ជួប អ្នក​លើក​ទង់ជាតិ​ខ្មែរ ​នៅ​WTO


ក្នុងបន្ទប់ ដែលឡោមព័ទ្ធដោយផ្ទាំងកញ្ចក់សថ្លា ជាជម្រកនៃក្រុមសៀវភៅក្រាស់ស្តើងធំតូចរាប់ពាន់ក្បាល ដែលខ្លះក្នុងចំណោមនោះ មានតម្លៃរហូតដល់រាប់រយ ដុល្លារ ខ្ញុំមិនចម្លែកទេ ដែលបុរសម្ចាស់បន្ទប់ប្រាប់ថា លោកអាចអានឯកសារនានា១០០ទំព័រជារៀងរាល់ថ្ងៃនិងក្លាយជាទម្លាប់។

ជាទីប្រឹក្សា រាជរដ្ឋាភិបាល ជាអតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  ទីប្រឹក្សាឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នាយកផ្នែកសម្របសម្រួលបច្ចេកទេសរបស់WTO និងតួនាទីនានាក្នុង នីតិសាធារណៈ សុទ្ធតែមានពាក់ព័ន្ធយ៉ាងសំខាន់ជាមួយជីវិតដ៏ជោគជ័យរបស់បុរសខ្មែរ ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា

ឧត្តមជនខ្មែរ     ដែលអមមកជាមួយនូវកិត្តិយសនិងស្នាដៃរាប់មិនអស់ បណ្ឌិតសុក ស៊ីផាន់ណាគឺជាសូចនាករដ៏សំខាន់ស្ដីពីការរើបម្រះរបស់កម្ពុជា ចេញពីចំណុចសូន្យ នៃសង្គ្រាមដ៏ខ្លោចផ្សា ហើយក៏ជាភស្តុតាងនៃសក្ដានុពលពិតរបស់កូនខ្មែរ ធនធានមនុស្ស ខ្មែរ និងជាតិខ្មែរ។

បុរសខ្មែរ ដែលបានវ៉ាដាច់បញ្ញាវ័ន្តជាតិសាសន៍ផ្សេងៗជាង១០០ ប្រទេសក្នុងការដណ្តើមយកតំណែងជាទីមោទនមួយនៅឯអង្គការពាណិជ្ជកម្ម ពិភពលោក WTO និងដែលកំពុងមានសុទិដ្ឋិក្នុងការរួមចំណែកជំរុញកម្ពុជា ទៅក្នុងចំណោមសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចំណាយពេល វេលាដ៏មានតម្លៃផ្ដល់បទសម្ភាសន៍ដ៏កម្រជាមួយ Sabay គេហទំព័រតំណាងអោយយុវវ័យខ្មែរ។
សំលៀកបំពាក់ជាលក្ខណៈអាជីពតែមានលំនាំបែបបញ្ញាជនមកពីលោកខាងលិច ព្រមទាំងកែវកាហ្វេCapu-Chinoមិនអាចបិទបាំងស្នាមញញឹមខ្មែរ នៅក្រោមកញ្ចក់វ៉ែនតាស ថ្លា នោះឡើយ។

ជាថ្មីម្ដង ទៀត ខ្ញុំសរសើរខ្លួនឯងដែលមានឱកាសក្នុងការជួបជា មួយ បណ្ដាជនល្បីៗលំដាប់ប្រទេស។តើមានការណាត់ជួបណាមួយ ដែលអាចធ្វើអោយខ្ញុំរំភើបជាងទទួលបានការឆ្លើយតបដោយបុគ្គលដែល ពោរពេញដោយចំណេះដឹងមហាសាលបែបនេះទៀត?

ប្រសិនបើ អ្នក បានដឹងជាស្រេចហើយ ថាឯកឧត្ដមសុក ស៊ីផាន់ណា បានទទួលបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនិងសញ្ញាប័ត្រថ្នាក់បណ្ឌិត PhD សំខាន់ពីរលើផ្នែកនីតិសាស្ត្រនៅសហរដ្ឋអាមេរិកនោះ ប្រាកដជាចង់ដឹងណាស់ថាលោកជាកូនប្រុសក្នុងត្រកូលអភិជន រឺមួយក៏ទទួល បានការរៀបចំពី អាណាព្យាបាលជាស្រេចសម្រាប់គោលដៅដ៏សំខាន់នេះ ?

ដូច្នេះហើយ ខ្ញុំបានចាប់ផ្ដើមសំនួរដំបូង ពីយុវភាពរបស់យុវជនសុក ស៊ី ផាន់ណា នៅ ក្នុង សម័យកាល មួយ ដែល យុវវ័យ ខ្មែរ ត្រូវ ឡោមព័ទ្ធដោយវប្បធម៌ក្បាច់ រាំ ចង្វាក់ Cha Cha Cha និង Pop។

សំណួរ ៖ជម្រាបប្រសាសន៍ឯកឧត្ដមបណ្ឌិត តើ សញ្ញាប័ត្របណ្ឌិតគឺជាបំណងប្រាថ្នាតាំងពីយុវវ័យមករឺមួយក៏ យ៉ាងណាដែរចាស?
ចម្លើយ៖អ្ហូ!អត់សោះតែម្ដង !ចំណូលចិត្តសំខាន់គឺលេងភ្លេងដេញហ្គីតា!រៀនចេះតែរៀនទៅមិនដែលដឹង ប្រឹងអាម៉េចទេ តែក៏មិនដែលធ្លាក់ពីលេខមួយដែរ គឺមិនបាច់ប្រឹងតែរៀនពូកែ។ចូលចិត្តបំផុតPartyរាំច្រៀង។ដើរលេង ត្រេងត្រាង ចូលចិត្តសប្បាយ មិនដែលគិតពីបណ្ឌិតមិនបណ្ឌិតអីទាំងអស់។
សំណួរ ៖ឯកឧត្ដមបណ្ឌិតចង់មានន័យ ថា កម្រិតវប្បធម៌និងសមត្ថភាពជំនាញដ៏ខ្ពស់នាពេលនេះ បានមកដោយចៃដន្យរឺយ៉ាងណា?
ចម្លើយ៖ត្រង់នេះខ្ញុំត្រូវបើកវង់ក្រចកនិយាយពី អតីតកាលបន្តិច។ដើមឡើយខ្ញុំរៀននៅលី សេដេកា ដ គឺមានមិត្តភ័ក្ដិច្រើន។តែពេលលោកឪពុកខ្ញុំចែកឋាន ស្ថានភាពគ្រួសារយើងក៏ប្រែប្រួល។មានមិត្តខ្លះដែលជាកូនចៅអ្នកធំ គេចាប់ផ្ដើមរសាយចិត្តពីយើងរឺមើល យើងក្នុងរបៀបខុសពីមុន កន្លែងហ្នឹងបានបណ្ដុះចិត្តខ្ញុំ មួយថាហោច ណាស់យើង ត្រូវមានអ្វីមួយលើសគេ ហើយមិនមែនទ្រព្យសម្បត្តិ ទេ គួរតែចំណេះវិជ្ជា។ខ្ញុំព្យាយាមជាងមុនក្នុងនាមកូនកំព្រាឪពុក ហើយរ៉ាប់រងជីវភាពដោយម្ដាយជាស្ត្រីមេម៉ាយ តែលក្ខខណ្ឌហ្នឹងមិន អាចកាត់ ខ្ញុំផ្ដាច់ចេញពីចំណូលចិត្តសប្បាយដើរលេងឆ្វេកឆ្វាចទេ។ធម្មតា ពួកម៉ាកគេរៀនមិនដល់យើងប៉ុន្មាន តែយើងត្រូវការគេអោយម៉ោដើរលេងជាមួយយើង អញ្ចឹងយើងជាអ្នកធ្វើHome Workអោយគេដើម្បីអោយគេបានមានពេលដើរជាមួយយើង។ទម្លាប់ធ្វើការលឿន ធ្វើការច្រើនក្នុងពេលតែមួយ បានជួយខ្ញុំដោយមិន ដឹងខ្លួន ហើយ វាក្លាយ ជាទៅជាសមត្ថភាពពិសេសរបស់ខ្ញុំគេបង្វឹកខ្ញុំ។រហូតដល់ពេលទៅ អាមេរិក គេរៀនបរិញ្ញាបត្របួនឆ្នាំតែខ្ញុំវិញរៀន២ឆ្នាំគឺចេញពីថ្នាក់ មួយទៅថ្នាក់មួយទៀត។

រូបថត ប៉ែន ប៊ុនថាល់

សំណួរ ៖តើឯកឧត្ដមចេញទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកដោយមធ្យោបាយ ណាដែរ?
ចម្លើយ៖ដោយសាររបបប៉ុលពត។នៅឆ្នាំ៧៥ខ្ញុំ ទើបតែរៀនដល់ថ្នាក់ទី៩ហ្នឹងមានទាន់បានបាក់ឌុបឯណា?ខ្ញុំចេញទៅជនបទ ជាមួយគេឯង បន្ទាប់មករត់ចេញទៅជំរំខៅអ៊ីដាង ។ខែ១២ឆ្នាំ១៩៧៩បានខ្ញុំបានបងថ្លៃធានាទៅអាមេរិក។ខ្ញុំ មិនទាន់បានចូលរៀនអីទាំងអស់ដោយសារមិនទាន់ចប់ចំណេះទូទៅ។ម្ង៉ៃៗនៅ ក្នុងភូមិមួយសម្រាប់ជនភៀសខ្លួនហ្នឹង ទៅសំកុកតែនឹងបណ្ណាល័យប្រចាំភូមិអានសៀវភៅចុះឡើងដដែលៗរហូតដល់ បណ្ណារក្សមួយគាត់ឃើញគាត់ក៏សួរថា ម៉េចក៏មិនទៅរកដាក់ពាក្យរៀនត?ពេល ខ្ញុំចាប់អារម្មណ៍ក៏សុំយោបល់គេរហូត រហូតដល់បានចូលរៀនត្រៀមហើយប្រលងបញ្ចប់BacII។គឺរៀនមើលសៀវភៅខ្លួន ឯង រហូតដល់ប្រលងជាប់ បានចូលមហាវិទ្យាល័យផ្នែកពាណិជ្ជកម្មនៅ ទីនោះ។
សំណួរ៖ ប្រសិនបើកម្រិតវប្បធម៌ ខ្ពស់មិនមែន ជាការ តាំងចិត្តតើ ហេតុអ្វីឯកឧត្ដមពន្លឿនការសិក្សាថ្នាក់ បរិញ្ញាតែត្រឹមរយៈពេល២ឆ្នាំនិងបន្តយកPhDពីរថែមទៀត?

ចម្លើយ៖គឺពេលហ្នឹងខ្ញុំផ្លាស់ប្តូរទស្សនៈហើយ!រស់នៅ ក្នុងរបបវាលពិឃាដ ខ្ញុំមានជាប់ ខ្លួនសៀវភៅបួនក្បាល។របស់នោះបានផ្លាស់ប្ដូរគំនិតខ្ញុំ។ខ្ញុំ អានសៀវភៅទាំងបួននោះនៅតាមគុម្ពោតព្រៃនៅតាមវាលស្រែ នៅតាមការដ្ឋានពលកម្ម។ខ្ញុំធ្វើយ៉ាងម៉េចបាន?គឺខ្ញុំហែកម្ដងមួយ ទំព័រស្រោបស្បោងខ្ចប់អំបិល ខ្ញុំអានរហូតដល់យល់ អានក្លាយជាទម្លាប់សូម្បីតែពេលហូបបាយ ពេល គេមកឃើញខ្ញុំធ្វើជាហូបអំបិល គឺខ្ញុំមានវិធីចាកផុតពីសេចក្ដីស្លាប់។ក្នុងរយៈពេលដ៏វែងនោះ សូម្បីតែនៅក្នុងពេលវេលាដ៏អាក្រក់តែ ខ្ញុំមានឱកាសមួយ បង្វឹកខ្លួនឯងក្នុង ការអាន ចប់សៀវភៅទាំងបួនដែល ពីមុនមកខ្ញុំអត់ សូវចំណាយពេលជាមួយ។សៀវភៅទីមួយគឺ វចនានុក្រមបារាំងអង់គ្លេសហើយសៀវភៅទី២គឺ រឿងភ្នាក់ងារសម្ងាត់០០៧។សៀវភៅទាំងពីរបានប្រែ ខ្ញុំពីអ្នកចេះអង់គ្លេសត្រឹមI must I canអោយខ្ញុំអាចប្រើអង់គ្លេសបានស្រួលនៅសហរដ្ឋអាមេរិក។សៀវភៅ ទី៣គឺ ផ្ដោត ពីមនោសញ្ចេតនារបស់មនុស្ស ដោយ ទស្សនវិទូ Sigmund Freud ។សៀវភៅនោះទូន្មានពីក្ដីសង្ឃឹម ហើយអោយយើងទទួលស្គាល់ថាគ្រប់យ៉ាងតែងមានថ្ងៃបញ្ចប់។ឯសៀវភៅទី៤ មានឈ្មោះថាម៉ោងទី២៥ 25th Hourដែលសរសេរដោយអតីតអ្នកទោសម្នាក់។
សំណួរ៖ ប៉ុន្តែ តើគ្រាន់តែសៀវភៅបួនក្បាលអាចបង្កើតឧត្ដមជនខ្មែរមួយ រូបដោយរបៀបណាទៅ?
ចម្លើយ៖ គួបផ្សំនិងចរិតលក្ខណៈបុគ្គលដែរ !ខ្ញុំជាមនុស្សមិន មានមហិច្ឆតាតែថាបើទទួលធ្វើ អីគឺធ្វើទាល់តែល្អបំផុតបានសុខចិត្ត !សៀវភៅទាំងបួនហ្នឹងបង្រៀនភាសាខ្ញុំគឺជួយខ្ញុំអោយមានឱកាសមួយ ហើយសាច់រឿងក្នុងសៀវភៅផ្ដល់អោយខ្ញុំភាពចាស់ទុំផ្នែកគំនិត ស្គាល់ពីភាព ខុសគ្នារវាងការសប្បាយនិងកាតព្វកិច្ច។
សំណួរ៖ តើឯកឧត្ដមចំណាយ ពេលយូរប៉ុណ្ណានៅសហរដ្ឋអាមេរិក?សូមអធិប្បាយពី ការត្រឡប់មកកម្ពុជាវិញនិងការចូលរួមជាមួយការងាររាជរដ្ឋាភិបាលផង ទាន។
ចម្លើយ៖អូគឺ១៣ឆ្នាំ!ខ្ញុំត្រឡប់មក កម្ពុជាវិញនៅឆ្នាំ១៩៩៣។ចូលមកហ្នឹងអត់ទាន់មានបំណងថាមកនៅទេ តែមករៀបការភរិយា ខ្ញុំតាមការណែនាំរបស់ម្ដាយ។នៅ ពេលមកដល់ភ្នំពេញទំនេររង់ចាំថ្ងៃរៀបការក៏នឹកឃើញស្វែងរកការងារ ធ្វើបណ្ដោះអាសន្នជាមួយក្រុមUNTAC។នៅថ្ងៃដំបូងគឺគេអោយទៅបកអោយ អង្គប្រជុំសំខាន់រវាងរាជរដ្ឋាភិបាលនិងUN។បន្ទាប់ពី ហ្នឹង គេក៏សំណូមពរអោយខ្ញុំធ្វើជាConsultant បីខែអោយUNTAC។ក្រោយមក ខ្ញុំ ត្រឡប់ទៅអាមេរិកតែភរិយាខ្ញុំនៅមិនទាន់បានសញ្ជាតិ ខ្ញុំក៏នឹកឃើញចង់រកការងារមួយជាប់លាប់នៅស្រុកខ្មែរ គាប់ជួនគេរើសមេធាវីខាងUNសម្រាប់ធ្វើការជាប់ជាមួយឯកឧត្ដមគាត ឈន់ ខ្ញុំក៏ចូលរួមការងារហ្នឹង តាំងពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៨។បន្ទាប់ពី នោះខ្ញុំ បានទទួលការងារនៅ ក្រសួងពាណិជ្ជកម្មជា រដ្ឋលេខាធិការទទួលបន្ទុកការងារលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្ម ជាតិ បង្កើតគោលនយោបាយ។ រហូតដល់ខ្ញុំចេញទៅWTOនៅឆ្នាំ២០០៥។

ឯកឧត្តមបណ្ឌិត នៅ ឯ WTO សហរដ្ឋអាមេរិក

សំណួរ៖ តើការសម្រេចចិត្តចាកចេញពីតួនាទីជា មន្ត្រីជាន់ខ្ពស់របស់ឯកឧត្ដមដោយសារលាភសក្ការៈ រឺមួយដោយសារការមិនពេញចិត្តណា មួយ?
ចម្លើយ៖បាទ!នៅក្រសួងពាណិជ្ជកម្ម កាតព្វកិច្ចដ៏ចម្បងរបស់យើងគឺការជំរុញកម្ពុជាទៅក្នុងWTO។យើង រៀបចំត្រៀមជាសមាជិកអង្គការពិភពលោកនេះ បី ឆ្នាំហើយចរចាអស់ពីរឆ្នាំកន្លះទម្រាំបានជោគជ័យ។នៅ ពេលនោះខ្ញុំយល់ថាកាតព្វកិច្ចចប់ ហើយខ្ញុំត្រូវបានគេជ្រើសរើសក្នុងចំណោមបេក្ខជនមកពីជាង១០០ប្រទេសផង ខ្ញុំសម្រេចចិត្តចេញទៅហ្សឺណែវ ដោយលាលែងពីរដ្ឋ។ខ្ញុំសុំសម្ដេចនៅក្រៅ សម្ដេចលោក យល់ព្រមដោយមានប្រសាសន៍ ថាមានមោទនភាពដែលមានកូនខ្មែរមួយរូបមានលទ្ធភាពប្រកួតប្រជែងជា អន្តរជាតិ និងចង់ឃើញកូនខ្មែរលើកទង់ជាតិនៅទីនោះ។តែខ្ញុំទៅហ្នឹង ទៅជាបុគ្គលសុទ្ធសាធ។
សំណួរ៖ ករណីWTOគឺជាចំណុចដ៏ទាក់ចិត្ត មួយ។សូមឯកឧត្ដមបង្ហាញពីស្ថានភាពការងារ បទពិសោធន៍ ប្រាក់ចំណូលនិងមូលហេតុចាកចេញពីអង្គការនោះផងទាន!
ចម្លើយ៖
ខ្ញុំចូលចិត្តរបៀបធ្វើការនៅទីនោះ!មិនមែនបរទេសនិយម តែខ្ញុំនិយមProfessionalism។ជាមួយពួកគេយើងអាចគងអន្ទាក់ខ្លាជជែក គ្នាដោយចំ ហរ។ចំណុចណាដែលយើងមានទស្សនៈផ្ទុយ យើងអាចតស៊ូមតិនិងតតាំងគ្នាដោយគំនិត។បន្ទាប់មកគឺធម្មតា។ប្រសិន យើងមានហេតុផលមាំ យើងឈ្នះ គេតាមយើង បើយើងស្ទើរយើងត្រូវទទួលគំនិតរបស់គេវិញ។ខ្ញុំរៀនបានគួរសម និងបានចំណូលអាចថាគ្រាន់បើច្រើន។ខ្ញុំចំណាយពេល៣ឆ្នាំកន្លះនៅ ទីនោះ ស្រាប់តែដល់ពេលចាប់អារម្មណ៍ថាធុញ ហើយចង់បក មកធ្វើអ្វីមួយនៅក្នុងប្រទេសកំណើត ខ្លួន។ការសម្រេច ចិតចាកចោលចំណូល២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺជា ការឈ្នះខ្លួនឯងមួយដោយសារខ្ញុំមិនចេះនៅកន្លែងមួយដែលយើងអាចថា អស់Challenge រឺអាច ថាដល់ពេល ខ្ញុំចង់យកចំណេះមកប្រើដើម្បីប្រទេសខ្លួនវិញម្ដង។
សំណួរ៖ ខ្ញុំមិនសួរទេថាProfessionalismដែលឯកឧត្ដមលើកឡើងពីការពេញចិត្ត នៅ ឯហ្សឺណែវមិនទាន់មានក្នុងស្ថាប័ននីតិប្រតិបត្តិរបស់កម្ពុជា ។តែក្នុងនាមបញ្ញាជនមួយ រូប ឯកឧត្ដមមានទស្សនៈវិជ្ជមានរឺអវិជ្ជមានកម្រិតណាចំពោះនយោបាយ អភិវឌ្ឍន៍នៅក្នុងប្រទេសកំណើត ខ្លួន?
ចម្លើយ៖ ខ្ញុំបានសរសេរនិក្ខេបបទមួយ ស្ដីពីថា តើការអភិវឌ្ឍន៍សេដ្ឋកិច្ចជំរុញការអនុវត្តិច្បាប់ រឺពង្រឹងការអនុវត្តន៍ច្បាប់អាចទាក់ទាញលំហូរវិនិយោគ?ទីបំផុតខ្ញុំ រកឃើញថា គ្មានមួយណាចាញ់មួយណាទេ ត្រូវដើរទន្ទឹមគ្នា។នៅស្រុកយើង ឥទ្ធិពលពីសង្គ្រាមនៅតែជាឧបសគ្គដ៏សំខាន់មួយ។មើលទៅលើលក្ខខ័ណ្ឌ ប្រវត្តិសាស្ត្រដោយមិន គិតលក្ខខណ្ឌវប្បធម៌ខ្ញុំជឿ ថាយើងនៅត្រូវការពេលមួយជំនាន់ទៀត ពិសេសខ្ញុំសំដៅ លើការផ្លាស់ប្ដូរផ្នត់គំនិត។យើងត្រូវការហោច ណាស់៣០ឆ្នាំសម្រាប់ការផ្លាស់ប្ដូរ ចូរគិតថារឿងបុគ្គលជារឿងផ្សិង តែរឿងជាតិជារឿងដោយឡែក ដែលយើងមិន អាចងាកដូចកាច់ចង្កូតឡានត្រឹមមួយថ្ងៃទេ។តែយើងមើលពីការវិវត្តន៍ ឥឡូវនិយាយតែផ្នែកអ្នករកស៊ីពីមុនគាត់មិន ខ្វល់ទេពីរឿងក្រដាសស្នាមកិច្ចសន្យាអីអោយ តែនិយាយត្រូវរ៉ូវគ្នាហើយមានលុយមានកាក់ចូលគ្នារកស៊ីភ្លែតដល់ ហើយទាស់គ្នាក្រោយ តែឥឡូវគាត់ផ្សេងហើយគឺគាត់យល់ច្រើន គាត់ច្បាស់លាស់ខាងច្បាប់មុនរកស៊ីធ្វើការសន្យាអី មួយ សូម្បីតែផ្នែកច្បាប់ការងារអីក៏គាត់ចង់អនុវត្តន៍បានត្រឹមត្រូវ តាមស្តង់ដារគេ ដែរមិនដូចពីមុនៗទេ !
សំណួរ៖ ជាមួយនឹងការត្រឡប់មកវិញនេះ តើឯកឧត្ដមបាននឹងកំពុងរួមចំណែកដូចម្ដេចខ្លះលើការអភិវឌ្ឍន៍ជាតិ?
ចម្លើយ៖ ខ្ញុំទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយកំពុងរួមចំណែកពន្លឿនគោលដៅធំពីរគឺការត្រៀមលក្ខណៈធ្វើជាម្ចាស់ សមាគមអាស៊ានរបស់កម្ពុជា និងការLobbyអោយកម្ពុជាបានចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ខ្ញុំ ចាត់ទុកថាជាការងារដ៏សំខាន់និងមានមោទនភាពជាតិ ដោយសារយ៉ាងហោចណាស់យើង នឹងបានចូលរួមក្នុងការសម្រេចជោគវាសនាពិភពលោក។រាជរដ្ឋាភិបាលគិតគូរ ម៉ត់ម៉ងមានយុទ្ធសាស្ត្ររឹងមាំ ខ្ញុំមានចំណែកដូចជួយបន្ថែមប្រេង ជាកាតព្វកិច្ចដែលទទួលដោយមោទនភាពនិងធ្វើដោយផ្ចិតផ្ចង់បំផុត។ ព្រោះខ្ញុំគិត ថាខ្ញុំអត់សូវយ៉ាប់ទេ គេលីកាំភ្លើងទៅព្រះវិហារផង។
សំណួរ៖ តើឯកឧត្ដមមានរំពឹងដូចម្ដេចដែរចំពោះផែនការដាក់កម្ពុជាទៅក្នុង ចំណោមសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអ ស ប?
ចម្លើយ៖ខ្ញុំមានសុ ទិដ្ឋិច្រើន។នេះជាលើកទីមួយដែលយើងអាចនិយាយថាយើងកំពុងមានសក្ដា នុពលពេញខ្លួនទាំងផ្នែក នយោបាយ ចិត្តសាស្ត្រ សេដ្ឋកិច្ច និងការគាំទ្រ ក្នុងការយក កៅអី។
សំណួរ៖ ជាបុរសខ្លាំងមួយ រូបតើឯកឧត្ដមធ្លាប់បរាជ័យរឺបាក់ទឹកចិត្តទេ?
ចម្លើយ៖អូមានម្ដងបាក់ទឹក ចិត្តខ្លាំងគឺកាលនៅអាមេរិក ដំបូងសន្សំលុយបានខ្លះក៏យកទៅរកស៊ីជាមួយមិត្ត ភក្តិដោយសារអត់មានបទពិសោធន៍ក៏ខាតបង់អស់!តែប្រហែលដោយសារបទពិសោធន៍ អាក្រក់ហ្នឹងធ្វើអោយ ខ្ញុំយល់ពីស្ថានភាពអ្នក រកស៊ីបាន ច្រើន!វាដូចជាល្អ ដែរសម្រាប់ការងារសេវាផ្នែកច្បាប់របស់ខ្ញុំបច្ចុប្បន្ន!សំនួរនេះ ធ្វើអោយខ្ញុំនឹកឃើញបញ្ហាសំខាន់មួយរបស់ខ្មែរយើងគឺមានអ្នកខ្លះ ក្រដោយចៃដន្យហើយខ្លះមានដោយចៃដន្យ។អញ្ចឹងគាត់មិន អាចManageជីវិតគាត់តទៅមុខបានទេដោយសារអ្វីៗជារឿងចៃដន្យទាំង អស់។អញ្ចឹងមិនសូវល្អ ទេ យើងគួរទុកឱកាសអោយខ្លួនយើងរៀនពីបរាជ័យនិងការតស៊ូខ្លះ។
សំណួរ៖ ឯកឧត្ដមមើលឃើញអ្វីខ្លះទៅដែលជាសក្ដានុពលដ៏មានប្រសិទ្ធភាពឆ្ពោះ ទៅជោគជ័យផ្ទាល់ខ្លួននោះ?
ចម្លើយ៖អាច ថា ខ្ញុំធ្វើការដោយប្រើចិត្ត បើខ្ញុំចូលចិត្តគឺធ្វើហើយមិនទម្លាប់ធ្វើដើម្បីអោយគេឃើញអីទេ គឺNo។តែខ្ញុំទទួលថាធ្វើ អ្វីមួយគឺធ្វើអស់ពីលទ្ធភាព ហើយក៏ខ្ញុំធ្លាប់បដិសេធការងារជាច្រើនដែរការងារបង្គាប់បញ្ជា បញ្ចេះអីខ្ញុំអត់ទទួលទេ បើមិន មានភាពកក់ក្ដៅក្នុងការធ្វើខ្ញុំមិនទទួលតែម្ដង!ដូចជាទំនាស់ដី ធ្លីអីជាដើមខ្ញុំប្រាប់ទៅគេថា”សុខចិត្តអោយបងឯងអន់ចិត្ត តែខ្ញុំអត់សម្របបងបានទេ!”នេះជាចរិតលក្ខណៈរបស់ខ្ញុំ!ខ្ញុំចែក ខ្លួនជាពីរ ជាបុគ្គលខ្ញុំទន់ភ្លន់គោរពចាស់ទុំ គួរសមអ្នកធំអ្នកតូច ចេះអោនលំទោន តែការងារ ខ្ញុំរឹងវិញ។ខុសគឺខុស ពេលប្រជុំពេល អីផ្ទុយគំនិត ខ្ញុំមិនទម្លាប់សម្របប៉ុន្មានទេ គេគិតថាខ្ញុំ កោងដែរពេលខ្លះ តែយើងមិនអាចទៅរួច ដែលមកទន់ក្នុងProfessionalism។មានកូនក្ដីខ្លះសួរខ្ញុំថាពេល ក្តីមានបញ្ហាគេខឹងម៉េចបងឯងមិនខឹង?ខ្ញុំប្រាប់គាត់ថា ខ្ញុំខឹងធ្វើ អី វាជារបរទេ ជាវិជ្ជាជីវៈ មិនមែនជាមនោសញ្ចេតនាទេ នៅលើការស៊ូក្តីនោះ។
សំណួរ៖តើអត្តចរិតនោះធ្លាប់នាំអោយឯកឧត្ដមនូវបញ្ហារឺការប្រឈមមុខនានាទេ?
ចម្លើយ៖មានតិចតួចដែរ!អ្នកណាក៏ធ្លាប់មានកំហុស ពេលខ្លះយើងនិយាយត្រង់និយាយខុស ប៉ះពាល់ដល់ជីវិតរស់នៅរឺទឹកចិត្តអ្នកផ្សេងជាអចេតនាក៏ដោយ ជ្រុលមាត់អីហ្នឹង យើងក៏ពិចារណាសិក្សាពីវា ហើយសូមទោសគេ។


សំណួរ៖ ជាបុគ្គលដ៏ជោគជ័យមួយ រូបឯកឧត្ដមបណ្ឌិតអោយនិយមន័យលើមិត្តភាពដូចម្តេចដែរ?
ចម្លើយ៖អូខ្ញុំមានពួកម៉ាកពីរបី នាក់!សម្រាប់ ខ្ញុំខ្ញុំមានទស្សនៈថាមិត្ត ភក្តិភាគច្រើនបើបែកបាក់គ្នាគឺដោយសារតែផលប្រយោជន៍ប៉ុណ្ណឹង។សម្រាប់ ខ្ញុំការច្រណែនអត់ដែលមានទេក្នុងជីវិតនេះ ខ្ញុំគិតថាមិនមានអីដែលអោយខ្ញុំ ស្ញប់ស្ញែងចាប់អារម្មណ៍ទៀត ទេ។អ្នកធំអ្នកតូចជាតិអន្តរជាតិខ្ញុំជួបអស់ហើយ !ចំណែកលុយកាក់វិញ ខ្ញុំទុកវាជាប្រភពនៃបញ្ហា !មែន យើងត្រូវមានចំណូលចិញ្ចឹមជីវិត ត្រូវធ្វើការ តែកុំអោយលុយជាគ្រឿងបំផ្លាញយើង។មិត្តភ័ក្ដិខ្ញុំវិញពីរបី នាក់ហ្នឹងអាក្រក់ល្អសខ្មៅ អីនៅតែរាប់អានគ្នាដដែលអត់ទោមនស្ស អីទេ។ជីវិតឥឡូវនេះសប្បាយចិត្ត ធ្វើការដល់ម៉ោង១១យប់ព្រោះជាការងារចូលចិត្ត អានសៀវភៅក៏មិនដែលចោលគឺក្នុងឡានក៏អានបាន នៅទីណាក៏បាន ១០០ទំព័រអីក្នុងមួយថ្ងៃជាទម្លាប់ទៅហើយ។អត់យល់ថាហត់ទេព្រោះជា Passionក្នុងចិត្តដែលយើងចង់បាន។

ឯក ឧត្តម បណ្ឌិត និង លោក ជំទាវ

សំណួរ៖ រំលឹកពីឆ្នំា១៩៩៣ឯកឧត្ដមមានប្រសាសន៍ថាបានត្រឡប់មកកម្ពុជាវិញ ដើម្បីរៀបអាពាហ៍ពិពាហ៍តាម ការណែនាំពីម្ដាយ។តើអោយអ្នកអានបូក បញ្ចូលរបៀបណាទៅរវាងទស្សនៈដ៏ទាន់សម័យរបស់ឯកឧត្ដមក្នុងវិជ្ជាជីវៈ និងការយល់ព្រមទទួលយកអាពាហ៍ពិពាហ៍ដែលរៀបចំឡើងដោយចាស់ទុំ ដូច្នេះ?ចុះតើឯកឧត្ដមធ្លាប់មានជីវិតស្នេហាផ្ទាល់ខ្លួនក្នុងរបៀប ណាដែរទាន?
ចម្លើយ៖អូរឿងអស់ហ្នឹងមានច្រើនដូចគេឯងដែរ!(សើច)អត់អីប្លែកទេ!តែកាលដែលមកស្រុកឆ្នាំ៩៣គឺគោរពម្ដាយ!ភរិយាខ្ញុំនិងឯកឧត្ដមខៀវកញារីទ្ធ ជាបងប្អូនបង្កើតហើយម្ដាយគាត់ជាមិត្តភ័ក្ដិម្ដាយខ្ញុំ!កាលដែលមក ហ្នឹងក៏មកមើលសិនដែរទេ មិនមែនថាព្រមតាមទាំងស្រុងដែរ!តែខ្ញុំគិតថាខ្ញុំមានសំណាងដែល បានភរិយាខ្ញុំ!គាត់ក៏មានចំណេះដឹងខ្ពស់ជាមេធាវីដូចគ្នា!គាត់មាន ទស្សនៈល្អមិនលោភមិនលន់។ក្នុងការរស់នៅខ្ញុំមិនដែលមានសម្ពាធ ធ្វើអ្វីដែលខ្លួនឯងមិនចង់ធ្វើនោះទេ!ត្រង់កន្លែងនេះដែរខ្ញុំចង់ ផ្ដាំទៅយុវវ័យក្រោយៗថា សុភមង្គលបានមកពីលុយកាក់វាអត់យូរទេ។ជាមនុស្សគួររំពឹងសុភមង្គល ក្រៅពីលុយ។សុភមង្គលរបស់ខ្ញុំនៅលើការគូរគំនូរ លេងភ្លេង ។មនុស្សយើងបើCompeteនឹងខ្លួនឯង នឹងការចង់បានរបស់ខ្លួនឯងគឺល្អជាងទៅ Competeជាមួយអ្នកដទៃរហូតដល់បង្កជម្លោះ បង្កបញ្ហាមិនចេះចប់។ខ្ញុំឃើញខ្លះនិយមប្រើពាក្យថាអស់ប៉ុន្មាន អស់ទៅអោយតែឈ្នះ។ពាក្យហ្នឹងខ្ញុំអស់គោរពទេ!

សំណួរ៖ តើឯកឧត្ដមមានមធ្យោបាយអ្វីក្នុងការជួយអោយយុវវ័យជំនាន់ក្រោយអាចឯករាជ្យលើអនាគតរបស់ពួកគេនិងឈានទៅរកជោគជ័យ?
ចម្លើយ៖មានរឿងពីរ ទីមួយកុំចោលការអានសៀវភៅ!ទី២ធ្វើអ្វីត្រូវធ្វើអស់ពីលទ្ធភាព។

ឯកឧត្ដម បណ្ឌិតសុក ស៊ីផាន់ណាក្រៅពីមានសមត្ថភាពអាចប្រើឧបករណ៍ភ្លេងបានច្រើនប្រភេទ ថែមទាំងទទួលបានខ្សែក្រវាត់៤ជាន់ផ្នែកការ៉ាតេដូ។ ឯកឧត្ដមមានកូនប្រុស ស្រីពីរ រូបដែលមាននិស្ស័យស្រលាញ់ចូលចិត្តសិល្បៈ កីឡាដូចលោកឪពុកព្រមទាំងមានលទ្ធផលសិក្សាល្អជាទីគាប់ចិត្ត។
ក្រៅពីការងាររដ្ឋ ឯកឧត្ដមមានការិយាល័យសេវាកម្មច្បាប់មួយឈ្មោះថា Sok Siphana and Associate ក្នុងប្រទេសកម្ពុជា។

ម៉ីសនសុធារី

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: