ក្មេង​កំព្រា​​ឪពុក​ ​​ក្លាយ​ជា​អគ្គនាយក!


“ធ្វើអាជីវកម្មដើម្បីកេរ្តិ៍ឈ្មោះ មិនមែនដើម្បីលុយនោះទេ”។ នេះជាប្រសាសន៍របស់លោក ឌិន សុមេធារិទ្ធ អគ្គនាយកក្រុមហ៊ុន សណ្ឋាគារ frangipani មានន័យថា ដើមផ្កាចំប៉ី ដែលជាក្មេងកំព្រាឪពុក តែខិតខំរៀនសូត្រ ក្លាយជាសិស្សពូកែ រហូតទទួលបានជោគជ័យក្នុងការងារដោយ ចាប់ផ្ដើមពីប្រាក់ខែ១៥០ដុល្លារ រហូតដល់ ៣ពាន់ដុល្លារ និងមានក្រុមហ៊ុនផ្ទាល់ខ្លួន។

លោក ឌិន សុមេធារិទ្ធ កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ ដែលអ្នកម្ដាយឈ្មោះ តេង ស៊ីណា និងលោកឪពុកឈ្មោះ ធួក ខេត្ត មានមុខរបរជាគ្រូបង្រៀន កើតក្នុងត្រកូលមន្ត្រីរាជការ ជាកូនពៅក្នុងចំណោមបងប្អូន២នាក់។

ឆ្នាំ១៩៧៥ របបវាលពិឃាដប៉ុលពត បានចូលមកកាន់កាប់ប្រទេសទាំងមូល កាលនោះលោកទើបតែមានតែប៉ុណ្ណោះ។ គ្រួសាររបស់លោក ក៏ដូចជាប្រជាជនទូទៅដែរត្រូវបានរបបប៉ុលពតជម្លៀសចេញពីទីក្រុង ឲ្យទៅរស់នៅទីជនបទដាច់ស្រយាលស្ថិតនៅចន្លោះ ខេត្តកំពង់ចាម និងព្រៃវែង។ ជាងនេះទៅទៀត ក្នុងរបបខ្មៅងងឹតមួយនេះ បានចាត់ទុកអ្នកចេះដឹង ឬបញ្ញាវន្ត ថាជាសត្រូវរបស់បដិវត្តន៍ ដូច្នេះឪពុកលោកជាគ្រូបង្រៀន គឺជាទិសដៅទី១ដែលត្រូវបានកម្ទេច។

ឆ្នាំ១៩៧៩ របបប៉ុលពត បានដួលរលំទាំងស្រុង ប្រជាពលរដ្ឋកម្ពុជាជាទូទៅបានចាប់ផ្ដើម ប្រកបមុខរបរចិញ្ចឹមជីវិតឡើងវិញ។ មុខរបរជាអ្នកធ្វើស្រែចម្ការមានការលំបាក ដោយសារមុនសម័យប៉ុលពត ធ្លាប់មានស្វាមីជាគ្រូបង្រៀន ដែលកាលណោះអាចចិញ្ចឹមគ្រួសាររស់បានយ៉ាងស្រួល ក៏ប៉ុន្តែ ដោយសារម្ដាយរបស់លោក ធ្លាប់មានជំនាញផ្នែកដេរប៉ាក់ ដូច្នេះ ម្ដាយរបស់លោកបាននាំលោក និងបងស្រីរបស់លោកមករស់នៅក្នុងទីក្រុងភ្នំពេញវិញ ដោយប្រកបមុខរបរជាជាងកាត់ដេរ។

អង្គុយរៀនផ្ទាល់នឹងឥដ្ឋ

រស់នៅទីក្រុងភ្នំពេញនៅម្ដុំផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានហាងកាត់ដេរសំលៀកបំពាក់តូចមួយ។ ឆ្នាំ១៩៨០ ដោយធ្លាប់មានឪពុកជាអ្នកចេះដឹង ម្ដាយរបស់លោកមិនព្រងើយកន្តើយឡើយ បានបញ្ជូនលោក និងបងស្រីលោកឲ្យចូលរៀន នៅសាលាបឋមសិក្សាខេមរបុត្រ ដែលមានទីតាំងនៅម្ដុំក្រោយពេទ្យចិន។ លោកបានរំលឹកថា រៀនក្នុងថ្នាក់ គឺអង្គុយបត់ជើងផ្ទាល់នឹងឥដ្ឋ ដោយកាលណោះក្រណាស់ ពុំមានតុ-កៅអី សម្រាប់រៀនដូចសព្វថ្ងៃនេះទេ។

ក្ដីសង្ឃឹមរបស់អ្នកម្ដាយចំពោះកូន

ពិតណាស់ថា ជាស្រីមេម៉ាយ មានមុខរបរជាជាងកាត់ដេរ មានកូនពីរនាក់ក្នុងបន្ទុក ជាការលំបាកណាស់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្តែម្ដាយរបស់លោកតែងតែផ្ដល់ក្ដីសង្ឃឹមថា ពេលកូនរៀនសូត្របានខ្ពង់ខ្ពស់ និងទទួលបានកម្រិតជីវភាពធូរធារ ដូច្នេះក្តីជំរុញ និងលើកទឹកចិត្តរបស់ម្ដាយបែបនេះ ធ្វើឲ្យលោកប្រឹងប្រែងរៀនសូត្រ។ ពេលទំនេរ ពីការទៅរៀននៅសាលា លោកតែងជួយការងារកាត់ដេរម្ដាយ លោកតែងតែខិតខំប្រឹងប្រែងមើលសៀវភៅ។

អនុស្សាវរីយដែលលោកបំភ្លេចមិនបានកាលណោះ ស្បែកជើងមិនសម្បូរដូចសព្វថ្ងៃនេះទេ។ កាលណោះភាគច្រើនក្មេងៗពុំមានស្បែកជើងពាក់ទេ ម្ដាយរបស់លោកបានទិញស្បែកជើងឲ្យលោកពាក់ បានប្រហែល១សប្ដាហ៍ប៉ុណ្ណោះ គ្រាន់តែពាក់ចូលផ្ទះអ្នកជិតខាងគឺត្រូវចោរលួចបាត់តែម្ដង។

ដើរទៅរៀន ក៏អាចជាសិស្សពូកែ

ឆ្នាំ១៩៨៦ លោកចូលរៀននៅអនុវិទ្យាល័យចតុមុខ និងបានរើផ្ទះ មករស់នៅម្ដុំអតីតទូរទស្សន៍ជាតិ ដូច្នេះផ្ទះរបស់លោកនៅជិតសាលារៀនផង លោកបានសម្រេចចិត្តដើរទៅរៀនរាល់ថ្ងៃ។ លោកចូលចិត្តដើរតាមផ្លូវព្រះនរោត្ដមណាស់ ដោយសារមានដើមឈើធំៗ បានផ្ដល់ជាម្លប់ត្រជាក់ដល់លោក។

កាលណោះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការរៀនសូត្រ លោកត្រូវបានសាលាបញ្ជូនឲ្យចូលរៀនក្នុងថ្នាក់ពិសេស អក្សរសាស្ត្រខែ្មរ និងគណិតវិទ្យាថែមទៀតផង ដោយទទួលបានចំណាត់ថ្នាក់ខ្ពស់ចន្លោះពីលេខ ១ដល់លេខ៣ ក្នុងចំណោមសិស្សក្នុងថ្នាក់ជាច្រើននាក់។ នៅឆ្នាំ១៩៨៩ ដោយកាលណោះការទទួលឲ្យចូលរៀនត្រូវប្រឡង លោកបានខិតខំរៀនសូត្រ រហូតដល់ប្រឡងជាប់ បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ មិនខុសពីរៀននៅអនុវិទ្យាល័យដែរ លោកត្រូវបានឲ្យចូលរៀននៅក្នុងថ្នាក់ពិសេសដដែល។

ធ្លាប់មានជីវភាពជាកូនអ្នកក្រ ស្រមៃចង់ធ្វើអ្នកមាន

ក្ដីស្រមៃរបស់លោកតាំងពីក្មេងមក ទោះបីជាដឹងថា ជីវភាពរបស់ក្រុមគ្រួសារលោកមធ្យម និងស្ថានភាពប្រទេសជាតិនៅក្រីក្រក៏ដោយ លោកតែងតែនឹកស្រមៃថា ចង់ក្លាយជាអ្នកមាន ព្រោះលោកគិតថាកាលណាលោករៀនសូត្របានចេះដឹង លោកនឹងអាចធ្វើការក្នុងមុខតំណែងខ្ពស់ អាចរកចំណូលបានច្រើន ដែលអាចឲ្យលោករស់នៅដោយក្ដីស្រណុក។

អ្វីដែលលោកបានចងចាំមិនភ្លេច គឺមិត្តភ័ក្ដិកាលណោះស្រឡាញ់គ្នាណាស់ មិនសូវគិតពីរឿងលុយកាក់ទេ។ មានពេលខ្លះ ទិញទឹកអំពៅ១ថង់ ញ៉ាំ ៥នាក់ក៏មានដែរ។ មកទល់បច្ចុប្បន្ននេះមិត្តភ័ក្ដិរួមថ្នាក់ពិសេសទាំងអស់របស់លោក ដែលសុទ្ធតែជាសិស្សពូកែ មានការងារសុទ្ធតែតំណែងធំៗក្នុងស្ថាប័នរដ្ឋ និងឯកជន។

កម្រិតឧត្ដមសិក្សាមិនងាយដូចសម័យបច្ចុប្បន្នទេ

ឆ្នាំ១៩៩២ លោកបានប្រលងបាក់ឌុបជាប់ ហើយបានសម្រេចចូលរៀននៅមហាវិទ្យាល័យ
ស្ថាបត្យកម្ម និងនគរោបនីយកម្មវិទ្យានៃសាកលវិទ្យាល័យវិចិត្រសិល្បៈ ប៉ុន្តែការចូលរៀនកម្រិតឧត្ដមសិក្សាកាលណោះមិនដូចសព្វថ្ងៃបង់លុយ ចូលរៀននោះទេ អ្នកចង់ចូលរៀនត្រូវដាក់ពាក្យចូលប្រឡង និងរៀនត្រៀមមុនរយៈពេល២ឆ្នាំ និងរៀនរយៈពេល៥ឆ្នាំទៀតទើបទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ ។

លោករំលឹកថាក្នុង១ឆ្នាំសាលាទទួលតែ៣០នាក់ប៉ុណ្ណោះឲ្យចូលរៀន មុខវិទ្យានេះដូច្នេះត្រូវមានការប្រឡង។ ការប្រឡងប្រជែងដែលមានអ្នកចូលរួមប្រឡងរាប់រយនាក់ ហើយអ្នកទាំងនោះគឺត្រូវចំណាយពេលចូលរៀនត្រៀមរយៈពេល២ឆ្នាំជា មុនទើបបានប្រឡង ហើយបើប្រឡងមិនជាប់គឺ អ្នកទាំងនោះត្រូវចំណាយរយៈពេល២ឆ្នាំចោល។ ដូច្នេះនៅពេលលោកប្រឡង គឺត្រូវប្រឡងជាមួយសិស្សថ្មីផង និងសិស្សធ្លាក់ឆ្នាំមុនៗផង តែដោយការខិតខំរៀនសូត្រលោកបានប្រឡងជាប់និងបានចូលរៀនថ្នាក់ បរិញ្ញាបត្រឆ្នាំទីមួយ។

ធ្វើការបណ្ដើររៀនសូត្របណ្ដើរ

ឆ្នាំ១៩៩៦ដោយមានក្ដីស្រឡាញ់ផ្នែកស្ថាបត្យកម្ម លោកសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ លោកបានសម្រេចចិត្តចូលបម្រើការជាបុគ្គលិកក្រុមហ៊ុនសំណង់របស់ គ្រូលោក ជាការងារក្រៅម៉ោងទទួលប្រាក់ឈ្នួលក្នុង១ម៉ោងបានទទួលកម្រៃ៨០សេន ដែលសរុបក្នុង១ខែ លោកអាចទទួលកម្រៃប្រហែល១៥០ដុល្លារ។ដូច្នេះលោកអាចរកលុយបានដើម្បី ជួយកាត់បន្ថយបន្ទុកការចំណាយលើម្ដាយរបស់លោក ជាពិសេសលោកអាចទទួលបានបទពិសោធបណ្ដើរពីការងារទាំងនោះ។

ការងារក្រៅម៉ោងនេះ ជួនយប់ ជួនថ្ងៃ ហើយបើទោះបីជាមានការនឿយហត់ខ្លាំងយ៉ាងនេះក្ដី ក៏លោកនៅតែពេញចិត្តការងារផ្នែកសិល្បៈតុបតែងបែបនេះដែរ។

ការងារត្រូវនឹងជំនាញ

ឆ្នាំ១៩៩៨លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានសម្រេចចិត្តចូលបម្រើការងារក្រៅម៉ោងជាអ្នកស្ម័គ្រចិត្ត ជាមួយអង្គការសហប្រជាជាតិបណ្ដើរៗ ។ ឆ្នាំ១៩៩៩ ទើបប្រឡងបញ្ចប់ទទួលបានបរិញ្ញាបត្រពេញលេញ ដោយធ្លាប់មានបទពិសោធន៍ជាអ្នកស្ម័គ្រចិត្តលោកត្រូវបានកម្មវិធី សិទ្ធលំនៅឋានមនុស្សជាតិទីក្រុង របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN HABATATជ្រើសរើសលោកឲ្យបំពេញមុខតំណែងជាជំនួយការបច្ចេកទេសដែល មានបៀវត្សរ៍ជាង៣០០ដុល្លារ។ លោកចូលបម្រើការងារនេះដោយសារតែពាក់ព័ន្ធនឹងជំនាញស្ថាបត្យកម្ម របស់លោកផងដែរ។

បោះបង់ប្រាក់ខែដើម្បីបន្តការសិក្សា

ជាបុគ្គលិកដែលមានសមត្ថភាព ប្រធានរបស់ពេញចិត្តដោយបង្កើនការងារបន្ថែម និងតំណែងកាន់តែខ្ពស់ជាងនេះទៅទៀត ដោយមានក្ដីប្រាថ្នានៅវ័យកុមារចង់ធ្វើជាអ្នកមានទ្រព្យសម្បត្តិ ហើយចង់ធ្វើជាមនុស្សពូកែជាគំរូសម្រាប់ក្មេងជំនាន់ក្រោយច្រើន។ ក្នុងអំឡុងពេលនោះ លោកតែងតែសង្កេតឃើញថា អ្នកដែលអាចកាន់តំណែងខ្ពស់ប្រាក់ខែច្រើនបានទាល់តែអ្នកមាន សញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត ទើបអាចនាំលោកឲ្យទទួលបានបៀវត្សច្រើន ធ្វើជាដើមទុនប្រកបអាជីវកម្ម។

នៅឆ្នាំ២០០០ លោកបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យបច្ចេកទេស អាស៊ី AIT នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលនោះលោកបានជួបជាមួយភរិយានាពេលបច្ចុប្បន្នរបស់លោក ដែលកាលនោះអ្នកទាំងពីរជាមិត្តរួមថ្នាក់។

ចេះប្រាកដប្រាក់រត់តាមហៅ!

ឆ្នាំ២០០២ លោកបាន បញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ ហើយលោកបានវិលត្រលប់មកប្រទេសកម្ពុជាវិញ។ នៅពេលនោះ ដោយសារតែមានចិត្តចង់ធ្វើជាអ្នកជំនួញ លោកបានសម្រេចមិនចូលបម្រើការងារស្ថាប័នណាឡើយ។ ដោយសារចំណេះដឹងខ្ពស់ផ្នែកការអភិវឌ្ឍន៍លំនៅឋានលោកត្រូវបានអង្គការ ធំមួយចំនួនទទួលធ្វើជាទីប្រឹក្សាគម្រោង ដែលមានដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍ជនបទ អង្គការចៃការជប៉ុន គម្រោងរបស់អង្គការសហប្រជាជាតិជាច្រើនផងដែរ ដែលកាលណោះលោកបានទទួលប្រាក់កម្រៃជាង៣ពាន់ដុល្លារក្នុង១ខែ ហើយអាចលើសនេះទៅទៀតក៏មាន។

មានចំណេះពិត កន្លែងការងារ ដដែលតែតំណែងខ្ពស់!

៥ឆ្នាំក្រោយដោយមើលឃើញនូវស្នាដៃ និងសមត្ថភាព ចំណេះជំនាញកាន់តែច្បាស់លាស់ គួបផ្សំនឹងការទំនាក់ទំនងល្អជាមួយមិត្តចាស់ៗផងនោះ នៅឆ្នាំ២០០៧ លោកបានជាប់ជាប្រធានអង្គការសិទ្ធិលំនៅឋានមនុស្សជាតិទីក្រុង របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN HABATAT ជាអង្គការដែលលោកធ្លាប់បម្រើ ក្នុងមុខដំណែងត្រឹមជាជំនួយការបច្ចេកទេស។

ប្រាក់ខែច្រើនតំណែងខ្ពស់ចាប់ផ្ដើមមានគំនិតជាសហគ្រិន

អំឡុងពេលទៅសិក្សានៅស្រុកថៃ លោកបានជួបបណ្ឌិតសេដ្ឋកិច្ចម្នាក់ ដែលបាននិយាយថា “អ្វីដែលប្រទេសក្រីក្រគេបំភ្លេចគឺកម្លាំងពលកម្ម” ពាក្យនេះហើយដែលចាប់ផ្ដើមឲ្យលោកគិត ថាតើលោកត្រូវធ្វើអ្វីដើម្បីជួយដល់អ្នកគ្មានការងារធ្វើ បានទទួលប្រាក់កម្រៃចិញ្ចឹមជីវិត។ និងនៅឆ្នាំ២០០២ លោកបានជួបបណ្ឌិតសហស្ថាបនិកទូរទស្សន៍ម្នាក់ទៀត ដោយគាត់បាននិយាយថា”កាលខ្ញុំអាយុ២៧ឆ្នាំ ខ្ញុំមានក្រុមហ៊ុន២៨”។ ពាក្យសម្ដីរបស់អ្នកទាំងពីរនេះ បានជំរុញឲ្យលោកចាប់ផ្ដើមគិតកិច្ចការជំនួញ។

ឆ្នាំ២០០៦ លោកបានជួបជាមួយមិត្តភ័ក្ដិ ២នាក់របស់លោក ដែលធ្លាប់សិក្សាជាមួយគ្នានៅបាងកកដោយសារមានចិត្តដូចគ្នា ក៏ពិភាក្សាគ្នារឿងជំនួយ។

ពុំធ្លាប់មានបទពិសោធន៍ជាអ្នករកស៊ីចំណាយលើសផែនការ

ក្នុងឆ្នាំ២០០៧ដដែលលោកនិងមិត្តភ័ក្ដិបានសម្រេចចិត្ត បើកសណ្ឋាគារមួយនៅជិតផ្សារឡាក់គីដែលក្នុងគម្រោងរបស់លោកមាន ចំនួន៧បន្ទប់ ហើយថវិកាបានមកពីការចូលគ្នាជាមួយមិត្តភ័ក្ដិរបស់លោក ក្នុងរង្វង់ទឹកប្រាក់ប្រហែល៣ពាន់ដុល្លារ និង៥ពាន់ដុល្លារ ប៉ុណ្ណោះក្នុងម្នាក់ៗ។ ប៉ុន្តែការអនុវត្តពិតប្រាកដចំណាយអស់ជិត១០ម៉ឺនដុល្លារ។ ការលំបាកបំផុតក្នុងពេលចាប់ផ្ដើមនោះ គឺអ្នកទាំងបីសុទ្ធតែជានាក់មិនធ្លាប់រកស៊ីដូចគ្នា ដូច្នេះជួបការលំបាកយ៉ាងខ្លាំង ដូចជាការគ្រប់គ្រង ការចាត់ចែងការងារជាដើម ប៉ុន្តែមិត្តភ័ក្ដិទាំងបីនាក់មានចិត្តតែ១ បានតស៊ូរហូតដល់សណ្ឋាគារដំណើរការបានល្អ។

បញ្ហាចោទក្នុងពេលពង្រីកអាជីវកម្ម

ដោយមើលឃើញទីផ្សារល្អរយៈពេល៤ឆ្នាំកន្លងទៅ ត្រឹមឆ្នាំ២០១១លោកបានបង្កើតសណ្ឋាគារចំនួន៤បន្ថែមទៀត អ្វីដែលជាការលំបាកបំផុតសម្រាប់លោកគឺដើមទុន លោកបានរំលឹកថាចាប់ផ្ដើមពីការសន្សំប្រាក់ដែលរកបានមកដាក់ បញ្ចូលទៅក្នុងការវិនិយោគ និងបន្ទាប់មកខ្ចីក្រុមគ្រួសារអស់រលីងតែម្ដងយកទៅវិនិយោគបន្ត ទៀត។ លោកថា សំណាងល្អដែរ ដោយសារតែលោកជាមនុស្សក្រុមគ្រួសារទុកចិត្តលោក ព្រោះលោកជាមនុស្សដែលធ្លាប់ផ្ដល់នៅក្ដីសង្ឃឹមច្រើនសម្រាប់មនុស្ស ទូទៅ ដែលស្គាល់លោក។

មូលហេតុដែលជំរុញឲ្យជឿជាក់លើមុខរបរនេះ

លោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិ លោកមានបេសកកម្មជាច្រើនដែលត្រូវទៅក្រៅប្រទេស ដែលស្នាក់នៅសុទ្ធតែសណ្ឋាគារលំដាប់ផ្កាយ៥ ដូច្នេះជាឱកាសសម្រាប់លោកដកស្រង់យកបទពិសោធ និងដឹងពីស្ថានភាពក្នុងមុខរបរសណ្ឋាគារនេះ។ ភាពជោគជ័យទាំងនេះបាននាំឲ្យលោកឃ្លាតឆ្ងាយពីការងារ នៅពាក់កណ្ដាលឆ្នាំ២០១០ទើបលោកសម្រេចចិត្តឈប់ពីការងារមកគិតរឿង មុខជំនួញវិញ។

បច្ចុប្បន្នភាព

លោកមានអាយុ៣៨ឆ្នាំ មានកូនម្នាក់អាយុ២ឆ្នាំ ភរិយាឈ្មោះ សារ៉ាន់យ៉ា ជនជាតិថៃ។ លោករៀបការនៅឆ្នាំ២០០៤ ជាគ្រូបង្រៀននៅប្រទេសថៃ។ លោកមានក្រុមហ៊ុនចំនួន១ ឈ្មោះ frangipani ដែលមាន៣សាខានៅភ្នំពេញ និង២សាខាទៀតនៅសៀមរាប សរុបបុគ្គលិកមានជាង១០០នាក់។ គម្រោងសម្រាប់អនាគត គឺកសាងបន្ថែមសាខាមួយទៀតនៅជិតវាលព្រះមេន ក្នុងរាជធានីភ្នំពេញ និង បើក ហាង កាហ្វេបែបអឺរ៉ុបចំនួន១ទៀត និងក្រុមហ៊ុននាំចូលគ្រឿងសំណង់បន្ថែមទៀតដើម្បីសាងសង់និងចាប់ដៃគូ ជាមួយអ្នកណាដែលចង់សាងសង់ ចំណែកឯភរិយារបស់លោកវិញ គ្រោងនឹងបើកក្រុមហ៊ុនឌីហ្សាញមួយបន្ថែមទៀត ដែលសរុបដើមទុនវិនិយោគគិតមកទល់ពេលនេះមានប្រមាណជាង១លានដុល្លារ ។

បទពិសោធន៍ជីវិតនិងការផ្ដាំផ្ញើ

សម្រាប់យុវជនដែលមានចិត្តចង់ទទួលបាននូវភាពជោគជ័យដូចលោក ចូរកុំគិតថាទាល់តែអ្នកដែលចាប់ផ្ដើមពីឆ្នាំ១៩៧៩ទើបទទួលបាន ជោគជ័យនោះទេ សម្រាប់លោកផ្ទាល់ យុវជនទាំងអស់ត្រូវខិតខំរៀនសូត្រ កុំយកលុយជាធំ មានន័យថា យុវជនភាគច្រើនតែងតែគិតថា ធ្វើការងារទាល់តែមានប្រាក់ខែខ្ពស់ និងកន្លែងខ្លាញ់រកលុយបាន ទើបធ្វើការដូច្នេះ យុវជន គួតែគិតថាធ្វើការដើម្បីរៀនសូត្រ ការងារអ្វីក៏ដោយឲ្យតែអាចមានឱកាសរៀនសូត្រទទួលចំណេះសម្រាប់ថ្ងៃ អនាគតទើបជាការប្រសើរបើទោះបីជាបៀវត្សតិចក៏ដោយ។

រកស៊ីតែងតែមានហានិភ័យ

យុវជនមួយចំនួនពេលជួបលោក តែងតែសួរលោកថា តើគួរចាប់ផ្ដើមយ៉ាងណា បើពួកគេគ្មានដើមទុនផងហ្នឹង? លោកពន្យល់ថា “ខ្ញុំក៏យល់ស្របដែរថា លុយពិត ជារឿងសំខាន់ ប៉ុន្តែដូចខ្ញុំអញ្ចឹងគឺបានចាប់ផ្ដើមពីការទៅធ្វើការបានប្រាក់ យកមកសន្សំ បានច្រើនហើយ ទើបបង្កើតផែនការឲ្យបានច្បាស់លាស់ ទើបបោះទុនវិនិយោគ”។ លោកបន្តថា ធម្មតា ដើមទុនដំបូងត្រូវខ្ចីពីក្រុមគ្រួសារឬអ្នកជុំវិញខ្លួនហើយ សំខាន់ជាងនេះ ត្រូវក្លាហានក្នុងការវិនិយោគ អ្នកខ្លះមានលុយទិញឡានជិះរាប់ម៉ឺនដុល្លារហើយត្អូញថា”អត់មាន អីរកស៊ីទៀត” នេះដោយសារតែពួកគាត់ខ្លាចខាត ធម្មតារកស៊ីត្រូវតែមានហានិភ័យ។

អាជីវកម្មគួរចាប់ផ្ដើមពីតូចទៅធំ

យុវជនត្រូវគិតថា ភាពជាអ្នកមានមិនលំបាកនោះទេ សំខាន់ជាងគេគឺការចាប់ផ្ដើមអាជីវកម្មត្រូវធ្វើពីតូចទៅធំ ប៉ុន្តែតូចនោះត្រូវតែខ្លឹមហើយថ្មីខុសពីគេ។ ពេលជោគជ័យហើយមិនលំបាកនោះទេ គឺ គ្រាន់តែធ្វើរបស់ដដែលបន្ថែមទៀតតែប៉ុណ្ណោះ ដូច្នេះកាលណាច្រើនទៅនឹងរីកធំឡើង។

ធ្វើអាជីវកម្មដើម្បីកេរ្តិ៍ឈ្មោះ មិនមែនដើម្បីលុយនោះទេ

លោកបានលើក ឧទាហរណ៍ថា “សម្រាប់អ្នកជោគជ័យនៅប្រទេសជប៉ុន លោកបណ្ឌិត លី កូកៅ ថា លុយមិនមែនជាបញ្ហានោះទេ ធនធានមនុស្សទេទើបជាបញ្ហា គេធ្វើដើម្បីតែប្រាក់ចំណេញគឺមិនជោគជ័យនោះទេ ដូច្នេះពេលដែលខ្ញុំបង្កើតអាជីវកម្មដើម្បីកេរ្តិ៍ឈ្មោះ ពេលភ្ញៀវមកស្នាក់នៅហើយគេឲ្យលុយយើង ហើយគេញញឹមអរគុណយើង ហើយទៅស្រុកកំណើតវិញប្រាប់តគ្នាថា កន្លែងយើងល្អគេនឹងមកបន្តទៀត ដូច្នេះអាជីវកម្មរបស់យើងនឹងទទួលបានជោគជ័យជាមិនខាន”៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: