ដំណើរ​​ជីវិត​​​មហាសេដ្ឋីចិន Li Ka-Shing​


 

លោក Li Ka-Shing ជាបុរសខ្លាំងរបស់អាស៊ី ជាអ្នកជំនួញដ៏ជោគជ័យ និងត្រូវបានទស្សនាវដ្ដី Forbesចាត់ចូលជាកំពូលអ្នកមានបំផុតទី ១១ ក្នុងលោក និងជាមហាសេដ្ឋីឈានមុខគេនៅសាធារណរដ្ឋប្រជាមានិត ចិន ក៏ដូចជានៅតំបន់អាស៊ីបូព៌ាទាំងមូល។ មហាសេដ្ឋីលំដាប់ទី១១ របស់ពិភពលោកម្នាក់នេះ មានទ្រព្យសម្បត្តិរហូតដល់ទៅ ២៦ពាន់លានដុល្លារ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០១១។

ក្នុងនាមជាបុគ្គលដ៏ជោគជ័យនៅអាស៊ី លោក Li Ka-Shing បានក្ដោបក្ដាប់តំណែងប្រធានក្រុមហ៊ុនជាច្រើនដែលក្នុងនោះក៏មាន ក្រុមហ៊ុនយក្សចំនួនពីរផងដែរគឺ Cheung Kong (Holding) Limited និង ក្រុមហ៊ុន Hutchison Whampoa Limited។ Cheung Kong (Holding) Limited ជាផ្នែកមួយនៃ Cheung Kong Group ដែលមានប្រតិបត្តិការក្នុងប្រទេសចំនួន ៥៣ ទូទាំងពិភពលោក ផ្ដល់ការងារដល់បុគ្គលិកប្រហែល ២៦០.០០០នាក់។

គិតតែក្នុងទីក្រុងហុងកុងមួយ បណ្ដាក្រុមហ៊ុនដែលស្ថិតក្នុងសម្ព័ន្ធ Cheung Kong Group មានបោះទុនក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាលគឺមានប្រហែល ៧២៥ ពាន់លានដុល្លារហុងកុង (គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១១)។ ចំណែកក្រុមហ៊ុនយក្សមួយទៀតរបស់លោកគឺក្រុមហ៊ុន Hutchison Whampoa Limited កំពុងមានប្រតិបត្តិការនៅជាង ៥០០កន្លែងនៅទូទាំងពិភពលោក។

លោក Li កើតក្នុងឆ្នាំ ១៩២៨ ក្នុងទីក្រុង Chiu Chow ជាឆ្នេរសមុទ្រភាគនិរតីនៃប្រទេសចិន។ លោកបានបង្ខំចិត្តបោះបង់ចោលការសិក្សានៅអាយុ ១២ឆ្នាំ និងបានភៀសខ្លួនទៅកាន់ទីក្រុងហុងកុងជាមួយគ្រួសារដើម្បីជៀសវាង ភ្លើងសង្គ្រាមដែលផ្ទុះឡើងក្នុងប្រទេសចិន។

បន្ទាប់ពីនោះមិនបានប៉ុន្មានផង ឪពុករបស់លោក បានលាចាកលោកដោយសាររោគរបេង។ បន្ទុកគ្រួសារមួយចំនួនធំបានធ្លាក់លើរូបលោកទាំងវ័យមិនទាន់ ១៥ឆ្នាំផង។ ក្រោយមក លោកបានចូលបម្រើការនៅរោងចក្រប្លាស្ទិកមួយកន្លែងដែលតម្រូវឲ្យ លោកធ្វើការរហូតដល់ ១៦ម៉ោងក្នុងមួយថ្ងៃដើម្បីជីវិត។
ដោយសារកិច្ចខិតខំប្រឹងប្រែង អត់ធ្មត់ និងយកចិត្តទុកដាក់ នៅឆ្នាំ ១៩៥០ លោកអាចមានលទ្ធភាពបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយមានឈ្មោះថា Cheung Kong Industries។

ក្រៅពីផលិតប្លាស្ទិក លោក Li បានអភិវឌ្ឍន៍ក្រុមហ៊ុនរបស់លោកទៅជាក្រុមហ៊ុននាំមុខខាងការ វិនិយោគអចលនទ្រព្យក្នុងទីក្រុង ហុងកុង ហើយត្រូវបានចាត់បញ្ចូលក្នុងទីផ្សារភាគហ៊ុនហុងកុងក្នុងឆ្នាំ ១៩៧២។
Cheung Kong បានបន្តពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈររហូតដល់មានក្រុមហ៊ុនធំ ពីរទៀតគឺក្រុមហ៊ុន Hutchison Whampoa និងក្រុមហ៊ុន Hongkong Electric Holdings Limited (ក្រោយមកប្ដូរទៅជា Power Assets Holdings Limited)នៅឆ្នាំ ១៩៧៩។

ឈរជើងក្នុងទីក្រុងហុងកុង Cheung Kong Group ពង្រីកមុខជំនួញរបស់ខ្លួនទៅមុខឥតឈប់ឈរលើវិស័យជាច្រើនដូចជា ការវិនិយោគ និងអភិវឌ្ឍន៍អចលនវត្ថុ ភ្នាក់ងារគ្រប់គ្រង និងវាយតម្លៃអចលនទ្រព្យ សណ្ឋាគារ ទូរគមនាគមន៍ និងអ៊ីនធឺណិត ហិរញ្ញវត្ថុ និងការវិនិយោគ សេវាកម្មកំពង់ផែ ការលក់បណ្ដាក់ ឋាមពល គម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ និងជីវបច្ចេកវិទ្យា។

លោក Li ជាមនុស្សម្នាក់ដែលជឿជាក់ថា ការងារធំតម្រូវឲ្យមានការជួយបំពេញឲ្យគ្នាទៅវិញទៅមកជាមួយនឹង ការងារតូចៗ។ ជំនឿនេះបានធ្វើឲ្យលោកដាក់ឈ្មោះរបស់ខ្លួនថា Cheung Kong Holdings ដែលលោកប្រៀបប្រដូច ក្រុមហ៊ុនរបស់លោកទៅនឹងទន្លេ Yangtze ហូរកាត់ប្រទេសចិនទៅចែកចាយគ្រប់បណ្ដាញផ្លូវទឹកតូចៗនានារាប់ មិនអស់។ កាសែតល្បីរបស់អង់គ្លេសចំនួនពីរគឺ The Times និង Ernst & Young បានចុះផ្សាយឈ្មោះរបស់លោកថា ជាសហគ្រិនដ៏ជោគជ័យប្រចាំសហស្សវត្សនៅអំឡុងបុណ្យឆ្លងសហស្សវត្ស។

លើសពីនេះទៅទៀតលោក Li ជឿជាក់ថា មនុស្សគ្រប់រូបអាចបម្រើសង្គមបាន ប៉ុន្តែមានតែមនុស្សដែលមានចិត្តលះបង់ប៉ុណ្ណោះ ដែលអាចធ្វើឲ្យសង្គមមានភាពរីកចម្រើនខ្ពស់។ ក្រោយមក លោកបានបង្កើតមូលនិធិ Li Ka Shing (LKSF) នៅក្នុងឆ្នាំ ១៩៨០ ដើម្បីបម្រើការងារមនុស្សធម៌ដល់សង្គម។ សមាគមនេះផ្ដោតជាសំខាន់ទៅលើយុទ្ធសាស្ត្រធំៗបីគឺ (១) លើកកម្ពស់វប្បធម៌ចែករំលែក (២) គាំទ្រដល់កំណែទម្រង់ប្រព័ន្ធអប់រំដែលជួយសម្រេចការគិតរយៈពេល វែង ការគ្រប់គ្រងជីវិត ភាពបើកចំហ និងការចូលរួមស្ថាបនាដើម្បីការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព និង (៣) ជួយធ្វើទំនើបកម្មលើសេវាកម្ម និងការស្រាវជ្រាវវេជ្ជសាស្ត្រ។ គិតមកដល់បច្ចុប្បន្ន សមាគមនេះបានផ្ដល់ទុនប្រមាណ ១២,៥ ពាន់លានដុល្លារហុងកុងដល់ការវិនិយោគវិស័យខាងលើ។

លោក Li ក៏បានបង្កើតសាកលវិទ្យាល័យ Shantou ក្នុងឆ្នាំ ១៩៨១ផងដែរ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធអប់រំក្នុងប្រទេសចិន។ សាកលវិទ្យាល័យ Shantou មានមហាវិទ្យាល័យចំនួន៩ រាប់បញ្ចូលទាំងមហាវិទ្យាល័យវេជ្ជសាស្ត្រដែលមានមន្ទីរពេទ្យចំនួន ៥ចំណុះក្នុងនោះ។ សាកលវិទ្យាល័យនេះបានទទួលសិស្សមកពីតំបន់នានាទូទាំងប្រទេសចិន ជាមួយនិស្សិតថ្នាក់ឧត្ដមសិក្សាចំនួន ៧៥០០ នាក់ និងថ្នាក់ក្រោយឧត្តម ១៥០០នាក់។

ដើម្បីជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង និងវិភាគទានមនុស្សធម៌នានាដល់សង្គម លោកត្រូវបានសាកលវិទ្យាល័យ Cambridge អង់គ្លេស សាកលវិទ្យាល័យ Calgary កាណាដា សាកលវិទ្យាល័យ Peking សាកលវិទ្យាល័យហុងកុង និងសាកលវិទ្យាល័យមួយចំនួនទៀតផ្ដល់ងារជាបណ្ឌិតកិត្តិយស។ ក្រៅពីនេះលោកក៏បានទទួលមេដាយស្ថាបនានានាពីបណ្ដាប្រទេសធំៗនានា ជុំវិញពិភពលោកផងដែរ។

ពាក់ព័ន្ធនឹងរឿងកូនចៅ លោក Li មានកូនប្រុសពីរនាក់កំពុងកាន់ដំណែងធំៗតាមបណ្ដាក្រុមហ៊ុននានា របស់លោក។ កូនប្រុសច្បង Victor សព្វថ្ងៃកំពុងកាន់ដំណែងជានាយកគ្រប់គ្រង និងជាអនុប្រធានក្រុមហ៊ុន Cheung Kong (Holdings) Limited ជាអនុប្រធានក្រុមហ៊ុន Hutchison Whampoa Limited ជាប្រធានក្រុមហ៊ុនCheung Kong Infrastructure Holdings Limited និងក្រុមហ៊ុន CK Life Sciences international (Holdings) Inc.។ ចំណែកកូនប្រុសពៅ Richard វិញកំពុងកាន់ដំណែងជាប្រធានក្រុមហ៊ុន PCCW ដែលជាក្រុមហ៊ុននាំមុខខាងព័ត៌មានវិទ្យា និងទូរគមនាគមន៍មួយក្នុងទ្វីបអាស៊ី៕

 

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: