បាន​គី​មូន​ បុរស​ខ្លាំង​របស់​​​ UN


លោក បាន គីមូន (Ban Ki-moon) ជាអគ្គលេខាធិការទី៨របស់អង្គការសហប្រជាជាតិ ដែលបានចូលកាន់តំណែងកាលពីឆ្នាំ២០០៧។ លោកកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៤៤ នៅអឺមស៊ុង (Eumseong) ខេត្ត ជុងឆុងខាងជើង (North Chungcheong) នៅសម័យសង្គ្រាមលោកលើកទី២ ហើយក៏ជាពេលដែលជប៉ុន បានគ្រប់គ្រងលើប្រទេសកូរ៉េផងដែរ។

នៅពេលដែល លោកមានអាយុ១៨ឆ្នាំ លោកបានឈ្នះការតស៊ូមតិមួយ ដែលអាចឲ្យលោកមានឱកាសធ្វើទស្សនកិច្ចទៅជួបជាមួយព្រឹទ្ធសមាជិក អាមេរិក លោក ចន ខេនណេឌី ហើយទស្សនកិច្ចនេះបានបំផុសចិត្តលោក ឲ្យបម្រើការងារសាធារណៈតាំងពីពេលនោះមក។ លោកបានទទួលបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ជាតិក្រុងសេអ៊ូល នៅឆ្នាំ១៩៧០ និងអនុបណ្ឌិត ពី John F. Kennedy School of Government នៃសាកលវិទ្យាល័យ ហាវដ (Harvard) ក្នុងឆ្នាំ១៩៨៥។

បន្ទាប់ពីបានចូលបម្រើសេវា ការបរទេសរបស់កូរ៉េខាងត្បូង លោកក៏បានធ្វើជាទីប្រឹក្សារបស់ស្ថានទូតកូរ៉េប្រចាំក្រុង វ៉ាស៊ីនតោន (១៩៨៧-១៩៩០) ប្រធានការបរទេសអាមេរិក នៅក្រសួងការបរទេស (១៩៩០-១៩៩២) អនុរដ្ឋមន្ត្រីការបរទេស (១៩៩៥-១៩៩៦) និងជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី (១៩៩៦-១៩៩៨)។ បន្ទាប់ ពីកាន់តំណែង ជាអគ្គរដ្ឋទូត ប្រចាំប្រទេសអូទ្រីស (១៩៩៨-២០០០) លោកបានត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ ហើយកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស (២០០០-២០០១)។ ក្នុងឆ្នាំ២០០៣ លោកបានក្លាយជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីថ្មី កូរ៉េខាងត្បូង លោក រ៉ូ មូយុន។

ពីឆ្នាំ២០០៤ ដល់ ២០០៦ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម។ នៅពេលនោះលោកបានដើរតួនាទី យ៉ាងសំខាន់ក្នុងការចរចា៦ភាគីក្នុងវិបត្តិនុយក្លេអ៊ែរកូរ៉េខាង ជើង។ លោកបាន គីមូន មានបទពិសោធន៍ពាក់ព័ន្ធ នឹងអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៧៥មកម្ល៉េះ គឺនៅពេលដែលលោកបានក្លាយជាសមាជិកម្នាក់របស់ក្រសួងការបរទេស ក្នុងទីក្រុងសេអ៊ូល ដែលធ្វើការងារមួយចំនួនដែលស្ថិតនៅក្រោមបង្គាប់របស់អង្គការសហ ប្រជាជាតិ។

នៅចុងទសវត្សឆ្នាំ១៩៧០ ពេលដែលកូរ៉េខាងត្បូងមានតួនាទីត្រឹមជាអ្នកអង្កេតការនោះ លោកបានដាក់សំណើបេសកកម្មរបស់កូរ៉េខាងត្បូងដល់អង្គការសហប្រជាជាតិ ។ ក្នុងឆ្នាំ១៩៩៩ លោកបានក្លាយជាប្រធានគណៈកម្មការរបស់ អង្គការហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរធុនធ្ងន់។ លោកក៏បានដឹកនាំការិយាល័យប្រធានសភាអង្គការសហប្រជាជាតិអំឡុង អាណត្តិរបស់កូរ៉េខាងត្បូងកាលពីឆ្នាំ២០០១-២០០២ ដែលជាពេលវេលាដ៏លំបាកក្រោយការវាយប្រហារភេរវកម្មទៅលើអគារ ពាណិជ្ជកម្មពិភពលោក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ សំដៅប្រឆាំងសហរដ្ឋអាមេរិក។

នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០០៦ មួយថ្ងៃក្រោយការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង លោកត្រូវបានគេបោះឆ្នោតជាប្រមុខស្ដីទីរបស់អង្គការសហប្រជាជាតិ។ ទោះបីជាអ្នកអង្កេតការមួយចំនួនមិនច្បាស់ពីសមត្ថភាពរបស់លោក ក្នុងការដឹកនាំអង្គការសហប្រជាជាតិដើម្បីជម្នះរាល់ការលំបាកក៏ដោយ ក៏មានមនុស្សមួយចំនួនទៀតចាត់ទុកលោកជាមនុស្សដ៏អស្ចារ្យដែលអាច ធ្វើការងារប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសមហាអំណាចពីរគឺ អាមេរិក និងចិន។

លោកបាន គីមូនបានឡើងគ្រងតំណែងប្រមុខអង្គការ (អគ្គលេខាធិការ) សហប្រជាជាតិជំនួសលោក ខូហ្វី អាណាន់ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០៧ ហើយបានក្លាយជាជនជាតិអាស៊ីទី២ ដែលឡើងកាន់តំណែងនេះ បន្ទាប់ពីលោក យូ ថាន់ ជនជាតិភូមាដែលធ្លាប់កាន់តំណែងនេះកាលពីឆ្នាំ (១៩៦២-១៩៧១)។ ក្នុងតំណែងនេះលោកបានជួបប្រទះនូវការងារលំបាកៗជាច្រើនដូចជា ការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកូរ៉េខាងជើង បញ្ហានៅមជ្ឈិមបូព៌ា និងវិបត្តិមនុស្សធម៌ក្នុងតំបន់ ដាហ្វ័រ ប្រទេសស៊ូដង់ជាដើម។ កំណែទម្រង់អង្គការសហប្រជាជាតិខ្លួនឯងក៏ជាការងារដ៏សំខាន់ផងដែរ ដែលលោកត្រូវធ្វើ៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: