ខ្សែ​ជីវិត​មេដឹក​នាំ​ កាដាហ្វី!


ការស្លាប់របស់ កាដាហ្វី បានក្លាយជាព័ត៌មានដ៏ពេញនិយមនៅគ្រប់បណ្ដាញសារព័ត៌មាននានាជុំវិញ ពិភពលោកនាពេលថ្មីៗនេះ។ មនុស្សជាច្រើន ចង់ដឹងចង់ស្គាល់ពីប្រវត្តិពិតរបស់ មេដឹកនាំរូបនេះជាខ្លាំង។ តើមេដឹកនាំរូបនេះមានដំណើរជីវិតបែបណាទៅ?

ជនល្មោភអំណាច កាដាហ្វី ឈ្មោះ ពេញថា Muammar Muhammad Abu Minyar al-Gaddafi។ កាដាហ្វី កើតនៅថ្ងៃទី ៧ មិថុនា ឆ្នាំ១៩៤២។ នៅឆ្នាំ ១៩៦៩ កាដាហ្វីបានផ្ដួលរបបរាជានិយមដោយមិនបង្ហូរឈាម និងបានឡើងកាន់អំណាចតាំងពីពេលនោះមក។ ការកាន់អំណាចផ្ដាច់ការរយៈពេល ៤២ឆ្នាំកន្លងមករបស់ខ្លួន បានធ្វើឲ្យរូបគេក្លាយជាមេដឹកនាំទីផ្ដាច់ការទី៤ កាន់អំណាចយូរបំផុតមិនជាប់ខ្សែស្រឡាយស្ដេច និងជាមេដឹកនាំផ្ដាច់ការដែលកាន់អំណាចយូរជាងគេបំផុតក្នុងពិភព អារ៉ាប់។

កុមារភាពនិងការសិក្សាយោធា
ម៉ាអូម៉ា កាដាហ្វី ត្រូវបានចិញ្ចឹមក្នុងជុំរុំកុលសម្ព័ន្ធមួយ ក្នុងវាលខ្សាច់ក្បែរទីក្រុង Sirte។ បើតាមប្រវត្តិនានាបានបង្ហាញថា គ្រួសារ កាដាហ្វី ស្ថិតក្នុងកុលសម្ព័ន្ធអារ៉ាប់ដ៏តូចមួយមានឈ្មោះថា Qadhadhfa និងមានឪពុកជាអ្នកគង្វាលចៀម។

កាដាហ្វីបានចូលរៀនបឋមសិក្សា នៅសាលាមូស្លីមដែលនៅឆ្ងាយពីផ្ទះក្នុងតំបន់ Sabha ដែលនៅពេលនោះរូបគេទទួលបានឥទ្ធិពលជាច្រើន ពីព្រឹត្តិការណ៍នានាក្នុងពិភពអារ៉ាប់។ គាត់មានចំណាប់អារម្មណ៍ជាខ្លាំងលើជ័យជំនះរបស់ប៉ាលេស្ទីន និងមានការខកចិត្តជាខ្លាំង ចំពោះការបរាជ័យរបស់ប៉ាលេស្ទីនដោយកងកម្លាំងអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨។ កាដាហ្វីមានការកោតស្ញប់ស្ញែងលើប្រធានាធិបតីអេហ្ស៊ីប Gamal Abdel Nasser និងបានចាត់ទុកគាត់ជាវីរបុរសរបស់ខ្លួន។ នៅឆ្នាំ ១៩៥៦ កាដាហ្វីបានចូលរួមក្នុងការបះបោរប្រឆាំងនឹងអ៊ីស្រាអែល អំឡុងវិបត្តិព្រែកជីកស៊ុយអេ។ កាដាហ្វីបានបញ្ចប់ថ្នាក់អនុវិទ្យាល័យនៅសាលាឯកជនមួយក្នុងតំបន់ Misrata ដោយផ្ដោតការយកចិត្តទុកដាក់លើប្រវត្តិសាស្ត្រ។

បន្ទាប់ពីនោះ គេបានចូលសិក្សាជំនាញយោធាលីប៊ី ក្នុងទីក្រុង បេនកាហ្ស៊ី ក្នុងឆ្នាំ ១៩៦១ និងបញ្ចប់ក្នុងឆ្នាំ ១៩៦៦។ ក្នុងពេលសិក្សាជំនាញយោធា និងក្រោយការបញ្ចប់ការសិក្សា កាដាហ្វីក៏បានបន្តការសិក្សានៅក្នុងតំបន់អឺរ៉ុបផងដែរ។

បដិវត្តន៍ឆ្នាំ១៩៦៩
នៅក្នុងប្រទេសលីប៊ី ក៏ដូចជាបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតដែរ ក្នុងការងារយោធា មានច្រើនតែអ្នកក្រីក្រប៉ុណ្ណោះដែលចូលបម្រើកិច្ចការនេះ ចាប់តាំងពីប្រទេសមួយនេះទទួលបានឯករាជ្យមក។ សម្រាប់កាដាហ្វី និងអ្នកដើរតាមគាត់ភាគច្រើន ត្រូវបានជំរុញចិត្តដោយរបបជាតិនិយមអារ៉ាប់ របស់មេដឹកនាំ Nasser ដែលថា អាជីពជាយោធា គឺជាការបណ្ដុះបណ្ដាលសម្រាប់ធ្វើបដិវត្ត។

ក្នុងនាមជាសិស្សម្នាក់ក្នុងសាលា បណ្ឌិតសភាយោធា កាដាហ្វីបានចូលរួមក្នុងចលនាសេរីមួយដែលមានឈ្មោះថា Free Officer Movement។ កាដាហ្វី មានគំនិតចង់ផ្ដួលរំលំ របបរាជានិយមតាំងតែពីគាត់នៅធ្វើជាទាហានមកម្ល៉េះ។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៩ ក្រុមមន្ត្រីជាន់ខ្ពស់មួយក្ដាប់តូច ដែលដឹកនាំដោយលោកកាដាហ្វី បានធ្វើរដ្ឋប្រហារមិនបង្ហូរឈាមផ្ដួលរំលំស្ដេច Idris របស់ប្រទេសលីប៊ី ខណៈពេលដែលព្រះមហាក្សត្រអង្គរនេះ យាងទៅព្យាបាលព្រះរោគនៅប្រទេសទួរគី។ ចំណែកក្មួយប្រុសរបស់ព្រះមហាក្សត្រ Idris លោក Sayyid Hasan ar-Rida al-Mahdi as-Sanussi ត្រូវដកអំណាច និងឃុំខ្លួននៅក្នុងផ្ទះដោយក្រុមបដិវត្តន៍ ហើយក្រោយមក ក្រុមបដិវត្តដែលដឹកនាំដោយកាដាហ្វីបានលុបចោលរបបរាជានិយម និងបានប្រកាសរបបសាធារណៈរដ្ឋអារ៉ាប់លីប៊ី។

ទំនាស់ជាមួយបច្ចិមប្រទេស
ដើម្បីពង្រឹងអំណាចរបស់ខ្លួន កាដាហ្វីបានប្រកាសបិទមូលដ្ឋានយោធារបស់អាមេរិក និងចក្រភពអង់គ្លេស រួមទាំងមូលដ្ឋាន Wheelus Air ដ៏ធំទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កាដាហ្វីបានប្រកាសថានឹងបណ្ដេញក្រុមហ៊ុនផលិតប្រេងរបស់ ប្រទេសលោកខាងលិចទាំងអស់ចេញពីប្រទេសរបស់ខ្លួន ប្រសិនបើមិនចែកភាគរយនៃចំណូលដែលរកបានច្រើនជាងមុនទេ។

កាដាហ្វី និង Nasser

ជាទូទៅ ក្នុងពេលនៃការកាន់តំណែងនេះ លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រមុខដឹកនាំរបស់ប្រទេស អេហ្ស៊ីបគឺលោក Nasser។

នៅខែធ្នូ ឆ្នាំដដែល ភ្នាក់ងារសម្ងាត់របស់អេហ្ស៊ីបបានជួយទប់ស្កាត់ នូវផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំលោកកាដាហ្វី ដោយក្រុមអ្នកប្រឆាំងមួយចំនួន។ ដើម្បីការពារអំណាចរបស់ខ្លួន កាដាហ្វី បានចែករំលែកអំណាចតែជាមួយ ក្រុមគ្រួសារ និងបក្សពួកជិតស្និទ្ធរបស់គាត់តែប៉ុណ្ណោះ។

ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ កាដាហ្វីបានធ្វើកំណែទម្រង់លើក្រុមជនជាតិដែលរស់នៅក្នុង ប្រទេសនេះជាច្រើន ជាក់ស្ដែង កាដាហ្វីបានបណ្ដេញអ្នកតាំងលំនៅ ជាជនជាតិអ៊ីតាលីចេញពីប្រទេសរបស់ខ្លួនទាំងអស់នៅឆ្នាំ១៩៧០។ កាដាហ្វី ធ្វើកំណែទម្រង់ និងអភិរក្សវប្បធម៌របស់ខ្លួនជាខ្លាំងសូម្បីតែប្រតិទិនគិតតាម គ្រិស្តសាសនា ក៏បានប្ដូរទៅប្រើប្រតិទិនឥស្លាមដែរ។

ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៧ កាដាហ្វី បានយល់ព្រមឲ្យមាន សហភាពសង្គមនិយមអារ៉ាប់ ដែលយកគំរូតាម សហភាពសង្គមនិយមអារ៉ាប់ របស់ប្រទេសអេហ្សីប ជាគណបក្សតែមួយគត់របស់ប្រទេស។

នៅឆ្នាំ១៩៦៩ កាដាហ្វីបានបង្កើតគណៈកម្មាធិការបដិវត្ត ដើម្បីធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងលើក្រុមអ្នកប្រឆាំង។ ក្នុងនោះមានប្រជាជននៃប្រទេសលីប៊ីប្រមាណពី១០ទៅ២០ភាគរយ ធ្វើការជាអ្នកផ្ដល់ព័ត៌មានក្រុមអ្នកប្រឆាំងដល់គណៈកម្មាធិការ នេះ។

ចាប់ពីឆ្នាំ១៩៨០ដល់១៩៨៧ទៀត កាដាហ្វីបានធ្វើការប្រឆាំងដោយហិង្សាចំពោះប្រទេសទាំងឡាយដែល ប្រឆាំងគាត់។ ជាក់ស្ដែង កាដាហ្វីបានជួលបណ្ដាញការទូតនៅបរទេសដើម្បីធ្វើឃាតអ្នករិះ គន់ និងប្រឆាំងគាត់ចំនួន២៥នាក់។

មិនត្រឹមតែប៉ុណ្ណោះ លោកបានក្លាយជាសត្រូវរបស់បស្ចិមលោក ដែលប្រទេសទាំងនោះចោទគាត់ ថាជាភេរវជន។ នៅឆ្នាំ១៩៨៦ អាមេរិកបានតាមសម្លាប់កាដាហ្វី ដោយទម្លាក់គ្រាប់បែកលើបន្ទាយរបស់គាត់ក្នុងរដ្ឋធានីទ្រីប៉ូលី។ កាដាហ្វី ឆ្លើយតបវិញ ដោយបញ្ជាឲ្យធ្វើភេរវកម្មបំផ្ទុះយន្តហោះអាមេរិកាំងមួយគ្រឿង នៅពីលើ Ecosse នៅឆ្នាំ១៩៨៨ និងយន្តហោះបារាំងមួយគ្រឿងនៅពីលើប្រទេសនីស្សេ ក្នុងឆ្នាំ១៩៨៩ ដោយបានសម្លាប់មនុស្សសរុបអស់៤៤០នាក់។

សេដ្ឋកិច្ច
ប្រទេសលីប៊ី គឺជាប្រទេសសម្បូរធនធានធម្មជាតិមួយ ជាពិសេសគឺប្រេងកាត ក៏ប៉ុន្តែផលិតផលដុលរបស់ប្រទេសមួយនេះ គឺស្ថិតនៅក្នុងដៃក្រុមគ្រួសារនិងបក្សពួកកាដាហ្វីទាំងអស់។ សហគ្រាសនៅក្នុងប្រទេសនេះ ភាគច្រើនគ្រប់គ្រងដោយក្រុមគ្រួសារ និងបក្សពួករបស់គាត់។

កាលពីដើមទសវត្សរ៍ឆ្នាំ១៩៧០ តម្លៃប្រេងកាត បានកើនឡើងយ៉ាងខ្លាំង។ នាពេលនោះហើយ ដែលលោកបានទាញយកចំណូលយ៉ាងច្រើនពីការឡើងថ្លៃនេះ ហើយយកមកទិញអាវុធ និងគាំទ្រគម្រោងការនយោបាយសំខាន់ៗរបស់ប្រទេសជាមិត្តរបស់មេ ដឹកនាំកណ្ដាប់ដៃដែករូបនេះ។

សាច់សារលោហិតរបស់កាដាហ្វី រស់នៅក្នុងស្ថានភាពស៊ីវិល័យយ៉ាងខ្លាំង ដូចជារស់នៅក្នុងផ្ទះប្រណិតៗ និងបានធ្វើការវិនិយោគនៅក្នុងរឿងហូលីវូដ ថែមទៀតផង។

សេដ្ឋកិច្ចប្រទេសលីប៊ីជាសេដ្ឋកិច្ចបែបផែនការ និងដើរតាមគោលគំនិតសង្គមនិយមរបស់កាដាហ្វី។ ចំណូលបានពីប្រេងកាតមានប្រមាណ៣០%នៃផលិតផលដុលក្នុងស្រុក សរុប។

សកម្មភាពចំពោះអារ៉ាប់
បន្ទាប់ពីលោក Nasser ស្លាប់ទៅ លោក កាដាហ្វី បានប៉ុនប៉ងក្លាយជាប្រមុខដឹកនាំនៃគណបក្សជាតិនិយមអារ៉ាប់។ នាពេលនោះ លោកបានបង្កើត មហារដ្ឋអ៊ីស្លាម Sahel ដោយប៉ុនប៉ងបង្រួបបង្រួមរដ្ឋអារ៉ាប់ នៅទ្វីបអាហ្វ្រិកខាងជើងទៅជារដ្ឋតែមួយ។

ការប៉ុនប៉ងផលិតអាវុធប្រល័យលោក
នៅឆ្នាំ១៩៧២ កាដាហ្វីបានប៉ុនប៉ងផលិតអាវុធប្រល័យលោក (Weapons of Mass Destruction)។ នៅពេលនោះកាដាហ្វី បានទទូចចង់ឲ្យប្រទេសចិនលក់គ្រប់បែកនុយក្លេអ៊ែរមួយគ្រាប់ ឲ្យខ្លួន។

នៅឆ្នាំ១៩៧៧ កាដាហ្វីព្យាយាមចង់ទិញអាវុធនុយក្លេអ៊ែរ ពីប្រទេសប៉ាគីស្ថានតែពេលនោះ ប៉ាគីស្ថានបានផ្ដាច់ទំនាក់ទំនងការទូតមុនពេលដែលលីប៊ី ទទួលបានជោគជ័យលើគម្រោងផលិតអាវុធមួយនេះ។ ក្រោយមក កាដាហ្វីបានព្យាយាមទិញអាវុធនុយក្លេអ៊ែរពីប្រទេសឥណ្ឌាទៀត តែឥណ្ឌាបានត្រឹមតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការប្រើ ប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាពតែប៉ុណ្ណោះ។

ការផ្លាស់ប្ដូរឥរិយាបថ
ក្រោយសង្គ្រាមអាមេរិកាំងនៅអៀរ៉ាក់ និងក្រោយពី Saddam Hussein ត្រូវបានចាប់ខ្លួន កាដាហ្វី ប្រហែលជាភិតភ័យ សម្រេចចិត្តបែរមកត្រូវរ៉ូវជាមួយអាមេរិកនិងអឺរ៉ុបវិញ ដោយបានផ្តល់ព័ត៌មានសម្ងាត់ស្តីពីបណ្ដាញភេរវកម្មអាល់កៃដាទៅឲ្យ ទីក្រុង វ៉ាស៊ីនតោន។ ចាប់ពីពេលនោះមក អ្នកដឹកនាំនៅបស្ចិមលោក ត្រូវបង្ខំចិត្តទទួលស្គាល់កាដាហ្វី វិញ ដ្បិតសម្លឹងឃើញជាពិសេស លើប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់នៃ ប្រទេសលីប៊ី។

ចលនាប្រឆាំងកាដាហ្វី
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ ចលនាបះបោរប្រឆាំងនឹងរដ្ឋាភិបាលកាដាហ្វីបានផ្ទុះឡើង ក្រោយពីមានការបះបោរប្រឆាំងមេដឹកនាំប្រទេសអារ៉ាប់ជិតខាងមួយ ចំនួនដូចជា អេហ្ស៊ីប និងទុយនេស៊ី ជាដើម។ ចលនាបះបោរបានរីកធំឡើងៗ បើទោះបីជាមានការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបះបោរយ៉ាងណាក៏ ដោយ។ នៅចុងខែកុម្ភៈ រដ្ឋាភិបាលកាដាហ្វីបានបាត់បង់តំបន់គ្រប់គ្រងរបស់ខ្លួនមួយ ភាគធំនៅភាគខាងកើតប្រទេស។ កម្លាំងយោធាកាដាហ្វីបានសម្លាប់ក្រុមអ្នកបះបោរយ៉ាងច្រើន ដែលក្នុងនោះបានវាយប្រហារនៅតំបន់ Khamis Brigade យ៉ាងធ្ងន់ធ្ងរ។


ចលនាប្រឆាំងកាដាហ្វីនៅខែមីនា ឆ្នាំ២០១១


សង្គ្រាមរវាងក្រុមបះបោរជាមួយកងទាហានកាដាហ្វី

លូដែលកាដាហ្វីចូលពួនមុនពេលគេចាប់បាននិងសម្លាប់


សាកសពកាដាហ្វីបន្ទាប់ ពីគេបាញ់សម្លាប់

ពាក់កណ្តាលខែមីនា កាដាហ្វីសម្រេចបញ្ជូនទាហាន អមដោយ រថក្រោះ និងយន្តហោះចម្បាំង ទៅកំទេចប្រជាជនស៊ីវិលនៅ Benghazi ដែលជាប្រភពនៃបដិវត្តន៍។ អន្តរាគមន៍ទាន់ពេលវេលានៃកងទ័ពជើងអាកាសរបស់ណាតូ ដែលត្រូវបានផ្តួចផ្តើមឡើងមុនគេដោយប្រទេសបារាំងនិងដែលត្រូវបាន អនុញ្ញាតដោយអ.ស.ប ដើម្បីបញ្ចៀសការកាប់សម្លាប់រង្គាល។ ចាប់តាំងពីពេលនោះមកទ័ពឧទ្ទាមលីប៊ី ការពារដោយយន្តហោះចម្បាំងរបស់ណាតូធ្វើសង្គ្រាមប្រឆាំងនឹងកាដាហ្វី ដណ្តើមបានទីក្រុងទ្រីប៉ូលីនៅថ្ងៃទី២២សីហា និងនៅទីបំផុតចាប់ខ្លួនរួចហើយសម្លាប់ កាដាហ្វីកាលពីថ្ងៃទី២០ ខែតុលា៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: