នាយិកា ​Anana Computer ប្រាប់​ដំណើរ​ជីវិត


ក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន គេឃើញមានធុរជននៅក្រុមហ៊ុនធំៗដែលកំពុងទទួលបានជោគជ័យភាគ ច្រើន មានម្ចាស់ក្រុមហ៊ុនសុទ្ធតែជាបុរស។ ដោយឡែក សម្រាប់ ក្រុមហ៊ុន Angkor Data Communication Group ដែលជាក្រុមហ៊ុនកំពុងទទួលបានជោគជ័យ ស្ថាបនិក និងតំណែងនាយកប្រតិបត្តិគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោកស្រី សុខ ចិន្តា។

ប្រិយមិត្តអ្នកអានពិតបានស្គាល់ ANANA Computer ដែលជាក្រុមហ៊ុនល្បីឈ្មោះក្នុងការនាំចូលកុំព្យូទ័រចាប់តាំងពី ឆ្នាំ១៩៩៣ តែមិនទាន់បានស្គាល់នៅឡើយ ជីវិតរបស់លោកស្រីសុខ ចិន្ដា នាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ។ តើជីវិតរបស់លោកស្រីមានសភាពល្វីងជូរចត់ និងតស៊ូយ៉ាងណា?

ក្រុមហ៊ុន Angkor Data Communication Group Co.,Ltd ជាក្រុមហ៊ុនធំមួយមាន បីក្រុមហ៊ុនចំណុះ គឺក្រុមហ៊ុន ANGKOR NET និង MEKONG NET ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងក្រុមហ៊ុន ANANA ដែលជាក្រុមហ៊ុននាំចូលផលិតផលបច្ចេកវិទ្យា កុំព្យូទ័រនិងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលគិតមកដល់ពេលនេះក្រុមហ៊ុនទាំង បីមានអតិថិជនជាង២០០០នាក់ និងមានបុគ្គលិកជាង២០០នាក់។

លោកស្រីចិន្ដា កើតនៅឆ្នាំ១៩៥៨ ជាបងគេនៅក្នុងចំណោមបងប្អូន៣នាក់ត្រកូលអ្នកក្រីក្រ។ ការចាប់ផ្ដើមរកស៊ីដំបូងនៅឆ្នាំ១៩៨៣ ដោយជួលតូបនៅម្ដុំផ្សារថ្មីដើម្បីរស់នៅ និងរកស៊ីធ្វើជាអ្នកអ៊ុតសក់ធ្វើក្រចក។ ឆ្លៀតពេលទំនេរ លោកស្រី អាចរកប្រាក់ ដោយការដេរប៉ាក់ដោយដៃ។ ក្រោយមក ដោយឃើញហាងដទៃទៀត មានការប្រើប្រាស់ម៉ាស៊ីនប៉ាក់ លោកស្រីក៏បែកគំនិត ទិញម៉ាស៊ីនមកប្រើប្រាស់ដែរ។

មួយរយៈក្រោយមក ហាងរបស់អ្នកស្រី មានអតិថិជន យកសំលៀកបំពាក់មកឲ្យប៉ាក់កាន់តែច្រើន។ នៅពេលនោះ លោកស្រី ប៉ាក់បណ្ដើរ នឹកគិតបណ្ដើរអំពីការពង្រីកអាជីវកម្មបន្ថែម។ អ្វីដែលគួរឲ្យស្ងប់ស្ងែងនោះគឺ លោកស្រីចង់ពង្រីកមុខរបរ ដែលខ្លួនមិនមានចំណេះដឹងទៅវិញ។ ធម្មតាការ ធ្វើអ្វីមួយត្រូវរៀនពីគ្រូ ដោយការខ្វះខាតនិងការរៀនសូត្រត្រូវចំណាយពេលវេលាយូរ តែលោកស្រី មិនគិតអីចឹងនោះទេ។ ជាក់ស្ដែង លោកស្រីមានគំនិតមួយគឺទិញខោអាវ មកពីផ្សារយករុះដើម្បីធ្វើជាគំរូ ហើយយកក្រណាត់មកកាត់តាម។ ដូច្នេះការច្នៃប្រឌិតបែបនេះ ទើបគាត់អាច កាត់ដេរផង ប៉ាក់ផង ដែលអាចមានលទ្ធភាពពង្រីកលក់ដល់ម៉ូយទៀតផង។

មើលឃើញក៏មានគំនិតឆ្នៃប្រឌិត!
នៅឆ្នាំ១៩៨៨ រយៈពេល៥ឆ្នាំនៃ ការកាត់ដេរ និងដើរបោះម៉ូយ នាំឲ្យលោកស្រីបានឃើញ នូវរបស់ថ្មី ដែលពេលនោះ នៅកម្ពុជាមិនទាន់ មានការប្រារព្ធពិធីបុណ្យណូអែលនៅឡើយ ដោយបានឃើញនៅពេលមានបុណ្យណូអែល មានខ្សែសយភ្លឺផ្លេកនៅលើសំលៀកបំពាក់ និងតុបតែងនៅតាមរបស់ផ្សេងៗនៃពិធីនោះ។ ពេលនោះ ដោយសារមើលឃើញថា មានទីផ្សារ លោកស្រីទាក់ទងទិញយកក្រដាសភ្លឺផ្លេកពីជនជាតិថៃ មកច្នៃជាសរសៃដេរប៉ាក់ដាក់លើអាវ និងរបស់របរផ្សេងៗ។ ពេលនោះការកែច្នៃរបស់ស្រាប់របស់អ្នកស្រីទទួលបានការពេញនិយម យ៉ាងខ្លាំង ហើយក៏មានអ្នកលក់ផ្កាខ្លះ ទិញយកទៅចងនិងតុបតែងជាបាច់ផ្កាទៀតផង។

ក្រោយពេលបានឃើញគេ លក់ផ្កាដាច់ លោកស្រីក៏មានគំនិតមួយថា ហេតុអ្វីមិនលក់ផ្កាតែម្ដងទៅ ក្រែងបានចំណេញច្រើន។ បន្ទាប់មក លោកស្រីក៏ចាប់ផ្ដើមលក់ផ្កា បន្ថែមលើមុខរបរចាស់ទៀត។

បញ្ជីស្នាមច្រើនពេកចាំមិនអស់ជំរុញឲ្យប្រើប្រាស់កុំព្យូទ័រ
លក់ផ្កា កាត់ដេរ ប៉ាក់ និងធ្វើខ្សែសយ ពេលរកបញ្ជីពិនិត្យ និងទូទាត់មានភាពរញ៉េរញ៉ៃ និងភ្លេច និងកាន់តែពិបាក ភាពចៃដន្យបានកើតឡើងនៅពេលនោះគឺមាន អ្នកយកថូផ្កាមកលក់ឲ្យម្នាក់បាន ប្រាប់ទៅ លោកស្រី ថា ”បើរញ៉េរញ៉ៃ អីចឹង បើមានកុំព្យូទ័រអាចកាត់បន្ថយការលំបាកបានច្រើន”។

ការចាប់អារម្មណ៍លើប្រព័ន្ធព័ត៌មានវិទ្យា
ជាមនុស្សដែលចូលចិត្តអ្វីដែលថ្មី លោកស្រីចិន្ដា សុខចិត្តទិញកុំព្យូទ័រ១គ្រឿងពីប្រទេសវៀតណាម តម្លៃ១១៥០ដុល្លារ។ ជាការលំបាកណាស់ព្រោះកុំព្យូទ័រគេប្រើប្រាស់ជាភាសាអង់គ្លេស ដូច្នេះលោកស្រីត្រូវបង្ខំចិត្តទៅរៀនភាសាអង់គ្លេសនៅសាលា BANANA ។

ក្លាយពីអ្នកប្រើប្រាស់មកជាឈ្មួញកណ្ដាល
ដោយការចង់ចេះចង់ដឹង លោកស្រីបញ្ជាក់ថា ”ទៅរៀនអង់គ្លេសផង ដឹកកុំព្យូទ័រតាមកង់ ទៅរៀនជាមួយផងដើម្បីបានសួរគេអ្នកចេះ”។ ដោយឃើញកុំព្យូទ័រមានតម្លៃថោកជាងនៅកម្ពុជា នាយកសាលា BANANA បានសួរលោកស្រីថា ”តើអាចទិញមកលក់ឲ្យគាត់បានទេ? ព្រោះតម្លៃនៅទីនេះថ្លៃជាងនៅវៀតណាម ណាមួយគាត់ត្រូវការទិញច្រើនគ្រឿង”។ គឺចាប់តាំងពីពេលនោះមក លោកស្រីក៏សម្រេចចិត្តទិញកុំព្យូទ័រយកមកលក់បន្ត។

ក្លាយពីឈ្មួញកណ្ដាលមកជាអ្នកលក់ផ្ទាល់
ក្នុងដំណាក់កាលនៃការលក់ដំបូង កុំព្យូទ័រមួយគ្រឿងចំណេញបាន២០ដុល្លារ។ “កាលនោះ លក់បានពីអតិថិជនបានចំណេញដល់ដៃប្រមាណ ១០០ដុល្លារ តែត្រូវចំណាយចំពោះសេវាដំឡើងប្រព័ន្ធប្រតិបត្តិការ និងបញ្ចូល ហ្វុន អក្សរខ្មែរ នាពេលនោះ ត្រូវចំណាយអស់៨០ដុល្លារ សល់តែ២០ដុល្លារ”។ ដោយមូលហេតុអីចឹងហើយ ទើប លោកស្រីចាប់ផ្ដើមគិតពីរឿងបញ្ចូលប្រព័ន្ធប្រតិបត្តិការ និងហ្វុនកុំព្យូទ័រដោយខ្លួនឯង ។

ក្រុមហ៊ុនរបស់អ្នកស្រី ដំបូងឡើយ ជួលតូបនៅពីក្រោមអគាររបស់សាលា BANANA ដើម្បីលក់កុំព្យូទ័រ។ លោកស្រី បានរំលឹកពីអតីតកាលពេលចាប់ផ្ដើមលក់ថា “ដោយហេតុតែមិនចេះ IT ខ្ញុំទិញគ្រឿងកុំព្យូទ័រមួយមុខតែមួយគត់ តែអ្វីជាការចង់ចាំបំផុតគឺទិញ Mainboard ១ និង CPU ២គ្រាប់ ទំហំ៣៨៦MHz មួយគ្រាប់ និងទំហំ៤៨៦MHzមួយ ដើម្បីងាយស្រួលដោះដូរដោយមិនដឹងថា Mainboard ៣៨៦MHz កុំព្យូទ័រ មិនអាចដាក់ CPU ៤៨៦MHz បានទេ”។

ជាថៅកែផង ជាកូនជាងផង
នៅឆ្នាំ១៩៩៣ ទុនចាប់ផ្ដើមនៅពេលនោះ មានជាង ១០០០ដុល្លារ និងមានជាងតែពីរនាក់ និងកូន
ជាងក៏២នាក់ដែរ គឺលោកស្រី និងលោកទីតូ ដែលត្រូវជាប្អូនថ្លៃ គឺជាកូនជាងផងជាថៅកែផង។ លោកស្រីបានរំលឹកថា “ពេលដែលជាងឲ្យយើងជួយចាប់ខ្ចៅ គឺចាប់ខ្ចៅ ធម្មតាជាងគេដឹងថា យើងចង់ចេះ គេមិនដែលប្រាប់យើងត្រង់ទេ ដូច្នេះនៅពេលដែលជាងធ្វើកុំព្យូទ័រ យើងលួចមើលគេ ហើយកត់ទុកយប់ឡើង យើងសាកល្បងដោយខ្លួនឯង”។

ការរកស៊ីកាន់តែធំ អ្វីៗដើរទៅមុខ បច្ចេកទេសកាន់តែស្មុគស្មាញ
ជាការពិតណាស់ អ្វីៗមិននៅដដែលនោះទេ បច្ចេកទេសកាន់តែស្មុគស្មាញតម្រូវការក៏មានការទាមទាអ្នក បច្ចេកទេស ដើម្បីដោះស្រាយបញ្ហា លោកស្រី និងលោកទីតូក៏សម្រេចចិត្តចេញដំណើរទៅទេសចរណ៍នៅសិង្ហបុរី ប៉ុន្តែក្នុងគោលបំណងចេញទៅរកក្រុមហ៊ុនកុំព្យូទ័រណាដែលមាន សមត្ថភាពជាដៃគូរ សម្រាប់សហការជួយគ្នា ក្នុងការទិញទំនិញ និងបច្ចេកទេសទីកន្លែងរបស់លោកស្រី។

លោកស្រី បាននិយាយថា “យើងធ្លាប់បានជួលអ្នកប្រឹក្សា និងអ្នកបច្ចេកទេសមកជួយបណ្ដុះបណ្ដាល ដល់បុគ្គលិករបស់ក្រុមហ៊ុនខ្ញុំ និងបញ្ជូនបុគ្គលិកទៅរៀននៅបរទេស”។

ប្រែក្លាយពីអាជីវកម្មបែបគ្រួសារ ទៅជាលក្ខណក្រុមហ៊ុន
នៅឆ្នាំ២០០០លោកស្រីបានចាប់ផ្ដើមក្រុមហ៊ុន ហើយក្រោយមក ក៏បានជួលនៅអាគារភ្នំពេញសែនធឺ ដោយបានចាប់ផ្ដើមពង្រីកការរកស៊ីកាន់តែធំជាងមុន។ នៅពេលក្រុមហ៊ុនកែទម្រង់ពីលក្ខណៈគ្រួសារទៅជាលក្ខណៈក្រុមហ៊ុន ហើយពេលនោះខាង ក្រុមហ៊ុនបានបាត់បង់បុគ្គលិកចាស់ៗមួយចំនួន ប៉ុន្តែក្រោយការកំណែទម្រង់ ក្រុមហ៊ុនរបស់លោកស្រីចិន្តា បានទទួលបុគ្គលិកចូលវិញក៏ច្រើនដែរ នឹងមានភាពងាយស្រួលធ្វើការជាងមុន។

លោកស្រីបាននិយាយថា “ពីមុនយើងចង់ទិញអ្វី គឺដកលុយតែម្ដង តែទៅជាក្រុមហ៊ុនហើយ យើង ចង់ដកត្រូវមានវិក្កយបត្រ ច្បាស់លាស់ និងមានគោលការច្បាស់លាស់ ម៉ោងចេញចូលត្រឹមត្រូវ ជាការលំបាកណាស់សម្រាប់ឲ្យបុគ្គលិកចាស់មកគោរពឲ្យបានត្រឹមត្រូវ បែបនេះ ព្រោះពីមុនធ្វើការ មកពេលណាក៏បាន ឈប់ពេលណាក៏បាន តែពេលធ្វើដំណើរការល្អហើយ បុគ្គលិកដែរពូកែគាត់មកស្រួលធ្វើការ”។

ប្រភពធនធានយកមកពង្រីកចេញពីការសន្សំ
ពង្រីកខ្លួនពីហាងកុំព្យូទ័រលក់ទៅជាក្រុមហ៊ុន។ លោកស្រី បានសន្សំ ប្រាក់ចំណេញដែលសល់ពីការចាយវាយផ្សេងៗ ទុកជាថវិកាសម្រាប់បង្វិលមួយថ្ងៃបន្តិចៗដើម្បី បន្តពង្រីកក្រុមហ៊ុនឲ្យកាន់តែធំឡើងៗ រហូតមកដល់សព្វថ្ងៃ ។

ទស្សនៈវែងឆ្ងាយ មើលឃើញការរីកចម្រើននៃប្រព័ន្ធបច្ចេកវិជ្ជា
នៅឆ្នាំ២០០៥ ដោយលោកស្រីបាន ឆ្លងកាត់ការរកស៊ីច្រើន និងចាប់ផ្ដើមដឹងពីតម្រូវការទីផ្សារពិតប្រាកដ លោកស្រីក៏សម្រេចចិត្តបើកក្រុមហ៊ុនមេគង្គណេត និង អង្គរណេតពីរទៀតនៅក្នុង ឆ្នាំ២០០៦។ ទាក់ទងទៅនឹងការបង្កើតក្រុមហ៊ុននេះឡើង លោកស្រីបានរំលឹកថា “ដោយយល់ឃើញថាកុំព្យូទ័រនាថ្ងៃមុខ មានច្រើននិងមានតម្លៃទាបខ្លាំង តែបើយើងគ្មានអ្វីថ្មី យើងមិនមានអ្វី ប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃបានទេ”។

ក្រុមហ៊ុន មេគង្គណេត របស់លោកស្រី មានការចូលហ៊ុនពីសិង្ហបុរី ៤០ភាគរយ និងក្រុមហ៊ុនANANA ៦០ភាគរយ ប៉ុន្តែលោកស្រីអះអាងថា ក្នុងពេលបង្កើតដំបូង មានគោលបំណងខុសគ្នាជាមួយដៃគូ ខាងក្រុមហ៊ុនសិង្ហបុរី ។ ខាងក្រុមហ៊ុនសិង្ហបុរី ចង់លក់ឲ្យទៅដល់អ្នកប្រើប្រាស់ចុងក្រោយតែម្ដង និងលក់សេវាហៅទូស័ព្ទក្រៅប្រទេស ក្នុងតម្លៃថោក តែខ្ញុំចង់លក់ដុំបន្តតែម្ដងព្រោះបើលក់រាយពិបាកនឹងរកម៉ូយដុំ ខ្លាំងណាស់ ដោយហេតុនេះហើយទើបខ្ញុំសម្រេចចិត្តបើកក្រុមហ៊ុនអង្គរណេតមួយទៀត។

ភ័ព្វសំណាងដីមានហាងឆេង គួបផ្សំនឹងការគិតត្រូវ

ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០០៩ តម្លៃដីធ្លីបានហក់ឡើងមួយកម្រិត។ ពេលនោះលោកស្រីក៏បានបញ្ចេញដីនៅទឹកថ្លាមួយកន្លែងដែលកាលពី ពេលទិញក្នុងតម្លៃត្រឹមតែប្រមាណក្នុង១ការ៉េ ៧ដុល្លា តែនៅពេលលក់ចេញបានមកជា១ការ៉េ រ៉ាប់សិបដុល្លារ។

លោកស្រីមានរៀបរាប់ថា “ដីមួយកន្លែងនោះទិញទុកស្តុកឥវ៉ាន់(ឃ្លាំង) ក្នុង១ការ៉េកាលទិញ ៧ដុល្លា ស្រាប់តែឡើងថ្លៃជារ៉ាប់សិបដុល្លារ។ ការគិតត្រូវរបស់ខ្ញុំគឺមិនយកលុយទាំងនោះទៅទិញអ្វីដែលមិនមាន ប្រយោជន៍ទេ គឺដាក់បញ្ចូលទៅក្នុងក្រុមហ៊ុន និងខ្ចីលុយពីធនាគារ មកពង្រីកក្រុមហ៊ុន សាងសង់អគារនៅទល់មុខសាលាចតុមុខនេះ ក្នុងឆ្នាំ២០០៩។ គិតជាទឹកប្រាក់ទាំងដី និងអគារ ខ្ញុំមានទ្រព្យសម្បត្តិសរុបប្រហែលជាង១លានដុល្លារ”។

ស្ត្រីជាអ្នកជំនួញមិនដូចបុរសទេ ប៉ុន្តែបុរសធ្វើបានស្រីក៏ធ្វើបាន
ក្នុងសម័យបុរាណវប្បធម៌ខ្មែរ ពិតជារើសអើងចំពោះការទំនាក់ទំនងចំពោះមនុស្សស្រីនិងបុរសទោះបី ការទំនាក់ទំនងនោះក្នុងកម្រិតណាក៏ដោយ តែចំពោះបច្ចុប្បន្នមិនមានការិះគន់ខ្លាំងក្លានោះទេ ព្រោះតម្លៃស្ត្រីត្រូវបានពិភពលោកលើកកម្ពស់។ ក្នុងនាមជាស្ត្រីម្នាក់ លោកស្រីចិន្ដា និយាយថា “បុរសពេលមានភ្ញៀវមកលេង ឬមកពិភាក្សាកិច្ចការរកស៊ីគេអាចនាំភ្ញៀវទាំងនោះទៅច្រៀងរាំ រកកន្លែងសប្បាយ ប៉ុន្តែចំពោះយើងជាស្ត្រី ក៏អាចនាំទៅត្រឹម ពិសាបាយ និងធ្វើបដិសណ្ឋារកិច្ចតាមការគួរតែប៉ុណ្ណោះ យើងមិនចេះផឹកស្រាក៏គេមិនប្រកាន់ដែរ”។

ចង់មានស្ថេរភាព ត្រូវតែមានការរីកចម្រើននិងអភិវឌ្ឍន៍សមត្ថភាព!
ការសាកល្បង ចង់ចេះ ចង់ធ្វើ ចាប់តាំងពីធ្វើក្រចក កាត់ដេរ ប៉ាក់ រៀនភាសាអង់គ្លេស ធ្វើជាជាងកុំព្យូទ័រ ធ្វើជាថៅកែ ទៅជា អគ្គនាយកក្រុមហ៊ុន នេះជាកាអភិវឌ្ឍន៍ខ្លួនឯងយ៉ាងពិតប្រាកដ។ លោកស្រីបានបង្ហាញបទពិសោធន៍ថា “ទោះបីលក់ផលិតផលមួយដាច់ក៏ដោយ ជានិច្ចខ្ញុំចង់ទៅមុខ នៅតែរកអ្វីដែលថ្មីឧទាហរណ៍ដូចជាខ្ញុំលក់កុំព្យូទ័រ១ប្រភេទ ដាច់ក៏ដោយ ក៏ខ្ញុំនៅទិញផលិតផលថ្មីមកលក់សាកមើល ព្រោះខ្ញុំគិតថាបើចំណេញយើងទិញមកលក់ទៀត តែបើខាតយើងខាតតែគំរូមួយតែប៉ុណ្ណោះ។

ការផ្ដាំផ្ញើរបស់លោកស្រី ៖ កុំគិតថាបុរសធ្វើកើត ស្ត្រីធ្វើមិនកើត!
ការងារធ្ងន់ៗដែលប្រើកម្លាំង ស្ត្រីពិតមិនអាចធ្វើបានមែន តែចំពោះការងារស្រាលដែលអាចធ្វើបាន ដូចជា ធ្វើជំនួញ ធ្វើពាណិជ្ជកម្ម ការងារពាក់ព័ន្ធ ប្រព័ន្ធ IT សុទ្ធតែជាការងារមានភាពស្មើគ្នារវាង បុរសនិងស្ត្រី។ លោកស្រីបានផ្ដាំផ្ញើថា “ដូចជាខ្ញុំធ្វើជាជាងកុំព្យូទ័រ ប៉ុន្តែ ខ្ញុំបានងាកមកចាប់យកជំនួញ ខ្ញុំក៏អាចធ្វើបាន។ យុវជនដែលចង់ជោគជ័យដូចខ្ញុំ គឺអ្វីដែលយើងចង់ធ្វើ យើងត្រូវផ្ដោតទៅលើកិច្ចការនោះនិងខិតខំប្រឹងប្រែងធ្វើតែម្ដង មិនចាំបាច់គិតថាយើងលុយតិចជាងគេ យើងធ្វើមិនបាននោះទេ តែជួនកាលយើងហ៊ានធ្វើ ពេលបានជោគជ័យអាចបានចំណេញទៀតផង ”៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: