តើ​ត្រូវ​មាន​យុទ្ធសាស្រ្ត​អ្វីខ្លះ​ក្នុង​ការ​វិនិយោគ​លើ​មូលបត្រ?

លោក លី វីរៈ

លោក លី វីរៈ

©RFI

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ជំនួញ​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​លើក​ឡើង​អំពី​​យុទ្ធសាស្រ្ត​នៃ​ការ​វិនិយោគ​លើ​មូលបត្រ។ តើ​គួរ​វិនិយោគ​លើ​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ឬ​លើ​សញ្ញាប័ណ្ណ? តើ​ត្រូវ​ពិនិត្យ​លើ​ចំណុច​អ្វីខ្លះ​ មុននឹង​សម្រេច​ចិត្ត​ទិញ ឬ​លក់​មូលបត្រ​ណាមួយ? សេង ឌីណា បាន​ជួប​សម្ភាសន៍​ជាមួយ លោក​ លី វីរៈ ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​​ត្រៀម​ចូល​ជា​សមាជិក​អ្នកវិភាគ​ហិរញ្ញវត្ថុ​ អន្តរជាតិ (CFA) នៅ​ប្រទេស​កាណាដា។

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

តើ​ការ​ទិញ-លក់​មូលបត្រ​មាន​ដំណើរការ​ទៅ​យ៉ាង​ដូចម្តេច?

លោក លី វីរៈ

លោក លី វីរៈ

©RF

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ជំនួញ​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​លើក​ឡើង​អំពី​ដំណើរការ​នៃ​ការ​ទិញ-លក់​មូលបត្រ។ តើ​​​មាន​តួអង្គសំខាន់ៗ​អ្វីខ្លះ នៅ​ក្នុង​ការ​ទិញ-លក់​មូលបត្រ? តើ​ការ​ទិញ-លក់​មូលបត្រ​​ប្រព្រឹត្ត​ទៅ​យ៉ាងដូចម្តេច? តើ​ការ​វិនិយោគ​លើ​មូលបត្រ​ ខុស​ពី​ការ​លេងល្បែង​ស៊ីសង​ត្រង់ណាខ្លះ? សេង ឌីណា បាន​ជួប​សម្ភាសន៍​ជាមួយ លោក​ លី វីរៈ ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​​ត្រៀម​ចូល​ជា​សមាជិក​អ្នកវិភាគ​ហិរញ្ញវត្ថុ​អន្តរជាតិ (CFA) នៅ​ប្រទេស​កាណាដា។

ដើម្បីស្វែងយល់​បន្ថែម​អំពី​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា សូម​អាន​វិបសៃត៍​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា www.secc.gov.kh

បានចុះផ្សាយក្នុង នាទីជំនួញ. មតិ​១ »

តើ​ត្រូវ​មាន​ចំណេះដឹង​ចាំបាច់​អ្វីខ្លះ ដើម្បី​ធ្វើការ​ក្នុង​ទីផ្សារ​មូលបត្រ?

វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា គឺ​ជា​គ្រឹះស្ថាន​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្នែក​មូលបត្រ

វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា គឺ​ជា​គ្រឹះស្ថាន​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្នែក​មូលបត្រ

©FIC

គេ​រំពឹង​ថា ការ​បើក​ទីផ្សារ​មូលបត្រ អាច​នឹង​ផ្តល់​ការងារ​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា។ ក៏ប៉ុន្តែ បញ្ហា​ដែល​អាច​ចោទឡើង គឺ​ទាក់ទង​នឹង​ធនធានមនុស្ស ពីព្រោះ​ថា ការទិញលក់​មូលបត្រ គឺ​ជា​រឿង​ដ៏​ថ្មី​ស្រឡាង​មួយ សម្រាប់​ប្រជាជន​កម្ពុជា​។ ដើម្បី​ធ្វើការ​ក្នុង​ទីផ្សារ​មូលបត្រ តើ​គេ​ត្រូវ​ការ​ចំណេះ​ដឹង​អ្វីខ្លះ ? តើ​គ្រឹះស្ថាន​អប់រំ នៅកម្ពុជា បច្ចប្បន្ន​នេះ ផ្តល់​ការ​បណ្តុះបណ្តាល​គ្រប់គ្រាន់​ ខាង​វិស័យ​មូលបត្រ​នេះ​ឬទេ ?

សេង ឌីណា បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ស៊ន សុខណា ប្រធាន​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា ដែល​ជា​វិទ្យាស្ថាន​​កម្ពុជា​ដំបូង​គេ ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ ក្នុង​​វិស័យ​មូលបត្រ។

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

តើ“ភាគហ៊ុន” និង“សញ្ញាប័ណ្ណ” ខុសគ្នា​ត្រង់ណា​ខ្លះ?

ផ្សារភាគហ៊ុន នៅញូយ៉ក

ផ្សារភាគហ៊ុន នៅញូយ៉ក

©Reuters
 
អ្នកស្តាប់​យើង​ម្នាក់ បាន​ផ្ញើ​លិខិត​មក​វិទ្យុ RFI ដោយ​ចោទ​ជា​សំណួរថា

តើ​​ភាគហ៊ុន (តាម​ភាសា​អង់គ្លេស​ថា Stock) និង​សញ្ញាប័ណ្ណ (តាមភាសា​អង់គ្លេស​ថា Bond) ខុស​គ្នា​ត្រង់​ណា?

ដើម្បី​​ឆ្លើយ​នឹង​សំណួរនេះ សេង ឌីណា បាន​ជួប​សម្ភាស​ជាមួយ​លោក ឈី​វ សុខថេត នាយក​ប្រតិបត្តិ​វិទ្យាស្ថាន CMI CAMBODIA ដែល​ជា​វិទ្យាស្ថាន​ជំនាញ​ខាង​ទីផ្សារ​មូលធន​កម្ពុជា។

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

ស្វែងយល់​អំពី​ផ្សារ​ភាគហ៊ុន

ផ្សារភាគហ៊ុន នៅញូយ៉ក

ផ្សារភាគហ៊ុន នៅញូយ៉ក 

©Reuters

ស្ទើរតែ​រាល់ថ្ងៃ គេតែងតែ​ឮព័ត៌មាន​អំពី “ផ្សារភាគហ៊ុន”។ ផ្សារភាគហ៊ុន​ឡើងថ្លៃ, ផ្សារភាគហ៊ុន​ចុះថ្លៃ, ផ្សារភាគហ៊ុន​ដួលដាំដូង, កម្ពុជា​ជិតបើក​ផ្សារភាគហ៊ុន ។ល។ មាន​លោក-អ្នកស្តាប់​​ខ្លះ​បាន​សរសេរលិខិត​មក​​សុំ​ឲ្យ​វិទ្យុ​យើង​ពន្យល់​ អំពី​ “ផ្សារភាគហ៊ុន”​នេះ។

ផ្សារភាគហ៊ុន គឺ​ជារឿង​ស្មុគស្មាញ ដែល​ពិបាក​នឹង​ពន្យល់​ឲ្យ​លម្អិតអស់​ក្នុងរយៈពេល​ខ្លី។ ក៏ប៉ុន្តែ ដើម្បី​ជា​ជំនួយ​​ខ្លះៗ ក្នុងការ​ស្វែងយល់​អំពី​ផ្សារភាគហ៊ុន ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​សាមញ្ញ​ខ្លីៗ។

តើ​ផ្សារភាគហ៊ុន​ជា​អ្វី?

បើ​និយាយ​​ឲ្យ​ខ្លី​ សាមញ្ញ ហើយ​ស្រួល​ស្តាប់ ផ្សារភាគហ៊ុន គឺ​ជា​កន្លែង​ដែល​គេ​ទិញ-លក់​ភាគហ៊ុន។

ចុះ ភាគហ៊ុន ជា​អ្វី? ភាគហ៊ុន គឺ​ជា​ចំណែក​ដើមទុន ដែល​គេ​ដាក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ។ នៅពេល​ដែល​ក្រុមហ៊ុន​ចំណេញ ម្ចាស់​ភាគហ៊ុន​ក៏​បាន​ចំណេញ​ ហើយ​បើ​ក្រុមហ៊ុន​ខាត ម្ចាស់​ភាគហ៊ុន​ក៏​ខាត។ ការចំណេញ ឬ​ខាតនេះ វា​សមាមាត្រ​ទៅនឹង​ចំណែក​​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មាន​ភាគហ៊ុន​ច្រើន ពេល​ចំណេញ​ ក៏ចំណេញ​ច្រើន ហើយ​ពេល​ខាត ក៏​ខាត​ច្រើន។

ក្រុមហ៊ុន​ខ្លះ គេ​យក​ភាគហ៊ុន​មួយ​ផ្នែក​​ទៅដាក់​លក់​ នៅ​លើ​ទីផ្សារ​ភាគហ៊ុន។ ប៉ុន្តែ មិនមែន​គ្រប់​តែ​ក្រុមហ៊ុន​ទាំងអស់​អាច​លក់​ភាគហ៊ុន​បានទេ។ ទាល់តែ​ជា​ប្រភេទ​ក្រុមហ៊ុន​ ដែល​ច្បាប់​កំណត់​ថា​​​អនុញ្ញាត​ឲ្យ​លក់​ភាគហ៊ុន​បាន ទើប​អាច​ចុះ​ភាគហ៊ុន​លក់​បាន។

តើ​អ្នក​ទិញ​ភាគហ៊ុន​អាច​ទទួល​បាន​ផលចំណេញ​អ្វី​ខ្លះ? ហើយ​អាច​ខាតបង់​អ្វី​ខ្លះ?

កាល​ណា​អ្នកណាទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ អ្នក​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន​នោះ ហើយ​មាន​សិទ្ធិ​ដូច​ម្ចាស់​ហ៊ុន​ផ្សេងទៀត​ដែរ ដូចជា សិទ្ធិ​បោះឆ្នោត​​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជាដើម។ គ្រាន់តែ​ថា អ្នកណា​មាន​ភាគហ៊ុន​ច្រើន មាន​សំឡេង​បោះឆ្នោត​ច្រើន អ្នក​មាន​ភាគហ៊ុន​តិច មាន​សំឡេង​​តិច។

នៅ​ពេល​ដែល​ក្រុមហ៊ុន​រកស៊ី​បាន​ចំណេញ​លុយ ហើយ​គេយក​លុយ​ចំណេញ​នេះ​មកចែក​​គ្នា ម្ចាស់ភាគហ៊ុន​​ទាំងអស់​ទទួល​បាន​ចំណែក​ប្រាក់​ចំណេញ​នេះ ស្រប​ទៅតាម​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មានភាគហ៊ុន ១% បាន​ចំណេញ ១%​។ ប៉ុន្តែ បើ​ក្រុមហ៊ុន​ខាត​វិញ​ ក៏ខាត​ទៅតាម​​ចំណែក​ភាគហ៊ុន​នេះ​ដែរ។

ហេតុអ្វី​បាន​ជា​មាន​អ្នក​លេង​ភាគហ៊ុន​ខ្លះ​ចំណេញ​ ឬ​ក៏​ខាត​​​ រាប់​ម៉ឺន​ ឬ​រហូតដល់​រាប់​លានដុល្លារ ក្នុង​មួយ​ប៉ព្រិច​ភ្នែក?

អ្នក​លេង​ភាគហ៊ុន​បែបនេះ ទិញភាគហ៊ុន​មិនមែន​​ទុក​ចាំ​ទទួល​ចំណែក​លុយ​ចំណេញ​ពីក្រុមហ៊ុនទេ គឺ​ទិញ​មក​ ដើម្បី​លក់​ទៅវិញ ​យក​ចំណេញ​ភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវ​ក្លាយ​ទៅជា​ទំនិញ ដែល​គេលក់​ចេញ ទិញ​ចូល ដូចទំនិញ​​ដែល​គេ​លក់​នៅ​លើ​ទីផ្សារ​ធម្មតាដែរ។

ឧទាហរណ៍​៖ ពេល​ខ្ញុំ​ឮដំណឹង​អំពី​រឿង​ជំងឺ​ផ្តាសាយ​អា កំពុង​តែ​រីក​រាលដាល​ឡើង នៅ​ម៉ិចស៊ិច ខ្ញុំ​វិភាគ​ទៅ ឃើញថា ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ខ្លាំង ដែល​អាច​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត។ ដើម្បី​បង្ការកុំ​ឲ្យ​ជំងឺនេះ​ឆ្លង​រាលដាល គេ​ប្រាកដ​ជា​ត្រូវ​នាំ​គ្នា​ចាក់វ៉ាក់សាំង។ អ៊ីចឹង ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​ប្រាកដ​ជា​លក់​វ៉ាក់សាំង​បានច្រើន ហើយ​ចំណេញ​លុយ​ច្រើន។ ដល់​ពេលនោះ​​ ភាគហ៊ុន​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ ​ប្រាកដ​ជា​ឡើង​ថ្លៃ​កប់ពពក ព្រោះ​​អ្នក​ណា​ក៏​ចង់​ទិញ​ភាគហ៊ុន​នេះ​ដែរ។ ដូច្នេះ ខ្ញុំ​ក៏​ប្រមូល​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​​ទុក ទាន់ពេល​នៅថោក។ ​ពេល​ដែល​​ភាគហ៊ុននេះឡើង​ថ្លៃ ខ្ញុំ​ក៏​លក់​ចេញ​ទៅវិញភ្លាម​ យក​ចំណេញ។ ​ខ្ញុំចេះ​តែ​បន្ត​ធ្វើ​អ៊ីចឹង​រហូត​ទៅ ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏ធ្វើ​​ដូចគ្នា! ជួនកាល​ទិញ​ពេលនេះ មួយ​ម៉ោង​ក្រោយ​​ឡើងថ្លៃ លក់​ទៅវិញ​ភ្លាម​ក៏មាន។

ផ្ទុយទៅវិញ បើ​ការវិភាគ​របស់ខ្ញុំ​​ខុស ភាគហ៊ុន​មិន​ឡើង​ថ្លៃ ស្រាប់តែ​ចុះថ្លៃ​ទៅវិញ ខ្ញុំ​ក៏​ខាតបង់​ទៅតាម​នោះដែរ។ បើ​សិន​ជា​ខ្ញុំ​ដឹង​ខ្លួនទាន់ ពេល​ឃើញ​ភាគហ៊ុន​ចាប់​ចុះ​បន្តិច ខ្ញុំ​ប្រញាប់​លក់​ចេញ​ភ្លាមៗ ​ខ្ញុំខាត​ដែរ តែ​ខាត​តិច។ ក៏ប៉ុន្តែ ពេលខ្លះ ​ខ្ញុំ​មិន​ចង់​លក់​ចេញ​ភ្លាម​ទេ អង្គុយ​ចាំមើល ក្រែង​វា​ឡើង​មកវិញ។ បើ​វាឡើង​មកវិញ​មែន​វាគ្រាន់ ប៉ុន្តែ បើ​វាចេះតែចុះ​ទៅទៀត ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​ ដល់​ពេលមួយ​វាចុះ​ទាបខ្លាំង បាន​ខ្ញុំ​លក់​ចេញ ពេលនោះ​​ខ្ញុំ​ក៏​ខាត​ឡុងចុង​អ៊ីចឹង​ទៅ។

សូម​បញ្ជាក់​ថា ការលេងភាគហ៊ុន​បែបនេះ គឺ​ជា​រឿងប្រថុយប្រថាន​បំផុត។ ជួនកាល ចំណេញ​មក ខាត​ទៅវិញ​អស់ទៅវិញភ្លាម​ក៏មាន។ ខាត​ទាំង​ដើម​អស់​ទៅទៀត​ក៏មាន ប្រៀប​ដូច​ទៅនឹង​ការ​ភ្នាល់​ល្បែង​ដូច្នេះ​ដែរ។ ​ការ​លេងភាគហ៊ុន​របៀបនេះ​ឯង ដែល​​ពេលខ្លះ ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ដួលដាំដូង ហើយ​ពេលខ្លះ​បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ​ពាសពេញ​ពិភពលោក​ក៏មាន។

តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឲ្យ​ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ចុះថ្លៃ?

ដោយសារតែ​ភាគហ៊ុន ត្រូវគេ​យក​មក​ទិញដូរ​យក​ចំណេញ ដូច​ទំនិញ​ធម្មតា អ៊ីចឹង ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ក៏ចុះ​ថ្លៃ វា​គោរពទៅតាមច្បាប់​ទីផ្សារ​ធម្មតា ពោល​គឺ​ វា​អាស្រ័យ​ទៅលើ​ផ្គត់ផ្គង់ និង​តម្រូវការ។ គឺ​អ្នក​ទិញ-លក់​ភាគហ៊ុន​នេះ​ឯង ដែល​ជា​អ្នក​កំណត់​ថ្លៃ។ បើ​មាន​អ្នក​រកទិញច្រើន មិនសូវមាន​អ្នក​ចង់​លក់​ វា​ក៏ឡើងថ្លៃ។ បើ​មាន​អ្នក​លក់​ច្រើន មិនសូវមាន​អ្នក​ទិញ វា​ក៏​ធ្លាក់ថ្លៃ។
អ្នក​លេងភាគហ៊ុន គេ​នាំគ្នា​លក់​ ឬ​ក៏នាំ​គ្នា​ទិញ គឺ​វា​អាស្រ័យ​ទៅ​លើ​ការវិភាគ​របស់​អ្នក​លេង​ម្នាក់ៗ ដែល​គេ​មើលទៅ​ថា តើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​នឹង​ឡើងថ្លៃ ឬ​ចុះថ្លៃ? ហើយ​ការវិភាគនេះ គេ​ធ្វើ​ឡើង​ទៅលើ​ហេតុការណ៍​ផ្សេងៗ ដែល​ទាក់ទង​នឹង​ក្រុមហ៊ុននេះ ​(សូមមើល​ឧទាហរណ៍​​ខាងលើ អំពី​ ​​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​គ្រុន​ផ្តាសាយ​អា​)។

ឧទាហរណ៍​មួយ​ទៀត ពេលខ្លះ គ្រាន់តែ​មាន​លេចឮ​ដំណឹង​ព្រាលៗ​មក​ថា អ៊ីស្រាអែល​​ចង់​​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​អៀរ៉ង់ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ក៏ចាប់​ធ្លាក់ចុះ​គ្រឹប​ ក៏មាន។

នៅពេល​ដែល​គេនិយាយ​ថា ​ភាគហ៊ុន​នេះ​ ឬ​ភាគហ៊ុន​នោះ មាន ១០០០ Points ឬ​ក៏ ២០០០​Points តើ​មាន​ន័យ​ថាម៉េច?

១០០០ ឬ​២០០០ Points នេះ មិនមែន​ជា​ថ្លៃ​ភាគហ៊ុនទេ គ្រាន់តែ​ជា​សន្ទស្សន៍​តែប៉ុណ្ណោះ។ សន្ទស្សន៍របស់​ភាគហ៊ុន​នេះ ​កំណត់​ដោយ​ក្រុមហ៊ុន ដែល​មាន​ជំនាង​​ខាង​ហ្នឹង។​ គេ​ប្រើប្រាស់​សន្ទស្សន៍​ភាគហ៊ុន ​ ដើម្បី​តាមដាន​មើល​​ អំពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​ភាគហ៊ុន។ ឧបមាថា ពេល​ចាប់​បើក​លក់​ពេលព្រឹក ភាគហ៊ុន​​​មាន ១០០០ Point ហើយ​ស្រាប់តែ ថ្ងៃ​រសៀល​ វាចុះ​មក​នៅ​ត្រឹម ៩០០ មានន័យថា ភាគហ៊ុន​​ធ្លាក់​ចុះ​ ១០០ Points ស្មើ​នឹង ១០% ឬ​ក៏​បើ​ឡើង​ដល់ ១១០០ មានន័យថា ភាគហ៊ុន​​វា​កើន​ឡើង ១០%។

អ្វី​ដែល​សំខាន់ គឺ​មិនមែន​ចំនួន​ Point ១០០០, ២០០០ ឬ​ក៏ ៣០០០​ពាន់​នេះទេ។ អ្វី​ដែលគេ​តាមដាន​ខ្លាំង​ជាងគេ គឺ​ភាគរយ​ ដែល​អាច​ឲ្យ​គេ​ដឹង​ថា ភាគហ៊ុន​​នៅ​កន្លែងណាមួយ វា​កើនឡើង ឬ​ក៏​ធ្លាក់ចុះ? បើ​កើនៗ​ប៉ុន្មាន? បើ​ចុះ​ៗប៉ុន្មាន? ត្រូវ​ទិញ ឬ​ក៏​ត្រូវ​លក់? លក់​ឥឡូវ ឬ​មួយ​ក៏​ចាំ​បន្តិច​ទៀត?

តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ដឹង​ថា​ភាគហ៊ុន​ ដែល​យើង​មាន​នៅ​នឹង​ដៃ គិតជា​លុយ ​មាន​តម្លៃ​ប៉ុន្មាន?

វា​អាស្រ័យថា តើ​យើង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​អ្វី? ភាគហ៊ុន​របស់​ក្រុមហ៊ុន​នីមួយៗ​មាន​តម្លៃ​ខុសៗ​គ្នា។

តាមការពិត ភាគហ៊ុន​មួយ​ មិន​​ឡើងថ្លៃ ឬ​ចុះថ្លៃ​ភ្លាមៗ ដូច​ដែល​យើង​ឃើញ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ទេ។ ឧបមាថា ក្រុមហ៊ុន​មួយ​មាន​ដើម​ទុន ១លាន​ដុល្លារ ហើយ​បែងចែក​ជា​១លាន​ភាគហ៊ុន។ អ៊ីចឹង ១​ភាគហ៊ុន គឺ​ថ្លៃ​១ដុល្លារ ហើយ​នៅតែ​១ដុល្លារ​អ៊ីចឹង​រហូត លើក​លែង​តែ​ដល់​ពេលណាមួយ គេ​បង្កើន​ដើមទុន​ក្រុមហ៊ុ​ន​នេះ​​​ដល់ ២លាន ពេល​នោះ ទើប​​ថ្លៃភាគហ៊ុន​​ឡើង​ដល់ ២ដុល្លារ​ក្នុង​មួយ​ហ៊ុន។ បើ​គណនា​តាម​តម្លៃ​ភាគហ៊ុន​បែ​ប​នេះ មិនមាន​អ្វី​ស្មុគស្មាញ​នោះទេ។ ១​ហ៊ុន​ថ្លៃ​១ដុល្លារ បើយើង​មាន​១ពាន់​ហ៊ុន គឺ​ស្មើ​នឹង​១ពាន់​ដុល្លារ។

ក៏ប៉ុន្តែ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារ​ភាគហ៊ុន​វា​ខុស​ពី​តម្លៃ​ហ៊ុន ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់។ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារភាគហ៊ុន ប្រែប្រួល​ឡើងចុះ​ភ្លាមៗ មិនទៀង​ទាត់​នោះទេ។ ដូច្នេះ ​តម្លៃភាគហ៊ុន ដែល​​អ្នកណាម្នាក់​មាន​ក្នុងដៃ វា​ប្រែប្រួល​ទៅតាម​ពេលវេលា។ ឧបមាថា ខ្ញុំមាន​ភាគហ៊ុន​ក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់​ហ៊ុន។ តាម​តម្លៃ​លើ​ទីផ្សារ នៅពេលនេះ ម៉ោង​នេះ ភាគហ៊ុន​តូតាល់​ ថ្លៃ​១០​ដុល្លារ ក្នុង​១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន​១ពាន់ហ៊ុន វាស្មើ​នឹង ១ម៉ឺន​ដុល្លារ។ ក៏ប៉ុន្តែ ដរាបណា​ខ្ញុំ​មិន​​ទាន់​លក់​ភាគហ៊ុន​ទាំង​នេះ​ចេញ​ផុត​ពី​ដៃ​​ទេ ១ម៉ឺន​ដុល្លារនេះ គ្រាន់​តែ​ជា​តម្លៃ​លើ​ក្រដាស​ប៉ុណ្ណោះ។ កន្លះម៉ោងក្រោយ​វា​អាច​រលាយ​បាត់​ទៅ​អស់​ក៏មាន ឬ​ក៏​វា​អាច​កើន​ឡើង​រហូត​ដល់​ទៅ​២ម៉ឺន​ក៏​ថា​បាន។

តើ​​ពាក្យ​ថា “ទីផ្សារ​មូលបត្រ” និង “​ទីផ្សារ​ភាគហ៊ុន”​ ជា​ពាក្យ​តែមួយ ឬ​ក៏​ពាក្យ​ពីរមានន័យ​ខុសគ្នា?

និយាយ​ឲ្យ​ត្រឹមត្រូវ​មែនទែន ពាក្យ​ពីរ​នេះ​មាន​ន័យ​ខុសគ្នា។ តាមពិត ភាគហ៊ុន​គ្រាន់តែ​ជា​ផ្នែក​មួយ​​ប៉ុណ្ណោះ នៃ​មូលបត្រ។ ក្រៅ​ពី​ភាគហ៊ុន នៅមាន​មូលបត្រ​ផ្សេង​ទៀត ដែល​គេ​យក​មក​ធ្វើ​ការទិញ-ដូរ នៅ​លើ​ទីផ្សារ​មូលបត្រ​ដែរ ដូចជា ​មូលបត្រ​បំណុល មូលបត្រ​ជា​វត្ថុធាតុដើម ឬ​ជា​រូបិយវត្ថុ ។ល។ និង​។ល។

ដោយសារ តែ​ពីដំបូង​ឡើយ ភាគហ៊ុន គឺ​ជា​ប្រភេទ​មូលបត្រ ដែល​​គេទិញ-លក់​ច្រើន​ជាងគេ។ ទើប​យើង​​ចំណាំ​តែ​និយាយ​ “ផ្សារភាគហ៊ុន” ជាប់​មាត់​រហូតមក។ ប៉ុន្តែ​​ បើ​តាម​ភាសា​បច្ចេកទេស​ត្រឹមត្រូវ គេ​ត្រូវ​ហៅ​ថា “ទីផ្សារ​មូលបត្រ”។

ប្រសិន​បើ​លោក-អ្នក​ចង់​ដឹង​បន្ថែម​ អំពី​ផ្សារភាគហ៊ុន​ (ផ្សារមូលបត្រ) សូម​អាន​វែបសៃត៍​របស់គណៈកម្មការ​មូលបត្រ​កម្ពុជា (http://www.secc.gov.kh)។

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

តើ​ត្រូវ​មាន​យុទ្ធសាស្រ្ត​អ្វី ដើម្បី​ឲ្យ​ការ​ធ្វើ​ជំនួញ​ទទួល​ជោគជ័យ?

លោក លី វីរៈ

លោក លី វីរៈ

©RFI

នៅ​ក្នុង​នាទីយល់​ដឹង​អំពី​ជំនួញ នៅ​សប្តាហ៍នេះ សេង ឌីណា នឹង​​ផ្តោត​ទៅ​លើ​ប្រធាន​បទ​មួយ​ទៀត គឺ “យុទ្ធសាស្រ្ត​​ក្នុង​ការ​ធ្វើ​ជំនួញ” តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​លោក​ លី វីរៈ។

លោក​ លី វីរៈបាន​បញ្ចប់​ការ​ សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ ពី​វិទ្យាស្ថាន AIT នៅ​ប្រទេស​ថៃ និង​អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​មួយ​ទៀត ពី​ប្រទេស​បារាំង។ ក្រៅ​ពី​មាន​បទពិសោធន៍​ការងារ​​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ លោក​​ក៏​ធ្លាប់​ធ្វើ​ជា​សាស្រ្តាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​​ផងដែរ នៅ​តាម​សកលវិទ្យាល័យ​មួយ​ចំនួន​​ នៅ​ទីក្រុង​ភ្នំពេញ។ សព្វថ្ងៃ លោក​ កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​វិនិយោគ នៅ​កាណាដា។

លោក​លី វីរៈ នឹង​ធ្វើ​ការ​បកស្រាយ​ចំពោះ​សំណួរ​មួយ​ចំនួន ជុំវិញ​​យុទ្ធសាស្រ្ត​ក្នុង​ការ​ធ្វើ​ជំនួញ៖ តើ​អ្វី​ទៅ​ជា​​យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​? តើ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ជំនួញ​ចាំបាច់​ត្រូវ​មាន​យុទ្ធសាស្រ្ត? តើ​អ្នក​ធ្វើ​ជំនួញ​អាច​មាន​ជម្រើស​យុទ្ធសាស្រ្ត​អ្វី​ខ្លះ?

 

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

នីតិវិធី​នៃ​ការ​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា

លោកស្រីមេធាវី គង់ ច័ន្ទរស្មី

លោកស្រីមេធាវី គង់ ច័ន្ទរស្មី

©RFI

នៅ​ក្នុងនាទីយល់ដឹង​អំពីច្បាប់ នៅ​សប្តាហ៍នេះ សេង ឌីណា បាន​ជួប​​សម្ភាសន៍ជាមួយ​​មេធាវី គង់ ច័ន្ទរស្មី ស្តីអំពី​នីតិវិធី​ក្នុងការ​បង្កើត​ក្រុមហ៊ុន នៅ​កម្ពុជា។

នៅក្នុងការបង្កើត​ក្រុមហ៊ុន ក្រោយ​ពី​បាន​ធ្វើ​ការសិក្សា​លម្អិត​ទៅលើ​ទីផ្សារ ដែល​ចង់​រកស៊ី​រួចហើយ បាន​រៀបចំ​ផែនការ​អាជីវកម្ម​រួចហើយ មាន​ដើមទុន​ហើយ គេ​ត្រូវ​គិតគូរ​អំពី​បញ្ហាច្បាប់​វិញម្តង ជាពិសេស គឺ​អំពី​នីតិវិធី​នៃ​ការ​បង្កើត​ក្រុមហ៊ុន។

តើ​គេ​គួរ​បង្កើត​ជា​ក្រុមហ៊ុន​ប្រភេទណា? តើ​គេ​ត្រូវ​បំពេញ​ល័ក្ខខ័ណ្ឌ​អ្វីខ្លះ ដើម្បី​បង្កើត​ក្រុមហ៊ុន​មួយបាន? តើ​គេ​ត្រូវ​​បំពេញ​តាមនីតិវិធី​អ្វីខ្លះ ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់?

​លោកស្រី​គង់​ ច័ន្ទ​រស្មី ដែល​ជា​មេធាវី នៅ​ការិយាល័យមេធាវី​មួយ ឈ្មោះ HBS LAW FIRM AND CONSULTANTS ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ។

 

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

តើ​ការ​ខ្ចីលុយ​តាម​មីក្រូឥណទាន​មាន​គុណប្រយោជន៍ និង​គុណវិបត្តិ​អ្វីខ្លះ?

លោក​អេង មុន្នីរិទ្ធ

លោក​អេង មុន្នីរិទ្ធ

©RFI

ស្តាប់ (Click here to listen)

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ជំនួញ នៅ​ថ្ងៃ​នេះ សេង ឌីណា សូមលើក​យក​បញ្ហា​មីក្រូ​ឥណទាន​មក​បកស្រាយ។

ជាទូទៅ គេសង្កេត​ឃើញថា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ច្រើន​តែ​មាន​សកម្មភាព​ខ្លាំង នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ដែលមាន​ប្រជាជន​ក្រីក្រ​ច្រើន។ កម្ពុជា ដែល​ជា​ប្រទេស​មានប្រជាជនក្រីក្រ​ច្រើន​ដែរនោះ​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ ដែល​​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មាន​សកម្មភាព​​​កើនឡើង​ខ្លាំង​ជាងគេ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ សេង ឌីណា លោក​ អេង​ មុន្នីរិទ្ធ មន្រ្តីប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មួយ នៅ​កម្ពុជា ពន្យល់​អំពី​ថា តើ​អ្វី​ទៅ​ជាមីក្រូ​ឥណទាន? ​តើ​ការខ្ចីលុយ​តាម​ឥណទាន​ប្រភេទ​នេះ​អាច​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ? មាន​ហានិភ័យ​អ្វី​ខ្លះ ដែល​អ្នក​ស្តាប់​គួរ​​ដឹង ហើយ​គួរ​ចៀសវាង?


បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

តើអ្នកបង្កើត​មុខជំនួញថ្មី​អាច​ទៅ​ខ្ចីលុយ​ពី​ធនាគារ​មករកស៊ី​បាន​ដែរឬទេ?

 

លោក​សុខ ចន្ថា មន្រ្តីជំនាញ​ខាង​ធនាគារ​

លោក​សុខ ចន្ថា មន្រ្តីជំនាញ​ខាង​ធនាគារ​

©រក្សាសិទ្ធិ

ស្តាប់ (Click here to listen)

ការសិក្សា​​ទីផ្សារ និង​ការ​រៀបចំផែនការ​អាជីវកម្ម គឺ​ជា​គន្លឹះ​នៃ​ជោគជ័យ​ក្នុងការ​ធ្វើ​ជំនួញ។ ក៏ប៉ុន្តែ កត្តា​ដ៏សំខាន់​មួយ​ទៀត គឺ​ដើមទុន។

នៅ​ក្នុង​បណ្តា​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ដើមទុន​ក្នុងការ​ការ​បង្កើត​មុខជំនួញ​ភាគ​ច្រើន​បាន​មក​ពី​ប្រាក់​កម្ចី​ ធនាគារ។ ជាទូទៅ នៅ​ក្នុង​ប្រទេស​ទាំងនេះ ឲ្យ​តែ​អ្នកណា​ម្នាក់​មាន​គំនិត​ល្អ មានផែនការ​អាជីវកម្ម​ត្រឹមត្រូវ ទីផ្សារ​មាន​សក្តានុពល ធនាគារ​មិន​ខ្លាច​នឹង​ផ្តល់​ឥណទាន​ ដើម្បី​យក​ទៅបើក​មុខជំនួញនេះ​ទេ។ ចុះ​នៅ​ក្នុង​ប្រទេសកម្ពុជាវិញ?

ខ្ញុំបាន​ស្វះស្វែង​រក​ការពន្យល់​ពីសំណាក់ ​លោក សុខ ចន្ថា ជា​មន្រ្តីធនាគារ​ឯកជន មានបទពិសោធ​ន៍​ជាច្រើន​ឆ្នាំ​ នៅ​កម្ពុជា។

 

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »

មុននឹង​បើក​មុខជំនួញ តើ​ត្រូវ​សិក្សា​មើល​ពី​ចំណុច​អ្វីខ្លះ?

 

មុខជំនួញ មិនថាតូច ឬ​ធំ តែងតែ​​កើត​ឡើង​​ពី​គំនិត​ថា ចង់​រកស៊ី​លើ​វិស័យអ្វី និង​​ពី​បំណង​ និង​ឆន្ទៈ ចង់​ឲ្យ​គំនិត​នេះ​កើត​ចេញ​ជារូបរាង បង្កើតជា​ផ្លែផ្កា។

មាន​អ្នកខ្លះ មានគំនិត​ចង់​រកស៊ី​លើ​របរណាមួយ​ដែរ​ ប៉ុន្តែ មានចិត្ត​រារែក។ ខ្លះថា ខ្លួន​ចាស់​ពេក​ ហួស​ពេល​រកស៊ី។ ខ្លះទៀត​ថា ការរកស៊ី​ មានការប្រថុយប្រថានច្រើន​ពេក។ ធ្វើ​ការ​ឲ្យ​គេ​ជាបុគ្គលិក​ទទួល​ប្រាក់​ខែវិញ មានប្រាក់ចំណូល​ជាប់លាប់ជាង ទៅរកស៊ី ដែល​​ជួនកាល​ ​ចំណេញ ហើយ​​ជួនកាល​ក៏​អាច​ខាត។

ក៏ប៉ុន្តែ ការ​ធ្វើ​ជំនួញ ដែល​​ជោគជ័យ គឺ​ផ្តើម​ចេញ​ពី​ការ​យក​គំនិត​ទាំងប៉ុន្មាន​ដែល​ខ្លួន​មាន មក​ធ្វើ​ការសិក្សា​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​​បើក​មុខ​ជំនួញ​ណាមួយ។

 

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »
តាមដាន

Get every new post delivered to your Inbox.