ក្មេង​គេច​​សាលា​កែ​ខ្លួន​ជា​អគ្គនាយក


ជាអគ្គនាយកក្រុមហ៊ុន ដែលកាលពីនៅក្មេងធ្លាប់ជាក្មេងគេចសាលា មិនចូលរៀន ហើយថែមទាំងដើរលេងផឹកស៊ីសប្បាយ រហូតដល់ប្រឡងធ្លាក់ ត្រូវឪពុកម្ដាយបញ្ជូនមករៀននៅភ្នំពេញ អាចកែប្រែជីវិតមកជាមនុស្សម្នាក់ដែលស្គាល់ពីតម្លៃនៃការសិក្សា រហូតឈានដល់ទទួលបានជោគជ័យក្នុងជំនួញគួរជាទីកោតសរសើរ ដែលបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ាស៊ីនត្រជាក់ HNT។

លោក កឺក ណារិន កើតថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៨២ នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មានបងប្អូន៧នាក់។ លោកជាកូនទី៤ ក្នុងត្រកូលជាប់ខ្សែស្រឡាយចិនមានជីវភាពមធ្យម ម្ដាយឈ្មោះ ប៉ាង គឹមសេង ឪពុកឈ្មោះ ទាវ កឺក មានមុខរបរមេជាងសិប្បកម្មដែកប៉ោត។

ក្មេងមិនចង់រៀនសូត្រ

ឆ្នាំ១៩៨៦ កុមារ កឺក ណារិន បានចូលរៀនបឋមសិក្សារកាកោង។ កាលណោះ គ្រួសារលោកមានជីវភាពមធ្យម។ ឪពុកលោក ជាជាងប៉ោត និងជាអ្នកលក់ផ្ទាល់តែម្ដង។ ដូច្នេះមិនមានទេការ លំបាកសម្រាប់លោក ហើយថែមទាំងពួកគាត់ មិនសូវបានតាមដានការសិក្សារបស់លោកផង។ កាលនោះលោកមិនបានចូលរៀនទៀងទាត់ទេ ព្រោះលោកបានវក់នឹងបាល់ទាត់ និងដើរលេងមិនចូលរៀនជាមួយមិត្តភ័ក្តិ ជាពិសេសមានមិត្តភ័ក្ដិជាក្រុមអ្នកដើរលេងទៀត។

ម៉ោងសិក្សាមិនចួលសាលា គិតតែដើរលេង

ឆ្នាំ១៩៩២ លោកបានចូលរៀននៅវិទ្យាល័យមង្គលបុរី ប៉ុន្តែចរិតជាក្មេងជំទង់ធ្លាប់ដើរលេងមិនចូលរៀននៅតែបន្ត និងរឹតតែខ្លាំងលើសដើម។ ក្នុងពេលទំនេរ លោកជួយធ្វើការផ្ទះ តែម៉ោងរៀនលោកមិនបានចូលរៀនឡើយ គឺមានតែលេងបាល់ទាត់ និងការដើរលេង នៅក្រៅរបងសាលាប៉ុណ្ណោះ តែមិនដល់ថ្នាក់ដើរវ៉ៃគេនោះទេ។ បើម៉ោងរៀនមិនចូលសាលាផង តើបានចំណេះពីណាមក ចំណាត់ថ្នាក់ដែលលោកទទួលបាន មិនល្អម្ដងណាឡើយ តែជាភ័ព្វសំណាងលោកក៏ប្រលងចេះតែជាប់បានឡើងថ្នាក់ជាមួយមិត្ត រួមថ្នាក់។ កាលណោះ ផ្ទះរបស់លោកមានបងប្អូនច្រើន ដូច្នេះលោកជិះកង់ទៅរៀន ដែលមើលទៅរាងឡូយជាងគេបន្តិច។ អនុស្សាវរីយ ដែលលោកបានចងចាំគឺ ពេលមានភ្លៀងធ្លាក់ ត្រូវនឹងកង់ដែលលោកយកមកជិះនោះចាស់ស្រាប់ បានរអិលធ្លាក់ចូលប្រឡាយភក់ ប្រឡាក់ពេញខ្លួន។

ទម្លាប់ដើរលេងរហូតដល់ខូចអនាគត បោះបង់ការសិក្សា

រហូតដល់ចូលរៀនថ្នាក់ទី១១ ទម្លាប់ជាក្មេងអាក្រក់មិនអាចកែ ជាក្រុមក្មេងមិនគិតរៀនសូត្រ គិតតែពីដើរលេងសប្បាយ លេងល្បែងស៊ីសង ពេលខ្លះដើរលេងដាច់យប់មិនចូលផ្ទះ ផឹកស៊ីជាហ្វូង ជាក្រុមទំនើងចាស់ប្រដៅមិនស្ដាប់។ ជាវ័យក្មេងឈាមរាវ ចង់សាកចង់ដឹងអ្វីៗគ្រប់យ៉ាង នៅពេលនោះ លោកបានសម្រេចចិត្តមកជាមួយមិត្តភ័ក្ដិ មកដើរលេងនៅភ្នំពេញមិនផ្ដល់ដំណឹងដល់អ្នកផ្ទះ ដោយបានចូលបារាំកម្សាន្ត ឈ្លក់វង្វេងភ្លើតភ្លើននិងភ្លើងពណ៌ រហូតអស់លុយពីខ្លួន ទើបវិលត្រលប់ទៅស្រុកកំណើត។ ជាទូទៅ មនុស្សចាស់តែងតែប្រដៅកូនចៅថា យុវជនកាលណាធ្លាប់ស្គាល់រស់ជាតិសប្បាយ ហើយមិនអាចប្រមូលអារម្មណ៍រៀនបន្តបានឡើយ។ នៅពេលប្រឡងឡើងថ្នាក់ទី១១ មិត្តរួមថ្នាក់គេឡើងថ្នាក់ទាំងអស់ តែលោកបែរជាប្រឡងធ្លាក់។ ជាមួយគ្នានោះលោកក៏បានសម្រេចចិត្តឈប់រៀនដោយឥតស្ដាយស្រណោះ បន្តិចសោះឡើយ។

ខ្លាចកូនគ្មានអនាគត ឪពុកម្ដាយបញ្ជូនមករៀនបន្តនៅភ្នំពេញ

ខ្លាចកូន ប្អូនគ្មានអនាគត ឪពុកម្ដាយ និងបងៗរបស់លោកបាននាំគ្នាជំរុញឲ្យលោកមករៀនបន្តនៅភ្នំពេញ។ លោកក៏សម្រេចចិ ត្តមករស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែក្នុងចិត្តរបស់លោកមានបំណងផ្សេងទៅវិញ គឺមកទីក្រុងភ្នំពេញ ដើម្បីហាត់វ៉ៃគ្នា(តៃក្វាន់ដូ) សម្រាប់ការពារខ្លួន ព្រោះធ្លាប់ជាក្មេងដើរលេងច្រើន។ ដូចបំណងដែលបានប៉ងប្រាថ្នា លោកបានហាត់តៃក្វាន់ដូមែន តែអ្វីហាក់ដូចជាមិនដូចការគិតរបស់លោកកាលនៅស្រុកកំណើត ដោយសារតែមិនមានការចាំបាច់អ្វីត្រូវហាត់វ៉ៃគ្នាឡើយ។

មកដល់ភ្នំពេញអ្វីៗបានប្រែប្រួល

ឆ្នាំ១៩៩៩ ដល់ដីភ្នំពេញអ្វីៗហាក់ប្រសើរឡើងវិញ រស់នៅផ្ទះឪពុកមាដែលមានកូនសុទ្ធតែជាអ្នករៀនសូត្រដែលជាគំរូ ល្អ។ ម្យ៉ាងទៀតឃ្លាតឆ្ងាយពីមិត្តភ័ក្ដិអាក្រក់រស់នៅស្រុកកំណើត ដូច្នេះលោកបានចាប់ផ្ដើមរៀនភាសាអង់គ្លេសឡើងវិញ គឺរៀននៅម្ដុំសាលាបាក់ទូក។ ត្រឹមនេះ ហាក់ដូចជាភាពជាអ្នកចេះដឹង ចាប់ផ្ដើមប្រាកដខ្លួនម្ដងទៀត។ នៅជិតបងប្អូនជាអ្នកខិតខំរៀនសូត្រ ទើបដឹងថា រៀនសូត្រមានតម្លៃកម្រិតណា។ នៅពេលនោះលោកនៅបន្តហាត់តៃខ្វាន់ដូ ប្រឹងប្រែងរៀនភាសាបរទេស និងចាប់ជំនាញបន្ថែមជាជាងម៉ាស៊ីនត្រជាក់។

អនុស្សាវរីយដែលលោកចងចាំ គឺក្នុងអំឡុងពេលនោះ រៀងរាល់ព្រឹកលោកត្រូវក្រោកពីគេងនៅម៉ោង៥ ទៅហាត់តៃក្វាន់ដូនៅស្តាតអូឡាំពិក ម៉ោង៦ ជិះកង់ទៅរៀនភាសាអង់គ្លេសនៅបាក់ទូក ម៉ោង៧ ជិះទៅរៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់នៅខណ្ឌឫស្សីកែវ ដោយចិត្តចង់ចេះបំផុត។

រៀនបណ្ដើរអនុវត្តបណ្ដើរ

ដោយមានការលើកទឹកចិត្តពីឪពុកម្ដាយ និងមានការណែនាំពីមិត្តរួមថ្នាក់របស់លោក នៅកន្លែងជាងម៉ាស៊ីនត្រជាក់ បានធ្វើឲ្យលោកដឹងថា រៀនជំនាញបច្ចេកទេសរយៈ៣ឆ្នាំ និងទទួលបានសញ្ញាប័ត្រ មានតម្លៃស្នើសញ្ញាប័ត្របាក់ឌុប។ លោកបានរំលឹកថា កាលណោះ មិត្តរួមថ្នាក់អ្នករៀនសូត្រម៉ាស៊ីនត្រជាក់គេស្គាល់ក្រុមហ៊ុនដែល ត្រូវការអ្នកស្ម័គ្រចិត្ត លោកក៏តាមសុំគេទៅជាមួយរាល់ថ្ងៃទើបគេព្រម។ លោកបានធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងក្រុមហ៊ុនលក់ម៉ាស៊ីន ត្រជាក់មួយ អស់រយៈពេល៦ខែ ក្នុងពេលវ៉ាកង ពីការសិក្សា ក្នុងគោលបំណងដើម្បីបញ្ចេញនូវចំណេះធ្វើចេញពីការរៀនសូត្រ ដែលបាននាំឲ្យលោកទទួលបានបទពិសោធន៍។ តាមការអះអាងពីលោក កាលនៅរៀនជាងម៉ាស៊ីនត្រជាក់នោះ លោកទទួលចំណាត់មិនសូវល្អប៉ុន្មានទេ។

រៀនចប់ជាងម៉ាស៊ីនត្រជាក់ បែរជាធ្វើការក្នុងក្រុមហ៊ុនអចលនទ្រព្យ និងរៀនបន្តផ្នែកព័ត៌មានវិទ្យា

នៅឆ្នាំ២០០២ រៀនចប់បានទទួលសញ្ញាប័ត្រសិក្សាឯកទេសជំនាញម៉ាស៊ីនត្រជាក់ តែលោកមិនបានចូលធ្វើជាជាងម៉ាស៊ីនត្រជាក់ទេ ដោយសាតែ ធ្លាប់ធ្វើជាអ្នកស័្មគ្រចិត្ត ទើបលោកដឹងថា ការងារជាជាងម៉ាស៊ីនត្រជាក់មិនស្អាតបាត ហើយប្រើប្រាស់កម្លាំងទៀតផង ដោយសារសញ្ញាប័ត្រដែលលោកទទួលបានមានតម្លៃបាក់ឌុប លោកក៏បានចូលរៀន បន្តយកបរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យន័រតុន នៅពេលយប់ និងពេលថ្ងៃលោកចូលបម្រើការងារជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ មួយតាំងពីឆ្នាំ២០០១មកម្លេះ។

លោកសម្រេចចិត្តរៀនផ្នែក IT ដោយសារតែលោក មានបងៗជាអ្នកមានកុំព្យូទ័រប្រើប្រាស់ ដូច្នេះលោកក៏មានចំណាប់អារម្មណ៍ដែរ ព្រោះកាលណោះមិនសូវមានអ្នកចេះប្រើប្រាស់ទេ។

ពីបុគ្គលិកក្រុមហ៊ុនធម្មតាទៅជានាយកគ្រប់គ្រង

ការងារចាប់ផ្ដើមពីប្រាក់ខែ១០០ដុល្លារជាបុគ្គលិកសាមញ្ញ នៅក្រុមហ៊ុនអចលទ្រព្យ “ប៊ុណ្ណារៀលអ៊ីស្តេត” ក្នុងអំឡុងឆ្នាំ២០០៣ដល់២០០៤។ ក្រោយមក លោកបានឡើងតំណែងជាអ្នកវាយតម្លៃអចលនទ្រព្យ ហើយក្រោយមកទៀតលោកបានកាន់តំណែងជាជំនួយការនាយកប្រតិបត្តិ ក្រុមហ៊ុន។ ឆ្នាំ២០០៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយបានកាន់តំណែងជានាយកគ្រប់គ្រងនៅក្រុមហ៊ុននោះតែម្ដង។

តំណែងខ្ពស់ប្រាក់ខែច្រើននៅតែលាឈប់

ឆ្នាំ២០០៨ លោកបានកាន់តំណែងជាអគ្គនាយករងក្រុមហ៊ុន ដែលបានទទួលបៀរវត្សជិត២០០០ដុល្លារ។ ត្បិតតំណែងខ្ពស់ ប្រាក់ខែច្រើនពិតមែន តែពេលនោះលោកមានអារម្មណ៍ស្រឡាញ់ក្រុមហ៊ុនមែនទែនដោយយកចិត្តទុក ដាក់អស់ពីសមត្ថភាព។ ដូចពាក្យចាស់លោកថា ”ទីកាន់តែខ្ពស់ កាន់តែត្រូវខ្យល់ខ្លាំង” ពេលនោះ មានបញ្ហាតិចតួចពីក្រុមហ៊ុន និងបញ្ហាផ្ទាល់ខ្លួនមួយចំនួនផង ហើយជាចៃដន្យ ពេលនោះ លោកបានជួបមិត្តរួមថ្នាក់ កាលនៅរៀនជួសជុលម៉ាស៊ីនត្រជាក់ជាមួយគ្នា ដោយបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងដោយមើលឃើញឱកាសនៃទីផ្សារលោកក៏សម្រេចចិត្ត ចាប់គម្រោងបើកក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ដោយនៅខែកញ្ញា ឆ្នាំ២០១១ បានលាឈប់ពីការងារអគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យមួយនោះ។

បង្កើតក្រុមហ៊ុន HNT Cool ដោយចាប់ផ្ដើមដើមទុនត្រឹម៣០០០ដុល្លារ

នៅឆ្នាំ២០១០ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ HNT Cool ត្រូវបានបង្កើតឡើងក្រោមដើមទុនវិនិយោគត្រឹម៣០០០ដុល្លារ ប៉ុណ្ណោះ។ មិនមែនដោយសារតែឱកាសទីផ្សារប៉ុណ្ណោះទេ ចំណុចសំខាន់ដែលលោក សម្រេចបើកដោយសាតែ មិត្តភ័ក្ដិដែលសហការជាមួយលោកសុទ្ធតែជាជាងមានបទពិសោធន៍ ក្នុងមុខរបរម៉ាស៊ីនត្រជាក់ និងបណ្ដាញទំនាក់ទំនងរបស់លោកជាមួយបណ្ដាក្រុមហ៊ុនផ្សេងបានល្អផង ដែរ។

ជំនឿមុតមាំ អាចជម្នះភាពបរាជ័យ

អ្វីៗក៏ដោយការចាប់ផ្ដើមដំបូងវាលំបាកខ្លាំងណាស់កុំតែបាន ការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីក្រុមគ្រួសារដំណើរការណ៍ ក្រុមហ៊ុនរបស់លោកពិតជាទៅមិនរួចទេ ព្រោះថានៅឆ្នាំ២០១០ ម៉ាស៊ីនត្រជាក់នៅក្នុងទីផ្សារកម្ពុជា ហាក់បីដូចជាមានគ្រប់សណ្ឋានអស់ហើយ ទាំងជជុះ ទាំងថ្មីតាមបណ្ដាហាងតូចៗ និងក្រុមហ៊ុនដទៃៗទៀត ដូច្នេះក្រុមគ្រួសាររបស់លោកហាក់ដូចជាមិនមានជំនឿថា ក្រុមហ៊ុននេះអាចដំណើរការណ៍ឡើយ ប៉ុន្តែដោយភាពជឿជាក់ និងមិត្តភ័ក្ដិមានជំនាញច្បាស់លាស់ លោកបានពុះពារកាលំបាករហូតអាចឈរជើងដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកបានទទួលកុងត្រាពីអតិថិជនមានតម្លៃ រ៉ាប់ម៉ឺនដុល្លារ។ នៅឆ្នាំ២០១២នេះ លោកបានសម្រេចចិត្តពង្រីកអាជីវកម្មបន្ថែម ដើម្បីឆ្លើយតបចំពោះតម្រូវការដែលមានការកើនឡើងយ៉ាងឆាប់រហ័ស។

ការសន្សំសំចៃជារឿងចម្បង

ធម្មតាការពង្រីកក្រុមហ៊ុនត្រូវការដើមទុនជាចាំបាច់ ដើមទុនសម្រាប់ការពង្រីក លោកបានមកពីប្រាក់កម្ចីមួយចំនួនធំៗ និងមួយចំនួនបានមកពីការរកស៊ីចំណេញ និងមួយផ្នែកទៀតគឺការសន្សំសំចៃរបស់លោកផ្ទាល់តែម្ដង លោកបានបញ្ជាក់ថា តាំងពីបើកក្រុមហ៊ុនមកដល់ថ្ងៃនេះហើយ លោកមិនដែលបានដកយកប្រាក់ក្រុមហ៊ុនចាយបន្តិចណាឡើយ ព្រោះគោលបំណងតែ១គត់ គឺការរីកចម្រើនរបស់ក្រុមហ៊ុនតែម្ដង។

បច្ចុប្បន្នភាព

លោក កឺក ណារិន អាយុ៣០ឆ្នាំ រៀបការនៅឆ្នាំ២០០៥ មានភរិយាឈ្មោះ ធុន សោភា ជាចំណងដៃលោកមានកូន៣នាក់។ ក្នុងក្រុមហ៊ុនHNT cool លោកមានភាគហ៊ុន៣៥ភាគរយ និងក្រុមហ៊ុនអចលនទ្រព្យអេស៊ារៀលអ៊ិស្តេតលោកមានProfit sharing ផងដែរ។ ដោយឡែកប្រាក់ខខែពីក្រុមហ៊ុនមួយនេះ គឺ១៣០០ដុល្លារក្នុង១ខែ។ ចំពោះចំណូលពីក្រុមហ៊ុផ្ទាល់ខ្លួនវិញក្នុងមួយខែ២០០០ដុល្លារ។

បទពិសោធជីវិត

លោក កឺក ណារិន ធ្លាប់មានជីវិតជាក្មេងដើរលេងមិនចូលសាលា បែរជាអាចផ្លាស់ប្ដូរមកជាមនុស្សម្នាក់ដែលមានភាពជោគជ័យក្នុង ជីវិត។ អ្វីដែលលោកបានកត់សម្គាល់មានដូចជា មិត្តភ័ក្ដិនៅស្រុកកំណើតដែលធ្លាប់ដើរលេងផឹកស៊ីជាមួយគ្នា។ បច្ចុប្បន្ននេះ មានតែលោកម្នាក់ប៉ុណ្ណោះដែលមានអនាគតល្អ ក្រៅពីនេះ មានអ្នកខ្លះស្លាប់បាត់ហើយ ខ្លះទៀតជាប់គុក និងមួយចំនួនទៀតស្រាលជាងគេបន្តិច គឺទៅសាងផ្នួសជាព្រះសង្ឃលាងជម្រះបាបកម្មដែលបានសាង។ ក្រឡេកមើលក្រោយបន្តិច លោកពិតជារំភើបខ្លាំងណាស់ ចំពោះការជំរុញរបស់ក្រុមគ្រួសារដែលនាំឲ្យលោកអាចកសាងជីវិតដូច សព្វថ្ងៃនេះ។

ការផ្ដាំផ្ញើដល់យុវជនដែលចង់មានភាពជោគជ័យ

សូមយុវជនជំនាន់ក្រោយ ត្រូវព្យាយាមអស់ពីសមត្ថភាព ហើយត្រូវគិតថាអ្វីៗក៏យើងអាចធ្វើបានដែរ ឲ្យតែយើងអភិវឌ្ឍខ្លួនឯង និងពុំមានអ្វីដែលមិនអាចកែប្រែបាននោះទេ។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ មានច្រើនណាស់នៅស្ថាប័នដែលអាចជួយដល់យុវជន ទាំងប្រឹក្សាយោបល់និងបណ្ដុះបណ្ដាលជំនាញ ជាពិសេសជាងនេះទៅទៀតយុវជនអាចរៀនសូត្រពីបណ្ដាញអ៊ីនធឺណិតបានយ៉ាង ងាយស្រួលទៀតផង៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: