្នែកអនុបណ្ឌិតគ្រប់គ្រងបន្ថែមទៀតនៅសាលានោះ ដោយក្នុង១ឆ្នាំត្រូវចំណាយសម្រាប់ការសិក្សាជាង១ម៉ឺន ហើយបើបូកជាមួយថ្លៃហូបចុកបែបនិស្សិតទៀតប្រហែលជាង២ម៉ឺន ដុល្លារ។ តែជាសំណាងល្អ នៅប្រទេសអង់គ្លេសប្រព័ន្ធសិក្សារបស់គេពុំមានការវ៉ាកងយូរឡើយ ដូច្នេះកម្មវិធីសិក្សាត្រូវចំណាយអស់ប្រហែល២ឆ្នាំ ត្រូវកាត់បន្ថយមកត្រឹម១ឆ្នាំ៤ខែវិញ។

អង់គ្លេសជាប្រទេសអ្នកមាន ត្រូវចំណាយច្រើន

នៅប្រទេសអង់គ្លេស ការចំណាយខ្ពស់ជាងគេនៅក្នុងចំណោមប្រទេសនៅអឺរ៉ុប។ ដើម្បីកាត់បន្ថយការចំណាយ និស្សិតម្នាក់នេះបានសម្រេចរស់នៅជាមួយនិស្សិតខ្មែរដូចគ្នាក្នុង បន្ទប់តែ១ ដែលមានចំនួន៨នាក់។ ការរស់នៅប្រជ្រៀតគ្នានេះ ក្នុងមនុស្សម្នាក់ៗត្រូវចំណាយថ្លៃស្នាក់នៅជាង១ពាន់ដុល្លារដែរ នេះមិនទាន់គិតថ្លៃហូបចុកផង ដូច្នេះក្រុមគ្រួសាររបស់លោកអាចជួយគាំទ្រលោកបានផ្នែកថវិកាមួយ ចំនួន ម្យ៉ាងវិញទៀតលោកគិតថា លោកមិនអាចពឹងផ្អែកលើក្រុមគ្រួសារតែ១មុខបានទេដូច្នេះជម្រើស របស់លោកល្អបំផុតគឺរកការងារធ្វើ។

លាងចានដើម្បីរៀនយកអនុបណ្ឌិត

ក្រោយការផ្ដាំផ្ញើតាមមិត្តភ័ក្ដិ គេបានរកការងារឲ្យលោកធ្វើគឺជាអ្នកលាងចានឲ្យហាងជប៉ុន១ ដែលការងារនេះ បើតាមលោកដឹងនៅប្រទេសអង់គ្លេសគេបែងចែកប្រភេទអ្នកធ្វើការណាស់ ព្រោះ បើសិនមានការងារភ្លាមសិទ្ធិអាទិភាពឲ្យជនជាតិអង់គ្លេសសិន បើគ្មាន ទើបគេទម្លាក់មកឲ្យប្រជាជននៅតំបន់អឺរ៉ុប ហើយប្រជាជនមកពីអាស៊ីគឺជាជម្រើសចុងក្រោយ ហើយគេរើសតាមប្រភេទទៀត បើជនជាតិចិនឬវៀតណាម គេឲ្យអាទិភាពមុនខ្មែរ។ តែដោយសារការងារជាអ្នកលាងចាននេះ ជនជាតិគេមិនធ្វើឡ ម្យ៉ាងទៀតហាងនោះជារបស់ជនជាតិជប៉ុនដូច្នេះមិនរើសអើងសម្រាប់ ជនជាតិខ្មែរទេដែលជាអាស៊ីដូចគ្នានោះទេ។

ការងារជាអ្នកលាងចាន គឺធ្វើនៅពេលយប់ ដែលទទួលកម្រៃទាបបំផុត៧០០ផោន គិតជាដុល្លារប្រហែលជាង១០០០ដុល្លារ លុយនេះគ្រាន់តែយកបង់ឈ្នួលផ្ទះមិនគ្រប់ផង ប៉ុន្តែវាបានកាត់បន្ថយការចំណាយសម្រាប់ក្រុមគ្រួសាររបស់លោក។

ដឹងថាកូនធ្វើការជាអ្នកលាងចានឪពុកម្ដាយពិតជាមានក្ដីអាណិតអាសូរមិនចង់ឲ្យធ្វើការងារនេះទេ

រយៈពេល២ខែដំបូងធ្វើជាអ្នកលាងចាននៅប្រទេសអង់គ្លេស មិនមានភាពក្លាហានជម្រាបមកអ្នកមានគុណទាំងពីរឡើយ ប៉ុន្តែក្រោយពីបានធ្វើការពីរខែ ទើបលោកសម្រេចចិត្តជម្រាបជូនលោកទាំងពីរនាក់។ នៅពេលដឹងថា លោកធ្វើជាអ្នកលាងចាននៅប្រទេសអង់គ្លេស ម្ដាយឪពុកលោកបាននិយាយថា មិនចាំបាច់ធ្វើទេ ចាំគាត់ផ្ញើឲ្យចាយ ប៉ុន្តែជាកូនប្រុសសម្រាប់លោក លោកថា ត្រូវតស៊ូគ្រប់រសជាតិនៃជីវិត លោកសុខចិត្តខាំមាត់សង្កត់ចិត្តធ្វើការងារបណ្ដើររៀនសូត្របណ្ដើរ រហូតដល់រៀនចប់។

មានចិត្តជាសហគ្រិន ត្រូវតែបើកជំនួញ

រយៈពេលជាង១ឆ្នាំ គឺរង់ចាំយ៉ាងអន្ទះសា។ ពាក់កណ្ដាល ខែកក្កដា ឆ្នាំ២០១០ លោកបានបញ្ចប់ការសិក្សាភ្លាម។ លោកបានសម្រេចចិត្តមករស់នៅស្រុកខ្មែរភ្លាម តែលើកនេះ មិនដូចលើកមុនឡើយ មកដល់ស្រុកខ្មែរភ្លាមគិតបើកអាជីវកម្មភ្លាម។ រយៈពេល១៥ថ្ងៃក្រោយ លោកបានចរចាសេងហាងយកក្លិបកម្សាន្តមួយ ឈ្មោះ LEO កាហ្វេ ពេលនោះ ក្នុងពាក់កណ្ដាលខែ៨លោកក៏សម្រេចចិត្តទិញក្នុងតម្លៃជាង១០ម៉ឺន ដុល្លារដែលបូករួមទាំងទីតាំងនិងសម្ភារៈដែលថវិកាទាំងនោះបានមកពី ក្រុមគ្រួសាររបស់លោកពាក់កណ្ដាល និងប្អូនប្រុសបង្កើតរបស់លោកពាក់កណ្ដាលដោយសម្អាងថា បងប្រុសមកពីបរទេស មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកជំនួញ ពេលនោះទើបប្អូន និងមានជំនឿទុកចិត្តលើរូបលោក។

រៀនបានអនុបណ្ឌិតធ្វើជំនួញបរាជ័យ

នៅខែតុលា ឆ្នាំ២០១០ ហាងមួយឈ្មោះ Space Clubs បានបើកសម្ពោធជាផ្លូវការ ទិសដៅដំបូងរបស់លោក គឺបើកក្លិបកម្សាន្តដោយចាប់យក ភ្ញៀវលំដាប់ខ្ពស់ (HightClass) ដោយសារលោកធ្លាប់រស់នៅប្រទេសអង់គ្លេសពេលទំនេរ លោកធ្លាប់ចូលកម្សាន្តឃើញថា ជំនួញមួយនេះអាចរកប្រាក់ចំណេញបានច្រើន។ តែអ្វីៗ មិនដូចជាការគិតរបស់លោក ទីតាំងគឺជាបញ្ហាធំបំផុត ភ្ញៀវលំដាប់ខ្ពស់ ពិបាកចតឡានដូច្នេះលោកមិនចូលមកទីនេះទេ ដោយសារគ្មានចំណតឡានដូច្នេះរយៈពេល៣ខែដំបូងគឺចូលដើមរហូត។

បាក់ទឹកចិត្ត ប្រកាសលក់ហាងចោល បោះបង់គំនិតជាសហគ្រិន

រយៈពេលបីខែដំបូងខាតចុងខាតដើម លោកបានបាក់ទឹកចិត្តផង និងត្រូវបានអ្នកផ្ទះច្រានចោលគំនិតទាំងស្រុងថា លោកខំទៅរៀនដល់បរទេសតែបែរជាមករកស៊ីទៅវិញ កន្លែងធ្វើការមួយគគោកអាចរកចំណូលបាន១ខែ ជិត១០០០ដុល្លារមិនធ្វើបែរជាយកលុយមកបោះចោលទៅវិញ ភាពបរាជ័យចូលមកខ្លួនលោក ទ្រាំមិនបាន៣ខែផងលោកក៏សម្រេចចិត្តលក់ឡាយឡុងក្លិបចោលក្នុង តម្លៃ៥ម៉ឺនដុល្លារប៉ុណ្ណោះ។

រៀបចំយុទ្ធសាស្ត្រថ្មី ទទួលបានជោគជ័យ

រយៈពេល២ខែគ្មានអ្នកសេងក្លិបមួយនេះសោះ សម្អាងចំណេះដែលសិក្សានៅបរទេសលោកចាប់ផ្ដើមមានគំនិតថ្មី គំនិតមើលឃើញនៅភាពបរាជ័យរបស់ខ្លួន ដែលកាលពីមុនលោកបើកក្លិបដើម្បី
ចាប់យកភ្ញៀវលំដាប់ខ្ពស់ តែពេលនេះលោកចាប់ផ្ដើមចាប់យកកម្រិតមធ្យមជាយុវវ័យវិញ គ្រាន់តែចាប់ផ្ដើមទម្លាក់ថ្លៃ និងផ្សព្វផ្សាយតាមរយៈវិទ្យុ ចែកខិតប័ណ្ណតាមដងផ្លូវ ភ្លាមៗនោះសប្ដាហ៍ទី១មានមនុស្សមកច្រើនឡើង រហូតដល់ចុងសប្ដាហ៍ រកកន្លែងអង្គុយគ្មានទៀតផង ហៀររហូតដល់ថ្ងៃច័ន្ទត្រឹមនេះ ពន្លឺនៃភាពជោគជ័យចាប់ផ្ដើមកើតមាន រយៈ១ខែលោកទទួលបានប្រាក់ចំណេញពីចន្លោះពី៥០០០ដុល្លារទៅ១០០០០ ដុល្លារ ហើយអត្រាទាំងនេះបានកើនឡើងជាបន្តបន្ទាប់។

បច្ចុប្បន្នភាព និងផែនការអនាគត

លោកស៊ិន សូផាន់ណាក់ បច្ចុប្បន្នមនា អាយុ២៨ឆ្នាំ មិនទាន់មានប្រពន្ធឡើយ មានក្រុមហ៊ុន១ ឈ្មោះ Space Club។ សម្រាប់គម្រោងខាងមុខនេះ លោកបានសម្រេចចិត្ត បើកSpace Club មួយកន្លែងទៀតនៅខណ្ឌទួលគោក និងកំពុងកសាងសណ្ឋាគារ Angkor Heritage boutique and Spa នៅខេត្តសៀមរាប ដែលគ្រោងសាងសង់៣០បន្ទប់ ដែលជាបន្ទប់សម្រាប់ភ្ញៀវលំដាប់ខ្ពស់ដែលគិតមកទល់ពេលនេះលោកមាន ដើមទុនសរុបជាង១លានដុល្លារ។

បទពិសោធជីវិត

ដើម្បីផ្លាស់ប្ដូរជីវភាព ឪពុកម្ដាយរបស់លោកសម្រេចចិត្តលក់ផ្ទះ រើទៅនៅជាយក្រុង ម្ដុំពោធិចិនតុងដែលកាលណោះសុទ្ធតែវាលស្រែ ហើយចិញ្ចឹមមាន់ ទា ជ្រូក សំខាន់ជាងនេះទៅទៀត ផ្ទះតៀមប្រក់ស័ង្កសី ដែលកម្ដៅមិនធម្មតាចូលមកក្នុងផ្ទះ ដូច្នេះកាលណោះលោកជាក្មេងធ្លាប់រស់នៅទីក្រុង ទៅជាក្មេងចិញ្ចឹមមាន់ ទា វិញនោះនេះជារឿងកម្សត់បំផុត។

រឿង១ទៀតពេលលោកធ្វើការជាអ្នកលាងចាននៅប្រទេសអង់គ្លេស លោកតែងតែស្រមៃនឹកគិតថា
លោកនឹងធ្វើជាអ្នកមានឲ្យបានព្រោះភាពក្រីក្រហើយដែលបានជំរុញលោក មកលាងចានឲ្យគេ។ និយាយជារួមមក លោកនិយាយថា លោកមិនស្អប់អ្នកក្រីក្រទេតែលោកស្អប់ភាពក្រីក្រជាង។

បណ្ដាំផ្ញើដល់យុវជនដែលចង់បានភាពជោគជ័យ

លោកលើកឡើងថា សម្រាប់យុវជនទាំងអស់ បើសិនជាចង់ធ្វើជំនួញឲ្យទទួលបានជោគជ័យ ជំហានដំបូងត្រូវហ៊ានទទួលយកភាពបរាជ័យជាមុនសិន ដូចជាលោកផ្ទាល់ជាដើម ដំបូងលោកហ៊ានទទួលយកបរាជ័យ ហើយងើបឈរឡើងស្វែងរកភាពជោគជ័យ។ លោកបន្តថា “យុវជនទាំងអស់ត្រូវហ៊ាននឹកស្រមៃថា បើសិនជាយើងទៅជាអ្នកមានតើមានអ្វីខ្លះដែលយើងបានទទួល? ដូចជាមានរថយន្ត ទំនើប ដើរលេងទៅក្រៅប្រទេស មិនមែនត្រូវនៅ១កន្លែងនោះទេ ដើរដើម្បីស្វែងរកគំនិតថ្មីៗពីស្រុកគេ។ សំខាន់ជាងនេះទៅទៀត កុំខ្លាចនឿយហត់ ព្រោះថាការចាប់ផ្ដើមដំបូងយើងជាថៅកែ ត្រូវចំណាយច្រើន ទាំងថវិកានិងពេលវេលា២៤លើ២៤ម៉ោងក្នុង១ថ្ងៃ ក្នុងការគិតរិះរកយុទ្ធសាស្ត្រដើម្បីទទួលបានជោគជ័យ។

បើសិនជាបរាជ័យកុំទាន់អស់សង្ឃឹមត្រូវគិតថារកស៊ីត្រូវមាន ហានិភ័យ ដួលម្ដងយ៉ាងច្រើនរកការងារធ្វើហើយសន្សំលុយចាំចាប់ផ្ដើមឡើង វិញទៀត។ សូមយុវជនចងចាំថា “អ្នកដែលជោគជ័យមកទល់សព្វថ្ងៃនេះ គឺគាត់ជោគជ័យតែម្ដងប៉ុណ្ណោះ ម្ដងនោះហើយដែលគាត់ឲ្យជោគជ័យរហូត”។

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. 1 Comment »

មួយចំលើយ to “អគ្គនាយក​ ចេញ​ពី​អ្នក​លាង​ចាន​​!​”

  1. បូរីវ៉ាត់ Says:

    ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ជីវិត​ ប្រវត្ត​តស៊ូ​របស់​គាត់​មែន តែ​ខ្ញុំ​មិន​យល់​ត្រង់​ចំនុច​មួយ​ថា គាត់​មិន​មាន​ប្រាក់​ទេ ហេតុអ្វី​បាន​ជា​គាត់​អាច​ទៅ​សិក្សា​នៅ​ឯ​ប្រទេស​អង់គ្លេស?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: